បន្ទាប់ពីបានទទួលនូវលិខិតជាផ្លូវការ ពីប្រធានាធិបតីនៃសាធារណរដ្ឋប្រទេសបារាំង ផ្ញើជូនមកកាន់រាជរដ្ឋាភិបាលកម្ពុជា អំពីការផ្តល់ផែនទីសម្រាប់ផ្ទៀងផ្ទាត់ជាមួយនឹងផែនទីរាជរដ្ឋាភិបាលកម្ពុជា, នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតឆ្លើយតបទៅកាន់ លោក ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយបានរៀបរាប់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ ផែនទីដល់កម្ពុជា។
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ក៏បានជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង០៩:00នាទីព្រឹក នឹងមានរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទី ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងជាមួយផែនទីផ្លូវការ និងស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច ក៏បានជម្រាបជូនផងដែរថា នៅក្នុងពិធីប្រគល់ផែនទីជាផ្លូវការនោះ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ក៏នឹងអញ្ជើញឥស្សរជនមួយចំនួនចូលរួមផងដែរ ដើម្បីសង្កេតការណ៍ ក្នុងពិធីទទួលនិងផ្ទៀងផ្ទាត់ផែនទីដែលរួមមាន៖ តំណាងគណបក្សនយោបាយ៖ គណបក្សប្រជាជនកម្ពុជាចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ តំណាងរដ្ឋសភា៖ សមាជិករដ្ឋសភាគណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិករដ្ឋសភាសំឡេងភាគតិច៣រូប។ តំណាងស្ថាប័នព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួន៣រូប សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន៣រូប ហើយក៏នឹងអញ្ជើញឲ្យចូលរួមផងដែរ នូវតំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប លោកបណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិតសភាចំនួន៣រូបហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន។ សូមជម្រាបថា ការផ្ទៀងផ្ទាត់ផែនទី នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នាវិមានសនិ្តភាព នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី៕