Thursday, July 9, 2015

ក្រសួង​មហាផ្ទៃ នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំដែន

ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំ​ដែន នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​មុខ ​នេះបើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ។ សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍ថាសមាសភាព​​ដែល​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះគឺ​ ​អាជ្ញាធរ សមត្ថកិច្ច និង​អង្គភាព​យោធា​នៅ​មូលដ្ឋាន​​។ ដោយ​សារ​តែ​រឿង​ព្រំដែន​ គឺជា​រឿង​សំខាន់​ និងទាមទា​រនូវ​ភាព​ច្បាស់លាស់​ខ្ពស់​បំផុត​ តម្រូវ​ឲ្យ​​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើងដោយ​​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​នឹង​​​គណៈកម្មាធិការ​ព្រំដែន​ ដែលជា​ក្រុម​ជំនាញ​ និងមានវិជ្ជាជីវៈច្បាស់លាស់​​ស្តីពី​ព្រំដែន។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ។
សម្តេច​ក្រឡា​ហោម​ ស​ ខេង មាន​ប្រសាសន៍​ដូច្នេះ​ក្នុងពិធី​ប្រកាស​មុខតំណែង​ថ្នាក់​អនុរដ្ឋលេខាធិការ​ធិការ នៃ​ក្រសួង​មហាផ្ទៃ​ចំនួន​ ៧រូប និងបំពាក់​ឋាន្តរស័ក្កិ​ជូន​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​ចាប់​ពី​ថ្នាក់​ឧត្តម​សេនីយ៍ទោល ដល់​ថ្នាក់​ឧត្តម​សេនីយ៍​ឯក​ចំនួន ៤១​រូប ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយ​មាន​ការ​ចូល​រួម​ពី​​​រដ្ឋ​លេខាធិការ និង​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ចំណុះក្រសួង​មហាផ្ទៃ​ជា​ច្រើន​អ្នក​ថែម​ទៀត។
​សម្តេច​ក្រឡា​ហោម​ ស ខេង បាន​បន្ថែម​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំដែន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ​គឺ​ដើម្បី​​ពង្រឹង​ការ​យល់​ដឹង និង​បំពេញ​​បន្ថែម​​ទៅលើចំណុច​​ខ្វះ​ខាត​ដែល​សមត្ថកិច្ច​ពុំ​ទាន់​មាន ដែលកន្លង​មក​នៅ​ខេត្ត​ខ្លះ ដូចជា​ខេត្ត​កណ្តាល នៅ​ភូមិ​មួយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រាយការណ៍​ថា ជា​ដី​របស់​វៀតណាម ប៉ុន្តែ​ក៏​មាន​សេចក្តី​រាយការណ៍​ផ្សេង​ទៀត​ថា ជា​ដី​របស់​ខ្មែរ ប៉ុន្តែ​ជាក់​ស្តែង​តំបន់​នោះ មិន​ទាន់​បោះ​បង្គោល​ព្រំដែន​នៅឡើយទេ។
ក្រៅពីនេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ថាសម្តេច​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សមត្ថកិច្ច​ទាំង​អស់​មាន​ចំណេះដឹង​គ្រប់​គ្រាន់ ច្បាស់លាស់ ​អំពីបញ្ហា​ព្រំដែន​ ដែលអាចក្តាប់ឲ្យបាន​នូវ​បញ្ហា​ដែល​កើត​ឡើង​។­
ដោយ: ជា សុភ័ក្ត្រ