ថ្វីបើប្រទេសកម្ពុជាតូចមួយ ប៉ុន្តែ កម្ពុជាមានសមាគម-អង្គការមិនមែនរដ្ឋាភិបាល ទាំងអង្គការជាតិ ទាំងអង្គការអន្តរជាតិ រហូតទល់បច្ចុប្បន្ននេះ ប្រមាណ ៤,៤៩៧ ដែលបាន តម្កល់ឯកសារនៅក្រសួងមហាផ្ទៃ ដែលក្នុងនោះមានសមាគម ១,៧៣៩ និងអង្គការមិនមែនរដ្ឋាភិបាល ២,៧៥៨។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវពិភពលោកមើលឃើញថា កម្ពុជាជាដ្ឋានសួគ៌ានៃអង្គការ-សមាគមមិនមែនរដ្ឋាភិបាល ដែលដ្ឋានសួគ៌ាមួយនេះបានធ្វើឲ្យអង្គការ-សមាគមខ្លះបានដើរហួសពីតួនាទីរបស់ខ្លួន ដោយតាំងខ្លួនជាអ្នកប្រឆាំងរាជរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់នោះទៅវិញ។ បើបែបនេះ តើកម្ពុជាគប្បីមានច្បាប់ NGOs ឬដាក់ឲ្យ NGOs ប្រតិបត្តិការសកម្មភាពរបស់ខ្លួនតាមបែបអនាធិបតេយ្យ គ្មានច្បាប់បន្តទៅទៀត?
ក្នុងបរិបទមួយដែលកម្ពុជាកំពុងតែបោះជំហានយ៉ាងស្វាហាប់លើការពង្រឹងនីតិរដ្ឋដែលជាមូលដ្ឋានគ្រឹះរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ណាស់ថា ប្រជាធិបតេយ្យសេរីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រជាបធិបតេយ្យដែលមានការធានាយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលគឺជាតំណាងយ៉ាងពិតប្រាកដរបស់ពលរដ្ឋ។ នៅក្នុងមាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ បានចែងច្បាស់ពីការផ្ដល់សិទ្ធិសេរីភាពជូនដល់ពលរដ្ឋក្នុងការបង្កើតសមាគម ឬគណបក្សនយោបាយ តែសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។
ចំណុចនេះអាចសមល្មមឲ្យអង្គការ-សមាគមមិនមែនរដ្ឋាភិបាលមួយចំនួន និងគណបក្សប្រឆាំងអាចយល់ច្បាស់ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចពេញលេញក្នុងការព្រាងច្បាប់ស្ដីពីអង្គការ-សមាគមនេះ ដើម្បីការពារសន្តិភាព និងស្ថេរភាពជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ហើយតួនាទីរបស់អង្គការ-សមាគមនៅក្នុងសង្គមប្រជាធិបតេយ្យ មានសិទ្ធិត្រឹមតែប្រឹក្សា ពិគ្រោះផ្ដល់យោបល់ តាមដានការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលជាប់ឆ្នោតតែប៉ុណ្ណោះ។ អង្គការ-សមាគម រួមទាំងគណបក្សប្រឆាំងដែលមានសំឡេងភាគតិច មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទេ គឺមានតែរាជរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត។
បើរាជរដ្ឋាភិបាលដែលតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតធ្វើច្បាប់ ដើម្បីការពារសន្តិភាព និងស្ថេរភាពជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហេតុដូចម្តេចបានជា NGOs មួយចំនួន និងគណបក្សប្រឆាំង មិនគាំទ្រច្បាប់នេះទៅវិញ? តើការប្រឆាំង ជាការយល់ទាស់លើបញ្ហាបច្ចេកទេស ឬជាការការពារលើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុម និងគណបក្ស?
បើតាមអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ចោលនូវការផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម ឆ្នាំ ១៩៩៩ ដែលរដ្ឋសភាអនុម័តយល់ព្រមថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០០៥ ត្រង់មាត្រា២, ៤, ៥, ៧, ៨, ៩,១០ និង ១២ តម្រូវឲ្យរដ្ឋភាគីបង្កើត នឹងចាត់វិធានការក្នុងច្បាប់ជាតិ ពាក់ព័ន្ធនឹងបទល្មើសខាងលើ។
សេចកម្តីព្រាងច្បាប់ថ្មីនេះបញ្ជាក់អំពីកាតព្វកិច្ចខាងលើរបស់កម្ពុជា ដូចមានចែងក្នុងមាត្រា ១០ តម្រូវឲ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីរាល់ព័ត៌មាន រាល់គណនីដែលត្រូវបើកសម្រាប់រាល់ប្រតិបត្តិការរបស់ខ្លួននៅធនាគារកម្ពុជាទៅក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃចុះបញ្ជី។ មាត្រា ១៧ តម្រូវឲ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីរាល់ព័ត៌មាន រាល់គណនីដែលត្រូវបើកសម្រាប់រាល់ប្រតិបត្តិការរបស់ខ្លួននៅធនាគារកម្ពុជា ទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃចុះបញ្ជី។ មាត្រា ២៥ តម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកផ្ញើរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមិនឲ្យហួសពីបំណាច់ខែកុម្ភៈនៃឆ្នាំបន្ទាប់ ទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរបាយការណ៍ថតចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ក្នុងអំឡុងពេល ៣០ ថ្ងៃ គិតពីថ្ងៃផ្ញើទៅម្ចាស់ជំនួយ។
តើចំណុចដូចដែលបានរៀបរាប់ខាងលើនេះឬ ដែលសមាគម-អង្គការមិនមែនរដ្ឋាភិបាលត្រូវខ្លាច?ហើយមិនចង់ឲ្យមានចំណុចអស់ទាំងនេះ? បើក្នុងនាមជា NGOs សុច្ចរិតស្របច្បាប់ តើហេតុដូចម្តេច ត្រូវខ្លាចច្បាប់? តើកម្ពុជាត្រូវរង់ចាំពេលណាទៀត ទើបអាចដើរតាមលំអានប្រទេសប្រជាធិបតេយ្យលើសកលលោក ដែលគេរៀបចំច្បាប់មួយដើម្បីឲ្យអង្គការមិនមែនរដ្ឋាភិបាលមានច្បាប់ទម្លាប់ក្នុងស្រុកនោះ?
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ រួមជាមួយអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាមើលឃើញ ហើយដឹងយ៉ាងច្បាស់ថា ច្បាប់ស្តីពីសមាគម-អង្គការមិនមែនរដ្ឋាភិបាលមាន ៩ ជំពូក ៣៩ មាត្រា គឺមិនមានមាត្រាណាមួយបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ឬបិទសិទ្ធិអង្គការ-សមាគមទេ។ ផ្ទុយទៅវិញ ច្បាប់នេះនឹងចូលរួមធានាបានគណនេយ្យភាព តម្លាភាព ការពារកិត្តិយស និងផលប្រយោជន៍ស្របច្បាប់ ស្របតាមបេសកកម្មរបស់ NGOs ក្នុងការបម្រើផលប្រយោជន៍ប្រជាជន ដោយមិនធ្វើនយោបាយ និងមិនរកប្រាក់ចំណេញ នឹងរួមចំណែករក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការលាងលុយកខ្វក់តាមរយៈ NGOs និងសមាគម ដែលមានបំណងប្រើប្រាស់ខុសគោលដៅសង្គម និងមនុស្សធម៌។
សរុបមក បក្សប្រឆាំង រួមទាំងសមាគម-អង្គការមិនមែនរដ្ឋាភិបាល គួររួមគ្នាគោរពច្បាប់ ស្ថិតក្រោមច្បាប់ មិនគួគប្បីប្រឆាំងចំពោះការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសមាគមអង្គការមិនមែនរដ្ឋាភិបាលនោះទេ ឬមួយអស់លោកចង់ប្រតិបត្តិការសកម្មភាពរបស់ខ្លួនតាមបែបអនាធិបតេយ្យ ក្រៅច្បាប់?ព្រោះមានតែក្រុមក្រៅច្បាប់ទេ ដែលមិនចង់ឲ្យមានច្បាប់គ្រប់គ្រង ងាយស្រួលពួកគេប្រព្រឹត្តបទល្មើសបំផ្លាញសង្គមជាតិ៕