សិក្ខាសាលា ថ្នាក់ជាតិ ស្តីពី ការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ធ្វើឡើងនៅវិមានរដ្ឋសភា ដែលសិក្ខាសាលាដ៏សំខាន់នេះមានបំណងប្រមូលយកមតិយោបល់ពីមជ្ឈដ្ឋានានាមកកែលម្អឲ្យច្បាប់អង្គការ សមាគម កម្ពុជាកាន់តែល្អប្រសើរឡើង។
សម្តេចពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤២ កថាខណ្ឌទី ១ បានចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ មាត្រា ២០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងមាត្រា ២២ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលបានធានាដល់សិទ្ធិរួបរួមគ្នាជាសមាគមរបស់ប្រជាពលរដ្ឋនៃរដ្ឋហត្ថលេខី សំដៅផ្តល់សិទ្ធិក្នុងការបង្កើតសមាគម និងដើម្បីការពារការអនុវត្តសិទ្ធិនេះ កុំឲ្យមានការប្រព្រឹត្តបំពានណាមួយ។ ជាក់ស្តែងរហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបជាង ៥០០០ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
សម្តេចបានបន្តថា ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានច្បាប់សម្រាប់គ្រប់គ្រងអង្គការ ឬសមាគម ដូចជាប្រទេសនានា មួយចំនួនក្នុងតំបន់ និងសកលលោកនៅឡើយ។ ក្នុងន័យនេះការរៀបចំវេទិការសភាដើម្បីពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នាពេលនេះពិជាមានអត្ថន័យ និងសារៈសំខាន់ និងសមស្របទៅនឹងវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា ក៏ដូចជាបរិបទតំបន់ និងសកលលោក។
សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា កន្លងមកច្បាប់នេះត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យពិភាក្សាជាហូរហែមកហើយ។ វត្តមាននៃការចូលរួមពីភាគីពាក់ព័ន្ធនានាពេលនេះ ជាពិសេស សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនឹងផ្តល់ជាធាតុចូលដ៏សំខាន់ ធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយនឹងអាជ្ញាធរសាធារណៈ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍនសេដ្ឋកិច្ចសង្គម និងលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលមិនអាចទៅជ្រៅបានអស់ជ្រុងជ្រោយទេ ដូច្នេះការខ្វះខាតខ្លះ ការទៅមិនដល់របស់អំណាចសាធារណៈ គឺត្រូវបានបំពេញបន្ថែមដោយសមាគម និងអង្គការនេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល ហើយដើម្បីអនុវត្តទៅបានទាល់តែមានច្បាប់គ្រប់គ្រង។
ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានធ្វើការសិក្សាស្រាវជ្រាវលើប្រទេសជាង៦០ ក្នុងនោះយើងបានធ្វើការប្រៀបធៀបផងដែររវាងច្បាប់របស់កម្ពុជា និងច្បាប់របស់ប្រទេសនានា ដែលមានច្បាប់គ្រប់គ្រងអង្គការសមាគមដូចគ្នា។ ឯកឧត្តមបន្តថា ចំពោះច្បាប់នេះដែរ ខាងគណៈកម្មការទាំង៣នៃរដ្ឋសភា ដែលមានសមាសភាពចំនួន២៧រូប មកពីគណបក្សប្រជាជន ១៥រូប និងគណបក្សសង្គ្រោះជាតិ១២រូប បានធ្វើការពិគ្រោះយោបល់គ្នាជាច្រើនលើកមកហើយ។ ក្រៅពីនោះយើងក៏បានជួបជាមួយអង្គទូត និងអង្គការសមាគមទាំងក្នុងនិងក្រៅប្រទេសជាច្រើន ដើម្បីពិភាក្សានិងដកយកបទពិសោធន៍ពីច្បាប់នេះ។ ទោះយ៉ាងណា ឯកឧត្តម ឈាង វុន បន្តថាជាការពិតយើងមិនអាចបំពេញចិត្តគ្រប់ៗគ្នាឲ្យបាន១០០%នោះទេ។
នៅចុងបញ្ចប់នៃសិក្ខាសាលានេះ ឯកឧត្តម ឈាង វុន បានធ្វើការសន្និដ្ឋានថា ទោះបីជាវាមានរយៈពេលខ្លីបន្តិចមែន តែឯកឧត្តមវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ គឺបានប្រព្រឹត្តទៅយ៉ាងរលូន តាមកម្មវិធី និងទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក រាស់សំណើរអនុសាសន៍ និងសំណូមពរនានា ដែលទទួលបាននៅក្នុងអង្គសិក្ខាសាលានេះ គណៈកម្មាធិការជំនាញទាំង៣ នឹងយកទៅពិភាក្សាពិគ្រោះយោបល់ ជាមួយតំណាងរាជរដ្ឋាភិបាលថែមទៀត ដើម្បីធ្វើការពិនិត្យ និងពិចារណា កែលម្អរសេចក្តីព្រាងច្បាប់នេះសំដៅធានារឲ្យបាននូវសេចក្តីព្រាងច្បាប់មួយមានលក្ខណៈកាន់តែល្អប្រសើរ ហើយដែលអាចយកទៅអនុវត្តនៅតាមមូលដ្ឋានទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានទៅជាផលប្រយោជន៍របស់សង្គមជាតិ។
គួរបញ្ជាក់ថា អ្នកសំរបសំរួលរួម នៅក្នុងសិក្ខាសាលា ស្តីពី ការពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ គឺឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា រឺឯមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ជាវាលគ្មិនបកស្រាយពន្យល់និងការពារច្បាប់នេះរួមមាន ឯកឧត្តម ប៉ុល លឹម និងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌,ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងមន្ត្រីតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រៅពីនេះមានតំណាងមកពីអង្គការ សមាគមជាតិ និងអន្តរជាតិ តំណាងអង្គទូតនានា និងអ្នកសារព័ត៌មានជាច្រើនរយនាក់។ នៅក្នុងសិក្ខាសាលានេះ ក៏មានការសួរដេញដោលពីសំណាក់ប្រធានអង្គការសមាគម ដែលមានសំនួរសរុបប្រមាណជាជាង៣០សំនួរ។
ដោយឡែកចំពោះគោលបំណង ដែលរាជរដ្ឋាភិបាលធ្វើច្បាប់នេះ គឺមានគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ។ ច្បាប់នេះមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈដើម្បីអភិវឌ្ឍសង្គមកម្ពុជា៕
អត្ថបទ៖ សុភាព