យោងតាមទំព័រ ហ្វេសប៊ុក របស់ឯកឧត្តម អ៊ុំ សំអាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះបានឱ្យដឹងថា លោកអ៊ុំសំអាន បានសរសេរថា "ខ្ញុំទទួលព័ត៌មានថា លោកបណ្ឌិត សុខ ទូច បានទទួលផែនទីរបស់ Library of congress ពីរដ្ឋាភិបាល និងផ្ទៀងផ្ទាត់ផែនទីនោះ ជាមួយផែនទីរដ្ឋាភិបាលរួចហើយគឺដូចគ្នា។ លោក វ៉ា គឹមហុង និងលោក ហោ ណាំហុង ក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលទទួលបានផែនទីពីLibrary of congress ១០ ឆ្នាំហើយ និងនិយាយថា ផែនទីដែលខ្ញុំទទួលបានដូចគ្នានឹងផែនទីរដ្ឋាភិបាល។ ដូច្នេះ ខ្ញុំយល់ថា ខ្ញុំពុំចាំបាច់ផ្ញើរផែនទី ដែលខ្ញុំទទួលបានពី Library of congress ជូនលោកបណ្ឌិត សុខ ទូច នោះទេ"។
គួរបញ្ជាក់ថានៅពេលនេះ ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅសហរដ្ឋអាមេរិក និងបានប្រកាសទទួលស្គាល់ថា ផែនទីកម្ពុជា ដែលលោកទើបរកឃើញនៅបណ្ណាល័យសភាអាមេរិក គឺដូចគ្នានឹងផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃក្នុងការបោះបង្គោលកំណត់ព្រំដែនជាមួយប្រទេសវៀតណាម។
ជុំវិញសំណុំរឿង ផែនទីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទី ដែលបារាំងទើបតែផ្តល់ឲ្យ ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងផែនទីផ្លូវការ និងស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកម៉ោង ៩ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ។ គួររំលឹកដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ការផ្ទៀងផ្ទាត់ផែនទីកម្ពុជា មកពីអង្គការសហប្រជាជាតិ និងផែនទីរបស់រដ្ឋាភិបាលកម្ពុជា គឺបង្ហាញលទ្ធផលថាដូចគ្នា៕