ការផ្ទៀងផ្ទាត់ផែនទីកម្ពុជា បោន ខ្នាត ១ លើ ១០០.០០០ ដែលផ្តល់ជូនដោយរដ្ឋាភិបាលបារាំង
និងផែនទីរបស់រាជរដ្ឋាភិបាលដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទាំង២៦ផ្ទាំង
បានបញ្ចប់ហើយនៅម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ជាលទ្ធផលបង្ហាញថា
ខ្សែបន្ទាត់ព្រំដែនកម្ពុជា នៅលើផែនទីខ្មែរផ្តល់ជូនដោយបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល
គឺដូចគ្នាបេះបិទ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេរដ្ឋមន្ត្រី វ៉ា
គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជានៅពេលបញ្ចប់ការផ្ទៀងផ្ទាត់
នៅវិមានសន្តិភាព។
ការផ្ទៀងផ្ទាត់ផែនទីនេះ ក្រុមការងារបច្ចេកទេសព្រំដែនរបស់ឯកឧត្តម
វ៉ា គឹមហុង គេបានប្រើវិធីសាស្រ្តដោយយកផែនទីទាំងពីរដាក់ត្រួតលើគ្នា ហើយឆ្លុះជាកាល់
ដើម្បីមើលខ្សែបន្ទាត់ព្រំដែន។ ការផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើងម្តងមួយផ្ទាំងៗ
តាមវីធីដូចៗគ្នា រហូតគ្រប់ទាំង ២៦ផ្ទាំង។
ការផ្ទៀងផ្ទាត់ក្រោមក្រសែខ្សែភ្នែកមន្រ្តីកម្ពុជាមកពីគ្រប់ភាគីពាក់ព័ន្ធ
បូករួមទាំងតំណាងគណបក្សនយោបាយប្រឆាំង ក៏ដូចជាអ្នកព័ត៌មានជាសាក្សីជាច្រើននាក់ផងនោះ
បានរកឃើញខ្សែបន្ទាត់ព្រំដែន នៅលើផែនទីផ្តល់ជូនដោយបារាំង អតីតម្ចាស់អាណានិគមកម្ពុជា
និងផែនទី របស់រាជរដ្ឋាភិបាលប្រើសម្រាប់បោះបង្គោលព្រំដែន ជាមួយវៀតណាម
គឺដូចគ្នាបេះបិទ។
ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា
បានបញ្ជាក់ថា ផែនទីបោន ខ្នាត ១ លើ១០០. ០០០ ដែលផ្តល់ដោយបារាំងនេះ មានចំនួនតែ
២៥ផ្ទាំង បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូនចិន ចន្លោះឆ្នាំ១៩ ៥១-១៩៥៣
ហើយមួយផ្ទាំងទៀតបារាំងរកមិនឃើញនោះទេ
ប៉ុន្ត ផែនទីមួយផ្ទាំង ដែលរកមិនឃើញនេះ បារាំង បានផ្តល់ជំនួសដោយ
ផែនទី UTM ខ្នាត ១ លើ ១០០.០០០
ដែលមានខ្សែព្រំដែនក៏ដូចគ្នាដែរ។
នៅពេលផ្ទៀងផ្ទាត់ បង្ហាញថា ខេត្តរបស់កម្ពុជា ដែលមានព្រំដែនជាប់ប្រទេសវៀតណាមរួមមាន៖
កណ្តាល ស្វាយរៀង ព្រៃវែង កំពត តាកែវ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី
និង រតនគិរី គឺមានខ្សែព្រំដែនច្បាស់លាស់ និងដូចគ្នារវាងផែនទីបានមកពីបារាំង
ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ ស្របច្បាប់របស់កម្ពុជា។