Monday, June 8, 2015

ICC-ANGKOR គាំទ្រគម្រោងរៀបចំ ទីលានមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវ នៅមុខប្រាសាទអង្គរតូច

ដើម្បីផ្តល់ភាពងាយស្រួល​ដល់ភ្ញៀវទេសចរណ៏ ​ដែលអញ្ជើញមកទស្សនា​ប្រាង្គប្រាសាទអង្គរ អាជ្ញាធរ ជាតិអប្សរា​មាន​គម្រោងរៀបចំមជ្ឈមណ្ឌល​ទទួលភ្ញៀវមួយ ​នៅទីលានពីមុខ​ប្រាសាទអង្គរតូច ដែល គម្រោងនេះ ​ទទួលបានការគាំ​ទ្រ ពី​គណៈកម្មាធិការ អាយ ​ស៊ី ស៊ី-អង្គរ (ICC-ANGKOR)ផងដែរ។

ផ្តល់បទសម្ភាសន៏នៅ​ក្រៅកិច្ចប្រជុំ​បច្ចេកទេសរបស់​គណៈកម្មាធិការ អន្តរជាតិ​ សម្រប​សម្រួល​កិច្ច​គាំពារ​និង​អភិ​វឌ្ឍន៍តំបន់អង្គរ (ICCអង្គរ)លើកទី២៤​នៅខេត្តសៀមរាបអង្គរ ​ឯកឧត្ដម អ៊ុក​ សូម៉េត អគ្គនាយករង អាជ្ញាធរជាតិអប្សរា​បានប្រាប់អ្នកសារព័ត៌មានថា​ នៅក្នុងកិច្ចពិភាក្សា​នៃកិច្ចប្រជុំបច្ចេក​ទេសនេះ មន្ត្រីជំនាញអាជ្ញា​ធរជាតិ​អប្សរា​បាន​ធ្វើ​បទ​បង្ហាញ ពីគម្រោងការរៀបចំ​ទីលានមណ្ឌលប​ដិសណ្ឋារកិច្ច នៅមុខប្រាសាទ​អង្គរតូច​  ដើម្បីជួយសម្រួល​ ក្នុងការ​ផ្តល់​ព័ត៌មាន និងសេវាកម្មផ្សេងៗ​មួយចំនួនទៀត ​ដោយមានការឯកភាព​គាំទ្រទាំងស្រុងពីរកិច្ចប្រជុំ​នេះ។

ឯកឧត្ដម អ៊ុក សូម៉េត ​បានឱ្យដឹងថាគម្រោង​សាងសង់ទី​លាន​មណ្ឌល​បដិសណ្ឋាកិច្ចនេះ​ គ្រោងនឹងធ្វើ ឡើង​នៅ​ពី​មុខប្រាសាទអង្គរតូច​ លើទំហំផ្ទៃដីប្រមាណ២​ហិកតា​  ក្នុងតម្លៃទឹកប្រាក់​វិនិយោគប្រមាណ ១០លានដុល្លារ​អាមេរិក សំ​រាប់​​ឱ្យភ្ញៀវទេសចរជាតិ​និងអន្តរជាតិចូល​សំរាកដើម្បីទទួលបាន​ពត៌មានផ្សេងៗ ពីទិសដែលត្រូវទៅ​ទស្សនា​កំសាន្ត​នៅក្នុងតំបន់រមណីយដ្ឋាន​ប្រវត្តិសាស្ត្រអង្គរ។​ ឯកឧត្តមមាន ប្រសាសន៏ ថាទីលានសម្រាប់​ទទួលភ្ញៀវនេះ ​មានភាពចាំបាច់ណាស់​សម្រាប់ទេសចរ​ នៅពេលមាន ​អាកាសធាតុមិន​អំណោយផល ដូចជា​ ភ្លៀង ខ្យល់ ក្តៅ​ ជាដើម ដើម្បី​ភ្ញៀវ​គេអាច​ចូលជ្រកសំ​រាកនៅទីនេះ​បាន។ ​ទីលាននេះ​ក៏​នឹង​មានរៀបចំនូវតូបលក់ សៀវភៅឯកសារប្រវត្តសាស្រ្តស្តីពី ប្រាសាទ​អង្គរ   វត្ថុអនុស្សាវរីយ៏  និងមាន​អាហា​រដ្ឋានលក់ដូរភេសជ្ជះ​សម្រាប់បំរើជូនភ្ញៀវ​ផងដែរ។​
តាមការអះអាងពីមន្រ្តីជាន់​ខ្ពស់របស់អាជ្ញាធរ​ជាតិអប្សរា​ បានអោយដឹងថា​ គម្រោងទីលាន បដិសណ្ឋាកិច្ច ភ្ញៀវ​នេះ​ អជ្ញាធរបានសិក្សាពីផលប៉ះពាល់យ៉ាង​ល្អិតល្អន់​រួចហើយ គឺយើងធ្វើយ៉ាងណា​រៀបចំបរិស្ថាន ទីតាំងនេះឲ្យបាន​​​ល្អប្រ​សើរ​ឡើងវិញ ដោយមាន​ ដំាដើមឈើជំនួស​ដើមឈើងាប់ៗ​ឡើងវិញឲ្យបានក្រាស់ និង រៀបចំ ​ចំណតរថយន្ត បង្គន់​អនាម័យ ដោយធ្វើយ៉ាងណា​ចៀស​វាងមិនឲ្យបង្ករផល​ប៉ះ​ពាល់ចំពោះបរិស្ថាននិងប្រាសាទ  ​ព្រមទំាងផលប្រយោជន៏របស់ប្រជាពលរដ្ឋ​នៅក្នុងតំបន់អង្គរទាំងមូល។

អត្ថបទ៖តារា



សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានរាជរដ្ឋាភិបាល អនុម័ត ក្រោយពីចំណាយពេល ២០ឆ្នាំក្នុងការផ្តួចផ្តើមគំនិត និងពិភាក្សា

បន្ទាប់ពីកិច្ចប្រជុំ ពេ​ញអង្គគណៈរដ្ឋមន្ត្រី ​ត្រូវបានបញ្ចប់ នៅព្រឹកមិញនេះ​ ឯកឧត្តម ​ផៃ ស៊ីផាន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យទីស្តី​ការគណៈរដ្ឋមន្រ្តី ​បានប្រកាសឲ្យដឹងថា ​សេចក្តីព្រាងច្បាប់ ​សមាគម និងអង្គការក្រៅរដ្ឋាភិបាល ​ត្រូវបានរាជរដ្ឋាភិបាល ​អនុម័តហើយ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥នេះ ​និងគ្រោងបញ្ជូនទៅរដ្ឋសភា​ នៅសប្តាហ៍ក្រោយ។

​យោងតាមការបង្ហោះសារក្នុង Account Facebook ផ្ទាល់ខ្លួនរបស់​ ឯកឧត្តម ផៃ ស៊ីផាន នៅ​វេលាម៉ោង ១ រសៀលថ្ងៃនេះ​ បានសរសេររៀបរាប់ថា​ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បានសម្រេចអនុម័តទៅលើ​សេចក្តីព្រាងច្បាប់ស្តីពី​ «សមាគម និងអង្គការមិនមែន​រដ្ឋាភិបាល»ដោយក្នុងនោះមានការកែសម្រួល​ពាក្យពេជន៍មួយចំនួន ​និងលុបចោលចំនួន០២មាត្រា ​ជាការសំណូមពរ​ របស់សម្តេចតេជោ ​ដែលមានការគាំទ្រពី​គណៈរដ្ឋមន្រ្តី។​

ឯកឧត្តម ផៃ ​ស៊ីផាន​ បញ្ជាក់ថា ​សម្តេចតេជោ​ នាយករដ្ឋមន្ត្រី ​បានចំណាយពេលច្រើន ក្នុង​ការបំបាត់ការិយាធិបតេយ្យ ​និងបង្កើតភាពងាយស្រួលដល់អង្គកា​រ ទាំងក្នុងការចុះបញ្ជី និង​កិច្ចប្រតិបត្តិការរបស់ខ្លួន។ ​សម្តេចបញ្ជាក់ផងដែរថា​ ធ្វើយ៉ាងណាដើម្បី​ទទួលបានភាព​ងាយស្រួល ​និងទទួលបានកិច្ចសហប្រតិបត្តិការ ​ពេញលេញពីមន្រ្តីនៃអាជ្ញាធរសាធារណៈ។ សូមជម្រាបជូនផងដែរថា ​សេចក្ដីព្រាងច្បាប់នេះ ​ត្រូវបានអនុម័ត ​បញ្ជូនទៅរដ្ឋសភា នាសប្តាហ៍ក្រោយនេះ។​

ទិសដៅ ​និងគោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពី​ «សមាគម​ និងអង្គការក្រៅរដ្ឋាភិបាល» ​អនុលោមតាមរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ត្រង់មាត្រា ៤២​ បានបញ្ញត្តិថា ប្រជា​ពលរដ្ឋខ្មែរ ​គ្រប់រូបមានសិទ្ធិ​ក្នុងការបង្កើតសមាគម ​និងគណបក្សនយោបាយ ​ហើយសិទ្ធិ​នេះត្រូវកំណត់ដោយច្បាប់​ និងមាត្រា២០​ នៃសេចក្ដីប្រកាសជាសកល​ស្ដីពីសិទ្ធិមនុស្ស ​ព្រមទាំងមាត្រា២២ ​នៃកតិកាសញ្ញាអន្តរជាតិ ​ស្ដីពីសិទ្ធិប្រជាពលរដ្ឋ ​និងសិទ្ធនយោបាយ ​បានធានាដល់សិទ្ធិរួបរួមគ្នា​ជាសមាគមរបស់​ប្រជាពលរដ្ឋនៃរដ្ឋហត្ថលេខី ​ដែលតម្រូវឲ្យមានច្បាប់មួយជាចាំបាច់​ សំដៅផ្តល់សិទ្ធិក្នុង​ការបង្កើតសមាគម​ និងសម្រាប់ការពារ​ ការអនុវត្តសិទ្ធិនេះ កុំឲ្យមានការ​រំលោភបំពានណាមួយ។

​ឯកឧត្តម ផៃ ស៊ីផាន បន្តថា​ ក្នុងទស្សនៈនេះ​ រាជរដ្ឋាភិបាលបាន​ទទួលស្គាល់ពីសារៈ​សំខាន់នៃការចូលរួម​របស់អង្គការសង្គមស៊ីវិល​ ដោយចាត់ទុកជាដៃគូមួយ​ដ៏មានសក្ដានុពល ​និងប្រសិទ្ធភាព​ក្នុងកិច្ចដំណើរការស្ដារ ​និងអភិវឌ្ឍន៍ ​សេដ្ឋកិច្ច សង្គម​ និងលើកស្ទួយគាំពារ​គោលការណ៍ប្រជាធិបតេយ្យ​នូវការគោរពសិទ្ធិមនុស្ស។ ​ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៩៣ ​រហូតមកដល់បច្ចុប្បន្ន​ សមាគម ​និងអង្គការមិនមែនរដ្ឋា​ភិបាលដែលបាន ​និងកំពុងធ្វើ ​សកម្មភាពនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ​មានចំនួនសរុបប្រមាណ​ ៥.០០០ ក្នុងនោះរួម​មានទាំងសមាគម ​និង​ អង្គការមិនមែនរដ្ឋាភិបាលក្នុង​ស្រុកដែលបានចុះ​បញ្ជីនៅក្រសួង​មហាផ្ទៃ ​និងទីស្ដីការកណៈរដ្ឋមន្រ្តី ​និង​ អង្គការមិនមែនរដ្ឋាភិបាល​បរទេស ដែលបានចុះ​អនុស្សរណៈនៅ​ក្រសួងការបរទេស​ និងសហប្រតិបត្តិការ អន្តរជាតិ។
សូមជម្រាបជូនផងដែរថា​ អង្គការអន្តរជាតិ​ដែលបានចុះអនុស្សរណៈ​ ជាមួយក្រសួងការ​បរទេស​ និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ មានចំនួន៤៤១អង្គការ ​។ ​ការចុះបញ្ជី និងការ​ចុះអនុស្សរណៈ​កន្លងមកនេះ​ ពុំមែនជាការចុះបញ្ជីដើម្បី​ផ្តល់ឋានៈជានីតិបុគ្គល​ ដល់​សមាគម ​ឬអង្គការមិនមែន​រដ្ឋាភិបាលនោះទេ ​គឺគ្រាន់តែជាការតម្កល់ទុក​សំណុំឯកសារ ​និងទទួលស្គាល់ការធ្វើ​សកម្មភាពរបស់សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល​ទាំងនោះ​តែប៉ុណ្ណោះ។ ​សេចក្ដីព្រាងច្បាប់នេះ​ មានគោលបំណង​ធានាការពារ​សិទ្ធិសេរីភាព ក្នុងការ​បង្កើតសមាគម ​និង​ អង្គការមិនមែនរដ្ឋាភិបាល​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​ដើម្បី​ការពារផលប្រយោជន៍​ស្របច្បាប់របស់ខ្លួន​ និងការពារផលប្រយោជន៍​សាធារណៈ​ ព្រម​ទាំងលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងភាព​ជាដៃគូរវាង​ សមាគម ​ឬអង្គការមិនមែនរដ្ឋាភិបាល ​ជាមួយអាជ្ញាធរសាធារណៈ​ និងមានគោលដៅកំណត់​បែបបទទទួល​ ស្គាល់តាមផ្លូវច្បាប់​ដល់សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល ​ជាច្រើនលើកច្រើនសារ ​ព្រមទាំងបានដាក់​ជូនសិក្ខាសាលាពិគ្រោះ​យោបល់ថ្នាក់ជាតិចំនួន២លើក ​ដោយមានការចូលរួមយោបល់ពីតំណាងសមាគម ​និងអង្គការមិនមែន​រដ្ឋាភិបាល ​និងអង្គការសង្គមស៊ីវិល​ជាតិនិងអន្តរជាតិ ​តំណាងស្ថានទូត ​រដ្ឋទូត ​តំណាងសមហគមន៍អឺរ៉ុប​ តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ​និងតំណាងមកពីក្រសួង​ស្ថាប័នពាក់ព័ន្ធ។

គិតមកដល់ពេលនេះ​ គឺអស់រយៈពេល២០ឆ្នាំ កន្លងមកហើយ​ ដែលរាជរដ្ឋាភិបាល ក៏ដូចជា​គណបក្សភាគតិច​នៅក្នុងសភា ​បានពិចារណា​ ឬផ្ដួចផ្ដើមសេចក្ដីស្នើរច្បាប់​ និងសេចក្ដី​ព្រាងច្បាប់ ស្ដីពី សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាលនេះ។​ អាស្រ័យហេតុនេះច្បាប់​នេះ ជាតម្រូវការរបស់​កម្ពុជាពិតប្រាកដ ​ដែលពុំអាចប្រកែកបាន ​ឬក៏ទទួលយកបាននូវមតិ​របស់បុគ្គល​ របស់ក្រុម​ ឬជនបរទេសណាមួយដែល​លើកឡើងថា​ កម្ពុជាពុំទាន់ត្រូវការ​ច្បាប់នេះឡើយ។​

គួររម្លឹកសារជាថ្មីផងដែរថា​ សេចក្ដីព្រាងច្បាប់ដើមស្ដីពី ​សមាគម ​និងអង្គការមិនមែនរដ្ឋាភិ​បាល ដែលលើកយកមក​ពិភាក្សាពេលនេះគឺមាន០៩ជំពូក​ និង៤១មាត្រា​ ក៏ប៉ុន្តែ០២មាត្រា ​ត្រូវបានលុបចោលដូចនេះ​ សេចក្ដីព្រាងច្បាប់នេះ​នៅសល់តែ០៩ជំពូកដដែល​ និង៣៩​មាត្រាតែប៉ុណ្ណោះ ​ដែលនិងបញ្ជូនទៅរដ្ឋសភា ​នាដើមសប្តាហ៍ក្រោយនេះ។​ ដោយឡែក​វាក្យខណ្ឌ ​និងពាក្យពេជន៍មួយចំនួន​ ក៏ត្រូវបានលុប ​ឬកែប្រែដើម្បីជាកិច្ច​ងាយស្រួលនៃ​ផលប្រយោជន៍ សមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល៕

អត្ថបទ៖ សុភាព




តំបន់រម្មណីយដ្ឋានបេតិកភណ្ឌអង្គរ ចាំបាច់ត្រូវការឲ្យមានការគ្រប់គ្រងប្រភពទឹកឲ្យបានច្បាស់លាស់ដើម្បីជាលំនឹងប្រាសាទ

នៅក្នុងកិច្ចប្រជុំពិភាក្សា​បច្ចេកទេសរបស់គណៈ​កម្មាធិការអន្តរជាតិ ​សម្របសម្រួលកិច្ចគាំពារ និង​អភិវឌ្ឍន៍ តំបន់អង្គរ (ICC ) ឯកឧត្តម ​ហង្ស ពៅ អគ្គនាយករងអាជ្ញាធរជាតិ​អប្សរាទទួលបន្ទុកផ្នែក​គ្រប់គ្រងប្រព័ន្ធទឹក​ បានមានប្រសាសន៍ថា៖​  តួរនាទីរបស់អាជ្ញាធរជាតិ​អប្សរាសំខាន់ជាគេនោះគឺ ​ការងារគ្រប់គ្រង ​និងអភិរក្សប្រាសាទ​ ក្នុងនោះបើតាមការស្រាវជ្រាវ ​ជាទូទៅក្នុងរយៈពេលកន្លង​មក​ ប្រាង្គប្រាសាទនៅក្នុងតំបន់អង្គរ​ អាចមានលំនឹងបាន ​គឺអាស្រ័យដោយសារមានប្រភពទឹក​ក្រោមដី  ​សំរាប់ការរស់រានមានជីវិត​របស់ប្រាសាទទៅថ្ងៃអានាគត ​ក៍ដូចជាក្នុងពេលបច្ចុប្បន្ន។ ​

​ដើម្បីឲ្យប្រាសាទនៅស្ថិតស្ថេរគង់វង្ស​ អាជ្ញាធរជាតិអប្សរារួមជាមួយ ​អ្នកជំនាញបច្ចេកទេសជាតិ ​និងអន្ដរជាតិ ​បានស្រាវជ្រាវសិក្សាអំពីប្រភពទឹក​ ប្រព័ន្ធធារាសាស្រ្ដបូរាណឡើងវិញ​ ព្រោះថា​ប្រព័ន្ធធារាសាស្រ្ដ​នាសម័យអង្គរ ​ជាប្រព័ន្ធមួយដែលមានលក្ខណៈ​ទំនើបបំផុត​ ហេតុផលបាត់បង់​នៃប្រព័ន្ធនេះ ​កន្លងមកបានធ្វើក្រុងសៀមរាប​ បានជួបប្រទះនូវការលិចលង់​ដោយសារទឹកជំនន់ជា​ច្រើនលើក។ ​ឯកឧត្តម ​អគ្គនាយករងអាជ្ញាធរជាតិអប្សរា ​បានបញ្ជាក់ទៀតថា៖​ ការសាងសង់នៅ​ប្រព័ន្ធធារាសាស្រ្ដ​នៅតំបន់បេតិកភណ្ឌអង្គរ​ របស់បុព្វបុរសខ្មែរ​ នាសម័យនោះ​គឺមានសារៈសំខាន់​ណាស់ ​ទាក់ទងស្ថេរភាពរបស់ប្រាង្គប្រាសាទ​ ដែលមានប្រព័ន្ធទឹកដ៏ល្អឥត​ខ្ចោះក្នុងការធានានៅ​ក្នុងតំបន់ទាំងមូល។ ​ហើយអ្វីដែល ​ជាបញ្ហាសំរាប់សព្វថ្ងៃ​ ក្រៅពីការងារគ្រប់គ្រង ​អភិរក្សប្រាសាទ ​ឲ្យបានល្អត្រឹមត្រូវមិនឲ្យ​ទទួលរងគ្រោះធម្មជាតិផ្សេងៗ ​គឺនៅមានបញ្ហាមួយទៀតគឺ ​ការធានាការផ្គត់ផ្គង់ទឹកសំរាប់ភ្ញៀវ​ទេសចរណ៍ដែលមាន​ ការកើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ​ ដែលមកស្នាក់ នៅ​ខេត្តសៀមរាបផងដែរ។

​ទាក់ទងនឹងបញ្ហាគ្រប់គ្រង​ទឹកនេះដែរ ​ក្រុមការងារបច្ចេកទេស​ បានសិក្សារួចរាលអស់ហើយ ​ប៉ុន្ដែ​បច្ចុប្បន្នការងារនេះ​មានទំហំដែលមាន​ប្រព័ន្ធប្រឡាយ​ បូរាណជាច្រើន​នៅក្នុងតំបន់អង្គរទាំងមូល ​ប្រមាណជា៥២គីឡូម៉ែត្រ​ ដូច្នេះក្រុមការងារមិនអាច​ធ្វើការស្ដារឡើងវិញទាំងអស់​ បាននោះទេ ​ជាក់ស្ដែងដូចជាបារាយណ៍​ខាងលិចគឺជាអាស្ដុកទឹកដ៍ធំជាង​ ដែលត្រូវបានកសាងឡើងមួយ​ដោយកម្លាំងពល​កម្មមនុស្ស  ​អាចស្ដុកទឹកបានដល់ទៅ​៥៦លានម៉ែត្រគូប ​ដែលអាច លំហូរចូល​ដើម្បីដោះស្រាយបញ្ហារទឹកជំនន់​ មិនឲ្យមានការប៉ះពាល់​ដល់ប្រាសាទនិង​សំរាប់យកទៅប្រើ​ប្រាស់  ក្នុ​ងនោះចាប់ពីឆ្នាំ២០១៤​មករាជរដ្ឋាភិបាល ​បានប្រគល់តួរនាទីឲ្យអាធរ​ជាតិអប្សរាជាអ្នក​​គ្រប់គ្រងប្រព័ន្ធ ​ដោយបានបែងចែក​ជាបីគោលដៅ​ រួមមាន៖ គោលដៅក្នុងការគ្រប់​គ្រងទឹកជំនន់ ​​សំរាប់ប្រជាពលរដ្ឋប្រើប្រាស់​ និង​ បង្ករបង្កើនផល​ និងគោលដៅទីបីគឺសំរាប់ផ្គត់ផ្គង់​ដល់រដ្ឋាករទឹកក្រុងសៀមរាប ​ដើម្បីជាការកាត់បន្ថយការ​ប្រើប្រាស់ទឹកក្រោមដី​ ដែលជាហេតុនាំឲ្យការប៉ះពាល់​គ្រឹះប្រាសាទ។ ​មួយផ្នែកទៀត​ បន្ទាប់ពីមានការរៀបចំឡើងវិញ​ នូវប្រព័ន្ធធារាសាស្រ្ដផ្នែកខាងលើ ​ជាបន្ដបន្ទាប់មកក្រុងសៀមរាប​ ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ​ អាចបញ្ចៀសបាននូវការលិច​លង់ដោយសារទឹកជំនន់ផងដែរ ៕











អត្ថបទ៖
 សាវឿន

សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី ០៥ ខែមិថុនា ឆ្នាំ២០១៥



សេចក្តីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពីអង្គជំនុំជម្រះតុលាការកំពូល ចេញដីកាកំណត់កាលបរិច្ឆេទ សវនាការលើកទីមួយ ក្នុងសំណុំរឿង ០០២ វគ្គ០១




Friday, June 5, 2015

ពិធី​បើក​កិច្ចប្រជុំបច្ចេក​ទេស​លើកទី ២៤ របស់​គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ចគាំពារ និង​អភិវឌ្ឍន៍​រមណីដ្ឋាន​ប្រវត្តិសាស្ត្រអង្គរ​ហៅកាត់ថា អាយស៊ីស៊ី-(ICC ) នៅ មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ខេត្តសៀមរាប ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី និងជា​ប្រធានអាជ្ញា​ធរជាតិ​អប្សរា

កិច្ចសន្ទនា​ជាន់ខ្ពស់ ចិន-អាស៊ីអា​គ្នេយ៏​លើកទីពីរ ស្តីពី​ការ​ផ្លាស់ប្តូរ​​កាន់តែ​ជិតស្និទ្ធ​រវាង​​ប្រជាជន​ និងប្រជាជន​​សម្រាប់ការ អភិវឌ្ឍន៍រួមគ្នា នៃ​ខ្សែ​ក្រវាត់​មួយ និង​ផ្លូវ១ កោះ​បាលី ប្រទេស​ឥណ្តូណេស៊ី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥

ព្រះរាជ​ពិធីថ្វាយ​សញ្ញា​ប័ត្រ ព្រះបរម​ងារ​កិត្តិយស ព្រះស្រី​លោក​ធម្មិករាជ ថ្វាយជូន​ព្រះករុណា ព្រះមហាក្សត្រ​នៃព្រះ​រាជណា​ចក្រកម្ពុជា

ជន​ភៀសខ្លួន ​៤នាក់ ​ពីកោះណារ៉ូ ​ប្រទេស​ អូស្រ្តាលី ​បានមកដល់​កម្ពុជាហើយ​នៅថ្ងៃនេះ​

នៅវេលាម៉ោង ១០៖១០នាទី ព្រឹក​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ មានជន​ភៀសខ្លួន ៤នាក់មក​ពីកោះ​ណារ៉ូ ប្រទេស អូ​ស្រ្តាលី បានមកដល់​កម្ពុជា​ហើយ​ក្នុងនោះ ៣នាក់ជាជន​ជាតិ​អឺរ៉ង់ និងម្នាក់​ជន​ជាតិ​ភាគ​តិចភូមា​ រ៉ូហ៊ីងយ៉ា តាម​ជើង​ហោះហើរ​របស់​ម៉ាឡេស៊ី MH754។ ការ​មកដល់​នៃ​ជន​ភៀស​ខ្លួន​ទាំង៤នាក់នេះ គឺធ្វើឡើង​ស្រប​តាម កិច្ច​ព្រម​ព្រៀង​រវាងរាជរដ្ឋាភិ​បាលកម្ពុជា និងអូស្ត្រាលី ដែល​បានចុះហត្ថលេខា​រួមគ្នា កាលពីចុង​ឆ្នាំ២០១៤ ដោយ​ការបញ្ជូន​ជនភៀស​ខ្លួន​មកកាន់​កម្ពុជានេះ គឺធ្វើឡើង​ដោយស្ម័គ្រ​ចិត្ត មិនមាន​ការបង្ខិត​បង្ខំ។
ជនភៀស​ខ្លួន​ទាំង​៤រូប ដែលមក​ពីកោះ​ណារ៉ូ ប្រទេសអូស្ត្រាលី នឹងទទួលបាន​ការបណ្តុះ បណ្តាល​ ពីវប្បធម៌ និងភាសា​ខ្មែរ ពីអង្គ​ការអន្តរជាតិ​សម្រាប់ជន​ភៀសខ្លួន (IOM) ដើម្បី​ឲ្យពួកគេបាន​ស៊ាំ និង យល់ពីការ​រស់នៅ​ក្នុងប្រទេស​កម្ពុជា។ មិន​តែប៉ុណ្ណោះពួក​គេនឹងទទួលបានសេវាអប់រំ សេវាថែ​ទាំសុខ​ភាព និង សេវា​ការងារ​ជាដើម ក្រោយ​ពី​មក​ដល់​កម្ពុជា នេះបើយោ​ងតាមកា​រប្រកាសរបស់​អង្គការ IOM 
តាមប្រភព​ព័ត៌មាន​ពីនាយកដ្ឋានជន​ភៀសខ្លួន បានឲ្យដឹង​ថា បន្ទាប់​ពីមកដល់​កម្ពុជា​ហើយ ពួក​គេនឹង​ស្នាក់នៅ ជាបណ្តោះអាសន្ន​នាទី​ក្រុង​ភ្នំពេញ ដែលរៀប​ចំដោយ អង្គ​ការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM)។ ចំពោះកា​រទំនុកបម្រុង​ទៅលើជ​នភៀស​ខ្លួន​ទាំង​៤នាក់​នេះ នឹងធ្វើទៅតាម​កិច្ច​ព្រម​ព្រៀង​ រវាងរ​ដ្ឋាភិបាល អូស្រ្តាលី និង​កម្ពុជា ។
ជនភៀស​ខ្លួន​ទាំង​នេះ ក្នុង​ម្នាក់​ៗនឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ម៉ឺន​ដុល្លារ ព្រម​ទាំង​ផ្ដល់ការងារ ទីក​ន្លែង​ស្នាក់​នៅដោយ​ឥត​គិត​ថ្លៃ ការបង្រៀន​ភាសា និងការធានា​បញ្ហាសុខ​ភាព​ផងដែរ​៕

អត្ថបទ៖ សុភាព