ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារទេសចរណ៍ឆមាសទី១ ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៥ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភ្ញៀវទេសចរបរទេស ចូលមកទស្សនានៅកម្ពុជា មានការកើនឡើងបែបនេះ គឺដោយសារមួយផ្នែកធំក្រសួង បានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ជាច្រើន ដែលធ្វើឱ្យមានភាពទាក់ទាញ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៥នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានចំនួន ១.៩៨៣.៧២៣នាក់ មានការកើន៤,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បូកសរុបថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែមថា មូលហេតុមួយទៀតដែលធ្វើឲ្យមានកំណើនភ្ញៀវទេសចរណ៍នោះគឺ ភាពជោគជ័យនៃការរៀបចំសន្និសីទទេសចរណ៍វប្បធម៌ពិភពលោក នៅខេត្តសៀមរាប បានធ្វើឲ្យថ្នាក់ដឹកនាំធំៗ នៅលើពិភពលោកបានចូលរួម និងមានការបន្តជួយ ផ្សព្វផ្សាយពីសក្តានុពលនៅកម្ពុជា។
ឯកឧត្តម ថោង ខុន បានបន្តទៀតថា ភ្ញៀវទេសចរណ៍មិនមែនតម្រង់តែអង្គរវត្តមួយនោះទេ គឺគេត្រូវការទៅកម្សាន្តតំបន់ទេសធម្មជាតិ អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងទៀត ដែលកម្ពុជាមាន។ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានសណ្ឋាគារ និងផ្ទះសំណាក់ច្រើនគ្រប់គ្រាន់ហើយ សម្រាប់ឆ្លើយតបនឹងចំនួនភ្ញៀវទេសចរណ៍ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែចំណុចដែលខ្វះខាតនោះគឺ កន្លែងរមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ទៅកំសាន្ត ដែលទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍន៍បន្ថែមទៀត៕