បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុ រួចមក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី និងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលបាន និងកំពុងអូសបន្លាយ កាត់លើភាគខាងត្បូងប្រទេសឡាវ និងលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ ។ ទន្ទឹមនឹងនេះ នៅក្នុងសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិក ក៏មានកើតឡើងនូវព្យុះចំនួន ០៣ បន្តបន្ទាប់គ្នា។
ឥទ្ធិពលរបស់បាតុភូតធម្មជាតិខាងលើនេះ និងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ មានស្ថានភាពដូចជា តំបន់ខ្ពង់រាបខាងជើង និងខ្ពង់រាបភាគឦសានដែលរួមមានខេត្ត ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ តំបន់ទំនាបកណ្តាល រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង មានភ្លៀងពីមធ្យមទៅបង្គួ និងតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង កែប កំពត និងខេត្តព្រះសីហនុ មានភ្លៀងពីមធ្យមទៅច្រើន។
ដោយផ្អែកលើស្ថានភាពអាកាសធាតុ ដែលបានជម្រាបជូនខាងលើបងប្អូនប្រជាពលរដ្ឋ ពិសេសចំពោះបងប្អូនប្រជានេសាទសមុទ្រ និងអ្នកធ្វើដំណើរតាមសមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ជាមួយគ្នានេះដែរក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងធ្វើការតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ហើយនិងធ្វើសេចក្កីជូនដំណឹងបន្ថែម ជាបន្តបន្ទាប់ក្នុងករណីចាំបាច់៕