Thursday, July 9, 2015

លិខិត​មន្ត្រីទូត​ជប៉ុន​ ថ្លែងពី​ “ស្ពានត្សឹបាសា”​

សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្ស​ត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ប្រជាជន​កម្ពុជា​ទាំងអស់​ជាទីគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​។​
ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ គូ​ម៉ា​ម៉ា​រូ យូ​ជិ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ តើ​សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្ស​ត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់​សុខ​សប្បាយ​ជា​ទេ​?
ខ្ញុំ​បានដឹងថា “​ស្ពាន​ត្សឹ​បា​សា​” ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួមជាមួយ​ភាពសប្បាយ​រីករាយ​និង អំណរ​សាទរ កាលពី​ថ្ងៃទី​៦ ខែមេសា កន្លងទៅនេះ ព្រមទាំង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​សំណាក់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លងកាត់​ស្ពាន​នេះ​ក្នុងឱកាស​ផ្សេងៗ​ថា “​ការឆ្លងកាត់​ទ​នេ្ល​ទៅមក​មាន​ភាព​ងាយស្រួល និង​រហ័ស​ណាស់​។ ម្យ៉ាងវិញទៀត ខ្ញុំ​បានទទួល​ដំណឹង​ថា “​ស្ពាន​ត្សឹ​បា​សា​” បានក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍​ដ៏​ថ្មី​មួយ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពី​កន្លែង​ផ្សេងៗ​ជាច្រើន​នាក់​អោយ​មក​ទស្សនា​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល “​ស្ពាន​ត្សឹ​បា​សា​” ទទួលបាន​ការ​ស្រឡាញ់​​ពេញចិត្ត​ជាខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​។​

​ ស្ពាន​ដែល​បាន​សាងសង់ឡើង​ក្រោម​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ១២៧​លាន​ដុល្លា​សហរដ្ឋអាមេរិក​នេះ មិន​ត្រឹមតែ​ជា​គម្រោង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង “​ធំ​បំផុត​” ដែល​ប្រទេស​ជប៉ុន​ផ្ដល់ជូន​ព្រះ​រាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ស្ពាន​នេះ​ក៏​ជា​ស្ពាន​ដែលមាន​ប្រវែង “​វែង​បំផុត​” ក្នុងចំណោម​ស្ពាន​ដែល​មាន​រចនាសម្ព័ន្ធ​ដូចគ្នា​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ហើយ​ស្ពាន នេះ​ត្រូវបាន​ចុះផ្សាយ​យ៉ាង​ទូលំ​ទូ​លាយ​តាមរយៈ​កាសែត​និង ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា  រួមទាំង​ប្រទេស​ជប៉ុន​ផងដែរ​ថា ជា​ស្ពាន​ដែល​​ត​ភ្ជាប់ “​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​” ពី​ប្រទេស​វៀតណាម​មក​ប្រទេស​កម្ពុជា​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ​ឆ្ពោះ​ទៅដល់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

“​ស្ពាន​ត្សឹ​បា​សា​” ត្រូវបាន​សាងសង់ឡើង​ដោយ​ប្រើប្រាស់​រយៈពេល​៤​ឆ្នាំ និង​ប្រឈម​និង​ការលំបាក​ជាច្រើន​ក្នុង​ដំណើរ​សាងសង់​នេះ​។​
​ទីមួយ គឺ​លក្ខខណ្ឌ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​។ ដោយសារ​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​មាន​គម្លាត​ខុសគ្នា​ជាង ៧​ម៉ែត្រ រវាង​រដូវប្រាំង និង​រដូវវស្សា​នោះ ដូចនេះហើយ​ទើប​មានការ​ងារ​ខ្លះ​អាចធ្វើ​ឡើង​បានតែ​ក្នុង​រដូវប្រាំង​ តែប៉ុណ្ណោះ ធ្វើអោយ​ការគ្រប់គ្រង​ដំណើរការ​ការដ្ឋាន​មាន​ភាពលំបាក​ជា​ពន់ពេក​។ ជាពិសេស ច្រាំង​ទ​នេ្ល​ត្រូវបាន​ហូរ​ច្រោះ​អស់ ៣០​ម៉ែត្រ​បណ្ដាល​ឲ្យ​ចំណត​ផែ​ទូក សម្រាប់​ដឹក​ជ​ញ្ចូ​ន​សម្ភារៈ​សាងសង់ ត្រូវបាន​ទឹក​ហូរ​នាំយកទៅ​បាត់ នៅពេល​ទឹកជំនន់​ធំ​ក្នុង​ឆ្នាំ ២០១១ ហើយ​ដែល​ត្រូវការ​ពេលវេលា​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ធ្វើកា​រ​ស្ដារឡើងវិញ​។ ​

​ទី​ពីរ គឺ​ការ​កម្ទេចចោល​នូវ​គ្រាប់​មិនទាន់​ផ្ទុះ​។ គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​ប្រមាណ ៤៥០០ គ្រាប់​ត្រូវបាន​រកឃើញ​និង​កម្ទេចចោល នៅពេល​មុន​និង​ក្រោយ​ការបើក​ដំណើរការ​ការដ្ឋាន​សាងសង់​។ ប្រទេស​ជប៉ុន​ក៏​ធ្លាប់បាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ដែរ​នៅក្នុង​ ការដ្ឋាន​សាងសង់​កំពង់ផែ តែ​ចំនួន​មាន​ច្រើន​បំផុត​តែ​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ​។ ជាពិសេស មាន​គ្រាប់​មិនទាន់​ផ្ទុះ​ត្រូវបាន​រកឃើញ​នៅក្នុង​បំពង់​បូម​ខ្សាច់ ក្នុង​ដំណើរការ​បុកគ្រឹះ ដើម្បី​សាងសង់​សសរស្ពាន​នៅ​សងខាង “​ស្ពាន​ត្សឹ​បា​សា​” ដែល​បានធ្វើ​ឲ្យ​ខូច​បំពង់​បូម​ខ្សាច់​នោះ​។ ដូច្នេះហើយ ការដ្ឋាន​ត្រូវបាន​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជាង​៤​ខែ ទើប​អាច​​បើក​ដំណើរការ​ឡើងវិញ​បាន​ម្ដងទៀត​។ ក៏ប៉ុន្តែ អ្វីដែល​សំណាង​បំផុត​នោះ​គឺថា​គ្មាន​ករណី​ជន​រងគ្រោះ ក្នុងអំឡុងពេល​សាងសង់ ក៏ដូចជា​ពេល​មាន​ឧប្បត្តិហេតុ​គ្រាប់​មិនទាន់​ផ្ទុះ​នោះឡើយ  បាន​ន័យ​ថា​ការងារ​ការដ្ឋាន​ធានាបាន​នូវ​សុវត្ថិភាព​រហូត​។ 

​ទី​បី គឺ​ភាពខុសគ្នា​រវាង​ភាសា​របស់​អ្នកធ្វើការងារ​សាងសង់​។ ការដ្ឋាន​សាងសង់ “​ស្ពាន​ត្សឹ​បា​សា​” មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​ជនជាតិ​កម្ពុជា ហើយ​ក៏មាន​ជនជាតិ​ជប៉ុន រួមទាំង​ជនជាតិ​ហ្វីលីពីន​ជាដើម​។ ជាពិសេស​មុនពេល​ចូល​រដូវវស្សា មាន​កម្មករ​ប្រមាណ​ជាង​១០០០​នាក់​បានមក​ចូលរួម​ធ្វើការ​សាង​សង់​​​គ្រឹះ​ សម្រាប់​សសរស្ពាន ដែល​អាចធ្វើ​បានតែ​ក្នុង​រដូវប្រាំង​​​តែ​ ប៉ុណ្ណោះ​។ ខ្ញុំ​គិតថា ប្រតិ​ប​ត្ដិ​ការ​ប្រកបដោយ​ការធានា​នូវ​សុវត្ថិភាព​នៅក្នុង​ការដ្ឋាន​សាងសង់ ​បែបនេះ គឺជា​ការងារ​មួយ​ដែលមាន​ការ​លំបាក​ជាខ្លាំង​។​

​ទោះបីជា “​ស្ពាន​ត្សឹ​បា​សា​” ត្រូវបាន​សាងសង់ឡើង​ដោយ​ឆ្លងកាត់​ការលំបាក​ជាច្រើន​ដូចនេះ​ក៏ពិតមែន តែ​ក៏​នៅ​អាច​បើក​ឲ្យ​ប្រើប្រាស់​បាន​ទាន់ពេលវេលា​ដូច​បាន​គ្រោងទុក​ តាំងពីដើម​មក ។ រចនាបទ​របស់​ស្ពាន​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​អាច​ប្រើប្រាស់​បាន​រយៈពេល ១០០​ឆ្នាំ ប្រសិនបើ​មានការ​ថែទាំ​គ្រប់​គ្រង​បាន​ត្រឹមត្រូវ​ទៅ​ថ្ងៃក្រោយ​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ពាន​នេះ​នឹង​ក្លាយជា​ស្ពាន​ចំណងមិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៅមុខទៀត ហើយ​ស្ពាន​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​និង​ស្រឡាញ់​ជា​រៀងរហូត​ទៅ ពី​សំណាក់​ប្រជាជន​កម្ពុជា​ទាំងអស់​។​រដ្ឋា​​​ភិបាល​​ជប៉ុន បាននិងកំពុង​ផ្ដល់ជំនួយ​លើ​វិស័យ​ជាច្រើន​ដល់ ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាជន​កម្ពុជា​រហូតមក ហើយ​សម្រាប់​ជំនួយ​ដល់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​ផ្នែក​សាងសង់​ផ្លូវថ្នល់​វិញ​នោះ គឺ​យើង​បាន​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​ផ្ដល់ជំនួយ​សម្រាប់​ការសាងសង់​ ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​៥ ដែលជា​ផ្លូវ​សម្រាប់​បង្កើត​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​។ ទៅ​ថ្ងៃមុខ យើង​ប្ដេជ្ញា​នឹង​បន្ដ​ជួយ​ដល់​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​កាន់​តែមាន​ ភាពរឹងមាំ​សម្រាប់​ភាព​ត​ភ្ជាប់​ក្នុង​តំបន់​ឆ្ពោះទៅកាន់​សមាហរណកម្ម​អាស៊ាន​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ 
 
​ជា​ចុង​ក្រោយនេះ ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ សូម​អនុញ្ញាត​ថ្វាយ​និង​ជូន​នូវ​សព្វ​សាធុការពរ​បវរ​មហា​ប្រសើរ​សូម សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់​ក្ស​ត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ប្រជាជន​កម្ពុជា​ទាំងអស់​ប្រកបដោយ​សុភមង្គល​យ៉ាង​បរិបូរណ៍​នាឱកាស​ឆ្នាំ ២០១៥​នេះ​៕