Monday, June 9, 2014

ម៉ម សូណង់ដូ​ រិះគន់ សម រង្ស៊ី និង កឹម សុខា ថា​គ្មានជំហរច្បា​ស់លាស់ ​និងសក​ម្មភាព​ប្រឆាំង​សព្វ​ថ្ងៃ​ធ្វើដើម្បី​ល្អមើល

លោក ម៉ម សូណង់ដូ រិះគន់មេដឹកនាំ​គណបក្ស​ប្រឆាំង
យោង​តាម​កិច្ច​សម្ភាសន៍​ជា​មួយ​​​Thmey​thmey.com កាលពី​ថ្ងៃ​ទី ៨ ខែ​មិថុនា ឆ្នាំ​២០១៤ ប្រធាន​សមាគម​អ្នកប្រជាធិប​តេយ្យ និង​ជា​ម្ចាស់​ស្ថានីយ៍វិទ្យុ​សំ​បុក​ឃ្មុំ ដែល​គេដឹង​ថា មាន​និន្នាការ​គាំ​ទ្រគណ​បក្ស​ប្រឆាំង​តាំងពីយូរយាណាស់​មក​ហើយ​​នោះ ​លោក ម៉ម សូណង់ដូ បាន​​រិះគន់ដោយ​ឥត​សំ​ចៃ​មាត់ និងការ​បញ្ជាក់​ពី​ការ​អស់ជំនឿ​ចិត្តទាំង​ស្រុង​​ចំពោះ មេ​ដឹក​នាំបក្សប្រឆាំង​លោក សម រង្ស៊ី នឹង​លោក កឹម សុខា ដែលត្រូវ​បាន​លោក ម៉ម សូណង់​ដូ ចាត់​ទុកថា មេដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីររូប​នោះ មិន​មាន​គោលជំ​ហរ​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។
លោក ម៉ម សូណង់​ដូ បាន​រិះ​គន់​ថា ទង្វើ​របស់ លោក សម រង្ស៊ី និង​កឹម សុខា បច្ចុប្បន្ន ពិតជា​មិនអាច​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ។

ចំណុច​មួយ​ចំ​នួន​ដែល​លោក​ម៉ម សូណង់​ដូ ថា លោកមិន​ពេញ​ចិត្តនឹង​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ?
​ទី១‑  គឺ​ទាក់ទង​នឹង​ជំហរ​មិន​ច្បាស់លាស់​រឿង​ដូរ​គ.ជ.ប និង​ទី ២‑  ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មុន​អាណត្តិ។ លោក សូណង់​ដូ និយាយថា ខ្ញុំ​គិតថា ផ្អែក​តាម​សម្មភាព លោកធំ​ទាំងពីរ​នឹងមិន​អាចធ្វើ​បាន​តាម​កា​រ​សន្យា​របស់ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ ព្រោះ​ជំហរ​ពួកគាត់​ទន់​ណាស់ ហើយ​គ្មាន​ប្រាកដ​ត្រង់ណា។ ពីមុនមក​និយាយ​ជាមួយ​ម្ចាស់ឆ្នោត​ថា ត្រូវតែ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ ​ឲ្យ​បានជា​មុនឲ្យ​បានជា​ដាច់ខាត តែ​ក្រោយមក​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ចង់បាន​ដំណែង​ប្រធានរដ្ឋសភា ថែមទាំង​និយាយថា គ្មាន​នរណា​ឈ្នះ អ្នកណា​ចាញ់​ទៀត។ បច្ចុប្បន្ន ចេះតែធ្វើ​ឲ្យ​ល្អមើល បោក​ពលរដ្ឋ​តែប៉ុណ្ណោះ តាមពិតទៅ​ទន់​ល្អក់ រកតែ​ដើរចូល​សភា​ទេ តែ​ខ្លាច​ពលរដ្ឋ​អន់ចិត្ត ព្រោះ​ធ្វើ​អ្វី​អត់​កើត( និយាយ​ហើយ លោក ម៉ម សូណង់ដូ សើច ប្រមាណ ៣០ វិនាទី)។

ឆ្លើយ​ទៅ​នឹង​សំ​នួររបស់​Thmeythmey ដែល​សួរថា  ចុះ​ប្រសិនបើ​លោក ជា​មេដឹកនាំ​គណបក្ស​ប្រឆាំ​ង​​​វិញ លោក​ធ្វើ​ដូចម្តេច?
លោក ម៉ម សូណង់ដូ៖ បើ​ខ្ញុំ​វិញ ជំហរ​របស់ខ្ញុំ​ត្រូវតែ​រឹងប៉ឹង ច្បាស់ មិនអាច​ទន់ជ្រាយ​បានទេ ពោលគឺ​ទាមទារ​ឲ្យ​បោះឆ្នោត​មុន​អាណត្តិ ដូរ​គ.ជ.ប ត្រូវតែ​ធ្វើ​ឲ្យ​បាន។ បើ​ចរចា​គ្នា​មិនត្រូវ គឺ​ដឹកនាំ​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាល់តែ ​បាន​ជោគជ័យ ហើយ​ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា បើ​ម៉ម សូណង់ដូ ដឹកនាំ​ធ្វើបាតុកម្ម ម៉ម សូណង់ដូ ត្រូវ​ដើរ​មុខ​គេ ហើយ​ត្រៀម​ក្តារ​ម្ឈូស​ទុក។ ព្រោះ​យើង​ចង់រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ មិនមែន​ដូច​របៀប​លោកធំ​ទាំងពីរ កឹម សុខា សម រង្ស៊ី ខ្លាច រកតែ​រត់​រួចខ្លួន។ និយាយ​ដល់​ចំណុច​នឹង​ខ្ញុំ​នឹង​ឃើញ​ដល់​បន្ទូល​របស់​ទ្រង់ រណ​ឬ​ទ្ធិ ដែល​និយាយ​កាលពីពេលថ្មីៗថា បើ​លោក​ជា​មេគណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​ចូល​សភា ព្រោះ​ចរិត​របស់​សម រង្ស៊ី នឹង​កឹម សុខា មុននឹង​ក្រោយ​គង់តែ​ចូល​ដដែល​នឹង។ ខ្ញុំ​គាំទ្រ​គំនិត​របស់​ទ្រង់ ព្រោះ រណ​ឬ​ទ្ធិ ស្គាល់ សម រង្ស៊ី កឹម សុខា ច្បាស់ ព្រោះ​ទន់​ដូចគ្នា និង​គេ​ប្រើ​បាន​ដូចគ្នា។
ពេលនេះ ខ្ញុំ​អស់ជំនឿ ខ្ញុំ​គិតថា ជំហរ​បក្សប្រឆាំង​មិន​ខុសពី ហ្វ៊ុន ស៊ិនប៉ិច ពីមុន​ឡើយ។


ប្រភព៖ ពីthmeythey.com



Friday, June 6, 2014

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម កែវ រ៉េមី ប្រតិកម្មទៅនឹងនយោបាយ​បោកប្រាស់ និងកា​រដុ​តកំហឹងជាតិ​សាសន៍ ​​របស់មេដឹក​​​នាំគណបក្ស​សង្គ្រោះជាតិ​​ពាក់ព័ន្ធនឹងបញ្ហាខ្មែរក្រោម

ឯកឧត្តម កែវ រ៉េមី ថ្លែងក្នុង​សន្និសីទកាសែត
នៅ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី ថ្ងៃ​ទី៦ មិថុនា ២០១៤
រាជ​រដ្ឋាភិបាល តាមរយៈ​ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត នា​ព្រឹក​ថ្ងៃទី​៦​មិថុនា​ឆ្នាំ​២០១៤នេះថា បើ​ទោះបី​ជា​​ពេលនេះ លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង បាន និង​កំពុង​បន្ត​យុទ្ធនាការ ឃោសនា​មួលបង្កាច់ មកលើ​រដ្ឋាភិបាល និង​សម្តេច​តេជោ ហ៊ុន​សែន យ៉ាងណាក៏ដោយ ប៉ុន្តែ​ រាជរដ្ឋាភិបាល មិនទាន់​​ចាត់​វិធានតាមផ្លូវច្បាប់ ប្តឹង​ប្រឆាំង​លោកទាំងពីរនៅ​ឡើយ​​ទេ ដោយ​ទុកអោយ​ប្រជាពល​រដ្ឋជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ​​។​
នៅ​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម​ កែវ រ៉េមី បាន​ច្រានចោល​នូវ​ការលើក​ឡើង​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា ពាក់ព័ន្ធ​នឹង​ការរិះគន់​លើ​បញ្ហា​ព្រំដែន ដែល​មេ​បក្ស​ប្រឆាំង លើកឡើងថា រដ្ឋាភិបាល របស់​សម្តេច​ហ៊ុន​សែន អនុញ្ញាត​ឲ្យ​ប្រទេស​វៀតណាម រំកិល​ព្រំដែន​ស្រេច​ចិត្ត ចូល​ទឹកដី​កម្ពុជា​ ដែល​ត្រូវ​បាន​ឯកឧត្តម​ ​កែវ ​រ៉េមី អះអាងថា ជា​ការលើកឡើង​ខុស​ការ​ពិត​។ឯកឧត្តម បាន​ពន្យល់​ថា ផ្ទុយទៅវិញ ការបោះបង្គោល​ព្រំដែន ដើម្បី​ការពារ​ទឹកដី​កម្ពុជា​​ប៉ុណ្ណោះ​។ រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុន​សែន បាន​បង្កើត​គណៈកម្មកា​រ ចរចា​លើ​ការបោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ហើយ​សម្តេច​ក៏​បាន​បក​ស្រាយ​បំភ្លឺ​ជាង ៥ ម៉ោង នៅ​ក្នុង​រដ្ឋសភា​រួច​ហើយ​។ ទាំង​នេះ គឺ​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំ​ផុត​របស់​រាជ​រដ្ឋាភិបាល​ចំ​ពោះ​​បូរណភាព​ទឹក​ដី​។​  ឯកឧត្តម កែវ រ៉េមី ក៏​បាន​បកស្រាយ​លើ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង ដែល​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះឆ្នោត នោះ​នឹង​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ឆ្លងដែន​ចូល​កម្ពុជា ដោយ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​។ ប៉ុន្តែ​លោក កែវ រ៉េមី លើកឡើងថា ទឹក​កម្ពុជា​ក្រោម សព្វថ្ងៃ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម​។ រីឯរាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់យក​គោលនយោបាយ​របស់​​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ដោយ​ចាត់ទុក​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ខ្មែរ​។ តែបើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ឆ្លងដែន​ចូល​មក​កម្ពុជា ត្រូវតែ​មាន​លិខិតឆ្លងដែន បើ​មិន​ដូច្នោះ​ទេ នាំឲ្យ​កើត​មាន​ការចេញចូល ទឹកដី​កម្ពុជា ដោយ​អាណាធិបតេយ្យ​។​

ឯកឧត្តម​ ក៏​បាន​បន្ត​ច្រានចោល​ផង​ដែរនូវ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង​ទាំងពីរ គឺ​លោក​សម ​រង្ស៊ី និង​លោក​កឹម​ សុខា ដែល​អះអាង​ថា វៀតណាម មាន​បំណង​បំបាត់​ពូជសាសន៍​ខ្មែរ  និង​ពាក្យ​ដែល​ថា វៀតណាមជាអ្នក​​បញ្ជា​ដល់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​លុបចោល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ដោយ​វៀតណាម​បញ្ជា​មកលើ​រាជ​​រដ្ឋាភិបាល ដើម្បី​សម្លាប់​ខ្មែរ នៅក្នុង​ឧបទ្ទវហេតុ​ជាន់​គ្នា​ស្លាប់​នៅ​កោះ​ពេជ្រ រួម​ទាំង​ការ​រឹតត្បិត​លើ​ការធ្វើ​បាតុកម្ម ជាដើម​នោះ  គឺ​ត្រូវ​បាន​ឯកឧត្តម កែវ​ រ៉េមី បាន​ចាត់​ទុកថា ​ការលើកឡើង​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា នៅក្នុង​ពិធី​រម្លឹក​ខួប​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម កាលពី​ថ្ងៃ​ទី​៤​មិថុនា គឺជា​ការ​បំភ័ន្ត​មតិ​មហាជន ដោយ​គ្មាន​ការពិត ហើយក៏​ជាការ​មួលបង្កាច់​លើ​សម្តេច​តេជោ ហ៊ុន​សែន និង​រដ្ឋាភិបាល​ផង​ដែរ​។​ ប៉ុន្តែ​ ទោះជាយ៉ាង​ណា​​ក៏​ដោយ​ ឯកឧត្តម ​កែវ​ រ៉េមី បាន​គូសបញ្ជាក់ថា "​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ព្រម​ទាំង​សម្តេច​ហ៊ុន​សែន មិនទាន់​មាន​វិធានការ​ផ្លូវច្បាប់ ប្រឆាំង​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​នោះ​ទេ​! ប៉ុន្តែ ឯកឧត្តម កែវ រ៉េមី បាន​សង្កត់​ធ្ងន់​ថា ការលើក​ឡើង​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​វត្ត​សាមគ្គី​រង្សី ពាក់​ព័ន្ធ​នឹង​បញ្ហា​ខ្មែរកម្ពុជា​ក្រោម បញ្ហា​ជន​ជាតិ​វៀត​ណាម​ និង​ការ​ចោទ​ប្រកាន់​នានា​មកលើ​រាជ​រដ្ឋាភិបាល​ គឺជា​នយោបាយ​បោកប្រាស់ និង​ដុត​បញ្ឆេះ​កំ​ហឹង​ជាតិ​សាសន៍​តែ​ប៉ុណ្ណោះ៕

By: Cambodia News


Thursday, June 5, 2014

សេចក្ដីប្រកាសព័ត៌មាន៖ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលញីវហ្សឺឡែន (គម្រោងលើកស្ទួយបេតិកភណ្ឌសហគមន៍អង្គរ និងសេដ្ឋកិច្ច)

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរអប្សរា និង រដ្ឋាភិបាល ញីវហ្សឺឡែន តាមរយៈក្រសួងការ បរទេស និងពាណិជ្ជកម្ម បាន​សម្រេច​សហការ​គ្នាភាព​ជាដៃគូ ដើម្បីគ្រប់គ្រងឧទ្យានអង្គរ ដោយ ចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំងផ្ដល់ការរីកចម្រើន សេដ្ឋកិច្ច និង​ធានាឲ្យ​បាន​នូវ​សន្ដិ​សុខ​ស្បៀងជូនប្រជាជនដែល រស់នៅក្នុងឧទ្យានអង្គរ។

ឯកឧត្ដម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា និងលោក ប្រិន រ៉ាប់សុន តំណាងស្ថានទូត ញីវហ្សឺឡែនប្រចាំក្រុងបាងកក នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងស្ដីពី {គម្រោងលើកស្ទួយ បេតិកភណ្ឌសហគមន៍អង្គរ និងសេដ្ឋកិច្ច} នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ក្នុង​ឳកាស​កិច្ច​ប្រជុំ​គណៈកម្មការអន្តរជាតិសម្របសម្រួលការថែរក្សា និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC - Angkor)

តាមពិតទៅគម្រោងថ្មីនេះ ជាគម្រោងសកម្មភាពបន្តពី { គម្រោងគ្រប់គ្រងធនធានធម្មជាតិអង្គរ និងលើកតម្កើងជីវភាព (APNRM & L) } ដែល​បានអនុវត្តក្នុងរយៈពេល ៥ឆ្នាំ គឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ក្នុង១០ភូមិ នៃឧទ្យានអង្គរ ដោយប្រើប្រាស់ថវិកាប្រមាណ ២លាន​ដុល្លារ​អាមេរិក ហើយដែលទើបនឹងបានបញ្ចប់នាខែ កញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ ដោយអ្នកបច្ចេកទេសប៉ាន់ តម្លៃ បាន​ចាត់ទុក​ជាជោគ​ជ័យ​យ៉ាង​ធំក្នុង​ការគ្រប់គ្រងបេតិកភណ្ឌ។

ចំណែកឯគម្រោងថ្មីនេះ មានថវិកាចំនួន ,៧៥៣,៣៤០ ដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។


សកម្មភាពដែលបានគ្រោងទុក នឹងត្រូវអនុវត្តដោយយ៉ាងជិតស្និតជាមួយដៃគូជាច្រើន ដើម្បី បានទៅដល់គោលដៅ គឺ {ការ​គ្រប់​គ្រង​ឧទ្យាន​អង្គរ​ដោយ​ចីរភាព ដោយការពារបេតិកភណ្ឌ ព្រមទាំងផ្ដល់ការរីកចម្រើនសេដ្ឋកិច្ច និងធានាបាននូវសន្តិសុខស្បៀងជូនប្រជាជន ដែល​រស់​នៅ​ក្នុងឧទ្យានអង្គរ } 

By: Cambodia News

កិច្ចប្រជុំបច្ចេកទេសលើកទី២៣របស់ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ

រូប​ភាព​នៃ​កិច្ចប្រជុំនៅ​ខេត្តសៀមរាប
យោង​តាម​ការ​ចុះ​ផ្សាយនៅ​គេហទំ​ព័រអង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​អោយ​ដឹង​ថា កិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី២៣​របស់គណៈ​កម្មា​ធិការ​អន្តរ​ជាតិ សម្រ​ប​សម្រួល​កិច្ច​គាំ​ពារ​ ​និង​អភិវឌ្ឍន៍​​រមណីយ​ដ្ឋាន​​ប្រវត្តិ​សាស្រ្ត​អង្គរ (ICC-Angkor) ត្រូវ​បាន​​ប្រារព្វ​ធ្វើ​ឡើង​នៅ​ក្រុង​សៀម​រាប​​ព្រឹកថ្ងៃ​ទី​០៤​ ខែ​មិថុនា ឆ្នាំ២០១៤ ​មាន​រយៈ​ពេល​២ថ្ងៃ ក្រោម​អធិបតី​ភាព​​ ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួលបន្ទុក​ទីស្ដី​កា​រ​គណៈ​​ រដ្ឋមន្រ្តី និង​ជា ប្រធានអាជ្ញាធរ​អប្សរា​ ឯកឧត្តម Romain Louvet ទីប្រឹក្សាស្ថានទូត​បារាំង​ផ្នែក​​សហ ប្រតិបត្តិ ការណ៍ និងការងារវប្បធម៌ និងភាគីជប៉ុន ឯកឧត្តម Yoshihiro Higuchi រដ្ឋ​មន្រ្តី​ និងអនុប្រធាន​បេសកកម្ម ការទូ

១/ លោក​បណ្ឌិត Pascal Royère ស្ថាបត្យករ​ជាតិបា​រាំង​បាន​ចំណាយ​ពេល​១៦ឆ្នាំ​សម្រាប់​គម្រោង​ជួស​ជុល​ប្រាសាទ​បាពួន

២/ លោកបណ្ឌិត Hyroyuki Suzuki អ្នកជំនាញអភិរក្សបេតិកភណ្ឌជាត់ជប៉ុន ជួយ​ការ​ងារ​អង្គរ​ប្រចាំ​ ICC ​១០ឆ្នាំ

៣/ លោកបណ្ឌិត Tsuyoshi Narita អ្នក​ជំនាញ​អភិរក្ស​បេតិ​កភណ្ឌ​ជាត់ជប៉ុន ជួយ ការងារ អង្គរប្រចាំ ICC ជាង១០ឆ្នាំ។

កិច្ចប្រជុំលើកទី២៣នេះបានផ្តោត​លើបញ្ហាសំខាន់មានដូចជា៖

· ពិនិត្យរបាយការណ៍ការងាររបស់ ICC ឆ្នាំ២០១៣

· ស្តាប់របាយការណ៍ការងាររបស់អាជ្ញាធរអប្សរា២០១៣

· ពិនិត្យរបាយការណ៍របស់ស្ថាប័នអន្តរជាតិ និងជាតិចំនួន១១គម្រោង ដែល បាន​អនុវត្ត​ក្នុង​ឆ្នាំ២០១៣ ទាក់​ទង​នឹង​ការងារ​អភិរក្ស​រមណីយ​ដ្ឋាន​ និង​ការដ្ឋាន​ជួស​ជុល​ប្រាសាទរ​បស់​អាជ្ញាធរអប្សរា ប្រទេសចិន ឥណ្ឌា បារាំង ជប៉ុន

· ស្តាប់​របាយ​ការណ៍​របស់​ស្ថាប័ន​ជាតិ និង​អន្តរ​ជាតិ​ទាក់​ទង​នឹង​ការងារ​ស្រាវ​ជា្រវ​បរិស្ថាន​ ថ្ម​ បុរាណវិទ្យា

· ការ​ពិភាក្សា​អំពីការ​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស

· កម្ម​វិធី​ស្រាវជ្រាវ​ពី​លំហ​អាកាស​លើ​បញ្ហា​បរិស្ថាន

· កម្ម​វិធី​ថត​3D​ នៅអង្គរ​វត្ត

· កម្ម​វិធី​ស្រាវ​ជ្រាវ​ក្រុង​អង្គរ​ធំ កោះកេរ វិធី​សាស្រ្ត​ស្រាវ​ជ្រាវ​កុលាល​ភាជន៍ និង​សាសនា

· គម្រោង​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាព​នៅរមណីយ​ដ្ឋាន​អង្គរ

· គម្រោង​រៀប​ចំទី​ចំណត និង​ទទួលភ្ញៀវ​នៅ​អង្គរវត្ត បន្ទាយ​ស្រី និងតាព្រហ្ម

· គម្រោង​គ្រប់​គ្រង​ទឹកនៅ​រមណីយ​ដ្ឋាន​អង្គរ

· គម្រោង​អភិវឌ្ឍន៍សហគមន៍

· គម្រោង​អភិរក្ស​ភ្នំគូលេន

· គម្រោងអភិវឌ្ឍន៍​វិស័យទេសចរណ៍។​

សូម​រំលឹក​ថា​គណៈ​កម្មការ​ (ICC)​ បាន​បង្កើត​ឡើង​នៅឆ្នាំ​១៩៩៣​ក្រោយ​សនិ្នសីទ​អន្តរ​ជាតិលើក​ទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌ​​ពិភព​លោក​ពេល​ទទួល​ចុះ​អង្គរ​ទៅ​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក។ ការបង្កើត យន្ត​ការ​អន្តរ​ជាតិ ICC សម្រាប់​អង្គរ ជា​លក្ខ​ខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខ​ខណ្ឌ​ទាំង៥ ដែល តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​បំពេញ​ក្នុង​រយៈ​ពេល​៣ឆ្នាំ​(១៩៩៣-១៩៩៦)។

សមាជិ​ក​នៃ (ICC) មានចំនួន​៣៧​ប្រទេស មក​ពីទ្វីប​៥ និង​មាន​អង្គ​ការ​អន្ត​រ​ជាតិ​ចំនួន​១៣​ទៀត​ចូល​រួម ផងដែរ។ បណ្តា​ប្រទេស​ទាំង​​នោះមាន៖ ប្រទេស​បារាំង អាល្លឺម៉ង់ អូស្ត្រាលី បែល​ហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភព​អង់គ្លេស និងអៀរ​ឡង់​ខាង​ជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែក​អង្គការ​អន្តរ​ជាតិមាន​ដូចជា៖ សហភាពអឺរ៉ុប ធនាគារ​អភិវឌ្ឍន៍​អាស៊ី អង្គការ​ស្បៀង​អាហារ និងកសិកម្ម អង្គការ​មូល​និធិរូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការSEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF) ។

· (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយ​ដល់ជូន​ដោយ​បណ្តា​ប្រទេស និងអង្គការផ្សេងៗ​សម្រាប់​ការអភិរក្ស និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​ប្រវត្តិអង្គរ​។

· (ICC) ជាវេទិការមួយ​ដែល​ស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និង​អ្នក​បច្ចេក​ទេសជំនាញ​ផ្សេងៗ​គ្នា​អាច​ផ្លាស់​ប្តូរបទ​ពិសោធន៍ និងទស្សនៈរបស់​ពួក​គេ​សម្រាប់​ការ​អភិរក្ស និងការអភិវឌ្ឍ​នៃឧទ្យានអង្គរ។

· ភារកិច្ចសំខាន់​របស់ (ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកប​ដោយ​ចីរ​ភាព​​​នៅ​តំបន់​រមណីយ​ដ្ឋាន​សៀមរាប-អង្គរ។ ICC បាន​បញ្ចប់​ដំណាក់​កាល​ស្រោច​ស្រង់​អង្គរហើយ​ ក្នុង​រយៈពេល​១០ឆ្នាំ (១៩៩៣-២០០៤)។ ដំណាក់​កាល​នេះ​គឺ​​ការ​អភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ ICC រៀប​ចំកិច្ចប្រជុំ​របស់​ខ្លួន​ពីរ​ដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និង​ម្តងទៀត​​គឺកិច្ចប្រជុំបច្ចេកទេស ។
តជប៉ុន ជា​សហប្រធាននៃកិច្ចប្រជុំ ព្រមទាំងមានវត្ត​មាន​លោកស្រី ANNE LEMAISTRE នាយិការ​​អង្គ​ការ​យូណេ​ស្កូ​​ប្រចាំ​កម្ពុជា និង​មាន​វាគ្មិន​តំណាង​ICC និង​​​អ្នក​បច្ចេកទេស​ស្រាវ​ជ្រាវ​មក​ពី​​បណ្ដា​​ប្រទេស​លើ​​ពិភព​លោក​ជា​ច្រើន​រូប​ដែល​ពាក់​ពន្ធ័​ និងកិច្ច​ការ​ការ​ពារ អភិរក្ស​​តំបន់​អង្គរ។​ ​កម្ម​វិធី​ដំបូង​​នៃ​កិច្ចប្រជុំ​លើក​ទី២៣​នេះ គឺ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​របស់​អ្នកជំនាញ​ការ​អន្តរជាតិ​បីរូបដែល​​បាន​ចែក​ឋាន​​ទៅ​កាល​ពីពេល​ថ្មីៗ​៖

By: Cambodia News


បដិមាបីអង្គ ទុរយោធន៍ ភីម និងពលរាម បានវិលត្រឡប់មកកម្ពុជាវិញ ក្រោមការដឹកនាំនយោបាយរបស់រាជរដ្ឋាភិបាល



ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីស្វាគមន៍​ការវិលត្រឡប់មកវិញ​នៃបដិមា​ទាំង​បី​នេះ​​មក​កាន់​​មាតុភូមិរបស់យើង នាពេលនេះ បាន​មាន​ប្រសាសន៍ថា ដំណើររឿងនេះ​​បានចាប់ផ្ដើមតាំងពីជាងមួយពាន់​ឆ្នាំ​មុន​ម្ល៉េះ នៅ​ពេល​ដែល​ព្រះបាទ​ជ័យវរ្ម័នទី៤​ បាន​សម្រេចឱ្យ​គេ​​ឆ្លាក់​រូបពិព័ណ៌នាអំពីឈុតឆាក​ប្រយុទ្ធ​​​ដ៏ល្បី​ល្បាញ​​មួយ នៅក្នុងរឿងទេវកថា​សាសនា​ហិណ្ឌូ មហា​ភារតៈ នៅលើប្រាសាទចិន ដែល​ជាប្រាសាទ​មួយ​​ក្នុងចំណោម​ប្រាសាទនានារបស់ព្រះអង្គ។ បន្ទាប់​​​ពី​ដំណើរដ៏វែងឆ្ងាយជាង​៤០​ឆ្នាំ ឆ្លងកាត់​សង្គ្រាម​​ស៊ីវិល ការលួចការជួញដូរខុសច្បាប់​ និងការធ្វើដំណើរទូទាំងពិភពលោក នៅពេលនេះ បដិមា​ទាំងបី​បានទទួលនូវសេរីភាពនិងបានត្រឡប់មកកាន់ទីឋាន​កំណើត​របស់ខ្លួនវិញ​ហើយ​។

បដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ និង ភីម រួមជាមួយ​នឹង ពលរាម ដែលជា​សាក្សី​នៃឆាកប្រយុទ្ធដ៏អស្ចារ្យនោះ បានត្រឡប់មកកាន់ទីឋានកំណើត​របស់ខ្លួនវិញ ដោយសារ​កិច្ច​ខិត​ខំប្រឹងប្រែងប្រកបដោយជោគជ័យ​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយ​មាន​ការចូលរួមជាដៃគូជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក អង្គការយូណេស្កូ សាលាបារាំងចុងបូព៌ា(EFEO) និងអ្នក​ជំនាញ​ដទៃទៀត​ជាច្រើន​នាក់​។

បដិមា ទុរយោធន៍ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញកាលពីខែមុន​នៅទី​ក្រុង​ញូវ​​​យ៉ក បន្ទាប់ពីជោគជ័យនៃការតស៊ូក្ដីដែលរៀបចំឡើង​ដោយការិយាល័យអគ្គរដ្ឋអាជ្ញា​សហ​រដ្ឋ​​អាមេរិកប្រចាំតំបន់ Southern District of New York រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម​របស់​ក្រុម​អ្នក​ច្បាប់​កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ច័ន្ទ តានី។

រីឯបដិមា ភីម ដែលសារមន្ទីរ Norton Simon នៅទីក្រុង Pasadena រដ្ឋ California បានទិញនៅក្នុងឆ្នាំ១៩៧៦ ក៏ត្រូវបានបញ្ជូនត្រឡប់មកទីឋានកំណើររបស់ខ្លួនវិញដែរ បន្ទាប់ពី​មាន​កិច្ចចរចារដោយផ្ទាល់ ដ៏វែងអន្លាយ ប៉ុន្តែប្រកប​ដោយភាពយោគយល់គ្នាជាមិត្តភាព រវាង​រាជរដ្ឋាភិបាល​កម្ពុជា និងសារមន្ទីររួចមក។ ទន្ទឹម​នឹងនេះដែរ បដិមា ពលរាម ក៏បានត្រឡប់ មកវិញ តាមរយៈការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាល​កម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie’s។

ឥឡូវនេះ ការពិតនានាត្រូវបានរកឃើញ ហើយដំណើរផ្សងព្រេងដ៏វែងឆ្ងាយ​ត្រូវបាន​បញ្ចប់​នៅទីនេះ។ និមិត្តរូបដ៏មានតម្លៃ​នៃបេតិកភណ្ឌរបស់យើងនេះ​ បានជួប​ម្ចាស់​ដើម​ពិតប្រាកដ​របស់​ខ្លួន​វិញហើយ។

ថ្ងៃនេះ គឺពិតជាថ្ងៃមួយដ៏វិសេសវិសាល ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផល​មួយ​ដ៏សំខាន់​នៃ​គោល​នយោបាយ​​របស់យើងដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា​បាន​និង​កំពុងអនុវត្តយ៉ាងសកម្ម​និងខ្ជាប់ខ្ជួន នៅក្នុងក្របខ័ណ្ឌនៃ «អនុសញ្ញាអង្គការយូណេស្កូ​​ឆ្នាំ​១៩៧០ស្ដីពី​ការ​ហាម​​ប្រាមនិងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូន​ដោយខុស​ច្បាប់​​​នូវសម្បត្តិ​វប្បធម៌​។»

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សុខ អាន​ បាន​សម្តែងនូវ​ការកោត​សរសើរ​​យ៉ាងជ្រាលជ្រៅ ​ចំពោះភាគីពាក់ព័ន្ធ​ទាំងអស់​ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវ​សមិទ្ធិផល​​ដ៏វិសេសវិសាលនេះ។ ក្នុង​នោះ​ បានកោតសរសើរជាពិសេស ចំពោះ​កិច្ចការរបស់លោក Simon Warrack ដែលនៅក្នុងឆ្នាំ២០០៧ ជាមនុស្សទីមួយរកឃើញនូវទំនាក់ទំនង​រវាងជើងទម្រ​នៅឯប្រាសាទចិន នៃរមណីយដ្ឋានកោះ​កេរ ដែលស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងជើង​នៃ​ប្រទេស​កម្ពុជា ជាមួយ​នឹង​​បដិមាដែលបានបាត់បង់។ ជា​មួយ​គ្នា​នេះក៏សូមអបអរសារទរផងដែរចំពោះសាលាបារាំងចុងបូព៌ា(EFEO) ជាពិសេស​លោក​បណ្ឌិត​ Eric Bourdonneau និងលោកបណ្ឌិត Bertrand Porte ដែលបានធ្វើការងារជាច្រើន ​ពាក់ព័ន្ធ​នឹង​ប្រាសាទចិន ដែលបាននាំទៅដល់ការបញ្ជាក់យ៉ាងជាក់ច្បាស់​នូវ​ភាពជាម្ចាស់កម្មសិទ្ធិ​របស់​កម្ពុជា​​លើបដិមា ទុរយោធន៍។

ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី សុខ អាន បាន​បន្តថា យើងក៏​មិនត្រូវ​ភ្លេច​ឡើយថា ការប្តេជ្ញាចិត្តនិង​សមត្ថភាពជំនាញ​របស់​អង្គការយូណេស្កូគឺ​ជា​​ជំនួយដ៏ចាំបាច់ មិន​មែនត្រឹមតែនៅក្នុង​រឿង​ក្ដី​នេះ​មួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​​សម្រាប់​​ការ​អភិរក្ស​​វប្បធម៌ផ្សេងៗទៀតរបស់កម្ពុជាផងដែរ និង​ថែម​ទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ​ដល់រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជាពិសេស​​ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅភ្នំពេញ ចំពោះការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹង​ការជួញ​ដូរខុសច្បាប់ និងឆន្ទៈដ៏មុះមុតក្នុងការលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិ​យើង​ទាំងពីរ។

ជាការពិត ការបញ្ជូនត្រឡប់មកវិញ​នូវបដិមាទាំងប្រាំរូបនេះ នឹងមិនអាច​សម្រេច​បាន​ឡើយ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់​ក្រុម​ការ​ងារកម្ពុជា​​យើងនោះទេ។ ខ្ញុំសូម​​ថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម ច័ន្ទ តានី ពីទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហាប់ ទូច ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ​ក្រុមអភិរក្ស​នៃ​សារមន្ទីរ​ជាតិ និងក្រុម​អ្នកច្បាប់ដែលដឹកនាំដោយ​លោក Bretton Sciaroni ។

ឯកឧត្តម បាន​បញ្ជាក់​ថា « ជឿជាក់ថា មិនមែនគ្រាន់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល​ ដែល​នឹងមានសេចក្តី​រីករាយ ចង់ឃើញនូវទីបញ្ចប់នៃការបែកខ្ញែកនៃក្រុមបដិមា​ដ៏មានសារសំខាន់ ​និង​ការ​វិល​ត្រឡប់មកទីឋានកំណើតរបស់បដិមាទាំងនេះ» ។

ជាទី​បញ្ចប់​ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរដទៃទៀត និងអ្នករក្សាទុក​វត្ថុ​បុរាណនៅទូទាំង​ពិភពលោកទាំងអស់ សូមធ្វើតាមគំរូនេះ ដោយប្រគល់វត្ថុបុរាណដែលត្រូវបានលួច​ទៅឱ្យម្ចាស់ដើមពិតប្រាកដវិញ ជាផ្នែកមួយ​នៃយុទ្ធនាការសកលដើម្បី​ការពារសម្បត្តិ​បេតិក​ភណ្ឌ​​វប្បធម៌។


By: Cambodia News









Monday, June 2, 2014

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ស្តីពី ពិធីអបអរសាទរការ វិលត្រឡប់ មកវិញ នៃបដិមាបីអង្គ ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​កម្ពុជា

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៤ ស្តីពី ពិធីអបអរសាទរការ វិលត្រឡប់ មក វិញ នៃបដិមាបីអង្គ ដែលមានដើមកំណើតនៅប្រាសាទចិន នៃរមណីេយដ្ឋានកោះកេរ ដែលនឹង ប្រារព្ធឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង៤រសៀល នៅវិមានមិត្តភាព នៃទីស្តីការ គណៈរដ្ឋមន្ត្រី​








Friday, May 30, 2014

សាលាដំបូងក្រុងភ្នំពេញសម្រេចដោះលែងក្រុមលោក វ៉ន ពៅ ទាំង២១នាក់អោយមានសេរីភាពវិញ ប៉ុន្តែ ម្នាក់ៗត្រូវផ្តន្ទាទោសទៅតាមបទល្មើសរៀងៗខ្លួន

ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤នេះ សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ បាន​សម្រេចដោះ​លែង​ក្រុម​លោក វ៉ន ពៅ សមាគមឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អោយ​មាន​សេរី​ភាព​វិញ​ ប៉ុន្តែ អ្នក​អស់​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការព្យួទោស ទៅ​តាម​បទ​ល្មើសរៀង​ៗខ្លួន​ដែល​បាន​បង្កចលាចល​ដល់​សង្គម​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ។

តាម​ប្រភព​ពី​មន្ត្រី​នៅ​តុលាការ​បាន​អោយ​ដឹង​ថា ក្នុង​ចំ​ណោម​ជន​ទាំង​២១រូប​ ដែល​ត្រូវ​ដោះ​លែង​នោះ មាន​ ​៤នាក់​ បាន​រួច​ទោស មាន​ឈ្មោះ​ រ៉េត រដ្ឋា , ឡូ សំ​អន ,លន់ សាន និង​ឆេង​ វុទ្ធី។ ក្រៅ​ពី​នេះមេក្លោង​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស រួម​មាន​លោក វ៉ន ពៅ  លោក ចាន់ ពុទ្ធិ​សក្តិ លោក គុណ សម្បត្តិវាសនា ត្រូវ​ផ្តន្ទាទោស៤ឆ្នាំ​៦ខែ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល ចំ​ណែក​ឯលោក តេង សារឿន ជាប់​ទោស៤ឆ្នាំ និង​អ្នក​មួយ​ចំ​នួន​ទៀត​ផ្តន្ទាទោស អ្នក​ខ្លះ​៣ឆ្នាំ​ ខ្លះ​២ឆ្នាំ​កន្លះ ប៉ុន្តែ ទោសដាក់​ពន្ធ​នាគារ​ គឺគិត​ចាប់​ត្រឹម​ពី​ថ្ងៃ​ឃុំ​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​នេះ រី​ឯទោសនៅ​សល់​ព្យួរ។

ការដោះ​លែង​ជន​ទាំង​អស់​នោះ​អោយ​មាន​សេរីភាព​វិញ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី២‑៣ ខែមករា ឆ្នាំ​២០១៤ ខណៈដែល​ពួក​គេបាន​នាំគ្នា​ប្រើអំ​ពើ​ហឹង្សា វាយ​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈរដ្ឋ​ ឯកជន​ និង​បង្ក​ចលាចល​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ​ដែល​ក្រុមអ្នក​តវ៉ាទាំង ២១នាក់នោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ននៅ មណ្ឌលកែ​ប្រែ​ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ក្រោយការផ្ទុះអំពើហិង្សា ជាមួយសមត្ថកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញនិងលើផ្លូវវ៉េងស្រេង ក្នុង​ខណៈ ដែល​មាន​ការ​ធ្វើ​មហាបាតុកម្ម​ទាម​ទារដំ​ឡើង​ប្រាក់​ខែ១៦០​ដុល្លារ​ដល់​កម្មករ ដែល​បាតុកម្ម​នោះ ត្រូវ​បាន​គេគិត​ថា មាន​ការ​ញុះ​ញង់​ពី​ក្រោយ​ខ្នង​ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។
បើ​ទោះ​ជា​មាន​ការ​ដោះ​លែង​ក្តី​ ប៉ុន្តែ គេបាន​មើល​ឃើញ​ថា តុលាការ​បាន​ចាត់​ការ​ត្រឹម​ត្រូវ​តាម​និតិវិធី​ច្បាប់ ក្នុង​ការ​សាកសួរ ស្រាវ​ជ្រាវ​ស៊ើប​អង្កេត ប្រមូល​ភ័ស្តុតាង ក្នុង​ការ​ដាក់​បន្ទុក ហើយ​បាន​រក​ឃើញ​ថា ក្នុង​ចំ​ណោមជន​ទាំង​២១រូប គឺតុលាការ​បាន​រក​ឃើញ​បទ​ល្មើសជាក់​ស្តែង​ដែល​ពួក​គេបាន​ប្រព្រឹត្តពិត​ប្រាកដ មិន​មែន​បាន​ន័យ​ថា ការ​ចាប់​ឃុំ​ខ្លួន​នោះ ធ្វើ​ឡើង​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ ឬ​រក​កំ​ហុសមិន​ឃើញ ដូច​ការ លើក​ឡើង​របស់​ក្រុម​បក្ស​ប្រឆាំង និង​អង្គការ​ សមាគម សហជីព​មួយចំ​នួន​បាន​ចោទ​ប្រកាន់​នោះ​ទេ៕


By: Cambodia News