Tuesday, September 8, 2015

កម្ពុជា​​ស្នើ​ចិនបន្ត​ជួយ​ក្នុងការ​ជួស​ជុល​ និងអ​ភិរក្ស ប្រាសាទ​​បេងមា​លា នៅខេត្ត សៀ​​មរាប

នៅថ្ងៃទី ០៧ ​ខែកញ្ញា ឆ្នាំ២០១៥នេះ ​នៅក្នុងជំនួបពិភាក្សា​រវាង​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ ឯកឧត្តម Li Xiaojie ​អនុរដ្ឋមន្ត្រី​ក្រសួងវប្បធម៌​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ នៅទីស្នាក់ការអាជ្ញាធរ​ជាតិ​អប្សរា​ ខេត្តសៀមរាប​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ បានស្នើឲ្យភាគីចិន ​ទទួលយក​គម្រោងជួសជុល​ និង​អភិរក្សប្រាសាទ​បេងមាលា​ ដែលស្ថិត​នៅក្នុងតំបន់អង្គរ ​ខេត្តសៀមរាប។ ​ការស្នើឲ្យភាគីចិន​ ពិនិត្យ​ និងទទួលយកការ​ជួសជុលអភិរក្ស​ប្រាសាទបេងមាលានេះ ​គឺជា​លើកទី៣ហើយ​ បន្ទាប់ពីក្រុមជំនាញការ​បច្ចេកទេសវប្បធម៌ចិន ​ធ្លាប់បានជួយកម្ពុជាក្នុងការជួសជុល ​និងអភិរក្សប្រាសាទ​ចៅសាយ​ និងបច្ចុប្បន្នចិន​កំពុងធ្វើការជួសជុល ​និងអភិរក្ស​ប្រាសាទតាកែវ ​ដែលសុទ្ធតែ​ជាក្រុមប្រាសាទ​ក្នុងតំបន់អង្គរ​ ខេត្តសៀមរាប។

នៅក្នុងជំនួប​ពិភាក្សានេះ​ កម្ពុជាទទួល​បានលទ្ធផល​ និងផ្លែផ្កា​យ៉ាងខ្លាំង  ​ដោយក្នុង​នោះភាគីចិន ​ដែលមាន ​ឯកឧត្តម Li Xiaojie ​ជាតំណាង​បានបង្ហាញ​នូវតំរុយថា ​បន្ទាប់ពីបញ្ចប់ការជួសជុលនិងអភិរក្ស​ប្រាសាទតាកែវ​ រួចរាល់នៅចុងឆ្នាំ​២០១៨ខាងមុខនេះ ​ចិននិងពិនិត្យ​មើលហើយ​នឹងអាចឈានទៅ​ជួសជុលអភិរក្ស​ប្រាសាទបេងមាលា​បន្តទៀត។

ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន​ បានមាន​ប្រាសាសន៍ថា​ «កម្ពុជាមានសង្ឃឹមថា ​ភាគី​ចិននឹងបន្តជួយក្នុង​គំរោងទីបីនេះ​បន្តទៀត ​ដោយសារកម្ពុជា​បានបង្កើតនូវ ​ICC អង្គរ និង ​ICC ព្រះវិហារ  ​ដើម្បីធ្វើកិច្ច​ការងារជួសជុល ​អភិរក្ស ​និងអភិវឌ្ឍន៍​ ហើយកាលពីថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០១៥​ ម្សិលមិញនេះ ​យើងបានប្រជុំ​បច្ចេកទេសលើក​ទី១ ICC ព្រះវិហារ​ប្រកបដោយ​ជោគ​ជ័យដែលមាន​ការ​ចូលរួមពីសហ​ប្រធានឥណ្ឌា ​នឹងចិន»។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​បានបន្តថា​ ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​បច្ចុប្បន្នដែលមាន ​សម្តេចតេជោ ហ៊ុន សែន ​ជានាយករដ្ឋមន្ត្រី ​កម្ពុជា​ទទួលបានជោគជ័យច្រើនណាស់លើកគ្រប់វិស័យ ​ហើយនៅក្នុងផ្នែក​បេតិកភណ្ឌវប្បធម៌​ គឺមានការចូលរួមពី​សហគមន៍​អន្តរជាតិ​ជាច្រើន។ ​ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី ​ក៏បានលើកឡើង​ពីជោគជ័យ​របស់ ICC អង្គរ​ ដែលមានការ​ចូលរួមពី​អង្គការធំៗជាង​២០អង្គការ ​ក្នុងការអភិរក្ស ​និងជួសជុលប្រាសាទឡើងវិញ ​ហើយនៅក្នុងនោះ​មានជាង៦០គម្រោង​ ហើយកន្លងមកនេះ​ថវិកា​ដែលបានទទួល​សម្រាប់​ការងារ ICC អង្គរ ​មិនតិច​ជាង៥០០​លានដុល្លារ​ ដែលកម្ពុជាបានចំណាយថវិកាទាំងនោះ​ប្រកបដោយតម្លាភាព​ត្រឹមត្រូវតាមរយៈ​គណៈកម្មាការ ​ICC អង្គរនេះ​។

គួរបញ្ជា​ក់ថា តាមប្រាសា​សន៍របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន  គឺនៅ​ពេលខាងមុខនេះ ​ឯកឧត្តម គឹម សេតារា​ ប្រធានអាជ្ញាធរជាតិ​ព្រះវិហារ នឹងរៀបចំ​នូវពង្រាវ​កិច្ចព្រមព្រៀងមួយ ​ដើម្បីចុះហត្ថ​លេខាជា​មួយក្រសួងវប្បធម៌​សាធារណ​រដ្ឋប្រជា​មានិតចិន ​ដើម្បីបង្ហាញថា​ទំនាក់ទំនង​រវាងចិន-កម្ពុជា​ កាន់តែមានភាព​ស្និតស្នាល​ផ្នែកបេតិក​ភណ្ឌវប្បធម៌​បន្ថែមទៀត៕





ម៉ៈទិឆុន ចុង​សប្តាហ៍ ហោរាសាស្ត្រល្បី​នៅ​ស្រុក​ថៃ ​ទស្សន៍​ទាយ​ជា​ថ្មី​អំពី ​ ជោគ​វាសនារបស់​គណបក្សសង្គ្រោះ​ជាតិ ថា​​ « ជួប​គ្រោះ​ធំ បាក់ឆ្អឹងខ្នង!



សារព័ត៌មាន​មៈទិឆុន ឆ្នាំទី៣៨ លេខ១៣៦០០២ ចេញ​ផ្សាយ​នៅថ្ងៃ​សុក្រ ​សប្តាហ៍​ទី១ ក្នុងខែ​កញ្ញា ឆ្នាំ​២០១៥​ ពុទ្ធស័ករាជ ២៥៥៩​ បានឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក​កឹម សុខា កំ​ពុង​ស្ថិត​ក្នុង​សភា​ព​ដួល​ដាំក្បាលចុះ និង​ដាច់សសៃជើងទាំង​អស់ ​ គឺជួប​គ្រោះធំ « បាក់ឆ្អឹងខ្នង » ទៅ​មុខលែងរួច​ ថយ​ក្រោយ​មិន​កើត ហេតុនេះ​ហើយទើប​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ខំ​ប្រឹងតាម​គ្រប់​មធ្យោបាយ​ និង​ប្រើ​គ្រប់​យុទ្ធ​វិធី ទាំង​ត្រដរ​ខ្យល ស្រវាក្រោក​ងើប​ៗ ហើយ​ដួលទៅ​វិញ​ យ៉ាង​​​​ត្រដាប​​​ត្រដួស​បំ​ផុត​ ​និង​ទាំងភ័យ​ព្រលឹង​ចុង​សក់​ ដើម្បី​បន្ត​​ដឹក​នាំ​​គណបក្ស​រប​ស់​​ខ្លួន ដែល​កំ​ពុង​ស្ថិត​នៅ​ក្នុង​សភាព​បាត់​បង់ម្ចាស់​ការ ។
ខាងលើ​នេះ​ គឺ​ជា​សម្តី​នៃ​ការ​ទស្សន៍​ទាយ​ដ៏​ខ្លាំង​ក្លា​ និង​ប្រកប​ដោយ​ភាព​ម៉ឺង​ម៉ាត់របស់ហោរាសាស្ត្រ​​ ​ដ៏​ល្បី​​ឈ្មោះ​មួយ​រូបនៅ​ប្រទេស​ថៃ ដែលត្រូវបាន​អ្នក​នយោបាយ​ និង​​អ្នក​ជំ​នួញជា​ច្រើន​នាក់​​ស្ញើច​សរសើរ និង​ប្រសិទ្ធិ​នាមឲ្យ​​ថា ជា​ហោរាមាត់​ទិព្វ ​គឺ​លោក  ភិនយ៉ូ ភុងចារ៉ឺន ដែលមាន​អាយុប្រមាណ​៥០ឆ្នាំ​ ឆ្លើយទៅ​កាន់​ស្ត្រី​ម្នាក់​​ដែល​ទំ​នង​ជា​ធ្លាប់​ចេញ​ចូល​ប្រទេស​ថៃ​ញឹក​ញាប់​ និង​បានបង្ហាញ​នូវអត្តៈ​ចរិត​ប្រឆាំងជា​មួយ​ការ​ដឹកនាំ​​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ពី​ភ្នាក់ងារ​​នៃក្រុម​បណ្តាញ​ព័ត៌មានសេរី ​ផ្តល់ជូន​សារព័ត៌មាន​ ម៉ៈទិឆុន​ ។
ក្នុងភាពរហ័សរហួន​ និង​សំ​ឡេងខ្លាំងៗ ​ច្បាស់​ៗ ប៉ុន្តែមាន​ទឹក​មុខញញឹម​ស្រស់​ស្រាយ លោក ភិន​យ៉ូ​ ភុង​ចារ៉ឺន បាន​និយាយទៅ​កាន់​មនុស្សប្រមាណ​ពី​៥   ៧នាក់​ ជា​ជន​ជាតិ​ខ្មែរ តាម​រយៈការបកប្រែពីយុវ​ជន​​​ជំ​ទង់​១រូប ទំ​នងជា​​និស្សិតកម្ពុជា​ដែល​កំ​ពុង​សិក្សានៅ​ប្រទេសថៃ​ ខណៈដែល​មាន​មនុស្ស​ជា​ច្រើន​​នាក់​ផ្សេង​ទៀត​​កំ​ពុង​រង់​ចាំ​នៅ​រាន​ខាង​ក្រៅ​ ក្នុង​បរិវេណផ្ទះដ៏​ស្កឹម​ស្កៃមួយរបស់​លោក ភិនយ៉ូ ​ក្នុង​ទី​ក្រុង​បាងកក ។
​លោក​ ភិន​យ៉ូ បាន​បញ្ជាក់​ថា គណ​បក្ស​​ប្រឆាំង​នៅ​កម្ពុជា​ ខុសពី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ថៃ​ និង​ក៏​មិន​អាច​ធ្វើ​ដូច​ស្រុក​ថៃ​បាន​ឡើយ នូវ​គោល​បំ​ណង​ប៉ុនប៉ង​កាន់​កាប់​អំ​ណាច​ដ៏​ឆាប់​រហ័ស តាមវិធី​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋា​ភិបាល​ និង​តាម​គ្រប់​មធ្យោ​បាយ​ទុចរិតផ្សេង​ៗទៀត ក៏ដូចជាការ​យក​បញ្ហា​ព្រំ​ដែន​ដើម្បី​កេង​ចំ​ណេញ​​នយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គាំ​ង​គ្រប់​ច្រកទាំង​អស់​ ​ពេល​វេលាមិន​​អំ​ណោយ​ផល​​ដូច​ក្នុងពេល​យុទ្ធ​នា​ការ​ឃោសនាបោះ​ឆ្នោត​​ឆ្នាំ​២០១៣​កន្លង​ទៅនោះ​ទេ។
ស្ត្រីជនជាតិខ្មែរ​​តំ​ណាង​គណបក្ស​សង្គ្រោះ​ជាតិរូប​នោះ ហាក់ដូចជាខឹង​សម្បា បាន​ចោទ​សួរ​ទៅ​លោក ភិនយ៉ូ ដោយ​បាន​រំ​លឹកអំ​ពីការប្រមូល​ផ្តុំ​កម្លាំង​គាំ​ទ្រពី​មហាជន ជាពិសេស ក្រុម​យុវជន​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ​​កាល​ពី​ពេល​កន្លងមក​ថា មានហ្វូងមនុស្ស​ជាច្រើន​ម៉ឺន​នាក់មិនសុខចិត្តនឹង​លទ្ធផលនៃការ​បោះ​ឆ្នោត ដោយ​ចោទ​​ថា មាន​ការ​កិបកេង​បន្លំ​ជា​ដើម​ ។ ការ​លើក​បញ្ហា​នេះឡើង អាចជា​អ្វី​ដែល​ស្ត្រី​រូប​​នោះ ចង់​បញ្ជាក់​ថា បក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង​ និង​អាចសង្ឃឹមថា ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​បាន​នៅ​ពេល​ណា​មួយ​ បើពួក​គេមាន​ឱកាស និង​កម្លាំង​គ្រប់​គ្រាន់ ។
លោក ភិន​យ៉ូ ​ បាន​និយាយ​ថា ពេល​វេលានេះ អាក្រក់​បំ​ផុត​សម្រាប់​គណបក្ស​​ប្រឆាំង​របស់​លោក សម រង្ស៊ី ដូចអ្នក​លេងអុកអញ្ចឹង គឺ​ ​ « អស់​ផ្លូវ​ អស់​ក្រឡាដើរ ទាល់ច្រក និង​គេព័ទ្ធ​ជិត​ » ហើយមាន​តែ​​វិធីម៉្យាងគត់ គឺបោះទូក បោះសេះ ឲ្យសត្រូវ​ស៊ី ដើម្បី​ការពារខ្លួន​តែ​ប៉ុណ្ណោះ។
លោក ភិនយ៉ូ បាន​មាន​ប្រសាសន៍​បន្តថា « ​ល្បែង​អុក » គឺដូច​គ្នា​នឹង​សកម្មភាព​របស់​អ្នក​នយោបាយ​ដែរ សំ​ខាន់​ត្រង់​គំ​និត​ដឹកនាំ​ ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ បាន​លឿន រហ័ស និង​ចេះ​ប្រើប្រាស់​ឱកាស  ជា​ពិសេសបំ​ផុត​នោះ​ គឺភាព​ឈ្លាសវៃ ក្នុង​ផ្លូវ​ដើរពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន។ ប៉ុន្តែ លោក ភិន​យ៉ូ ថ្លែង​បញ្ជាក់​ថា ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា គ្មាន​ផែន​ការយុទ្ធសាស្ត្រ​ដឹកនាំ​ច្បាស់​លាស់ និង​ថ្នាក់​ដឹកនាំ​មួយ​ចំ​នួន​ទៀតដែល​ជា​កម្លាំង​ស្នូល​ក្នុង​គណបក្ស​ប្រឆាំងត្រូវ​បាន​គេវាយបំ​បាក់ឆ្អឹងខ្នង ​ហើយ​ក្នុង​នោះសំ​បូរដោយមនុស្សអសមត្ថភាព ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ៗតាម​តែគំ​និត​ឯកជន​រៀង​ខ្លួន ផ្ទុយ​ទៅ​វិញ​​បែរ​ជា​លេច​ធ្លោរ​នូវ​ការ​គិត​តែ​ពី​ផល​ប្រយោជន៍​ លាភសក្ការៈ មុខតំ​ណែង និង​​ការ​អែប​អប​ រុក​គួន​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រៅ​ពី​នេះ ពួក​គេច្រើន​តែ​មាន​អំ​នួតក្អេង​ក្អាង អាង​មេរៀង​ៗខ្លួន​នៅ​ក្នុងគណបក្ស​ដែល​ចែក​ជា​ច្រើនក្រុម​​ គ្មាន​មេ​កើយ​ច្បាស់​លាស់ ហើយ​អ្វី​ដែល​ជា​គ្រោះ​ថ្នាក់​បំ​ផុត​នោះ​ ក្នុង​ដំ​ណាក់​កាល​ចុង​ក្រោយ​នេះ គឺ​ផ្ទៃ​ក្នុង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ និង​កំ​ពុង​​រង្គោះ​រង្គើពេញ​បន្ទុក​ ដោយ​សារ​បុគ្គល​ជា​​អ្នកដឹកនាំរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិមិន​មានចិត្ត​ស្មោះ​​ត្រង់​ចំ​ពោះ​ប្រទេស​ជាតិ និងក្បត់​​ប្រជា​ជន​ខ្លួន​ឯង ចូល​ចិត្តប្រថុយ​តែជាមួយ​នឹង « ល្បែងយក​កទៅ​លអន្ទាក់​ »
លោក ភិនយ៉ូ និយាយបន្ថែម​ដោយ​សម្តី​ខ្លាំង​ៗទៀត​ថា ទាំង​លោក សម រង្ស៊ី និង​លោកអនុប្រធាន​ កឹម សុខា មើលស្រាល​លើ​សមត្ថភាព​ដ៏​ខ្លាំងក្លា ​ប្រកប​ដោយ​​ថាម​ពល​​ និង​ភាព​ប៉ិន​ប្រសប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​។ មាន​ពេល​ខ្លះ​ ពួក​គាត់ (សម រង្ស៊ី   កឹម សុខា) ​ចង់​ប្រើ​ស្នៀត​ បំ​ភ័ន្ត​ បំ​ភ្លើស​ ដោយ​លើក​យកបញ្ហា​ជាច្រើនមកបន្លំ និង​ផ្លាស់​ប្តូរ​ស្នៀតពីមួយ​ទៅ​មួយ ប៉ុន្តែ ​លោក​ ហ៊ុន សែន​ ងាយ​នឹង​មើល​ឃើញ​ពី​ការ​បង្វែរសាច់​រឿង​នោះ និង​ដឹង​ពីចំ​ណុចខ្សោយរបស់​ពួកគេ ក៏វ៉ៃបំ​បាក់​បាន​មុន​ បាន​ធ្វើ​ឲ្យ​​ថ្នាក់​ដឹក​នាំគណ​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ក្រៅ​ពី​ទទួល​រង​នូវ​ភាព​បរាជ័យ​ផ្ទួន​ៗ ងើប​​មុខមិន​រួច​។
ហោរាដ៏ល្បី​រូប​នេះ បាន​បញ្ជាក់​ថា « ជំ​ហាន​របស់​លោក ហ៊ុន សែន​ ដែលកំ​ពុង​ដឹកនាំ គឺជាជំហាន​គីង្គក់ ប៉ុន្តែ ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន​ គឺលោក​ប្រើ​ទម្ងន់​​ដំ​រី​ ។ លោក ភិនយ៉ូ ភុងចារ៉ឺន បាន​ដាស់​តឿនដល់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈស្ត្រី​ដែល​បាន​មកទស្សន៍​ទាយ​ថា សូម​សម្លឹង​មើល​បញ្ហា​ជុំ​វិញ​ខ្លួន តើ​មាន​អ្វី​ខ្លះបាន​កើត​ឡើងនៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្តាំ​ថា សូម​កុំនាំ​គ្នាផ្គើន និង​យក​ដៃ​ទៅ​ចាប់​ភ្លើង​ ប្រយ័ត្ន​រលាក ឬ​ក៏អាចមាន​ទុក្ខដាក់​ខ្លួន​កាន់​ខ្លាំង​ជាង​នេះ។ លោក​បន្ត​ថា ភាព​បរាជ័យ​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​កើត​ចេញ​ពី​សកម្មភាព​ផ្ទាល់​របស់ពួក​គេម្នាក់​ៗ ដែល​បំ​ពាន​លើ​ភាព​ស្មោះ​ត្រង់ គ្មាន​សច្ចធម៌ ​ និងបំ​ពានគោល​ការណ៍​ច្បាប់ បន្ថែម​ពី​លើ​គុណ​វិបត្តិ​ជា​ច្រើន​ដែល​អ្នកតំ​ណាង​រាស្ត្រ​មួយ​ចំ​នួនបាន​ប្រព្រឹត្ត​ចំ​ពោះ​ជាតិ គឺ​ប្រាស់​ចាក​ពី​ការ​ពិត​ទាំង​ស្រុង ។
លោក ភិន​យ៉ូ បាន​សង្កត់​ធ្ងន់​ថា « ការ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ គឺ​នៅ​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​ ចរន្ត​នៃ​ការ​ផ្តាច់​ខ្លួនដើរចេញ​ពី​បក្ស​បានកើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត ដែល​ប្រៀប​ដូចទឹក​បាក់​ទំ​នប់»។​ លោក ភិន​យ៉ូ បាន​និយាយចំ​ៗថា ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ដូច​អ្វី​ដែល​រូប​គាត់​បាន​ទស្សន៍​ទាយ​កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ប្រាកដមែន គឺចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០​១៥​​មក​ម្ល៉េះ គណបក្សប្រឆាំង​​មួយ​នេះ​ កំ​ពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួប​គ្រោះ​ធំ​ ​ប្រៀបដូច​ « ពស់​ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន​» ដូច្នេះ អ្វី​ដែល​ជា​ការ​ពិត​នៅ​ពេល​នេះ គឺ​១០០​ភាគ​រយ គឺ​គ្មាន​អ្វី​ជា​អាថ៌កំ​បាំង​​ទៀត​ទេ ។ បក្ស​ប្រឆាំង​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិតថា  សព្វ​ថ្ងៃ​កំ​ពុង​រស់​នៅ​ដូចពស់ដាច់​ក្បាល ដាច់ដង​ខ្លួន​ និង​​កន្ទុយ​។ ក្នុង​បក្ស​គឺ​ដូចសត្វ​ឥត​មេបា មេបក្ស និង​តំ​ណាង​រាស្ត្រ​មួយ​ចំ​នួន​ នាំ​គ្នា​រត់ទៅ​ក្រៅ​ប្រទេស សកម្ម​ជន​​របស់​ខ្លួន​កំ​ពុង​ជាប់​ឃុំ ជួប​អាសន្នគ្មាន​អ្នក​ជួយ​សង្គ្រោះ​។ ក្នុង​បញ្ហា​ប្រឈម​បែប​នេះ មេបក្សខិត​ខំ​បង្វែរសភាព​ការ​ណ៍ ខំ​សំ​ដែង​ធ្វើ​ដូចជាគ្មាន​រឿង​អ្វី​កើត​ឡើង និង​ខិតខំ​រិះ​រក​វិធី​លុប​លាង​កំ​ហុស ដើម្បី​កសាង​គុណ​សម្បត្តិទាំងបំ​ភ័ន្ត​ភ្នែក​គេ​ ប្រើស្នៀតថ្មីៗ​ ប៉ុនប៉ង​ដាក់គំ​នាបលើ​លោក ហ៊ុន សែន ប៉ុន្តែ អំ​ពើ​បោកប្រាស់​បាន​អស់​លក្ខណ៍​ដោយសារ​ត្រូវ​បាន​លោក​ហ៊ុន សែន​ ដឹងច្បាស់​ និងមិន​អាច​អនុគ្រោះ​តទៅ​ទៀត​បាន ក៏​សង្កត់​កថែម​ ។ លោក ភិនយ៉ូ បានបញ្ជាក់​ថានៅ​ពេល​នេះ បក្សប្រឆាំងស្ទើរតែអស់​សន្លឹក​បៀរលេង​​ទៅ​ហើយ​ ហើយ​នឹង​អាច​ជួបគ្រោះ​ខ្លាំង​ជាង​នេះ​លើ​បញ្ហាជា​ច្រើន​ទៀត​ បើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ នៅតែ​បន្ត​ប៉ុនប៉ង​លេង​ល្បែង​អសីលធម៌ ក្នុង​ការដាក់គំ​នាប​លើ​បក្សម្ខាងទៀត ឬ​ក៏​ប្រើឧបាយកល​ភូត​កុហក ដើម្បី​​កេង​ចំ​ណេញ​ប្រជា​ប្រិយ៍ភាព​ដ៏​ជ្រុល​ហួសហេតុនោះ។ ម៉្យាង​វិញ​ទៀត ​ម៉ោង​នេះ វប្បធម៌​និយាយគ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​បាន​លោក ភិន​យ៉ូ អះ​អាងថា ផ្លូវ​នោះកំ​ពុង​ជួប​ឧបសគ្គ ហើយល្បែង​មិន​ស្មោះ​ត្រង់​នឹង​គ្នានេះ បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​ការ​លាក់​កំ​បិត​ពី​ក្រោយ​ខ្នង​របស់​មេបក្ស​សង្គ្រោះ​ជាតិ​។ សម្តី​របស់​ សម រង្ស៊ី និង​លោក​ កឹម សុខា នៅ​ពេល​នេះសាប​ដូចទឹកត្រពាំង​ ស្អុយ​ដូចគំ​រុង ​ នឹង​មិន​មាន​តម្លៃអ្វីចំពោះ​លោក ហ៊ុន សែន ដូចពី​មុន​ទៀត​ឡើយ ។​
លោក ភិនយ៉ូ បាន​និយាយថា បក្សប្រឆាំងមិន​ត្រូវយក​ភាព​ទុច្ចរិត​របស់​ខ្លួន​ ទៅ​បោកប្រាស់​ដៃគូម្ខាង​ទៀត ដែល​គេកំ​ពុង​មាន​ប្រៀប​នោះ​ទេ ហើយ​បានសង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​ មិន​មែន​ជា​អ្នក​ទេស​ចរណ៍​ឡើយ ហើយ​ក៏​ពុំ​គប្បីកាឡៃ​ប្រវត្តិសាស្ត្រ គុំគួន ញុះ​ញង់​អុចអាល បង្ក​ជម្លោះ ដើម្បី​កេង​ចំ​ណេញ​​នយោ​បាយ​​ប្រជា​ភិថុត​របស់​បក្ខពួក​ និង​ក្រុម​ខ្លួន​ ​នោះ​ដែរ។​
សូម​រំ​លឹក​ថា លោក ភិនយ៉ូ ភុងចារ៉ឺន ​បច្ចុប្បន្ន​ គឺ​ជា​នាយក​សមាគមហោរាសាស្ត្រ​អន្តរជាតិ​ នៃ​រាជាណា​ចក្រថៃ ។ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ លោកក៏​ធ្លាប់​បាន​ទស្សន៍​អំពី​ជោគ​វាសនារបស់​គណបក្ស​ប្រឆាំង​ម្តង​មកហើយ ដោយ​និយាយថា នៅ​ដើមឆ្នាំ​២០១៥ ឬ​យ៉ាង​យូរ​បំ​ផុត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ ប្រៀប​ដូច ពស់​ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន​ ហើយ​ថានឹង​កើត​មាន​​វិបត្តិបែក​បាក់​​ផ្ទៃក្នុង​ អាប់​អួរ ច្របូក​ច្របល់ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​៕

ប្រែសម្រួល​ចេញ​ពី​ សារព័ត៌មានភាសាថៃ​ ម៉ៈទិឆុន  ​

Monday, September 7, 2015

កម្ពុជា​មាន​សុទិដ្ឋិនិយ​មថា​ នឹងធ្វើ​ការ​អភិរក្ស ​ និងអភិវ​ឌ្ឍន៍​ប្រាសាទ​ព្រះ​វិហារដោយ​​ជោគជ័យ ​

ឯកឧត្តមបណ្ឌិ​តសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មការជាតិយូ​ណេស្កូកម្ពុជា បានមានប្រ​សាសន៍នៅ​ក្នុងកិច្ចសម្ភាសន៍ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុងសម័យ​ប្រជុំបច្ចេកទេ​សលើកទី១ ICC ព្រះវិហា​រ ប្រារព្ធធ្វើនៅ​ខេត្ត សៀមរាប ថា «កាលពី២០ឆ្នាំមុ​ន នៅទីនេះ ​(សៀម​រាប) គឺដូចជានៅព្រះវិ​ហារឥឡូវចឹង ​ដូច្នេះហើយ​យើងប្រជុំ ICCព្រះវិហារ​នេះ គឺយើង​មានសុទិដ្ឋិនិ​យមថា យើងនឹង​ធ្វើការអភិរក្ស​ជួសជុ​លប្រា​សាទដោ​យជោគជ័​យ ហើយ​យើងនឹងធ្វើ​ការអភិវឌ្ឍន៍តំបន់​នេះ (ព្រះវិហា​រ) ឲ្យបានជោគជ័​យដូចដែ​លយើងបា​នធ្វើជាមួ​យសៀម​រាបកាលពី២០ឆ្នាំមុនចឹងដែរ»។
គួរបញ្ជា​ក់ថា នៅថ្ងៃទី ០៦ ខែកញ្ញា ២០១៥ គណៈ​កម្មាធិកា​រសម្របស​ម្រួលអន្តរជាតិ សម្រាប់​ការអភិរក្ស និងការលើ​កតម្លៃប្រាសាទ​ព្រះវិហារ បានរៀបចំ​សម័យប្រជុំបច្ចេកទេ​សលើកទី១ ដែលដឹកនាំដោយតំ​ណាងប្រ​ទេសចិន និងប្រ​ទេសឥ​ណ្ឌា ដែលសម័យប្រជុំនេះ ត្រូវបាន ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន បញ្ជាក់ថា បានបង្ហាញពីអត្ថន័យថា ចាត់តាំងពី​សម័យប្រជុំបើ​ក ICC ព្រះវិហា​រ នៅខែធ្នូ ឆ្នាំ២០​១៤មក ខាងជំនា​ញការបច្ចេកទេ​សវប្បធម៌ បានធ្វើការ​សិក្សាជាលក្ខ​ណៈ​បច្ចេកទេ​ស អំពីប្រា​សាទព្រះវិ​ហារ ដូចជា ធ្វើការប្រៀបធៀប​ឬសប្រាសាទព្រះ​វិហារ និងឬ​សប្រាសា​ទអង្គរ, ស្វែងយ​ល់អំពីប​ញ្ហាបច្ចេ​កទេស ដែលជាមូល​ដ្ឋាននៃការ​អភិរក្សជួសជុលប្រា​សាទ។ ដូច្នេះការប្រ​ជុំលើកនេះ​គឺជាសម័យប្រជុំបច្ចេ​កទេស មានន័យថាជា​សម័យប្រជុំ ស្វែងយល់​ពីបច្ចេកទេសសំរាប់អភិ​រក្ស និងសំ​រាប់​អភិវឌ្ឍន៍ប្រ​កបដោ​យចីរភាព។
គួររំលឹ​កថា កាលពី​ចុងឆ្នាំ២០​១៤កន្លងទៅ​ កម្ពុជា​បានរៀបចំសម័យប្រជុំបើក ICC ព្រះវិហារ ហើ​យពេលនោះ​គឺជាសម័​យប្រជុំមួយ​ដ៏ជោគជ័យ ​ដែលគេហៅថា ជាការប្រជុំក្នុង​ដំណើរការកសាងស​ន្តិភាពក្នុងតំបន់ និងជា​ការផ្លាស់ប្តូរសហប្រ​តិបត្តិការក្នុងវិស័យវប្បធម៌ រួមទាំងបង្ហាញឲ្យ​ឃើញថា ដំណើរ​ការរៀបចំ ICC ព្រះវិហារ ដំណើរការទៅ​ដោយរលូន ហើ​យសមស្របទៅតាមគោ​លដៅ នៃកិច្ច​សហប្រតិប​ត្តិការខាងវប្បធម៌បេតិកភណ្ឌ។
ក្នុងនាមជាប្រធា​នគណៈកម្មកា​រជាតិយូណេ​ស្កូកម្ពុជា ឯកឧត្តម​បណ្ឌិតស​ភាចារ្យ សុខ អាន បានលើកឡើ​ងថា«បើនិយាយអំ​ពីសមាសភាពនៃ​ការចូលរួមប្រ​ជុំលើកនេះ យើ​ងឃើញថា ផ្នែកស​ហប្រធានគឺឯកឧត្តម Hao Ping គឺជាប្រ​ធាន General Conference ​របស់យូណេស្កូផង​ ហើយឯក​ឧត្តម បានឆ្លៀតអញ្ជើ​ញមកជាតំណាង​សាធារណរដ្ឋ​ប្រជាមានិតចិនផង ជាតំណាងយូ​ណេស្កូផង។ ក្រៅ​ពីនេះក៏មាន​ឯកឧត្តមស​ហប្រធានទាំងពីរ ​គឺឯកឧត្តមតំណា​ងអគ្គនាយកនៃ​ ASI ឯ​កឧត្តមជា​អគ្គលេ​ខានៃគណៈ​កម្មការយូ​ណេស្កូ-ចិន នៅក្នុ​ងនាមជាសហប្រធាន, ឯកឧត្ត​មឯកអគ្គរាជទូត​ថៃ ឯកឧត្តមតំណា​ងស្ថានទូ​តសហរដ្ឋ​អាមេរិក និង ឯកអគ្គរដ្ឋ​ទូតមួយចំនួនទៀត»។​ ការផ្តល់​កិត្តិយសអញ្ជើ​ញចូលរួមនេះ​ ជាចំណុ​ចល្អមួយ ដែលផ្តល់ការ​លើកទឹកចិត្ត ក្នុងកិច្ចដំណើ​រការនៃប្រា​សាទព្រះវិហារនេះ។ ជាក់ស្តែ​ងនៅក្នុងសម័យប្រជុំទាំ​ងមូល គឺសមាស​ភាពចូលរួមត្រូ​វបានក​ត់សំគាល់ថា មានការជជែកគ្នា​យ៉ាងសកម្មក្នុងដំណើរ​ការការងារនេះ ដែលធ្វើកម្ពុជា​មានសុ​ទិដ្ឋិនិយមថា យើងនឹងអា​ចជោគជ័​យក្នុងដំណើរកា​រអភិរក្ស ជួសជុល​ប្រាសាទ និងអ​ភិវឌ្ឍតំបន់នេះ​ផងដែរ៕

ICCព្រៈវិហារបើកកិច្ចប្រជុំបច្ចេកទេសលើកទី១ ដើម្បីកិច្ចគាំពារអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ

ICC​ព្រៈវិហារ​បើក​កិច្ច​ប្រជុំ​បច្ចេកទេស​លើកទី១ ​ដើម្បីកិច្ច​គាំពារ​អភិរក្ស​ និងការ​លើកតម្លៃ​ប្រាសាទ​ព្រះវិហារ​

គណៈ​កម្មធិការ​សម្រប​សម្រួល​អន្ដរជាតិ​ ដើម្បី​កិច្ច​គាំពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រៈវិហារ​  ដែល​ហៅ​កាត់ថា​ ( ICC)​ព្រៈវិហារ​ បាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​បច្ចេកទេស​លើកទី១​ របស់​ខ្លួន​ បន្ទាប់​ពីគណៈ​កម្មាធិ​ការ​សម្រប​សម្រួល​អន្ដរជាតិ​មួយនេះ​ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤​កន្លង​មក​។

កិច្ចប្រជុំ​បច្ចេកទេស​លើកទី​ ១​ ដែល​ដឹកនាំ​ដោយ​សហ​ប្រធាន​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា ​ បាន​បា្ររព្ធ​ធ្វើ​ឡើង​ នៅ​សាល​សន្និសីទ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​រយៈពេល​មួយថ្ងៃ​ក្រោម​វត្តមាន​ ឯក​ឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ ​អាន​ ឧបនា​យក​រដ្ឋមន្រ្ដី ​និង​ជាប្រធាន​យូណេ​ស្កូកម្ពុជា​ និង​ឯក​ឧត្តម​ ហាវ​ ពីង​ ប្រធាន​នៃមហា​សន្និបាត​អង្គការ​យូណេស្កូ ​។

តាម​របាយការណ៍​របស់​ឯកឧត្តម​ គឹម ​សេ​តារា​ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​អោយ​ដឹងថា ​ក្រោយ​ពីបាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ និងក្រោយ​ពីការ​បង្កើត​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ដែល​ហៅកាត់​ថា ​(ICC) ​កាល​ពីខែ​កក្កដា ​ឆ្នាំ២០០៨​ សម្រាប់​ការងារ​គ្រប់​គ្រង​ និង​អភិរក្ស​របស់​អាជ្ញា​ធរ​ ក្នុង​តំបន់​ព្រះ​វិហារ​ លើ​ផ្ទៃ​ដី​ប្រមាណ​៤ម៉ឺន​ ៨ពាន់​១៨ ​ហិកតា ​ក្នុងនោះ​បែង​ចែក​ជា៤​តំបន់​ រួម​មាន​ តំបន់​ប្រាសាទ​ តំបន់​អភិរក្ស ​តំបន់​អភិវឌ្ឍន៏​ ប្រកប​ដោយ​ចិរភាព​និង​តំបន់​សហគមន៏​អភិវឌ្ឍន៏​។ ដូច្នេះ​ការងារ​របស់​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​ សហការ​ជាមួយ​គណៈ​កម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ ​(ICC) និង​អង្កការ​ យូ​ណេ​ស្កូ ​បាន​ដំណើរ​ការប្រកប​ដោយ​តម្លាភាព​និង​គតិយុត្ត​ដើម្បី​ធ្វើ​យ៉ាង​ណា​អោយមាន​ការ​អភិរក្ស​និង​អភិវឌ្ឍន៏​នៃ​តំបន់​ទាំង​មូល​។ អ្វី​ដែល​ជាសមិទ្ធ​ផល​ដែល​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​អនុវត្តន៏​កន្លង​មក​ ដោយ​បាន​ធ្វើការ​ជួសជុល​កាំជណ្ដើរ​ផ្នែក​ខាង​កើត​នៃ​ប្រាសាទ​ដើម្បី​សម្រួល​ដល់​ធ្វើ​ដំណើរ​ឡើង​ទៅកាន់​ប្រាសាទ​ ការ​កសាង​រាល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​ក្នុង​តំបន់​ ក៏ដូច​ជានៅ​តាម​បណ្ដា​សហគមន៏​មួយ​ចំនួន​ដោយមាន​ជួយគាំ​ទ្រពី​រាជ​រដ្ឋា​ភិបាល​ដែល ​មាន​សម្ដេច​អគ្គមហា​សេនា​បតីតេ​ជោហ៊ុន​ សែន​ ជាប្រមុខ​ដឹកនាំ​ព្រមទាំង​មាន​ការ​សហការ​ជាមួយ​បណ្ដា​អង្គការ​ដៃ​គូរ​អភិវឌ្ឍន៏​នានា​ទន្ទឹម​នេះ​ដែលក៏​មាន​ការ​ជួសជុល តំបន់​បារាយរណ៍​ចំនួន​២កន្លែង​ គឺ​បារាយរណ៍​ខាង​លិច ​និង​បារាយរណ៍​ខាង​កើត​ និង​ហេដ្ឋារ​ ចនា​សម្ព័ន្ធ​ជាច្រើន​ កន្លែង​ទៀត​ផង​។
ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ​សុខ ​អាន ​មាន​ប្រសាសន៏​ថា៖​ ការ​លេច​រូបរាង​នៃ​គណៈ​កម្មាធិការ​នេះឡើង​ដោយ​សារ​តែ​មាន​ការគាំ​ទ្រដ៏​មាន​ប្រសិទ្ធិ​ភាព​ ពី​ប្រទេស​ចិន​ និង​ប្រទេស​ឥណ្ឌា ​ និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​ដូច​ជា​ប្រទេស​បារាំង​ និង ​ប្រទេស​ជប៉ុន​។ សហ​ប្រធាន​ទាំង​ពីរ​រូប​ សុទ្ធ​តែបាន​បង្ហាញ​ពីការ​ប្តេជ្ញា​ចិត្ត ​ ក្នុងការ​បំពេញ​កាតព្វ​កិច្ច​ដើម្បី​បុព្វ​ហេតុ​ចូល​រួម​ ជួយ​លើ​ការ​ងារ​អភិវឌ្ឍន៏ ​និង​អភិរក្ស ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្បី​ល្បាញ​នេះ​ឲ្យ​បាន​ប្រសើ ​តាម​រយៈ​ការ​ខិត​ខំ​ជំនះ​នូវ​ឧបសគ្គ​ទាំងឡាយ​ ក៏​ដូច​ជា​ការ​ខិត​ខំរិះ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ ក្នុង​ការ​រួមគ្នា​គៀង​គរ​ប្រភព​ថវិកា​ និង​បច្ចេក​ទេស​ ដើម្បី​រៀបចំ​ផែនការ​គ្រប់​គ្រង​ថែ​រក្សា​ការ​ពារ​ឲ្យ​មាន​និរន្តរ​ភាព​។

សូម​បញ្ជាក់​ថា ​កិច្ច​ប្រជុំ​បច្ចេកទេស​លើកទី​២​របស់​គណៈកម្មា​ធិការ​សម្រប​សម្រួល​អន្ដរជាតិ​ដើម្បី​កិច្ចគាំ​ពារ​អភិរក្ស​ និង​ការ​លើក​តម្លៃ​ប្រាសាទ​ព្រៈវិហារ​ ICC ព្រៈវិហារ​ និង​ប្រព្រឹត្ត​ទៅ​ម្ដង​ទៀត នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៦​ និងកិច្ច​ប្រជុំ​គណៈ ​កម្មាការ​សម្រប​សម្រួល​អន្តរជាតិ​ដើម្បី​អភិរក្ស​និងអភិវឌ្ឍន៏ ​ICC ​ព្រះវិហារ​ តំបន់​ប្រាសាទ​ព្រះវិហារ​ និង​បើកកិច្ច​ប្រជុំ​ពេញអង្គ​របស់​ខ្លួន​ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៦​៕


កិច្ចសម្ភាសន៍ ឯកឧត្តម សួស យ៉ារ៉ា ស្តីពី​ផល​ប៉ះពាល់ ការគ្រប់គ្រង ការអភិរក្ស​ប្រាង្គប្រាសាទ និងការអភិវឌ្ឍន៍ក្នុងតំបន់ ពិសេសគឺការអភិវឌ្ឍន៍ នៅភូមិធម្មជាតិសម្តេចតេជោ ខេត្តព្រះវិហារ នាសម័យប្រជុំបច្ចេកទេសលើកទី១ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC Preah Vihear)

Friday, September 4, 2015

ចំណូលដែល​​​​​​បានមក​ពីការលក់​ប័​ណ្ណចូល​ទស្សនា​រ​មណីយដ្ឋា​​នអង្គរ ៨ខែដើម​​ឆ្នាំ២០១​៥កើន​ឡើង ០.០៣%

យោ​ងតាមសេចក្តី​ប្រកាសព័ត៌មា​នរបស់​អាជ្ញាធរជាតិ​អប្សរា នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានឲ្យដឹ​ងថា  ដើម្បីឆ្លើ​យតប​សំណូមព​ររបស់សាធារ​ណជន​ទូទៅ ដែល​មានចំណាប់​អារម្មណ៍ ចង់ស្វែ​ងយល់ពីស្ថា​នភាពចំ​ណូល ដែល​បានពីកា​រលក់ប័ណ្ណ​ចូលទស្សនារមណីយដ្ឋាន​អង្គរប្រចាំខែ​សីហា និង ៨ខែដើម​ឆ្នាំ២០១៥ អា​ជ្ញាធរជាតិ​អប្សរា សូមបង្ហាញទិន្នន័​យដូច​ខាងក្រោម៖

ក.ស្ថិតិភ្ញៀវ​ទេសចរប​រទេសចូល​ទស្សនារមណីយ​ដ្ឋានអង្គរប្រចាំ​ខែសីហា ឆ្នាំ២០១៥, ភ្ញៀវទេសចរទិ​ញប័ណ្ណ មានចំនួន ១៦៥,៧២១នាក់ ប្រៀបធៀបនឹ​ងខែសីហា ឆ្នាំ២​០១៤ កើន ១.២៦%, ចំណូលគិតជា​សាច់ប្រាក់សរុបចំ​នួន ៤,៧៦៤,៧២០​ដុល្លារ ប្រៀបធៀប​នឹងខែសីហា ឆ្នាំ២០១៤ កើនឡើង ០.៩៩%។

ខ. ស្ថិតិភ្ញៀវទេស​ចរបរទេសចូល​ទស្សនារមណី​យដ្ឋានអង្គរ សម្រាប់​៨ខែដើមឆ្នាំ​២០១៥, ភ្ញៀវទេសចរ​ទិញប័ណ្ណមា​នចំនួន ១,៤០៤,១០៧នាក់ ប្រៀបធៀប​នឹង៨ខែ​ដើមឆ្នាំ២០១៥ កើនឡើង ១.៩២%, ចំណូលជា​សាច់ប្រាក់​សរុបចំនួន​ ៣៩,៨២៣,៩២០ដុល្លា​រ ប្រៀបធៀ​បនឹង៨ខែដើ​មឆ្នាំ២០១៤ កើនឡើ​ង ០.០៣%៕

 អត្ថបទ៖ ច័ន្ទ ទេវី



ពិធី​ទទួល និងផ្ទៀងផ្ទាត់​ផែន​ទី​ ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ​បារាំង​ ជាមួយ​ផែនទី​ផ្លូវការ និងស្រប​ច្បាប់​របស់រាជរដ្ឋភិបាលកម្ពុជា រាជធានីភ្នំពេញ​, ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥

សន្និសីទសារព័ត៌មាន បណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ​ នៃរាជបណ្ឌិតសភាកម្ពុជា បន្ទាប់ពីផ្ទៀងផ្ទាត់ផែនទីបារាំង ជាមួយផែនទីផ្លូវការ របស់រាជរដ្ឋាភិបាលកម្ពុ­ជា ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥;

​បណ្ឌិត ​សុខ ទូច៖ ការ​ផ្ទៀង​​ផ្ទាត់​ផែន​ទីដែល​ផ្តល់ដោយ​បារាំង ជា​សក្ខី​ភាព​​ប្រវត្តិ​សា​ស្រ្ត ហើយ​ជំរុញ​​ឱ្យ​អ្នកនយោ​​បាយ​ឈប់​​ខ្វែង​គំនិតគ្នា​រឿង​ផែន​ទី

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា បាន​ប្រកាស​ថា លទ្ធផល​នៃ​ការ​ផ្ទៀត​ផ្ទាត់​រវាង​ផែន​ទី បោន​២៦​ផ្ទាំង មក​ពី​ប្រទេស​បារាំង និង​ផែន​ទីរាជ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់សព្វ​ថ្ងៃ ឃើញ​ថា​ដូច​គ្នាទាំង​ស្រុង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ គឺ​ជា​សក្ខី​ភាព​ជា​ប្រវ​ត្តិសាស្រ្ត សម្រា​ប់ប្រទេស​កម្ពុជា ហើយ​ជំរុញ​ឱ្យអ្នក​នយោ​បាយ បញ្ឈប់​ការ​ខ្វែង​គំនិតគ្នា​រឿង​ផែនទី​តទៅ​ទៀត នេះ​បើតាម​សេចក្តី​ថ្លែងការណ៍ របស់លោក​បណ្ឌិត ដែលចេញផ្សាយនៅ​រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៥ តប​តាម​ការអញ្ជើញ​របស់​គណៈ​កម្មការ​ ចំពោះ​កិច្ច​សម្រប​សម្រួល​ការងា​រប្រគល់ ទទួល និងផ្ទៀង​ផ្ទាត់​ផែន​ទី ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​ដឹក​នាំដោយ​លោកបណ្ឌិត​ សុខ ទូច និង​សហការី​ចំនួន ៣រូប បាន​ចូល​រួម និង​តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់ ចំពោះ​ដំណើរ​ការផ្ទៀង​ផ្ទាត់​ផែនទី​ ដែល​ផ្តល់​ដោយរដ្ឋា​ភិបាល​នៃសាធារ​ណរដ្ឋ​បារាំង ដែល​ជា​ផែន​ទីផលិត​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូចិន ​(Service Geographique de l’Indochine) និង​តម្តល់​ទុក​នៅវិទ្យា​ស្ថាន​ជាតិ​ភូមិ​សាស្រ្ត ​(IGN) នៃ​ប្រទេស​បារាំង តាមរយៈ​ស្ថាន​ទូត​បារាំង​នៅរាជ​ធានី​ភ្នំពេញ ជា​មួយ​និង​ផែនទី​ផ្លូវ​ការ​និងស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​កំពុងប្រើប្រាស់ ​ក្នុង​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម។
ក្រុមស្រាវ​ជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា សូម​ធ្វើការ​កត់​សម្គាល់​ដូចត​ទៅ៖ ១. ការផ្ទៀង​ផ្ទាត់​ផែនទីដែលបាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ជាសក្ខី​ភាព​ដ៏សំខាន់​បំផុត​ជាប្រវត្តិសាស្រ្ត ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ពី​ព្រោះប្រទេស​បារាំង គឺ​ជាប្រទេស​អាណានិគម​នៃប្រទេស​ទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ២. ប្រទេស​បារាំង​ក្នុង​ឋានៈជាប្រទេស​អាណា​និគម គឺ​ជាអ្នក​វាស់វែង និង​កំណត់​ព្រំដែន​ប្រទេសកម្ពុជា​ជាមួយ​ប្រទេសជិ​តខាង ដែល​ក្នុង​នោះ ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ កំណត់ដោយ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ដោយ​ឡែក​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ និងប្រទេស​វៀតណាម គឺបារាំង​វាស់វែង និង​គូស​ផែនទី​ព្រំដែន​ប្រទេសដោយ​មិន​បានសាក​សួរប្រទេសសាមី​នោះទេ ប៉ុន្តែ​ប្រទេសទាំង​បីចាំ​បាច់ត្រូ​វទទួល​យក។ ៣. ការ​យក​ផែនទីពី​ប្រភព​ផ្សេងៗមកផ្ទៀ​ងផ្ទាត់ជាមួយ​ផែនទី​ផ្លូវការ និ​ងស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​ប្រើប្រាស់ ​ក្នុង​ការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែនប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀត​ណាម ក៏មាន​សារៈ​សំខាន់ ប៉ុន្តែ​ផែនទី​ដែល​ផ្តល់​ដោយ​រដ្ឋា​ភិបាល​នៃសាធារ​ណរដ្ឋ​បារាំង គឺមាន​អត្ថ​ន័យជាសារ​វន្តជាង​ផែនទី​នានា ​ដែល​យើង​យក​មកផ្ទៀង​ផ្ទាត់​កន្លង​មក ពីព្រោះផែន​ទី​នេះ ជា​ផែន​ទីដើម ដែល​ត្រឹមត្រូ​វទាំង​ទិដ្ឋភាព​បច្ចេក​ទេស និ​ងទិដ្ឋ​ភាពមរតក​ប្រវត្តិ​សាស្រ្ត ពីព្រោះ​បារាំង​ជាអតីត​ប្រទេស​អាណា​និគមនៃប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម។ ៤. យើង​ខ្ញុំ​សូមសំណូម​ពរ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​គ្រប់​និន្នា​ការ​នយោ​បាយ ឈប់​ខ្វែង​គំនិត​គ្នាលើ​បញ្ហា​ផែន​ទីត​ទៅ​ទៀត ត្រូវ​តែមាន​ឯក​ភាព​ជាតិ ពី​ព្រោះ​ផែន​ទីដែល​ផ្តល់​ដោយ​រដ្ឋា​ភិបាល​នៃ​សាធារ​ណរដ្ឋ​បារាំង គឺ​មាន​លក្ខណៈច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ​លើគ្រប់​ទិដ្ឋភាព និង​ដូច​គ្នាទាំ​ងស្រុង​ទៅ និង​ផែន​ទីផ្លូ​វការ និង​ស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​ប្រើប្រាស់​ សម្រាប់​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​៕