Wednesday, July 8, 2015
Tuesday, July 7, 2015
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពីការប្រមូលពន្ធនិងផាកវិន័យទៅលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥
ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រជាពលរដ្ឋទូទៅដែលត្រូវបង់ពន្ធអាចបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខេត្ត-ខ័ណ្ឌ សាខាធនាគារកាណាឌីយ៉ា សាខាធនាគារ អេស៊ីលីដា។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥។
សំរាប់យានយន្តដែលបង់ពន្ធលើកដំបូង ឬយានយន្តដែលពុំទាន់ទទួលបានបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវបំពេញលិខិតប្រកាសបង់ពន្ធមួយសន្លឹក ដែលត្រូវភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងបណ្ណសម្គាល់យានយន្ត និងច្បាប់ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើតរបស់ម្ចាស់យានយន្ត។ ប៉ុន្តែសំរាប់យានយន្តដែលបានទទួលបណ្ណសម្គាល់ការបង់ពន្ធ គឺពុំចាំបាច់ត្រូវបំពេញលិខិតប្រកាសបង់ពន្ធទៀតទេ។
ក្រោយពេលបង់ពន្ធម្ចាស់យានយន្តនឹងទទួលបានលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធមួយសន្លឹកបង្កាន់ដៃបង់ពន្ធមួយសន្លឹកដែលត្រូវថែរក្សាទុកជាប់និងយានយន្ត សម្រាប់បង្ហាញមន្ត្រីមានសមត្ថកិច្ច និងជាឯកសារសម្រាប់ប្រកាសបង់ពន្ធនៅឆ្នាំបន្ទាប់ ព្រមទាំងទទួលបាននូវលតាបត្របង់ពន្ធមួយសន្លឹក សម្រាប់បិទភ្ជាប់មធ្យោបាយដឹកជញ្ជូន។
សំរាប់ពន្ធនេះត្រូវបានលើកលែងចំពោះ៖
១/ រថយន្តគិលានសង្គ្រោះ, រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធរបស់រដ្ឋ
២/ យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នរគបាលជាតិដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ចូនសម្ភារទ័ព ឬដឹកជញ្ជូនកងទ័ព ក៍ដូចជាសម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូចមានចែងក្នុងមាត្រា១១ និងមត្រា១២ នៃអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់ យានជំនិះ និងយានយន្តដែលពាក់ស្លាកលេខ ខ.មឬ ន.ប ជាផ្លូវការ ដែលមានការទទួលស្គាល់ និងបញ្ជាក់ពីក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃ។
៣/ យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក និងត្រូវបង់ប្រាក់ពន្ធ និងបង់ប្រាក់ពិន័យ ១០០% នៃប្រាក់ដែលត្រូវបង់។


រដ្ឋសភាសម្រេចអនុម័តច្បាប់ស្ដីពីផ្ទះជួល
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីស្នើច្បាប់ស្តីពីភតិសន្យាពិសេស (ច្បាប់ផ្ទះជួល) ចំនួន ១០២សំឡេង លើ១០៤សំឡេង។ សេចក្តីស្នើច្បាប់នេះមានចំនួន៤ចំនួន រូមមាន១១មាត្រា។ ចំពោះសេចក្តីស្នើច្បាប់នេះដែរ គឺឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា អំពីលទ្ធផលនៃការពិនិត្យនិងសិក្សា សេចក្តីស្នើច្បាប់ និងលោកជំទាវ គ្រួច សំអាន តំណាងក្រុមតំណាងរាស្ត្រហត្ថលេខី និងសហការី ជាអ្នកការពារសេចក្តីស្នើច្បាប់នេះ។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភានេះធ្វើឡើង ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំ ១០៤រូប ហើយសមាជិករដ្ឋសភាដែលមានមតិមានចំនួន២រូបគឺ ឯកឧត្តម សម រង្ស៊ី មកពីគណបក្សសង្គ្រោះជាតិ និងឯកឧត្តម ឈាង វុន មកពីគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សម រង្ស៊ី ប្រធានក្រុមមតិភាគតិចនៃរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ មានមតិគាំទ្រចំពោះខ្លឹមសារនៃច្បាប់នេះថា វានឹងរួមចំណែកអភិវឌ្ឍសង្គមជាតិកម្ពុជា ប្រកបដោយចីរភាព យុត្តិធម៌ និងសមធម៌សង្គមផង។
មាត្រា១នៃច្បាប់នេះបានចែងថា ច្បាប់នេះមានគោលបំណងធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ ដើម្បីស្ថិរភាពក្នុងជីវភាពរស់នៅ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ចៀសវាងការកើតមានទំនាស់រវាងម្ចាស់ផ្ទះជួល និងអ្នកជួល។ តំណាងរាស្ត្រនៃគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការបង្កើតច្បាប់កិច្ចសន្យាផ្ទះជួលនេះ ព្រោះជួយការពារផលប្រយោជន៍ទាំងម្ចាស់ផ្ទះជួល និងអ្នកជួលផ្ទះ ជាពិសេសច្បាប់នេះ មិនអនុញ្ញាតឲ្យម្ចាស់ផ្ទះដំឡើងថ្លៃស្រេចតែចិត្តនោះទេ គួររំលឹកផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីផ្ទះជួល និងឈានដល់ការអនុម័ត បានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងជួយសម្រួលដល់ប្រជាពលរដ្ឋអ្នកជួលផ្ទះ ជាពិសេស បងប្អូនកម្មករ និងដើម្បីកាត់បន្ថយការលំបាកដល់ប្រជាពលរដ្ឋទូទៅ៕


អភិបាលរាជធានីភ្នំពេញ លើកឡើងថា ក្រុម ទេព វន្នី និង យ៉ោម បុប្ផា គឺធ្វើបាតុកម្មដើម្បីតែលុយប៉ុណ្ណោះ
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអះអាងថា ក្រុម បឹងកក់ ដឹកនាំដោយ ទេព វន្នី និង យ៉ោម បុប្ផា ដែលតែងតែដើរធ្វើបាតុកម្មតាមដងផ្លូវ លើគ្រប់រឿងទាំងអស់នោះ គ្រាន់តែជាបាតុករពហុវិស័យតែប៉ុណ្ណោះ មិនមែនធ្វើសម្រាប់បុព្វហេតុបឹងកក់ទៀតទេ ព្រោះឯកឧត្តមសង្កេតឃើញថារឿងអ្វីក៏ពួកគាត់ធ្វើបាតុកម្មបានដែរ ឲ្យតែឲ្យពួកគាត់ធ្វើ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី អាទិភាពនៃការអភិវឌ្ឍន៏របស់កម្ពុជា ក្នុងរយ:ពេល៣ឆ្នាំខាងមុខ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ករណីបឹងកក់ ទេព វន្នី និង យ៉ោម បុប្ផា គ្រាន់តែជាបាតុករពហុវិស័យតែប៉ុណ្ណឹង ហើយអាជីពពហុវិស័យរបស់គាត់នៅត្រង់ថា សហគមន៍របស់គាត់ មិនមែនធ្វើសម្រាប់បុព្វហេតុបឹងកក់ទៀតទេ គឺគាត់ធ្វើដើម្បីឲ្យខ្លួនគាត់អស្ចារ្យ និងទទួលបានពានរង្វាន់ក្រៅប្រទេសប៉ុណ្ណោះ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា តាមដែលឯកឧត្តមដឹង គាត់ធ្វើបាតុកម្ម១ថ្ងៃ បាន១០ដុល្លារ និងមួយព្រឹក បាន៥ដុល្លារ និងបានប្រាក់ឧបត្ថម្ភច្រើនលើសពីនេះប្រចាំខែរាប់រយដុល្លារ។ ដូច្នេះគេចង់ឲ្យគាត់ស្លៀកស គឺស, ចង់ឲ្យគាត់កោសក់ គាត់កោ។ ឯកឧត្តមបន្តថា អ្វីដែលពួកគាត់ធ្វើមកដល់ពេលនេះ មិនមែនធ្វើតែបឹងកក់ទេ រឿងជនភៀសខ្លូនអូស្ត្រាលី, រឿងអារ៉ែង និងសូម្បីរឿងលោកសង្ឃក៏គាត់ធ្វើបាន សំខាន់ឲ្យតែឲ្យលុយ ព្រោះពួកគាត់បានក្លាយជាអ្នកតវ៉ាពហុវិស័យទៅហើយ។
ទោះជាយ៉ាងណា ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា «ការតវ៉ាទាំងឡាយ មើលមួយភ្លែត ដូចជាប្រឆាំង ប៉ុន្តែយើងកុំចាត់ទុកថា រាល់ការតវ៉ារបស់ប្រជាពលរដ្ឋ គឺជាការប្រឆាំង ត្រូវចាត់ទុកថាវាជាបាតុភូតធម្មតានៃដំណើររីកចម្រើននៃលទ្ធិប្រជាធិបតេយ្យហើយប្រទេសកម្ពុជា ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះសកម្មភាពតវ៉ានានាអាចកើតមានឡើងបានគ្រប់ពេល។
ឯកឧត្តមបន្តថា បញ្ហាបឹងកក់ សាលាក្រុងនៅតែនៅចង់រៀបចំឲ្យតំបន់សហគមន៍បឹងកក់ និងតំបន់អភិវឌ្ឍន៍បឹងកក់មានតុល្យភាព។ បើតំបន់បឹងកក់នេះ យើងធ្វើឲ្យការអភិវឌ្ឍន៍តែផ្ទុយទៅវិញដីទំហំ១២,៤ហិកតា ដែលសហគមន៍បឹងកក់កំពុងរស់នៅ មិនបានអភិវឌ្ឍន៍ ធ្វើឲ្យទឹកលិច ធ្វើឲ្យផ្ទះរញ៉េរញ៉ៃ បញ្ចូលសេវាសាធារណៈមិនបាន ទឹកភ្លើងលូប្រឡាយមិនបានល្អ និងធ្វើឲ្យពួកគាត់រស់នៅក្នុងស្ថានភាពមិនល្អ។ គោលដៅរបស់សាលារាជធានីភ្នំពេញ គឺចង់កែលម្អ ដោយមិនមានអំពើហិង្សា។
គួរបញ្ជាក់ថាកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី អាទិភាពនៃការអភិវឌ្ឍន៏របស់កម្ពុជា ក្នុងរយ:ពេល៣ឆ្នាំខាងមុខ ធ្វើឡើងដោយមានកិច្ចសហការពីធនាគារពិភពលោក និងសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមរបស់លោក អាឡាសាន់ សូ ប្រធានគ្រប់គ្រងធនាគារពិភពលោក ពីតំណាងក្រុមប្រឹក្សារាជធានីភ្នំពេញ កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តពោធិសាត់ សរុបប្រមាណជាង១០០នាក់៕



នៅឆមាសទី១នេះ អាជ្ញាធរជាតិអប្សរា លក់សំបុត្រចូលទស្សនាតំបន់អង្គរ បានជិត៣១លានដុល្លារ
ចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆមាសទី១ ឆ្នាំ២០១៥ មានការធ្លាក់ចុះ ០,៦៩% បើប្រៀបធៀបទៅនឹង ឆមាសទី១ ឆ្នាំ២០១៤។ ចំណែកចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា មានការកើនឡើង ១០,៧៨% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរណ៍បរទេសនៅរមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរា ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
នៅឆមាសទី១ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ១,០៨៤,៤២៧នាក់ ស្មើនឹងទឹកប្រាក់ ៣០,៩៤៨,២៤០ដុល្លារអាមេរិក ដែលនេះមានការធ្លាក់ចុះ ០.៦៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៤។
នៅខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាលក់បានសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១៤,០៦៦នាក់ ស្មើនឹងទឹកប្រាក់ ៣,១១២,៦៦០ដុល្លារអាមេរិក ដែលនេះមានការកើនឡើង ១០,៧៨% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៤៕

Monday, July 6, 2015
នៅឆមាសទី១នេះ អាជ្ញាធរជាតិអប្សរា លក់សំបុត្រចូលទស្សនាតំបន់អង្គរបានជិត៣១លានដុល្លារ
ចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆមាសទី១ ឆ្នាំ២០១៥ មានការធ្លាក់ចុះ ០,៦៩% បើប្រៀបធៀបទៅនឹង ឆមាសទី១ ឆ្នាំ២០១៤។ ចំណែកចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា មានការកើនឡើង ១០,៧៨% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរណ៍បរទេសនៅរមណីយដ្ឋានអង្គរប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរា ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
នៅឆមាសទី១ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ១,០៨៤,៤២៧នាក់ ស្មើនឹងទឹកប្រាក់ ៣០,៩៤៨,២៤០ដុល្លារអាមេរិក ដែលនេះមានការធ្លាក់ចុះ ០.៦៩% បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៤។
នៅខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាលក់បានសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១៤,០៦៦នាក់ ស្មើនឹងទឹកប្រាក់ ៣,១១២,៦៦០ដុល្លារអាមេរិក ដែលនេះមានការកើនឡើង ១០,៧៨% បើធៀបនឹងខែមិថុនា ឆ្នាំ២០១៤។

សម្តេចតេជោ ស្នើខ្ចីផែនទីដើមទាំងអស់ ពីអង្គការសហប្រជាជាតិ ដើម្បីធ្វើការផ្ទៀងផ្ទាត់បញ្ជាក់ ពីភាពត្រឹមត្រូវពិតប្រាកដ
ដើម្បីបញ្ជាក់ច្បាស់អំពីភាពហ្មត់ចត់ និងភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំ និងអនុវត្តការងាររបស់ខ្លួន ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើមទាំងអស់ ដែលកម្ពុជាបានកម្កល់ទុកនៅអង្គការសហប្រជាជាតិ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវពិតប្រាកដជាមួយ និងផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់ សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងប្រទេសជិតខាង។
នៅក្នុងលិខិត ចុះថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៥របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើទៅកាន់ ឯកឧត្តម បាន គីមូន បានលើកឡើងថា ដើម្បីស្នើសុំកិច្ចសហការពីសំណាក់អង្គការសហប្រជាជាតិលើកិច្ចការមួយដ៏មានសារៈសំខាន់ជាទីបំផុត សម្រាប់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ មាត្រា ២ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា «បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០ ០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩»។
សម្តេចតេជោ រំលឹកថា «ជាការពិត នៅឆ្នាំ ១៩៦៤, សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានយកផែនទីបោន (Bonne) ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយតាមរយៈនេះ ព្រះអង្គបានអំពាវនាវឲ្យមានការធានារ៉ាប់រងពីសំណាក់មហាអំណាចនានា ក្នុងការគោរពបូរណភាពទឹកដីកម្ពុជាតាមផ្លូវច្បាប់អន្តរជាតិ និងឲ្យទទួលស្គាល់ ព្រមទាំងគោរពឯករាជ្យ, អព្យាក្រឹត្យភាព, បូរណភាពទឹកដីកម្ពុជា ក្នុងរង្វង់ខ្សែព្រំដែនបច្ចុប្បន្ននាពេលនោះ ដោយបានប្រកាសដាច់ខាតថា ខ្សែព្រំដែននេះ មិនអាចសើរើ និងកែប្រែបានឡើយ»។
ក្នុងលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយគោរពខ្ជាប់ខ្ជួនឥតងាករេតាមស្មារតីនៃការប្រកាសនេះរបស់សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងបញ្ជាក់ច្បាស់អំពីភាពហ្មត់ចត់ និងភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៅក្នុងការរៀបចំ និងអនុវត្តការងាររបស់ខ្លួន ក្នុងការកំណត់ និងការបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង ក៏ដូចជាក្នុងគោលបំណងបញ្ចៀស និងបញ្ចប់ នូវការញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល ហើយធ្វើឲ្យមានការភាន់ច្រឡំនៅក្នុងចំណោមសាធារណមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយ ដោយមជ្ឈដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលជាប្រការអាចបង្កើត គ្រោះមហន្តរាយដ៏ធំធេងដល់ជាតិកម្ពុជាទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំសូមស្នើឯកឧត្តមអគ្គលេខាធិការមេត្តាអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើមទាំងអស់ ដែលកម្ពុជាបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ មកប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវពិតប្រាកដជាមួយនឹងផែនទីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រើប្រាស់សម្រាប់កំណត់ព្រំដែនគោក និងព្រំដែនទឹក រវាងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងប្រទេសជិតខាង។
សម្តេចតេជោ មានសង្ឃឹមយ៉ាងមុតមាំថា ដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលជាសមាជិកមួយនៃអង្គការសហប្រជាជាតិ, ឯកឧត្តមអគ្គលេខាធិការពិតជានឹងផ្តល់នូវកិច្ចសហការតាមការស្នើសុំនេះជាក់ជាមិនខាន៕


Subscribe to:
Posts (Atom)
