Thursday, July 9, 2015

ប្រទេស​អាល្លឺម៉ង់​យក​កម្ពុជា​ធ្វើ​ជា​គំរូ​


ឯកអគ្គរដ្ឋទូត ​អាល្លឺម៉ង់ បាន​ថ្លែង​នូវ​ការ​​កោតសរសើរ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជាថា កាល​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ៣៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កន្លង​មក​ ​បាន​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ទើប​កិច្ច​ប្រជុំ​លើក​ទី​ ៣៩ ឆ្នាំ​នេះ​ត្រូវ​បាន​ប្រទេស​អាល្លឺម៉ង់​យក​​ធ្វើ​ជា​គម្រូ​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​មោទនភាពដ៏ធំ​មួយ​មិន​មែន​ជា​របស់​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​​ជា​របស់កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​​។ ឯកឧត្តម​បន្ត​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​មួយ​ដែល​ធំ​នោះ​ទេ គឺ​កម្ពុជា​​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១៥លាននាក់ប៉ុណ្ណោះ​ប៉ុន្តែ​​ ប្រទេសដែល​​ធំដូចជា​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​ប្រជាជនរហូតដល់​ជិត​ ៨១លានអ្នក ​គេ​មិនងាយ​ហ៊ាន​និយាយ​ថា​​ គេ​រៀន​សូត្រ​តាមខ្ញុំ​ និងគេ​មិន​ងាយ​ហ៊ាន​និយាយ​ថា​គេ​រៀន​សូត្រ​តាម​ប្រទេសដែល​តូច​ដូច​កម្ពុជា​នោះ​ទេ​​។ ប៉ុន្តែ​ដោយ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ ការ​រំភើប នឹង​អរិយធម៌ខ្មែរ​ និង​ពេញចិត្ត​នឹង​ការ​រៀបចំ​ដែល​មាន​របៀប​រៀប​រយ​របស់​ប្រទេស​កម្ពុជា ដែល​ល្អ​បែប​នេះ​​ មិន​មែន​មាន​តែ​ទូត​អាឡឺម៉ង់​ម្នាក់​ទេ​ដែល​កោត​សរសើរ​ គឺ​មាន​ទូតនៃ​បណ្តា​ប្រទេស​ជា​​ច្រើនទៀត​និយាយថា ​សុំ​សសើរ និង​សុំ​រៀន​សូត្រ​ថ្ងៃ​ក្រោយ​ គឺ​ដក​ពិសោធន៍​ពី​ការ​ប្រជុំ​នៅ​ភ្នំពេញ។​​
នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​ ៣៩ ឯកឧត្តម បណ្ឌិតMichael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មាន​ប្រសាសន៍​ថា​ «កម្ពុជា គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​»។ ឯកឧត្តមឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា​ កាល​ពី២​ឆ្នាំ​មុន ​នៅ​ទី​ក្រុង​ភ្នំពេញវា​ជា​លើក​ទី​១ហើយ ​ដែល​គាត់​បាន​ចូល​រួម​ប្រជុំ ដែល​មាន​ឯកឧត្តម​ សុខ​ អាន​ ជា​ប្រធាន​គណៈកម្មាធិការ​​បេតិកភណ្ឌពិភព​លោក​​។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​បន្ថែម​ថា អគ្គរដ្ឋ​​ទូត​អាល្លឺម៉ង់​​បាន​និយាយ​បែបនេះមែន​ ខ្ញុំ​​បាន​​ជួប​គាត់​ដោយ​មាន​មូល​ហេតុ​ពីរ​គឺ​ ទី១ គឺ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ឯកឧត្តម​ដែល​បាន​​រៀបចំ​ពិធីការ​ទទួល​​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​ឲ្យ​មាន​លក្ខណៈ​ពិសេសជាង​គណៈប្រតិភូ​ដទៃ​ទៀត​។ ឯកឧត្តម បណ្ឌិតMichael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ​បាន​ឆ្លើយ​តបថា​​​រូប​លោក​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​ឆ្លើយ​តប​ នូវ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ដែលគាត់​​បាន​ទទួល​ និង​អារម្មណ៍​ដ៏​រីករាយ​ដែល​គាត់​​បាន​ទទួល​ក្នុង​ព្រះ​រាជាណាចក្រ​​​​​កម្ពុជា​។
អគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បានបន្ថែម​ថា​​ នេះ​ជា​ការ​រៀប​ចំ​នូវ​បដិ​សណ្ឋារកិច្ច​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ ឯកឧត្តម​សង្កត់​ធ្ងន់​ថា​៖ «កម្ពុជា​គឺឥត​ខ្ចោះ​ រាត្រី​ចុង​ក្រោយកាល​ដែល​រូប​លោក​បាន​ចូល​រួម​នៅ​​នៅ​អង្គ​រ​វត្ត​ វា​ជា​ការ​ចង​ចាំ ​និង​មិន​អាច​បំភ្លេច​បាន​ គាត់​ក៏​បាន​​​រក្សា​ស្តង់​ដារ​របស់​កម្ពុជា ហើយ​ក៏​បាន​យក​គំរូ​តាម​កម្ពុជា»​ ដោយ​ក្នុង​ការ​ប្រជុំ​នេះ​​គាត់​​ក៏​បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចដូច​កាល​នៅ​អង្គរ​វត្ត ដល់​អ្នក​ចូល​រួម​សម័យ​ប្រជុំ​លើក​ទី​៣៩​នេះ​ ព្រម​ជាមួយ​ការ​រៀប​ចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ និង​ការ​ប្រជុំ​នានាដូច​នៅ​អង្គរ​វត្ត​​ ខ្ញុំ​គិត​ថា​វា​វិជ្ជមាន​ណាស់​ មាន​ន័យ​ថា​យើង​បាន​ចម្លង​ពី​កម្ពុជា​ យើង​បាន​រៀបចំ​កន្លែង​ប្រជុំ​ឲ្យ​មាន​លក្ខណៈ​​ស្ថាបត្យកម្ម​ បទពិសោធន៍​ពី​កម្ពុជា​។
ក្រៅ​​ពី​​នេះ​ឯកអគ្គរដ្ឋ​ទូតអាល្លឺ​ម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បាន​ថ្លែង​កោត​សរសើរ​ថា​ ​យើង​នឹង​សាក​ល្បង​ដោះ​ស្រាយ​ជំលោះ​តាមរយៈកិច្ច​សន្ទនាតាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ចំណុច​នេះ​ ឯកឧត្តម សុខ អាន​ ធ្វើ​បាន​ដោយ​ជោគ​ជ័យ​ គាត់​រៀប​ចំ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​ក្រុម​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​នៅ​ក្រៅ​សម័យ​ប្រជុំ​។ ខ្ញុំ​គិត​ថា​ប្រធាន​ត្រូវ​ធ្វើ​ដូច​គាត់​ ក្នុង​ន័យ​រក្សា​ឲ្យ​សម័យ​ប្រជុំ​បន្ត​​ហើយ​ឈាន​ដល់​ដំណោះ​ស្រាយ​ និង​កិច្ច​បញ្ចប់​ប្រកប​ដោយ​ផ្លែ​ផ្កា​ និង​ក្នុង​ន័យ​ស្ថាបនា។​​