ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម គឺមានកិច្ចសហប្រតិបត្តិការល្អ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងកម្មវិធីជួបជុំ សាទរខួប ៧០ ឆ្នាំ នៃទិវាបុណ្យជាតិរបស់វៀតណាម រៀបចំដោយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដែលបានធ្វើឡើង នៅសណ្ឋាគារ អ៊ីនធើកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភារធារីទូត និងតំណាងស្ថានទូតនានា ប្រចាំនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "យើងតែងរួមដៃគ្នាតស៊ូដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សំខាន់ទំនាក់ទំនងល្អ សហប្រតិបត្តិការល្អ ប៉ុន្តែគោរពឯករាជ្យគ្នា ទៅវិញទៅមក គោរពអធិបតេយ្យភាពទៅវិញទៅមក គោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក"៕