ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៥
បានបង្ហោះនូវសេចក្តីជូនព័ត៌មានស្តីពីកម្មវិធី«សំណួរ-ចម្លើយ
សំរាប់ការយល់ដឹងអំពីអាស៊ាន» នៅលើ Facebook
Page របស់ឯកឧត្តមផ្ទាល់ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានបន្តថាកម្មវិធីនេះរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងមានការសំរបសំរួលពីទូរទស្សន៍ជាតិកម្ពុជា ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី
១៧ ២៤ និង ៣១ កក្កដា ២០១៥ ហើយនឹងចាក់បញ្ចាំងផ្សាយនៅលើទូរទស្សន៍ជាតិកម្ពុជា
។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុង បានបញ្ជាក់ថា ដើម្បីឲ្យយុវជនយើងដែលជាអ្នកបន្តវេនក្នុងការអភិវឌ្ឍជាតិ បានយល់ដឹងបន្ថែមទៀតអំពីអាស៊ាន
និងសហគមន៍អាស៊ាន ដែលត្រូវប្រកាសនៅចុងខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកម្មវិធី «សំនួរ-ចំម្លើយ
សំរាប់ការយល់ដឹងអំពីអាស៊ាន » ដើម្បីជាជំនួយស្មារតីសំរាប់យុវជនខ្មែរ
និងត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយយុវជនប្រទេសអាស៊ានផ្សេងៗទៀត។
ឯកឧត្តមបន្តថាសំនួរ-ចម្លើយ
សំរាប់កម្មវិធីនេះ ត្រូវបានរៀបចំឡើងសំដៅលើកកម្ពស់ការយល់ដឹងជាពិសេសអំពីនយោបាយ
និងសន្តិសុខក្នុងសហគមន៍អាស៊ាន និងភាពរឹងមាំដែលធ្វើឲ្យប្រជាជនរស់នៅប្រកបដោយសន្តិសុខ
ស្ថិរភាព និងសន្តិភាព ព្រមទាំងលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាជនអាស៊ាន
ដើម្បីកសាងសហគមន៍មួយដែលមានប្រជាធិបតេយ្យ
តម្លាភាព យុត្តិធម៌ ផ្នែកលើច្បាប់ និងពង្រឹងសហប្រតិបត្តិការ
ដើម្បីដោះស្រាយ និងប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន ខិតខំជំរុញឲ្យអាស៊ានគ្មានគ្រឿងញៀន
ប្រឆាំងការរត់ពន្ធមនុស្ស និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ
ដើម្បីធ្វើឲ្យមានសុខដុមរមនាក្នុងអាស៊ាន។
ក្រៅពីនេះក៏មានសំនួរ-ចម្លើយ
អំពីតំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ដើម្បីជួយប្រទេសកម្ពុជា
ឡាវ មីយ៉ាម៉ារ និងវៀតណាម ដោយមានផែនការងារទី១ និងទី២។ ក្នុងពេលបច្ចុប្បន្ន
ក្រុមការងារជាន់ខ្ពស់ស្តីពីគំនិតផ្តួចផ្តើមសម្រាប់សមារណកម្មអាស៊ាន
កំពុងរៀបចំតាក់តែងផែនការងារងារទី៣ ដើម្បីពង្រឹងការធ្វើសមាហរណកម្មអាស៊ានឲ្យកាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុងក៏បានបង្ហោះផ្សាយ ក្នុងFacebook Page របស់ឯកឧត្តម ផងដែរថា អាស៊ានមានគោលដៅចំបងបង្កើតនូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ
ដែលមានលំហូរដោយសេរីនូវទំនិញ សេវាកម្ម វិនិយោគ ពលករជំនាញ និងលំហូរមូលធនប្រសើរជាងមុន
ជាតំបន់សេដ្ឋកិច្ចដែលមានភាពប្រកួតប្រជែងខ្ពស់
មានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អាស៊ាន ដើម្បីធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានេះឯកឧត្តម
បានបន្តថាអាស៊ានយកប្រជាជនជាស្នូល និងមានស្សនៈវិស័យប្រកាន់ខ្ជាប់សាមគ្គីភាព
និងធ្វើឲ្យយល់ដឹងកាន់តែច្បាស់ អំពីវិស័យវប្បធម៌របស់ប្រទេសសមាជិកអាស៊ាន
លើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រួមទាំងនិស្សិត ដោយលើកកម្ពស់ទំនាក់ទំនងរវាងសកលវិទ្យាល័យ
និងសកលវិទ្យាល័យនៃប្រទេសសមាជិកអាស៊ានព្រមទាំង លើកកម្ពស់គុណភាពនៃការអប់រំ
ការពារពលករអន្តោប្រវេសន៍ សិទ្ធិរបស់នារី កុមារ និងចាស់ជរា ស្របដូចមូលបទនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០១២
គឺ «សហគមន៍តែមួយ វាសនាតែមួយ»។
លើសពីនេះទៀត
ដើម្បីលើកទឹកចិត្តដល់បេក្ខជន ដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសំនួរ-ចម្លើយនេះ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានរៀបចំរង្វាន់ជ័យលាភី
សំរាប់អ្នកដែលបានទទួលជោគជ័យ ពីលេខ១ ដល់លេខ៦ ក្នុងនោះលេខ១ទទួលបានរង្វាន់១៥០០ដុល្លា និងរង្វាន់លើកទឹកចិត្តសំរាប់អ្នកចាញ់ផងដែរ៕
អត្ថបទ៖ មៀច សុភាព