Wednesday, August 6, 2014

សមាជិកសភា មកពីគណៈបក្ស​សង្រ្គោះជាតិ ចំនួន៥៥ រូប ចូលធ្វើពិធី​សច្ចាប្រណិធាន ចូលកាន់តំណែង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

កសិករខេត្តព្រះសីហនុធ្វើស្រូវពង្រោះច្រើនជាងស្ទូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤—
រដូវវស្សា​ ឆ្នាំ២០១៤នេះ​ ប្រជាកសិករ​ខេត្តព្រះសីហនុ​បាន​ពេញ​និយម​ធ្វើ ​ស្រូវ​ពង្រោះ​ច្រើន​ជាង​ស្រូវ​ស្ទូង​ទៅវិញ ​ព្រោះ​ស្រូវ​ពង្រោះ​ចំណាយ​ពេល​វេលា​ តិច​ ប៉ុន្តែ​ទទួល​បាន​ទិន្ន​ផល​ដូច​ស្រូវ​ស្ទូងដែរ។

លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួល​បានផលឆាប់​ជាង​ការធ្វើ ស្រែនេះ។

ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំង​ដោយ​ទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់​ឡើងវិញ​ដោយ​ធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញ​ទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។

ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយ​ទទួល​ទិន្នផល​បាន២,៩៥តោនក្នុង​មួយ ហិកតា៕
ដោយ ស្វាយ កេតថាណា

កសិករខេត្ត​ព្រះ​សីហនុ​ធ្វើស្រូវ​ពង្រោះ​ច្រើន​ជាង​ស្ទូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
រដូវវស្សា​ ឆ្នាំ២០១៤នេះ​ ប្រជាកសិករ​ខេត្តព្រះសីហនុ​បាន​ពេញ​និយម​ធ្វើ ​ស្រូវ​ពង្រោះ​ច្រើន​ជាង​ស្រូវ​ស្ទូង​ទៅវិញ ​ព្រោះ​ស្រូវ​ពង្រោះ​ចំណាយ​ពេល​វេលា​ តិច​ ប៉ុន្តែ​ទទួល​បាន​ទិន្ន​ផល​ដូច​ស្រូវ​ស្ទូងដែរ។

លោក សុក លី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ព្រះសីហនុបានប្រាប់ AKP ថា នៅខេត្តព្រះសីហនុមានផ្ទៃដីធ្វើស្រែវស្សាចំនួន ១៦ ៥០០ហិកតា ក្នុងនោះស្រុកព្រៃនប់មានផ្ទៃដីច្រើនជាងគេគឺ១៣ ៩២៥ហិកតា ស្រុកកំពង់សិលាមាន២ ០៥០ហិកតា ស្រុកស្ទឹងហាវមាន៥០០ហិកតា និង ក្រុង ព្រះសីហនុមាន៥០ហិកតា ។ លើផ្ទៃដីធ្វើស្រែវស្សាទាំងអស់ កសិករបានអនុ វត្តន៍ដោយព្រោះស្រូវប្រមាណជាង ៩០% ក្រៅពីនោះគឺស្ទូងធម្មតា ។
លោកអនុប្រធានមន្ទីរកសិកម្មឲ្យដឹងថា មូលហេតុចម្បងដែលនាំឲ្យកសិ ករប្តូរទម្លាប់មកធ្វើស្រូវពង្រោះច្រើនជាងស្ទូងនោះ ក៏ដោយសារបញ្ហាខ្វះខាត កម្លាំងពលកម្ម ព្រោះយុវវ័យជាច្រើនដែលជាពលកម្មពេញកម្លាំងបាននាំគ្នាទៅ ធ្វើការនៅតាមរោងចក្រ និង ការដ្ឋាននានា ដែលទទួល​បានផលឆាប់​ជាង​ការធ្វើ ស្រែនេះ។

ប្រភេទពូជ ដែលប្រជាកសិករខេត្តព្រះសីហនុនិយមធ្វើជារៀងរាល់ឆ្នាំ បានចែកជាប្រភេទស្រូវធ្ងន់ ប្រើពូជឈ្មោះសទាប និង ហាយវិន ឯស្រូវកណ្តាល និង ស្រាលមានពូជផ្ការំដួល ផ្ការំដេង និង ផ្ការមៀត ។ ប្រភេទពូជទាំងនេះត្រូវ នឹងប្រភេទដីក្នុងស្រុកព្រៃនប់ ព្រោះដីស្រែទាំងអស់ជាប់សមុទ្រ បាំង​ដោយ​ទំនប់ការពារទឹកប្រៃ ដែលបានសាងសង់ឡើងតាំងពីជំនាន់អាណានិគមបារាំង ដែលបច្ចុប្បន្នបានជួសជុល និង ប្រើប្រាស់​ឡើងវិញ​ដោយ​ធម្មតា។
លោកអនុប្រធានមន្ទីរបានបញ្ជាក់ទៀតថា ទន្ទឹមនឹងបណ្តាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជាមានទឹកជំនន់ធ្វើឲ្យលិចលង់ដីស្រែចម្ការ ផ្ទះសម្បែង នៅខេត្ត ព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងរៀងរាល់ថ្ងៃ ប៉ុន្តែទឹកភ្លៀងមិនបង្កឲ្យមានទឹក ជំនន់ឡើយ ដោយសារទំនប់ការពារទឹកប្រៃមានទ្វារទឹកអាចបើក បញ្ចេញ​ទឹក ភ្លៀងទម្លាក់ទៅសមុទ្រទាន់ពេលវេលា និង បិទទ្វារទឹកពេលណាទឹកពេញស្រែ ល្មមចិញ្ចឹមសន្ទូងបាន ។

ឆ្នាំ២០១៣កន្លងមកប្រជាកសិករស្រុកទាំង៤របស់ខេត្តព្រះសីហនុសម្រេចធ្វើស្រែវស្សាបាន១៦ ០០០ហិកតាដោយ​ទទួល​ទិន្នផល​បាន២,៩៥តោនក្នុង​មួយ ហិកតា៕
ដោយ ស្វាយ កេតថាណា

ស្រុកភ្នំស្រុកមានអគ្គិសនីប្រើប្រាស់

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ឯកឧត្តម គោ ស៊ុំសារឿត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ ​ កាលពីល្ងាចថ្ងៃ​​​ ទី០៤​ ខែសីហា  ឆ្នាំ២០១៤ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីភ្ជាប់​​បណ្តាញ​​​អគ្គិសនី​​ឲ្យប្រជាពលរដ្ឋ​ស្រុកភ្នំស្រុកប្រើប្រាស់​ ក្រោមការផ្គត់ផ្គង់ពី​សាខាអគ្គិសនីកម្ពុជា​ ដែល​ពីមុន​នៅក្នុងតំបន់នេះ​ពុំធ្លាប់មានអគ្គិសនីប្រើប្រាស់នោះឡើយ។

ឯកឧត្តម គោ ស៊ុំសារឿត បានមានប្រសាសន៍ថា សមិទ្ធផលដែលបាន កើតឡើងនេះបានមកពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និង មានការណែនាំផ្ទាល់ពីឯកឧត្តម ឧប នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះ​មូលដ្ឋាន​ខេត្តបន្ទាយ​មាន ជ័យដែលបានជួយដោះស្រាយទៅតាមសំណូមពរ និង សេចក្តីត្រូវចាំការបាច់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលមួយនេះ។

លោក សេង គី អភិបាលស្រុកភ្នំស្រុក ដែលជាតំណាងឲ្យប្រជាពលរដ្ឋ ប្រមាណជាង៥០ ០០០នាក់រស់នៅក្នុងឃុំទាំង០៦របស់ស្រុក បានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមការងារ ដែលបានយក ចិត្តទុកដាក់ ក្នុងការតភ្ជាប់បណ្តាញអគ្គិសនី​ចូលទៅដល់​តំបន់ជន​បទឲ្យមានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់ ។ លោក សេង គី បានថ្លែងថា ពីមុននៅក្នុង ស្រុកភ្នំស្រុកនេះ បណ្តាញអគ្គិសនី​ប្រើប្រាស់ដោយ​ឯកជនជាអ្នកធ្វើអាជីវកម្ម ក្នុងតម្លៃខ្ពស់ រហូតដល់ទៅ៣ ៧០០រៀលក្នុងមួយគីឡូវ៉ាត់ហើយប្រើប្រាស់មិន បានគ្រប់គ្រាន់ឡើយ ។

ប៉ុន្តែឥឡូវនេះតម្លៃអគ្គិសនីដែលទើបនឹងភ្ជាប់នេះថោក ជាងដែលក្នុងមួយគីឡូវ៉ាត់១ ៧០០រៀល ដោយប្រើប្រាស់ពេញ២៤ម៉ោង ហើយ បើតាមការ​ឲ្យដឹង​ពីមន្ត្រីជំនាញតម្លៃភ្លើងនេះ នឹងមានការចុះថោករហូតដល់ ១ ២០០រៀល។

យោងតាមរបាយការណ៍ សាខាអគ្គីសនីកម្ពុជាខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា អគ្គិសនីក្រៅពីបានផ្តល់ជូនប្រជាពលរដ្ឋក្រុងសិរីសោភ័ណ និងស្រុក មង្គលបូរី ក៏មានសេវាបន្តផ្គត់ផ្គង់នៅក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកស្វាយ ចេក និង ស្រុកថ្មពួកផងដែរ ។ ក្នុងនោះដែរអគ្គិសនីកម្ពុជាបាន និង កំពុង​ពង្រីកបណ្តាញ ចូលទៅក្នុងតំបន់ឆ្ងាយៗនៃស្រុក-ក្រុងទាំង០៩របស់ខេត្ត ដើម្បី បំពេញសេចក្តី ត្រូវរបស់ប្រជាពលរដ្ឋស្របតាមគោល​នយោបាយ​របស់រាជរដ្ឋា- ភិបាល៕
ដោយ ឈុន សារ៉ាត

កសិករខេត្តកំពង់ស្ពឺភាគច្រើនងាកមកដាំដើមម្រុំ

AKP ខេត្តកំពង់ស្ពឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ប្រជាពល​រដ្ឋភាគ​ច្រើន​នៅ​ខេត្តកំពង់ស្ពឺ​ បាន​នាំ​គ្នា​ដាំ​ដើមម្រុំដោយសារ ​បច្ចុប្បន្ន​នេះ​ស្លឹក​ម្រុំកំពុង​ទទួល​បាន​ការគាំទ្រ ទាំងទីផ្សារក្នុងស្រុក និង ក្រៅ ស្រុក។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ស្ពឺ លោក សយបញ្ញា បានឲ្យដឹងថា គិតមកដល់បច្ចុប្បន្នប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបានដាំដើម ម្រុំលើផ្ទៃដីប្រមាណជាង១០០ហិកតាហើយ ដោយផ្ទៃដី១ហិកតាដាំដើមម្រុំបាន ២ ៥០០ដើម មួយដើមៗបានស្លឹកមួយគីឡួក្រាម ហើយក្នុង​រយៈពេល​០៥ខែប្រ មូលផលបានដោយមួយឆ្នាំប្រមូលផលបាន០៩ដង ។ លោក សយ បញ្ញា បាន ឲ្យដឹងទៀតថា ប្រសិនបើទីផ្សារស្លឹក​ម្រុំទទួល​បានការគាំ​ទ្រកាន់តែទូលាយនោះ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺនឹងសម្រុកដាំដើមម្រុំកាន់តែច្រើនជាមិនខាន ។

បើ តាមលោកដឹងស្លឹកម្រុំ១០គីឡូក្រាមផលិតម្សៅម្រុំបានមួយគីឡូក្រាម ហើយម្សៅ ម្រុំមួយគីឡូក្រាមមានតម្លៃ៣៥ដុល្លារ ។
លោក ហ៊ុល សេដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ុលសេដ្ឋា ឌីវើឡុបមេន ខូអបភើរេសិន និង ជាស្ថាបនិកសិប្បកម្មផលិតផលម្រុំខ្មែរបានឲ្យដឹងថា ម្រុំកែច្នៃ ជាអាហារបំប៉នសុខភាពកំពុងមានទីផ្សារខ្លាំងទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ក្រុមហ៊ុនមានសិប្បកម្មមួយកន្លែង ដែលសង់លើផ្ទៃដី​ជិត៥០០ម៉ែត្រការ៉េ នៅ ជាយក្រុងភ្នំពេញ ហើយទទួលការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករក្នុងខេត្តកំពង់ស្ពឺ។

សព្វថ្ងៃសិប្បកម្មរបស់លោកកំពុងផលិតផលិតផលពីស្លឹកម្រុំ មានដូចជាម្សៅម្រុំ លក់ជាគីឡូក្រាម ម្សៅម្រុំច្រកជាថ្នាំគ្រាប់ និង តែស្លឹកម្រុំ ។ ម្សៅម្រុំច្រកជាថ្នាំ គ្រាប់ ជាផលិតផលលក់ដាច់នៅលើទីផ្សារក្នុងស្រុក ខណៈម្សៅម្រុំនាំចេញលក់ ជាគីឡូក្រាម ។ ម្សៅម្រុំមួយគីឡូក្រាមថ្លៃ៣៥ដុល្លារ ចំណែកម្សៅម្រុំច្រកជាថ្នាំ គ្រាប់ដែលមាន៣០០គ្រាប់លក់ក្នុងតម្លៃ១៥ដុល្លារ។

លោក ហ៊ុល សេដ្ឋា បានឲ្យដឹងទៀតថា ខណៈតម្រូវការកាន់តែកើនឡើង សិប្បកម្មម្រុំខ្មែរគ្រោងនឹងពង្រីកការផ្គត់ផ្គង់ស្លឹកម្រុំពីកសិករខេត្តកំពង់ស្ពឺ លើផ្ទៃ ដី៣០០ហិកតាបន្ថែមទៀត ។ សព្វថ្ងៃនេះក្នុង១ខែ សិប្បកម្មរបស់លោកផលិត បាន១តោនម្សៅម្រុំប៉ុណ្ណោះ ខណៈតម្រូវការលើ​ទីផ្សារមាន​រហូតដល់៣០តោន ក្នុងមួយខែ។

អត្ថប្រយោជន៍ស្លឹកម្រុំមានច្រើនយ៉ាង វាជាវីតាមីនបំប៉នសុខភាព វាជួយ សម្រួលសម្រាប់អ្នកជំងឺទឹកនោមផ្អែម និង អ្នកជំងឺលើសឈាម កាត់បន្ថយខ្លាញ់ ក្នុងសរសៃឈាម និង ជាតិអាស៊ីតនៅក្នុងខ្លួនជាដើម ហើយវាមានកាល់ស្យូម ជំនួយឆ្អឹងផងដែរ។ លោក ហ៊ុល សេដ្ឋា បានបង្ហើបឲ្យដឹងថា ការផលិត​ម្សៅស្លឹក ម្រុំមិនជាការលំបាកនោះទេ ហើយគ្រប់គ្នាអាចផលិតបានដោយខ្លួនឯង ដោយ គ្រាន់តែយកស្លឹកម្រុំនេះទៅហាលឲ្យស្ងួតនៅក្នុងម្លប់ (មិនហាលក្រោមពន្លឺថ្ងៃ នោះទេវាធ្វើឲ្យបាត់បង់វីតាមីន) រួចកិនជាម្សៅសម្រាប់ទទួលទាន១ទៅ២ស្លាប ព្រាកាហ្វេម្តងរួចជាស្រេច៕
ដោយ លឹម សាន្ត

បេក្ខជនជាប់ឆ្នោត CNRP ចូល​សច្ចាប្រណិធាន​នៅលើ ព្រះទីនាំង​ទេវាវិនិច្ឆ័យ​ក្នុងព្រះបរមរាជវាំង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ(CNRP)ចំនួន៥៥រូប នឹងធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង​ នារសៀលថ្ងៃទី​ ៥​ ខែសីហា​ ឆ្នាំ២០១៤ ​ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ របស់​ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា-នេះបើ​យោងតាម​ លិខិតចុះថ្ងៃទី៤ ​សីហា​​ ឆ្នាំ២០១៤​ របស់​សម្ដេច​ចៅហ្វាវាំង​ វរវៀងជ័យ​ អធិបតីស្រឹង្គារ​ គង់ សំអុល​ ឧបនាយក​រដ្ឋមន្ត្រី​ និង​​ ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​​បរមរាជ​​វាំង​​ជម្រាប​​ជូនអគ្គ​លេខាធិការ​​នៃ​អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា។

ក្នុងលិខិតចុះថ្ងៃទី៤ ខែសីហាឆ្នាំ២០១៤របស់ឯកឧត្ដម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាផ្ញើជូនសម្ដេចចៅហ្វាវាំង គង់ សំអុល បានគូសបញ្ជាក់ថា សំណើសុំរៀបចំពិធីសច្ចាប្រណិធាន​ជូនតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន៥៥រូបនីតិកាលទី៥ ដោយយោង មាត្រា៨២ថ្មី នៃរដ្ឋធម្មនុញ្ញ អគ្គលេខាធិការ​រដ្ឋសភា​មាន​កិត្តិយស​ដ៏ខ្ពង់ខ្ពស់សូមជម្រាបជូន សម្ដេចចៅហ្វាវាំងមេត្តាជម្រាបដ៏ខ្ពង់ខ្ពស់ថា តំណាងរាស្ត្រគណបក្សង្គ្រោះ ជាតិ៥៥រូប ដែល បានប្រកាសសុពលភាព កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ក្នុងសម័យប្រជុំរដ្ឋសភាលើក ទី១នីតិកាលទី៥នោះ រហូតមកដល់ ពេលនេះ ពុំទាន់បានចូលធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅឡើយ។ ដោយឡែកកាល​ពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៤សម័យប្រជុំរដ្ឋសភាជា វិសាមញ្ញ នីតិកាល ទី៥បាន​ប្រកាសសុពលភាពឯកឧត្ដម សម រង្ស៊ី ជាតំណាងរាស្ត្រមណ្ឌល កំពង់ចាមជំនួសឯកឧត្ដម គួយ ប៊ុនរឿន ដែលបានលាលែង ។ អាស្រ័យ​ដូចបាន​ជម្រាបជូន នេះ និង យោងតាមការណែ​នាំដ៏ខ្ពង់ខ្ពស់​របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ខ្ញុំបាទ​សូម សម្ដេចចៅហ្វាវាំង មេត្តាពិនិត្យ និង រៀបចំពិធីសច្ចាប្រណិធានជូន តំណាង​រាស្ត្រគណ​បក្សសង្គ្រោះ​ជាតិចំនួន៥៥ រូបនូវកាលបរិច្ឆេទដ៏សម គួរតាមការគួរ។

ដោយឡែកក្នុងលិខិតរបស់សម្ដេចចៅហ្វាវាំង គង់ សំអុល ជម្រាបមកអគ្គលេខាធិការ នៃអគ្គលេ​ខាធិការ​ដ្ឋារដ្ឋសភា​អំពីការ រៀបចំពិធីសច្ចា ប្រណិធាន ជូនអ្នកតំណាងរាស្ត្រ នីតិ កាលទី៥ចំនួន៥៥ រូបមកពីគណបក្សសង្គ្រោះជាតិ។ យោងព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះ ករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជាជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ។ លិខិតលេខ៨៥៧អ.រ.ស ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ របស់អគ្គលេខាធិការ ដ្ឋាននៃរដ្ឋសភា។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្ដមជ្រាបថា ក្រសួងព្រះបរមរាជវាំងបានត្រៀមនឹងរៀបចំ ពិធីសច្ចាប្រណិធានជូនអ្នក តំណាងរាស្ត្រនីតិកាលទី៥ចំនួន៥៥រូប (មកពីគណបក្សសង្គ្រោះជាតិ) ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤វេលាម៉ោង១៦.០០ រសៀលនៅលើព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង៕
ដោយ ជឹម ណារី

ជីកស្រះទឹកជូនគ្រួសារអតីតកងកម្លាំងប្រដាប់អាវុធចំនួន៧៥៣គ្រួសារ

AKP ខេត្តកំពង់ស្ពឺ​ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
ស្រះទឹកមួយកន្លែងស្ថិតនៅភូមិសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ត្រូវបានអាជ្ញា ធរកំពុងជីក ជូនអតីតកងកម្លាំង​ប្រដាប់អាវុធ​ និង​ប្រជាពល​រដ្ឋក្រីក្រ​ប្រមាណ​ជា៧៥៣គ្រួសារ ​ដើម្បីប្រើប្រាស់​ផ្នែក​កសិកម្ម​ និង​ បម្រើជី​ វភាព ​ប្រចាំថ្ងៃផងដែរ។

ឯកឧត្តម អ៊ូ សំអូន អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ដី សម្បទានសង្គមកិច្ចទំហំ១១ហិកតា នៅភូមិជ្រៃសែនជ័យ ឃុំតាំង សំរោង ស្រុកភ្នំស្រួច ដើម្បី ជីកស្រះទឹក ដែលមានជម្រៅ០៨ម៉ែត្រជូនដល់គ្រួសារអតីតកងកម្លាំងប្រដាប់អាវុធប្រមាណ ជាង៧៥០គ្រួសារ ហើយការ ចំណាយសម្រាប់ការជីកស្រះទឹកដ៏ធំមួយនេះ ជាអំណោយរបស់ ឯកឧត្តមឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និង ជាប្រធាន ក្រុមហ៊ុនអានកូ។

ឯកឧត្តមអភិបាលខេត្តក៏បានឲ្យដឹងដែរថា ស្រះទឹកដ៏ធំល្វឹងល្វើយនេះ ពិតជាអាចផ្គត់ ផ្គង់ទឹកសម្រាប់ផ្នែកកសិកម្មបានគ្រប់គ្រាន់ និង អាចដាំដំណាំ លើទឹក ក៏ដូចជាអាចចិញ្ចឹមត្រី បានច្រើនសន្ធឹកសន្ធាប់ទៀតផង ។ មកដល់បច្ចុប្បន្ននេះ ដោយអនុវត្តន៍តាមផែនការថវិកា ប្រចាំឆ្នាំខេត្តបាន នឹងកំពុង អភិវឌ្ឍន៍ទីតាំងសម្បទានសង្គម កិច្ចចំនួន០៦កន្លែងមានទំហំដីប្រ មាណ៤ ០២៤ហិកតា នៅឃុំចំនួន០៤ នៃស្រុកចំនួន០៤ និងបានបែងចែកដីរួចចំនួន ១ ៤៦៩ ហិកតាជូនប្រជាពលរដ្ឋចំនួន១ ២៦៩គ្រួសារក្នុងនោះសម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និង គ្រួសារចំនួន៧៥៣គ្រួសារ និង សម្រាប់ ប្រជាពលរដ្ឋក្រីក្រចំនួន៥១៦គ្រួសារ ។ ជាមួយគ្នានេះ អាជ្ញាធរបានឈូសសម្អាតដីលំនៅឋាន ដីកសិកម្ម កសាងផ្លូវ អណ្តូងទឹកស្អាត សាលារៀន ផ្ទះឈើចំនួន២៣០ខ្នង និង ផ្ទះឥដ្ឋចំនួន១០០ខ្នង និង មានគម្រោងធ្វើការបែងចែកដី និង អភិ វឌ្ឍន៍ជាបន្តបន្ទាប់តាមផែនការថវិកាឆ្នាំ។

ឯកឧត្តម អ៊ូ សំអូន ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញពាក់ព័ន្ធ និង ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ដីសម្បទាន សង្គមកិច្ច ជួយការពារថែទាំស្រះទឹក និង បន្តជួយគាំទ្រដល់ជីវភាពរស់នៅរបស់គ្រួសារអ្នកទទួលបានដីដូចជាការជំរុញឲ្យមានការ កសាងផ្លូវភ្ជាប់ទីតាំង ការតបណ្តាញអគ្គិសនី និង ការបង្កើតសហគមន៍ជួយគ្នាទៅវិញទៅ មក៕
ដោយ លឹម សាន្ត

«កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា» ប្រគល់ថវិកាជាង១៦ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ឆា

AKP ខេត្តសៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៤
បន្ទាប់ពីបានធ្វើដំណើរទៅតាមខេត្តនានាទូទាំងប្រទេស ដោយកង់អស់ រយៈពេល៦៤ថ្ងៃរួចមក ក្រុមយុវជនស្ម័គ្រចិត្ត​កុលបុត្រ​តេជោសហការ​ជាមួយ មូលនិធិបាយ័ន និង សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា ដែលបានរៀបចំ​កម្មវិធី​ «កង់គន្ធបុប្ឆា ដើម្បីជីវិត​កុមារ​កម្ពុជា» ​បានប្រមូលថវិកា​ពីសប្បុរសជន​នានាបាន​ ប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក​ ដើម្បីប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ឆា។

ពិធីប្រគល់ថវិការបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ «កង់គន្ធបុប្ឆា ដើម្បីជីវិតកុមារកម្ពុជា»នេះ បានធ្វើឡើងនៅពេលបញ្ចប់ការប្រគំតន្រ្តី Beato Cello កាលចុងសប្តាហ៍កន្លងមកនេះនៅក្រុងសៀមរាប ដោយលោកវេជ្ជបណ្ឌិត Beat Rechner អ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ឆា បានទទួលថវិកា ទាំងអស់ពីក្រុម យុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ដើម្បីយកទៅផ្គត់ផ្គង់មន្ទីរពេទ្យ ដែលកំពុងជួប ប្រទះនូវបញ្ហាកង្វះខាតហិរញ្ញវត្ថុ។

លោក ធុល វិសាល អ្នករៀបចំ និង គ្រប់គ្រងកម្មវិធី«កង់គន្ធបុប្ឆា ដើម្បី ជីវិតកុមារកម្ពុជា» បានរៀបរាប់ពីសកម្មភាពនៃការធ្វើដំណើរដោយកង់ប្រមូល មូលនិធិនេះថា ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោសហការជាមួយមូលនិធិ បាយ័ន និង សហភាពសហព័ន្ធយុវជនកម្ពុជា មានចំនួន៥រូប បានជិះកង់ ឆ្លងកាត់ គ្រប់ខេត្តទាំងអស់ទូទាំងប្រទេសកម្ពុជា លើចម្ងាយផ្លូវប្រមាណជាង៤ ០០០ គីឡូ ម៉ែត្រ រយៈពេល៦៤ថ្ងៃ ដើម្បីធ្វើការរៃអង្គា សថវិកា នៅតាមបណ្តាខេត្តទាំងនោះ យកជួយដល់មន្ទីរពេទ្យគន្ធបុប្ឆា ។ លោកបានថ្លែងទៀតថា ក្រុមរបស់លោក បានចាប់ផ្តើមចេញដំណើរតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ដោយចាប់ផ្តើម ចេញពីភ្នំពេញឆ្ពោះទៅគ្រប់ខេត្តទូទាំងប្រទេស ហើយបានមកដល់ភ្នំពេញវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៤ ដោយគិតមកដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤ នេះ យើងប្រមូលបានថវិកាប្រមាណ១៦០.៣៣០ដុល្លារអាម៉េរិក និងបានយក ទៅប្រគល់ ជូនដល់ មន្ទីរពេទ្យគន្ធបុប្ឆា នៅខេត្តសៀមរាបក្នុងឱកាសដែលលោក វេជ្ជបណ្ឌិត Beat Rechner កំពុងសម្តែង Consert Beato Cello នាចុងសប្តាហ៍ មុននេះ។
លោកវេជ្ជបណ្ឌិត Beat Rechner បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយបានឃើញការចូលរួមរបស់ក្រុមយុវជនស្ម័គ្រចិត្តកុលបុត្រតេជោ ជាមួយ មន្ទីរពេទ្យគន្ធបុប្ឆា ដើម្បីជួយដល់ជីវិតកុមារកម្ពុជា ។ ជាមួយគ្នានេះដែរ លោកក៏ បានសម្តែងនូវក្តីរំភើប ចំពោះការព្យាយាមជិះកង់របស់ក្រុមយុវជនស្ម័គ្រ ចិត្តកុល បុត្រតេជោ ដែលបានចំណាយកម្លាំងកាយ-ចិត្តក្នុងការរៃអង្គាស ដើម្បីមន្ទីរពេទ្យ គន្ធបុប្ឆានោះ ។ លោកវេជ្ជបណ្ឌិត Beat Rechner ក៏បានឲ្យដឹង ពីការចំណាយ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ឆាទៅលើការព្យាបាលដោយឥតគិតថ្លៃនោះគឺ៨៥% ជា មូលនិធិសប្បុរស ដែលបានមកពីការរៃអង្គាសនេះ ។

លោកវេជ្ជបណ្ឌិតក៏បានលើកឡើងផងដែរថា ជីវិតកុមារ បើទោះជាស្ថិត ក្នុងត្រកូលអ្នកមាន អ្នកក្រ ឬជាតិសាសន៍ណាក៏ដោយគឺត្រូវតែមានតម្លៃ និង សិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការព្យាបាលដោយគ្មានរើសអើងនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ឆា ។

ដូច្នេះលោកមិនអាចលះបង់បានទេនូវការព្រួយបារម្ភអំពីកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ឆាជាមួយនឹងវ័យ៦៧ឆ្នាំរបស់លោក ។

លោក វេជ្ជបណ្ឌិតក៏បានបង្ហាញពីភាពរឹងប៉ឹងរបស់លោកថា ដរាបណាកន្ទុយសេះនៅ តែអាចធ្វើដំណើរឆ្លងកាត់ខ្សែ Cello ដោយម្រាមដៃរបស់លោក បាននោះ មន្ទីរ ពេទ្យគន្ធបុប្ឆា នៅតែមានសប្បុរសជនគាំទ្រ ហើយកុមារកម្ពុជាត្រូវតែបានរស់ ក្នុងពន្លឺនៃព្រះរាជាណាចក្រអច្ឆរិយ នៃព្រះនាងគន្ធបុប្ឆា ប្រកបដោយ​ភាពកក់ក្តៅ សម្រាប់អនាគត៕
ដោយ ហ៊ុន យុទ្ធគុណ

សេចក្តី​ជូន​ដំ​ណឹង​របស់​សាលារាជ​ធានី​ភ្នំ​ពេញ ចុះ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៤ ស្តី​ពី​ការ​សម្រេចបើកឱ្យ​ដំ​ណើរការទី​កន្លែង​បញ្ចេញ​មតិ ( ទី​លាន​ប្រជា​ធិបតេយ្យ​ ) ចាប់​ពី​ថ្ងៃ​នេះ​តទៅ។


Monday, August 4, 2014

បទ​អត្ថាធិ​ប្បាយ​ ៖ វិធានការច្បាប់ទៅលើក្រុមប្រឆាំង គឺជាការពង្រឹងនីតិរដ្ឋ

អត្តបទដោយ: ឧត្តម សក្តិ
  
ក្រុម​ អនាធិបតេយ្យ​ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បាន​ដើរ​ធ្វើ​សកម្មភាព​ញុះញង់ អុជ​អាល ប្រឌិត​បញ្ហា​នានាក្នុង​សង្គម ​បំផុស​ប្រជាពលរដ្ឋ​ឲ្យប្រើប្រាស់​អំពើហិង្សា និង​សកម្មភាព​រំលោភ​ច្បាប់ ក្រោមរូបភាពនៃ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការទាម​ទា​រ​​តវ៉ា​នានា ប៉ុនប៉ង​បង្ក​ឲ្យមាន​អស្ថេរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ របៀបរៀបរយ​ក្នុងសង្គម​។​

ភាពព្រហើន និងអំនួតក្អេងក្អាងរបស់​ក្រុមប្រឆាំងនៅកម្ពុជាទាំងនេះ ​ត្រូវបានវាយ​បំបាក់​ដោយការអនុវត្តច្បាប់ និង​ការពង្រឹងនីតិរដ្ឋរបស់មន្ត្រីមានសមត្ថកិច្ច ដែលនេះ​ គឺ​ជាកា​រ​ព្រ​មាន​ចំពោះក្រុមមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យស្ថិតនៅក្រៅពីរង្វង់ច្បាប់ យកច្បាប់ទ្រាប់អង្គុយ។ តើការអនុវត្តច្បាប់របស់អាជ្ញាធរសមត្តកិច្ច ត្រូវបានចាត់ទុកថា ជាការបំផ្លាញនីតិរដ្ឋ ហើយ វិល​ទៅរក​អំណាច​ផ្តាច់ការ ដូច​ការអះ​អាងរបស់​ក្រុមប្រឆាំ​ង ឬយ៉ា​ងណា​?​ តើក្នុ​ងនា​មជា​អ្ន​ក​​តំ​ណាងរាស្ត្រអាណត្តិមុន និងជាតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិថ្មី ដែលជាអ្នកបង្កើតច្បាប់ យល់ពីច្បាប់ ហើយបំពានច្បាប់ ទើបហៅថា ជាសិទ្ធិសេរីភាព ក្នុងសង្គម​ប្រជាធិ​បតេ​យ្យ​ ឬ​យ៉ាង​ណា​?

នរណា​ក៏​បាន​ដឹង​ដែរថា ចាប់​តាំង​ពី​​ក្រោយ​​ការ​បោះ​ឆ្នោត​​ ថ្ងៃ​ទី ​២៨ ខែកក្កដា ​ឆ្នាំ​ ២០១៣ ​មក ​អំពើ​ហិង្សា​​បាន​កើត​​ឡើង​ជា​​ច្រើន​លើក ​​ដែល​​បណ្តាល​​ឲ្យ​​មាន​​អ្ន​ក​​ស្លាប់ ​ អ្នក​របួស ​និង​​អ្នក​​ជាប់​​ក្នុង​​មន្ទីរ​ឃុំ​ឃាំង​​ជា​ច្រើន​​នាក់ ​​ដោយ​សារ​​ការ​ប្រឈម​មុខ​​ដាក់​គ្នា​​​ដ៏​​តាន​តឹងរវាងក្រុមកុបកម្មហិង្សា និងកងកម្លាំងមានសមត្ថកិច្ច ក្រោម​ការ​ញុះ​ញង់​ និង​ដឹកនាំបញ្ជាផ្លាល់ដោយគណបក្សសង្គ្រោះជាតិ​​។ ​សំណុំ​រឿង​​នៃ​​អំពើ​ហិង្សា​​កាល​ពី​ដើម​​ខែ​មករា​​ នៅ​​មិន​ទាន់​​ទាំង​​បិទ​​បញ្ចប់​​ (ទីលាន​ប្រជា​ធិបតេយ្យ​ត្រូវបានបិទបណ្ដោះអាសន្ន ហើ​យកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត) អំពើ​ហិង្សា​​ដ៏​​ឃោរឃៅ​​មួយ​ទៀត​​ ក៏​បាន​​កើត​ឡើង​​កា​ល​​ពី​​ខែមុនកន្លងទៅនេះ បន្ថែមមួយករណីទៀត។ ​ដែល​ទង្វើថ្មី​ទាំង​នេះ ​ត្រូវបាន​គេមើ​ល​ឃើ​ញ​​ថា ​បានដឹកនាំ និងបញ្ជាផ្ទាល់ដោយតំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​បក្ស​ប្រឆាំង​ ៨ រូប ​​និង​​សកម្ម​ជ​ន​​​​ម្នាក់ ​ទៀត​​ ហើយត្រូវ​បាន​​កម្លាំងសមត្ថកិច្ចចាប់ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ​​ ក្រោមបទ​ចោទ​ដឹកនាំ​កុបកម្ម និង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា និង​បទល្មើស រួម​ទាំង​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សាដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស គឺ​ជា​បទ​ចោទ​ទាំង ៣ ដែល​ព្រះរាជអាជ្ញា​បាន​សម្រេច​ឃុំខ្លួន​មនុស្ស​របស់​គណបក្សប្រឆាំងនាពេលកន្លងមក ក្នុង​សំណុំ​រឿង​អំពើ​ហិ​ង្សា​ ​បង្ហូរ​ឈាម រវាង​កម្លាំង​សន្តិសុខ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ១៥ ខែកក្កដា​ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​កង​កម្លាំ​ងសន្តិសុខ​របស់​អាជ្ញាធ​រមូល​ដ្ឋានរងរបួសធ្ងន់ និងស្រាល ប្រមាណ ៣៨ នាក់។

ការចាប់ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ធ្វើ​បា​តុ​កម្ម កន្លង​ទៅនេះទៀតសោ ត្រូវបានគេមើលឃើញថា ជា​បទ​ល្មើស​ជាក់ស្តែង កើតចេញ​ពី​បាតុកម្មហិង្សា​។ បើយោងតាមបទដឹកនាំកុបកម្ម តាមមាត្រា ៤៥៩  នៃក្រមព្រហ្មទណ្ឌ ដែលអាច​ប្រឈម​មុខនឹង​ការជាប់ពន្ធនាគារពី ២០ ឆ្នាំ ទៅ ៣០​ ឆ្នាំ  បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រ​ឈ​មមុខនឹងការជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ ​លា​ន​​រៀល  បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ដែលអាច​​ប្រឈ​ម​មុ​ខនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ​ ១០​ លាន​រៀ​ល និងមាត្រា ២៨ ចែងពីអ្នកផ្តើមគំនិត។ ហើយពេលនេះ សំណុំរឿង​ក្តីប្រឆាំង​ជន​ទាំង​នោះ កំ​ពុ​ង​​ស្ថិត​ក្នុង​ដំណើរការ​របស់​តុលាការ​ ដោយមិនជាប់​ពាក់ពន្ធ​នឹងរឿង​នយោបាយ​អ្វី​ទាំងអស់។ ចុះហេតុអ្វី បានជាគណបក្សសង្គ្រោះជាតិទាញបញ្ហាទាំងនេះឲ្យទៅជារឿងនយោបាយ ហើ​យ​ទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាលទៅវិញ? តើនេះ​ជាយុទ្ធសាស្រ្ត​ស្វាស៊ីបាយ​លាប​មាត់ពពែរបស់បក្សប្រឆាំង ឬយ៉ាងណា?

ទោះយ៉ាង​ណា  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ សេរី​ ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធា​ន ​ការ​ច្បាប់ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​ហើយនឹង​មិន​បណ្តោ​យ​ឲ្យក្រុម​បក្សប្រឆាំង​បង្កច​លាច​ល​សង្គម​ បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​។


ដូច្នេះ ល្មម​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំងបញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នា​ក់​ ​ដល់​សង្គម​ជាតិ ហ៊ានទទួលយកការពិត នូវភាពបរាជយ័របស់ខ្លួន ងាកមកគោរពច្បាប់ ហើ​យ​ តម្កល់​ផលប្រយោជន៍ជាតិជាធំ  ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការ​ជឿទុកចិត្ត​គ្នា​រវាងអ្នកនយោបាយទាំងអស់។ វិធានកា​រច្បាប់​ទៅ​លើក្រុ​ម​ប្រឆាំង គឺជាការ​ពង្រឹង​នីតិរដ្ឋ ដែល​ជាមូ​លដ្ឋា​ន​គ្រឹះ​ដ៏រឹង​មាំនៃ​លទ្ធិប្រ​ជាធបតេ​យ្យនៅ​កម្ពុ​ជា ដែលចាំបាច់​ត្រូវតែ​ចាប់បង្ខំមនុស្សគ្រប់រូបឲ្យស្ថិតនៅក្រោមច្បាប់ គោរពរដ្ឋធ​ម្មនុ​ញ្ញ​របស់​ជាតិ៕

Friday, August 1, 2014

ទស្សនៈ Brad Adams មិនយល់ទាល់តែសោះអំពី «កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤» ជាពិសេសគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអាចបង្កើតឡើងថ្មីមួយ និង សមាជិកទី៩ របស់គណៈកម្មាធិការនេះ


នៅក្នុងបទសម្ភាសន៍ជាមួយនឹង Chi Vita ដែលបានបង្ហោះលើគេហទំព័រវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក Brad Adams បានបើកការវាយប្រហារបង្កាទុកជាមុន ដើម្បីរារាំងឱកាស​ដ៏ល្អមួយ​សម្រាប់​ឱ្យ ប្រជាជនកម្ពុជាមាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយ ដែលល្អជាង​គណៈ​កម្មាធិការ​ដែល​មាន ស្រាប់នេះរាប់រយរាប់ពាន់ដង។

ប្រការ២នៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRP បានចែងអំពីការបង្កើត គ.ជ.ប ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (គឺគណ​បក្ស​ប្រជា​ជនកម្ពុជា) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (គឺគណបក្សសង្គ្រោះជាតិ) ហើយ​សមាជិក​ទី៩ តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋ​សភាជាតិ។


 ការររៀបចំសមាសភាពនៃគ.ជ.ប បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPPCNRP នោះទេ។ សមាជិកទី៩ ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវ​បាន​ទទួល​យក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ គ.ជ.ប។ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជន​កម្ពុជា Brad Adams បាន បង្ហាញនូវ​ប្រភេទ​ទស្សនៈអួតអាង​លើកតំកើង​ខ្លួនឯងដ៏​អាក្រក់​របស់លោក​ដោយ​ខកខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក។


 នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទី៩នៃគ.ជ.បហើយ ដែលនេះ គឺជាវិញ្ញាសារ​ធំបំផុត​ដំបូង​សម្រាប់​សាក​ល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល។ ប្រសិនបើអ្នក​ដែលត្រូវ​បាន​តែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទី៩នេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និង​អព្យា​ក្រឹតភាព​នៅក្នុងដំណើរការ គ.ជ.ប ថែមទៀត។ ត្រឹមម៉ោង៧យប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មាន​មួយ​ចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេល​ដែលមានការ​ឆ្លើយឆ្លង​លិខិតទៅ​វិញទៅ​មករ​វាង​អ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីវកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោក​ស្រីក៏បាន​យល់ព្រម​ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណ​បក្សនយោបាយ​ទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ។


 ការប្រញាប់ប្រញាល់របស់Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRPនោះ» និងជាពិសេសគ.ជ.ប ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី៩ គឺជាភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះ​ជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែល​លោក​ធ្លាប់​ប្រកាស​ថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ។»


 ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក១ ដើម្បីផ្តល់តំណែងដល់សមាជិកទាំង៩រូបនៅគ.ជ.ប។ នេះគឺជាវិញ្ញាសារដ៏ធំមួយ​ទៀតអំពីឥ​រិយាបទ​នយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ។ បន្ទុកសម្រាប់​ការទទួល​ខុសត្រូវ​របស់​សមាជិក​សភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP

Brad Adams នឹងជាអ្នកឈ្នះចុងក្រោយគេ ប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក។
  
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា





ទស្សនៈ៖ បន្ទាប់ពីពហិការមិនព្រមចូលសភាយ៉ាងយូររបស់គណបក្សសង្គ្រោះជាតិ ឥរិយាបទនយោបាយថ្មីមួយបានចាប់បដិសន្ធិឡើង

     សករាជថ្មីមួយនៅក្នុងនយោបាយកម្ពុជា ត្រូវបានចារទុកសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ ក្រោយ រយៈពេលមួយឆ្នាំដែលគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលសភាតាំងពីការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឈាន ដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់វិបត្តិនយោបាយនេះ។ «កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង CPP និង CNRP គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ មួយដោយសារហេតុផលមួយចំនួន។


          ទីមួយ និងសំខាន់បំផុត កិច្ចព្រមព្រៀងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ជម្រុញប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងច្បាប់​​នៃអំណាចនីតិបញ្ញត្តិក្នុងការឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកបោះឆ្នោត ដ៏សកម្មនិងរស់រវើក ដែលកំពុងកាន់តែមិនសប្បាយចិត្តជាមួយនឹង «របៀបធ្វើការចាស់ៗ» ដោយអាជ្ញាធរនានាដែលគ្រប់គ្រងទាំងស្រុងដោយ CPP។ អ្នកបោះឆ្នោតបានបោះឱ្យ CPP ៦៨ អាសនៈ និង CNRP ៥៥អាសនៈ ក្នុងការបោះឆ្នោតទូទៅ ខែកក្កដា ឆ្នាំ២០១៣ ដែលជាលទ្ធផលមួយដែលចាប់ផ្ដើមពង្រឹង អំណាចតថ្លៃរបស់ CNRP និងមិនអនុញ្ញាតឱ្យ CPP គ្របសង្កត់បានដូចមុនទៀតឡើយ។ ការធ្វើពហិការមិន ចូលសភាដោយតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ចាប់តាំងពីសម័យប្រជុំដំបូងរបស់សភា ក្រោមការ ចោទប្រកាន់ផ្សេងៗនោះ នឹងត្រូវបញ្ចប់នៅក្រោម «កិច្ចព្រមព្រៀងនេះ»។


          ទីពីរ ហើយសំខាន់ដូចទីមួយដែរនោះគឺ ឆន្ទៈនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន ហុចប្រជាធិបតេយ្យទៅអោយសភា និងតាមរយៈសភានេះទៅអោយប្រជាពលរដ្ឋកម្ពុជានៅពេលដ៏ត្រឹមត្រូវ មួយ គឺនៅពេលដែលសម្តេចគិតថាជាពេលវេលាដ៍សក្តិសមមួយ​ ដែលនេះបង្ហាញថាសម្តេច គឺជាអ្នកការពារ សន្តិសុខ ឯកភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជា។ គឺជាការច្បាស់លាស់ណាស់ថា គេមិនអាចរាំចង្វាក់ តង់ហ្គោ (Tango) ដោយមិនមានដៃគូរនោះទេ ដែលមានន័យថាត្រូវតែមាន សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ឬក្នុងន័យទូលាយជាងនេះត្រូវតែមាន CPP និង CNRP ដើម្បីចុះកិច្ចព្រមព្រៀងមួយ ឬបង្កើតកិច្ចព្រមព្រៀងនេះ។ ក៍ប៉ុន្តែការពិតនៅតែបង្ហាញថា ប្រសិនបើគ្មានគតិបណ្ឌិត និងឆន្ទៈនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ប្រជាធិបតេយ្យពិតប្រាកដមួយ នឹងត្រូវឆ្លងកាត់អំឡុងពេល អស្ថេរភាព ធ្វើដំណើរទៅជាមួយក្តីសង្ឃឹមផង និងក្តីអស់សង្ឃឹមផង ដកដង្ហើមរស់តាមរយៈការប្រឈមមុខ ដាក់គ្នា និងភាពស្ងប់ស្ងាត់ដោយគ្មានភាពប្រាកដប្រជា និងការធានាបាននូវជោគជ័យដោយសារតែគ្មានការ ដឹកនាំ​ និងទស្សនៈវិស័យនោះទេ។ ប៉ុន្តែ ប្រជាធិបតេយ្យបែបបំផ្លិចបំផ្លាញ និងប្រជានិយមអាចត្រូវបានផ្តល់ យ៉ាងងាយស្រួលទៅឱ្យហ្វូងមនុស្សនៅតាមដងផ្លូវដោយមនុស្សដែលមិនទទួលខុសត្រូវ។

          ទីបី គឺកំណែទម្រង់មូលដ្ឋានដែលមិនបានប្រកាសនៃអំណាចនីតិបញ្ញាត្តិដែលកើតចេញពី «កិច្ចព្រម ព្រៀង» នយោបាយនេះ។ កំណែទម្រង់មួយនេះ​គឺខុសគ្នាទាំងស្រុងពីកញ្ចប់ដ៏ធំមួយនៃកំណែទម្រង់ស៊ីជម្រៅ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០១៣។ ពេលនេះ ការកោតសរសើរត្រូវតែ ផ្តល់ទៅឱ្យអ្នកនយោបាយកម្ពុជា ទាំង CPP និង CRNP ។ អ្នកនយោបាយកម្ពុជា «ប្រឈមមុខនឹងបញ្ហា ដោយក្លាហាន និងដោះស្រាយវាដោយបើកចំហរ»។ ពួកគេនឹងធ្វើការជាមួយគ្នានៅក្នុងសភា ដើម្បីដោះស្រាយ បញ្ហាជាតិក្រោមគោលគារណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពួកគេ នឹងរួមគ្នាកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) និងនីតិវិធីបោះឆ្នោត។ ពួកគេនឹងរួមគ្នាធ្វើការកែទម្រង់រដ្ឋសភាជាតិ ដើម្បីឱ្យ ស្ថាប័នជាតិដ៏សំខាន់មួយនេះ ក្លាយទៅជាឯករាជ្យ និងដាច់ចេញពីអំណាចនីតិប្រតិបត្តិ។ អ្នកបោះឆ្នោតនឹង មានឱកាសមើលអង្គនីតិបញ្ញត្តិធ្វើការងារ។ អ្នកបោះឆ្នោតនឹងទាមទារឱ្យមានតម្លាភាព និងការបើកចំហរនៃ ការពិភាក្សាដេញដោល។ ពួកគេនឹងមើលឃើញរបៀបដែលតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សពួកគេប្រតិបត្តិ ខ្លួនដូចម្តេចនៅពេលបំពេញការងារតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ។


          ថ្ងៃទី២២ ខែកក្កដា គឺជាថ្ងៃមួយដែលត្រូវចងចាំ។ តើការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃ CPP នឹងបន្សល់ទុកនូវកេរ្ត៍តំណែលមួយដល់ប្រជាជនជំនាន់ក្រោយដែលសម្តេច បានដើរតួនាទីដ៏សំខាន់ក្នុងការជម្រុញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងការចោទប្រកាន់ ដែលមានចេតនាអាក្រក់ថាសម្តេច ជាជនផ្តាច់ការនោះដែរឬទេ? ចម្លើយគឺត្រូវហើយវានឹងដូច្នេះ។ លើសពី នេះទៀត មេដឹកនាំ CPP និង CNRP សមទទួលបានការសរសើរដ៏ពេញលេញ និងការគោរពដ៏ជ្រាលជ្រៅ ពីព្រោះពួកគេបានសន្យាថានឹងបំពេញកិច្ចការរបស់ពួកគេប្រកបដោយមនសិការសម្រាប់ ពង្រឹងប្រជាធិប តេយ្យ នៅរដ្ឋសភាជាតិក្រោមមាត្រានៃ «កិច្ចព្រមព្រៀងនេះ» ហើយបន្ទាប់មកពួកគេនឹងរុញទម្លាក់ប្រជាធិប តេយ្យ ទៅឱ្យប្រជាពលរដ្ឌកម្ពុជានៅក្រោមដំណើរការនៃការធ្វើប្រជាធិបតេយ្យរូបនីយកម្មរចនាសម្ព័ន្ធ និង ស្ថាប័ន។ ជាចុងក្រោយ បុគ្គលិកលក្ខណៈនយោបាយមួយដោយផ្អែកលើការពិភាក្សា ការជជែកវែកញែក និង ការសម្របសម្រួលបានចាប់ផ្តើមលេច ជារូបរាងរវាងអ្នកកាន់តំណែងនៃអំណាចនីតិបញ្ញត្តិពីគណបក្ស នយោបាយប្រឆាំង ដែលគួរតែទទួលបានសិទ្ធិស្មើគ្នា កិត្តិយសដូចគ្នាក្នុងនាមជាតំណាងរាស្ត្រ និងទទួលបាន ចំណាប់អារម្មណ៍ដូចគ្នាពីសាធារណៈជន។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា