Thursday, November 5, 2015

សម្តេចតេជោ ហ៊ុន​ សែន បញ្ជាក់​ថា បើមេបក្សប្រ​ឆាំងចង់បន្ត​គាំទ្រវប្ប​ធម៌សន្ទនា ត្រូវតែអ​ប់រំផ្ទៃក្នុង និងអ្នកក្រោ​មបង្គាប់របស់​ខ្លួនជាមុន​សិន​

សម្តេចតេជោ ​ហ៊ុន សែន បានថ្លែងដូច្នេះ នៅ​ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥​នេះ ក្នុងឱកាស​អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីបើកសម្ពោធ «គម្រោ​ងការពារ​ទឹក​ជំនន់ និងកែ​លំអប្រព័ន្ធ​ប្រឡាយ​លូ» ក្នុងរាជ​ធានី​ភ្នំពេញ។
សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃក​ម្ពុជា បានបញ្ជា​ក់ជាថ្មីថា កន្លងមកបក្សប្រ​ឆាំងតែងតែបង្ក​នូវរឿងរ៉ាវជាច្រើនជាពិសេ​សចាប់តាំងពីការ​បោះឆ្នោតឆ្នាំ២០១៣រួចមក។ សម្តេចក៏បានបន្ថេ​មទៀតថា សម្តេចបាន យោគយល់អ​ធ្យាស្រ័យ​ជាច្រើ​នលើកច្រើនសា​ររួចមកហើយ ប៉ុន្តែចាប់តាំងពីពេ​លនេះទៅ សម្តេចមិនអា​ចយោគយល់បានទៀតឡើ​យចំពោះការចោ​ទប្រកាន់បែប​មិនទទួលខុសត្រូ​វប្រាសចា​កពីការ ពិត។
ដោយឡែកពាក់​ព័ន្ធបញ្ហាគណបក្សប្រ​ឆាំងថាចង់បន្តគាំ​ទ្រវប្បធម៌សន្ទនា ជាពិសេសគឺកិ​ច្ចព្រមព្រៀងនយោបាយរវាងគ​ណបក្សទាំងពីរ គឺគណ​បក្សប្រជាជនកម្ពុជា និងគណ​បក្សសង្រ្គោះជាតិ សម្តេចតេជោ ក៏មិនបានប​ដិសេធដែរ ដោយសម្តេចបា​នមានប្រសាសន៍ថា សម្តេចបានប្រើ​ប្រាស់វប្បធម៌សន្ទនានេះ​ជា យូរមកហើយក្នុងការច​រចារបញ្ចប់សង្រ្គាមស៊ីវិល និងដោះស្រាយបញ្ហា​ជាតិធំៗ មិនមែនទើប​តែមាន​ជាមួយ​គណប​ក្សសង្រ្គោះជាតិនោះទេ។ សម្តេចក៏បាន​បន្ថែមទៀតថា បើបក្សប្រឆាំងចង់បន្តគាំ​ទ្រវប្បធម៌ សន្ទនា គឺមេ​បក្សត្រូវអ​ប់រំផ្ទៃក្នុងបក្ស កុំឱ្យជេរប្រមាថគេ កុំឱ្យ​យកការជេរប្រទិ​ចធ្វើជាមុខរបរ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់កិត្តិយស និងសេ​ចក្តីថ្លៃថ្នូរ របស់សម្តេច ក៏ដូចជាប៉ះពា​ល់ដល់រាជរដ្ឋាភិ​បាលកម្ពុជា។



បទអត្ថាធិប្បាយ ដោយ៖ ពង្ស សុក្រឹត្យ ទិញមិនលក់ សំឡុតមិនខ្លាច

ក្រោយពីមាន​ឧបទ្ទេវហេតុ​ដោយចៃដន្យ ​ដែលមាន​ជនល្មើសមួយ​ក្រុម បង្ក​អំពើហិង្សាទៅ​លើតំណាងរាស្ត្រ​២រូបរបស់​ខ្លួនមក ​ទាំងមេដឹកនាំ ​និងកូនចៅនៃ​គណបក្សសង្គ្រោះ​ជាតិ ហាក់ដូចជា​បង្ហាញនូវ​ចរិតចុះញ៉ម​ ដូចឆ្មារលាក​ទឹកក្តៅ ​នាំគ្នារត់ចោល​ទីស្នាក់ការ​ទាំងអស់គ្នាតែម្តង។​ បើឲ្យតែមាន​ស្អីបន្តិចរត់ៗ ​បែបនេះ ​តើខំដើរតួជាអ្នក​នយោបាយខ្មោច​យក៍អី? តើអ្នកគាំ​ទ្រខ្លួននៅ​ក្នុងប្រទេស​សង្ឃឹមអ្វី? ​

មួយថ្ងៃៗ ​ឃើញតែចេញ​សេចក្តីថ្លែង​ការណ៍មិនស្វាង ​តែចំពោះការ​ខិតខំស្វះស្វែង​ជួយរកភស្តុតាង​ និងចង្អុល​បង្ហាញជនល្មើស ​និងការសហ​ការជាមួយ​សមត្ថកិច្ចក្នុង​នាមជាសាក្ស៊ីក៏យឺត​ និងពន្យាពេល​ដូចអូសឫស្សី​បញ្ច្រាសចុង។​ តែទីបំផុតចង់​ឲ្យសមត្ថកិច្ច​មានចំណាត់ការ​ឲ្យបានលឿន។​

នៅក្នុង​សេចក្តីថ្លែង​ការណ៍របស់​គណបក្ស​សង្គ្រោះជាតិ ​សុទ្ធតែបាន​លើកឡើងថា ​រយៈពេលជា​ច្រើនថ្ងៃមកនេះ ​ការស៊ើប​អង្កេតរបស់​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​មិនបាន​បង្ហាញពន្លឺ ​និងទំនុកចិត្ត​ ដល់មហា​ជនខ្មែរឡើយ ​ហើយថាការ​ដែលខ្វះទំនុក​ចិត្តនេះ ធ្វើ​ឱ្យតំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ ​ដ៏ទៃទៀត ​នៅតែព្រួយ​បារម្ភអំពីសុវត្ថិភាពក្នុ​ងការបំពេញតួនាទី​ជាអ្នកតំណាង​រាស្រ្តឱ្យបាន​ពេញលេញ។​

ចំណុចនេះ ​បង្ហាញយ៉ាង​ច្បាស់នូវភាព​ខ្សោយ និង​ភាពកំសាក​ របស់ក្រុម​តំណាងរាស្ត្រគណបក្ស​ប្រឆាំង ​យ៉ាងពិតប្រាកដ​ ដោយហេតុថា ​ពួកគេបានប្រើ​លេសនៃអំពើ​ហិង្សានេះ ថាជាកា​រគម្រាមកំហែង​ពីសុវត្ថិភាព​ និងបានបោះបង់​ចោលនូវតួនាទី​ និងភារកិច្ច​ ដែលប្រជាពលរដ្ឋ​ខំបោះឆ្នោត​ទុកចិត្ត ​ឲ្យធ្វើការតស៊ូ​មតិក្នុងរបបប្រជា​ធិបតេយ្យ ​សេរីពហុបក្ស ទៅវិញ។ ​រឿងនេះវាអាច​ជាហេតុផលនយោ​បាយមួយក្នុង​ការដាក់សម្ពាធ ​គាបសង្កត់​មកលើសមត្ថកិច្ច​ក្នុងការវែក​មុខជនប្រព្រឹត្តិ​អំពើហិង្សាតែ​ប៉ុណ្ណោះ។ ​នៅប្រទេសប្រជាធិប​តេយ្យផ្សេង​ៗទៀត ក៏ធ្លាប់​កើតមានអំពើ​ហិង្សាដល់តំណាងរាស្ត្រដូច​គ្នានេះដែ​រ រហូតដល់មានការវាយ​តប់គ្នានៅក្នុង​សាលប្រជុំថែម​ទៀត ដូចជានៅ​ប្រទេសជប៉ុន​ ហ្វីលីពីន ​ជាដើម។ ប៉ុន្តែ ​ក្រុមតំណាងរាស្ត្រ​ផ្សេងៗទៀត​របស់គេ​ គឺនៅតែបន្ត​កិច្ចការរបស់​គេជាបន្តទៀ​ត ដោយមិនបាន​យកបញ្ហានេះ​មកធ្វើជា​ចំណាប់ខ្មាំង​នយោបាយដូច​គណបក្សប្រឆាំង ​នៅកម្ពុជានោះទេ។​
ការលើក​បញ្ហាឡើង​របស់គណបក្ស​ប្រឆាំងនៅពេលនេះ ​គឺជាការព្រួយ​បារម្ភជ្រុល​ហួសហេតុរបៀប​កេងចំណេញ​នយោបាយ​តែប៉ុណ្ណោះ ​ពីព្រោះកន្លង​មកគណបក្សប្រ​ឆាំងមួយនេះតែង​ស្រែកក្តែងៗថា ​ទោះជាក្នុងកាលៈទេសៈ​ណាក៏ដោយ ​ក្រុមរបស់គេគឺ ​«ទិញមិនលក់ ​សំឡុតមិនខ្លាច»​ ឡើយ តើហេតុ​អ្វីបានជាពេលនេះ ​ខិតខំបំប៉ោង​សភាពការណ៍ របៀប​បំភ្លៃបែបនេះ​ទៅវិញ? ឬមួយ​ក៏ចង់ទទួល​បាននូវការអាណិត​ពីប្រជាពលរដ្ឋ​ ឬមួយឆ្លៀតកេង​ចំណេញនយោបាយ​ដ៏ពិសពុល​របស់ខ្លួន?​

ម្យ៉ាងទៀត ​ការមិនបាន​បំពេញតួនាទី​ជាអ្នកតំណាង​រាស្ត្រក្នុងការ​អនុម័តច្បាប់ ​ឲ្យបានពេញលេញ​នាពេលនេះ ​ដោយយក​លេសអំពើហិ​ង្សាកន្លង​មកនោះ ​វាជាការបោះបង់​នូវតួនាទី និងភារៈកិច្ចរ​បស់ខ្លួន ​ដែលប្រជាពលរដ្ឋ​បានប្រគល់ឲ្យ។ ​ដូច្នេះការ​សម្រេចចិត្ត​របស់ពួកគេ គឺប្រជាពលរដ្ឋ​ផ្ទាល់ជាអ្នក​វិនិច្ឆ័យក្នុង​ការជ្រើសរើស​ពួកគេមក​បម្រើតទៅទៀត​ឬយ៉ាងណា? ​បើគ្រប់ពេល​ដែលមានបញ្ហា ​គឺពួកគេតែង​តែបោះបង់ចោល​នូវសុខទុក្ខរបស់ប្រ​ជាពលរដ្ឋ​បែបនេះ។​

ជាការកត់​សម្គាល់កន្លង​មក រាល់​ការញុះញង់ ​ប្រមូលផ្តុំ​បាតុកម្ម ​និងអំពើហិង្សា​ដែលបង្កឡើង​ដោយគណបក្ស​សង្គ្រោះជាតិ ​ធ្វើឲ្យមានភាព​វឹកវរ កក​ស្ទះពេញទីក្រុង ​រហូតដល់​មានអ្នកស្លាប់​ និងរបួសនោះ ​គឺក្រុម​តំណាងរាស្ត្របក្ស​ប្រឆាំង ​មិនបានលើក​ឡើងពីការ​ព្រួយបារម្ភអំពី​សុវត្ថិភាពក្នុង​ការបំពេញតួនាទីជា​អ្នកតំណាង​រាស្រ្តឲ្យបានពេញ​លេញនោះទេ ​ចុះហេតុអ្វីពេលនេះ​បែរជាចេញ​ភាពកំសាក​បែបនេះ? ​ឬមួយអំពើហិង្សា​មុនៗ មិនបាន​ប៉ះចំលើសាច់ឯង​ គឺប៉ះចំតែ​លើប្រជាពលរដ្ឋ​ដែលខ្លួន​ញុះញង់ឲ្យ​មកចូលរួ​ម?

ក្នុងស្មារតី​គិតគូរសុខទុក្ខ​របស់ប្រជា​ពលរដ្ឋគ្រប់រូប​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល ​រាជរដ្ឋាភិបាលបាន​ថ្កោលទោស ​និងចេញបទ​បញ្ជាដោយប្រមុខ​រាជរដ្ឋាភិបាល​ ដើម្បីចាត់វិធាន​ការជាបន្ទាន់​ចំពោះជនល្មើស​រួចហើយ ​និងបានបង្កើត​គណកម្មការ​ស៊ើបអង្កេត ​ស្រាវជ្រាវ ដឹកនាំ​ដោយក្រសួង​មហាផ្ទៃ។ ​ដោយសារតែការ​ចាត់វិធានការក្តៅ​គគុក សកម្ម ​និងល្អិតដូចសំណាញ់​នោះ បានធ្វើឱ្យ​ជនល្មើសដែល​ជាជនដៃដល់​ចំនួនបីនាក់ ​បានចេញម​កសារភាពចំពោះមុខ​គណៈកម្មការ​ស្រាវជ្រាវ​ ស៊ើបអង្កេត​ករណីបង្ករបួស​ស្នាមលើអ្នក​តំណាងរាស្ត្ររួចហើយ ​កាលពីថ្ងៃទី០​៣ ខែវិច្ឆិកានេះ។​ ហើយនេះកំពុង​ដំណើរការតាម​នីតិវិធីរបស់​តុលាការ។ ​

ដោយឡែក ​សាក្ស៊ីនៅក្នុង​ហេតុការណ៍ផ្ទាល់ ​ដែលជាអ្នក​បើកបររថយន្ត​ឲ្យតំណាងរាស្ត្រ មិន​ទាន់ចូលខ្លួន​មកបំភ្លឺ​ និងមិនទាន់​បានទទួលពាក្យប​ណ្តឹងជាផ្លូវការ​ពីមេធាវីជនរ​ងគ្រោះនៅឡើយដែរ​។

ជារួម​ ក្នុងនាមជាអ្នក​តំណាងរាស្ត្រ ​ដែលប្រជាពល​រដ្ឋបានបោះឆ្នោតឲ្យ ​គឺត្រូវមានភារៈកិ​ច្ច និងតួនាទីរ​បស់ខ្លួនជាចាំ​បាច់ក្នុងការ​បម្រើប្រជាពលរដ្ឋ​ ទោះបីជាមាន​ឧបសគ្គចំពោះមុ​ខក៏ត្រូវតែហ៊ាន​លះបង់ ​ដែរ មិនមែន​គ្រាន់តែមាន​ព្រឹត្តិការណ៍បន្តិច​បន្តួចដូច​មេដឹកនាំ ​និងតំណាងរាស្ត្រ​គណបក្សស​ង្គ្រោះជាតិ ​យកលេសឡាំប៉ា ​មិនចូលធ្វើការ​ នាំគ្នារត់ចោលពលរដ្ឋ​បែបនេះទេ៕​

សម្តេចតេជោ៖ កុំធ្វើការវិភាគដោយប្រមាថ និងមិនទទួលខុសត្រូវ

ឆ្លើយតប ​និងការលើក​ឡើងផ្សេងៗ​ជុំវិញការ​ ផ្អាកពិធីបុណ្យ​អុំទូកឆ្នាំនេះ ​សម្តេចតេជោ ​ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី ​នៅថ្ងៃទី ​០៥ ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ ​បានមាន​ប្រសាសន៍ថា ​«ខ្ញុំបានចេញ ​សារាចរណែនាំ​ស្តីពីការផ្អាក​បុណ្យអុំទូក​ ព្រោះទឹកទន្លេវា​ក្រោម៥ម៉ែត្រទៅហើយ ​ថ្ងៃនេះដូចជា ​នៅ៤ម៉ែត្រ៣តឹក​ ចឹងទំរំាំដល់​បុណ្យអុំទូក​នៅសល់២០​ថ្ងៃទៀត។ ​ចឹងបើយើងគិត​ថាមួយថ្ងៃ ​ចុះត្រឹម៥ផឹង​ គឺដល់បុណ្យ​អុំទូក គឺអាច​ចុះ១ម៉ែត្រទៀត ​ចឹងពេលបុណ្យ​អុំទូក អុំលែង​កើត ហើយ។​ សម្តចតេជោបាន​បន្ថែមថា ​ឥឡូវអ្នកតំណាង​រាស្ត្រ សង្គម​ស៊ីវិលដែល​ធ្វើអត្ថាធិប្បាយ ​ចូលមកអុំទូក​ទៅខ្ញុំចេញលុយឲ្យ​ ខ្ញុំហ៊ានឲ្យខ្ចី​ទូកឪខ្ញុំទៀត ​តើអុំទៅវាត្រូ​វបច្ចេកទេសអត់?​ សូមគិតផង ​នេះជាការធ្វើ​អត្ថាធិប្បាយតាម​របៀបប្រមាថ ​មិនអាចទទួ​លយកបានជា​ដាច់ខាត»​។
នៅក្នុងពិធី​សម្ពោធ ​គម្រោងការពារ​ទឹកជំនន់ ​និងកែលំអប្រព័ន្ធ​ប្រឡាយលូ ​ជំហានទី៣ ​ក្នុងរាជធានីភ្នំពេញ ​ដែលជាជំនួយ​ឥតសំណង​របស់ជប៉ុន ​នៅទីតាំងសួន​ច្បារ មុខ​វត្តបទុមវត្តី ​សម្តេចតេជោ​ ហ៊ុន សែន​ បានបញ្ជាក់​ជូនសាធារណៈជន​ទាំងអស់ថា​ តាមការព្យាករណ៍​ថា ទៅដល់ថ្ងៃបុណ្យ​អុំទូនៅសល់​៤ម៉ែត្រប៉ុណ្ណោះ។​ សម្តេចបាន​បន្ថែមថា ​«នៅក្នុងកិច្ចប្រ​ជុំសភា​ កាលពីសប្តាហ៍មុន​ យើងក៏បាន​ពិភាក្សាផងដែរ​អំពីការ បន្ថយ​ចំណាយទីប្រណាំង ​ពី១៧០០ម៉ែត្រ ​មក១៥០០​ម៉ែត្រ ដោយសារ​បញ្ហាកំពស់​ទឹកពេលដែល​យើងកំពុង​ប្រជុំហ្នឹង ​នៅសល់ជាង​៥ម៉ែត្រ ចុះ​ទំរំាធ្លាក់ចុះជាងហ្នឹង​ទៀតតើវាអុំម៉េច​ទៀត? អុំវា​មិនកើត ជា​បច្ចេកទេស​ទៅវាមិនរួច»​។
សម្តេចតេជោ​ បានមាន​ប្រសាសន៍ថា​ «សូមអ្នកធ្វើ​អត្ថាធិប្បាយ​ចេញមក​ដើម្បីនិយាយគ្នា​ឲ្យច្បាស់ លោក​ឯងយកទូក​មកអុំទៅ ​ទឹកប៉ុណ្ណឹងឲ្យលោកឯង​អុំទៅ ខ្ញុំជួយ​ចេញលុយឲ្យជាពិសេស ​អ្នកវិភាគ។ ​ពិសេសជាអ្នក​នយោបាយខ្លះ​ រហូតថារាជរដ្ឋា​ភិបាលមិន​ហានព្រោះ​ ខ្លាចគណបក្ស ​សង្គ្រោះជាតិ​ធ្វើបាតុកម្ម ​សូមអញ្ជើញ​ចេញមកធ្វើបាតុ​កម្មចុះ»។​ សម្តេចបន្ថែមថា ​«ឥឡូវថ្នាក់ ​ដល់រាជរដ្ឋាភិបាល​ខ្លាចប្រជាជន​ហើយ? ការពិត​ខ្ញុំចង់ឲ្យប្រជាជន​មកលេងក្រុង ភ្នំ​ពេញណាស់​ ទោះបីមិន​មានបុណ្យ​អុំទូកមែន ​ក៏ប៉ុន្តែគឺមាន​ពិធីដ៏ទៃទៀត ​ដូចការរៀបចំ​ប្រគុំតន្ត្រី និងស្តង់ ពិ​ពរណ៍ទំនិញជា​ដើម»។ សម្តេច​បានលើកឡើងថា​ ទូកដែល​ល្បីហើយលឿនៗ​ គឺទូកមក​ពីកំពង់ធំ​ ប៉ុន្តែទម្លាក់​មកតាមណា​ អាចធ្វើឲ្យ​ទូកខូច អុំឆ្នាំ​ក្រោយមិនកើត​ទៀត ហើយ​អត់ចំណុះទូកទៀត​ ព្រោះបញ្ហា​ឥឡូវនេះ ពួក​គាត់ត្រូវធ្វើ​ស្រែប្រដេញទឹក​ ព្រោះវាអត់ទឹ​កហើយការ​តើទម្លាក់ទូក​ មកតាមណារួច​ បើវាអត់ទឹកពី​ដើមទម្លាក់​មកតាម​ទន្លេសាប​ ទើបបានទាញ​ទូកយកមកអ៊ុំ​ឥឡូវទន្លេ​សាបអត់ទឹកចេញ​មិនរួចទេ។​ សម្តេចតេជោ ​មានប្រសាសន៍ថា ​«អ្នកនៅតាម​ទន្លេមេគង្គ ​បើអត់១ម៉ឺនដុ​ល្លារទេ ​គឺយកទូកនិងចិញ្ចឹម​ចំណុះទូកនៅ​ភ្នំពេញកើតទេ​ សូមអ្នកវិភាគយល់ឲ្យ ​ច្បាស់កុំព្រហើន​»។
សម្តេចបាន​សង្កត់ធ្ងន់ថា​ សម្តេចជា​អ្នកទទួលខុស​ត្រូវដឹកនាំប្រទេសនេះ​ ហើយអ្នក​ទាំងអស់នោះ មាន​សិទ្ធិប៉ុន្តែ​សូមអស់លោក​ មានភាពថ្លៃ​ថ្នូរគិតពិចារ​ណាឲ្យបានម៉ត់ចត់​ កុំអាងតែខ្លួនមាន​សិទ្ធិ សេរីភាព​ក្នុងការបញ្ចេញ​មតិដោយខ្វះ​ការទទួលខុស​ត្រូវ ខ្វះវិចារណញ្ញាណ។ ​សម្តេចបន្តថា ​«ខ្ញុំដឹងហើយ​ ល្បែងអស់លោក​គឺចឹង បើមិន​ធ្វើវិភាគចឹង​គេមិនឲ្យលុយទេ ​ព្រោះលោកឯង ​ស៊ីឈ្នួលវិភាគ ​ហើយវិភាគវ៉ៃ​រដ្ឋាភិបាលរហូត​ ប៉ុន្តែសូមអស់​លោកត្រូវចាំមួយ​ម៉ាត់ឲ្យច្បាស់ថា ​រាជរដ្ឋាភិបាលមាន​អ្នកគាំទ្រច្រើនជាង​បក្សប្រឆាំង​ទៅទៀត​»។ សម្តេចតេជោ​ បានបញ្ជាក់ថា ​«បើអ្នកឯងមានសិទ្ធិ​ធ្វើបាតុកម្ម ​គេក៏មានសិទ្ធិដូចអ្ន​កឯងដែរ​  អ្នកប្រឆាំងមាន​សិទ្ធិធ្វើបាតុកម្ម ​អ្នកគាំទ្រក៏មាន​សិទ្ធិធ្វើ​បាតុកម្មដែរ​ ខ្ញុំមិនលើកទឹក​ចិត្តឲ្យធ្វើ​បាតុកម្មទេ ​ហើយខ្ញុំកាន់តែ​ប្រឆាំង នឹងអំពើ​ហិង្សា តែអ្នកទាំង​ឡាយចូលចិត្ត​ណាស់ ប្រមាថ​នាយករដ្ឋមន្ត្រី ​ប្រមាថរាជរដ្ឋាភិបាល​ ថាប្រជាជនចូល​ក្រុងច្រើនពេក​ធ្វើបាតុកម្ម ​ឥឡូវចូលមក​ប៉ុន្មាននាក់?​ ខ្ញុំរៀបចំប្រគុំតន្ត្រី​ឲ្យច្រើន ឲ្យទស្សនា​សប្បាយ»​។ សម្តេចបាន​អញ្ជើញប្រជាពលរដ្ឋ​ឲ្យមកលេង​ទីក្រុងភ្នំពេញ​ ក្នុងរយៈ​ ពេលបុណ្យអុំ​ទូក ព្រោះគ្រាន់តែអត់​មានកម្មវិធី​អុំទូកប៉ុណ្ណោះ​ ឯកម្មវិធីកំសាន្ត​ផ្សេងទៀត​ នៅដដែល ​ហើយបើអ្នកណា​ចង់អុំ ហើយអុំកើត​មកអុំទៅគ្រាន់​តែក្រៅផ្លូវការប៉ុណ្ណោះ។​ សម្តេចតេជោ​ នឹងបង្វែរ​ ថវិកាដែល​សំរាប់ចំណាយពេល​បុណ្យអុំទូក ​ទៅទិញប្រេង​បូមទឹកដាក់ស្រែ​ សង្គ្រោះស្រូវ​ នៅខេត្តដែល​ ខ្វះទឹកធ្វើស្រែ ​តើរឿងហ្នឹង​អ្នកវិភាគគិត​យ៉ាងម៉េច?​ សម្តេចបានរំលឹកថា ​«នៅឆ្នាំមុន​គឺទឹកទន្លេទាប​ ដែរ៦ម៉ែត្រ​ជាង ចំណុះទូ​កអុំចង់ដាច់ខ្យល់។​ កំរិតទឹកល្អ​គួរ៧ម៉ែត្រ​ តែបើឡើងលើស ​ពី៨ម៉ែត្រកន្លះទៅ​១០ម៉ែត្រពិបាកទៀត​ ព្រោះខ្លាច​គ្រោះថ្នាក់ ​ព្រោះឆ្នាំមួយនោះ ​មានបរទេស​ មកអុំទូកស្លាប់​អស់ប៉ុន្មាន​នាក់ ព្រោះ​ទឹកហូរគួចខ្លាំង​ អាអត់ហូរ​ក៏ពិបាកអុំដែរ»​។  សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា​ ព្រោះការប្រមាថ​តាមការរយៈការ​ធ្វើអត្ថាធិប្បាយនេះ​ និងការវិភាគ​បែបនេះ​ គឺជាការព្រហើន​ដែលមិនអាចទទួល​យកបាន។​ សម្តេចតេជោ​បន្តថា​ ក្នុងនាមខ្ញុំជា​អ្នកចុះ ហត្ថ​លេខា រឿងនេះ​ សម្តេចបាន​ធ្វើការពិភាក្សា​ជាមួយប្រធាន​រដ្ឋសភា​ ពិគ្រោះជាមួយ​បណ្តាឧបនាយក​ រដ្ឋមន្ត្រី គឺ​ពិភាក្សាគ្នា​ម៉ត់ចត់ណាស់​ ហើយក៏ឆ្លៀ​តទូលសម្តេចម៉ែ​ ព្រះមហាក្សត្រ​ថាឆ្នាំនេះអុំទូក​ អត់កើតទេ​ ព្រោះទឹក​ទន្លេទាបពេក។​ សម្តេចរំលឹកថា​ ដូច្នេះកុំ​ឲ្យវិភាគថា​ រឿងអីក៏​ដោយគឺមាន​ នយោបាយនៅ​ពីក្រោយរហូត និងកុំឲ្យ​កំដៅ នយោបាយ​កាន់តែខ្លាំងដោយ​សារអស់លោក៕

Wednesday, November 4, 2015

សម្តេច​តេជោអនុញ្ញា​តិអោយប្រ​ធានរដ្ឋសភាហុ​ងគ្រីនិងទូត​គុយបា​ចប់អាណត្ត​ ចូលជួបសំ​ដែងការ​គួរសម និង​ពិភាក្សាកា​រងារ

ព្រឹកថ្ងៃទី ៤ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច អគ្គមហាសេ​នាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតអោយឯកឧត្តម ឡូស្លូកូវែរ (Laszlo KOVER)  ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយក​រដ្ឋមន្ត្រីបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មាន ក្រោយជំនួបថា​ ឯកឧត្តម  ប្រធានរដ្ឋស​ភានៃប្រទេស​ហុងគ្រីធ្វើដំណើរ​ទស្សនកិច្ចនៅប្រទេស កម្ពុជាជាលើកទី១។ ​តាមរយៈនេះលោកបានសំដែង​នូវការអប់អរសាទរចំពោះ​ការរីកចម្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ច​របស់លោកលើកនេះ ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែសកម្មថែម​ទៀតដោយឈរលើមូលដ្ឋានទំនាក់ទំនង​រវាងដែលមានស្រាប់។

ឯកឧត្តម ឡូស្លូ កូវែរ បា​នជំរាបជូន​សម្តេចតេជោថា ហុងគ្រីក៍មានទិ​សដៅជំរុញកិច្ច សហប្រតិការលើវិស័យ​ពិណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងប្រទេសទំាងពីរផងដែរ។
បើតាម ឯកឧ​ត្តម ប្រធានសភាហុងគ្រី នៅចុង​ឆ្នាំនេះនឹងមានដំណើ​រទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុ​ជាដើម្បី ពង្រឹងទំនាក់ទំនង និងចុះ​នូវកិច្ចព្រមព្រៀ​ងនានាពាក់ព័ន្ធ         វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំងសម្ពោធបើកការិយាល័យ​ពាណិជ្ជ​កម្មហុងគ្រីជាផ្លូវការនៅរាជធា​នីភ្នំពេញ ដើម្បីសម្រួលដល់​ការធ្វើ​ពាណិជ្ជ​កម្មរវាងហុងគ្រី និងកម្ពុជា។
ជាការឆ្លើយ​តបសម្តេចតេជោ នាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណ​ចំពោះការជួយរបស់ហុងគ្រី មកកម្ពុជាកន្លងមកក្នុងនោះ​រួមទំាងកា​របណ្តុះបណ្តាល​ផ្នែកធនធានមនុស្សផងដែរ។ បន្ថែម លើសសម្តេចក៍បានស្វាគមន៍ និងគំាទ្រចំពោះការជំរុញ​ទំនាក់ទំនងរវាងប្រទេសទំាងពីរ អោយកាន់តែសកម្ម ថែមទៀតដែលជាគោល​បំណងរួម ។ សម្តេចនាយករ​ដ្ឋមន្ត្រីបាន​ ស្នើ
អោយប្រទេស​ទំាងពីរ ក​ម្ពុជា ហុងគ្រីពិនិត្យបន្ថែមទៅ​លើកិច្ចសហប្រ​តិបត្តិរវាងនិតិបញ្ញត្តិ និងផ្នែកផ្សេងៗទៀតពិ​សេសរវាងប្រ​ជាជននិងប្រជាជនផងដែរ​ទៅលើកិច្ចសហប្រតិបត្តិការ លើផ្នែកដទៃផ្សេងទៀ​តដែលអាច​ធ្វើទៅបាន៕



ប្រធានរដ្ឋសភាកម្ពុជានិងហុងគ្រីបេ្តជ្ញារួមគ្នាក្នុងការជំរុញវិស័យពាណិជ្ជកម្មប្រទេសទំាងពីរ

ការជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ រវាងប្រទេសទំាងពីរឲ្យមានកំណើនខ្ពស់ ជាប្រធាន​បទសំខាន់ ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង    ឯកឧត្តម ឡាស្លូ កូវើ ( László KÖVÉR) ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី លើកមកជជែកគ្នា នៅក្នុងជំនួបទ្វេភាគី ដែលបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅវិមានរដ្ឋសភា ខណៈដែល ឯកឧត្តម ឡាស្លូ កូវើ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ប្រទេសហុងគ្រី មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា
គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាប្រទេសហុងគ្រី ដឹកនាំដោយ ឯកឧត្តម ឡាស្លូ កូវើ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តសៀមរាប។ នៅក្នុងជំនួបពិភាក្សាការ​ងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ឯកឧត្តមប្រធានគណៈប្រតិភូ បានលើកឡើងថា ចាប់ពីឆ្នាំ២០១០មក គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសហុងគ្រី បានបាញ់ឆ្ពោះមកទិសខាងកើតគឺតំបន់អាស៊ីអាគ្នេយ៍នេះ ដោយក្នុងនោះមានប្រទេសកម្ពុជាមួយដែរ
កម្ពុជាជាមិត្តរបស់ហុងគ្រី និងដោយកម្ពុជាមានសក្តានុពល កម្ពុជាបានក្លាយជាគោលដៅសេដ្ឋកិច្ចមួយរបស់ប្រទេសហុងគ្រី។ ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងថា ដើម្បីជំរុញការ  វិនិយោគកម្ពុជា និងហុងគ្រីឲ្យកើនឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៥នេះ រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសហុងគ្រី នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា។ នៅពេលនោះ កិច្ចការជាច្រើននិងត្រូវជជែករវាងមន្រ្តីជំនាញនៃប្រទេសទំាងពីរ ដើម្បីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងការវិយោគឲ្យមានកំណើនឡើង។ បើតាមឯកឧត្តមប្រធានគណៈប្រតិភូនៅពេលនោះសមាគមវិនិយោគ ហុងគ្រី កម្ពុជា ក៏ទំនងត្រូវបង្កើតឡើង នៅរាជធានីភ្នំពេញ ទៀតផង
ការលើកឡើងរបស់ឯកឧត្តមប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី បែបនេះ ស្របពេលដែលសម្តេចប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់ភាគីហុងគ្រី ជំរុញអ្នកវិនិយោគទុនហុងគ្រី មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន និងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហុងគ្រីពីសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីជាការទាក់ទាញប្រជាពលរដ្ឋហុងគ្រី ធ្វើដំណើរទេសចរណ៍ មកទស្សនាទឹកដីអង្គរ ឲ្យបាន​ច្រើន ​។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីចំណងមិត្តភាពកម្ពុជា ហុងគ្រី ដែលមានតំាងពីឆ្នាំ១៩៦៣មក ប៉ុន្តែបានកាត់ផ្តាច់ទៅវិញ នៅឆ្នាំ១៩៧៥ ពេលដែលកម្ពុជាបានធ្លាក់ក្នុងកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ចំណងការទូត រវាងប្រទេសទំាងពីរបានកើតឡើងវិញនិងបានរឹងមាំ ជាលំដាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុកប្រទេសហុងគ្រី ជាមិត្តកម្ពុជានៅគ្រប់កាលៈទេសៈ។ ហុងគ្រីបានជួយកម្ពុជានៅគ្រាដែលកម្ពុជាងើបពីសង្រ្គាម និងដែលត្រូវហ៊ុមព័ទ្ធសេដ្ឋកិច្ច ដោយប្រទេសលោកខាងលិច។ ហុងគ្រីបានជួយស្វែងរកសន្តិភាពជូនប្រទេសកម្ពុជារហូតបង្កើតបានកិច្ចព្រមព្រៀងទីក្រុងបារីសឆ្នាំ១៩៩១។ លើសពីនេះក្នុងចំណោមកងកម្លំាងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចូលមករៀបចំការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ១៩៩៣ ក៏មានកងកម្លំាង​ប្រទេសហុងគ្រីដែរ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថានៅក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជាខ្លំាងក្នុងការអភិវឌ្ឍប្រទេសជាតិ ជាក់ស្តែងរយៈពេលចុងក្រោយនេះកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម៧%។ អត្រាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ ជាមធ្យមនៅក្នុងឆ្នាំ២០១៤មានប្រមាណ ១១៣០ដុល្លារ ក្នុង១នាក់
“រដ្ឋសភាកម្ពុជា សូមគំាទ្រជានិច្ច រាល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ និងសូមឲ្យរដ្ឋាភិបាលកម្ពុជា ហុងគ្រី បង្កើតកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្ម និងទេសចរណ៍ បន្ថែមទៀត” នេះជាប្រសាសន៍សង្កត់ធ្ងន់ របស់សម្តេចអគ្គមហាពញាចក្រី ហេងសំរិន
ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ សម្តេចប្រធានរដ្ឋសភា បានស្នើសុំដល់ថ្នាក់ដឹកនាំរដ្ឋសភាហុងគ្រី ពិនិត្យលទ្ធភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទំាងទ្វេភាគីនិងពហុភាគ្រី រវាងរដ្ឋសភាប្រទេសទំាងពីរ។ ការលើកឡើងរបស់សម្តេច បែបនេះបានទទួលការគំាទ្រ ពីឯកឧត្តម​ប្រធានរដ្ឋសភា ប្រទេសហុងគ្រី។

ឆ្លើយតប នៅក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាទំាងពីរប្រទេសនេះ ឯកឧត្តម ឡាស្លូ កូវើ បានលើកឡើងថាកន្លងមកអនុប្រធានរដ្ឋសភាប្រទេសហុងគ្រី ធ្លាប់បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រធានរដ្ឋសភាកម្ពុជា ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ដែរ។ ជាថ្មីម្តងទៀត ឯកឧត្តម សូមគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភា កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី តាមពេលវេលាសមស្របណាមួយ