Wednesday, July 8, 2015

កិច្ចប្រជុំ​រវាងគណៈ​កម្មការចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម​ នៅថ្ងៃ​ទី២​ ត្រូវបានបញ្ចប់​ នឹងត្រូវប្រជុំបន្ថែម​ នៅថ្ងៃទី០៩​ ខែកក្កដា​ ឆ្នាំ២០១៥​បន្តទៀត

រហូតដល់​ម៉ោង ១២ និង ៣០ នាទី ថ្ងៃទី​៨​ ខែកក្កដា​នេះ កិច្ចប្រជុំ​រវាង​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​កម្ពុជា និង​វៀតណាម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ បាន​បិទ​បញ្ចប់​ហើយ​។ ក្នុង​កិច្ចប្រជុំ​ចង្អៀត​ នោះបានចាប់ផ្តើមតាំងពីព្រឹក​ថ្ងៃទី​៧ខែកក្កដាឆ្នាំ​២០១៥​។ 

​
មន្ត្រីជាន់ខ្ពស់​ ភាគី​កម្ពុជា និង​វៀតណាម ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​ជជែកយ៉ាង​តឹងតែង​ជាមួយគ្នា លើ​បញ្ហា​ព្រំដែន ដែល​មិនទាន់​ដោះស្រាយ​ចប់ និង​បាតុភាព ដែល​បាន​កើតឡើង​តាម​បណ្តោយ​ព្រំដែន កម្ពុជានិង​វៀតណាមនាពេល​ថ្មីៗ​នេះ​។​
បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងប្រាប់អ្នកព័ត៌មានថា នឹង មានកិច្ចប្រជុំមួយទៀតនៅថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៥នេះ។

​
សូម​រម្លឹកថា នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក កម្ពុជា​-​វៀតណាម  វៀតណាម​-​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ បានបង្ហាញ​នូវ​ចំណុច ដែល​ត្រូវ​ពិភាក្សា​ជាច្រើន រួមមាន​៖ ស្តាប់​របាយការណ៍​រប​ស់​ប្រធាន​ក្រុមការងារ​ពិសេសដែល​បាន​ចុះ​អនុវត្តន៍​លើដី​ជាក់ស្តែង នៅ ៥ តំបន់ កាលពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ កិច្ចប្រជុំ​ក៏ត្រូវ​អនុម័ត​យក​កំណត់ហេតុ​ទាំង​៥ របស់​ក្រុមការងារ​ពិសេស ដែល​បាន​ចុះ​អនុវត្តន៍​លើដី​ជាក់ស្តែងកាលពី​ថ្ងៃទី​៣ដល់​ថ្ងៃទី​១៩ខែមិថុនឆ្នាំ​២០១៥​។ 

​
ក្នុងនោះ កិច្ចប្រជុំ ក៏​និយាយ​ពី​ដំណើរការ​បោះបង្គោល​ព្រំដែន​បំពេញបន្ថែម  និង ពិភាក្សា​ពី​ចំណែក​ដី ដែល​នៅ​បន្ត​គ្រប់គ្រង​ដោយ​ភាគី​ទាំងពីរ បន្ទាប់ពី​ឯកភាព​លើ​ខ្សែ​ព្រំដែន​។ កិច្ចប្រជុំ​ក្រុម​ជំនាញ លើក​ទី​២៣ ដើម្បី​បន្តការងារ​បច្ចេកទេស​ដែល​នៅ​សេសសល់​។ សំណើ​របស់​ប្រធាន​ក្រុមបច្ចេកទេស​ចម្រុះ ស្នើ​បន្ថែម​បង្គោល​បំពេញ​បន្ថែមចំនួន១៥ទៀតនៅ​ខេត្តព្រៃវែង​-​ដុង​ថាប់​។ 

​
របៀបវារៈ​ក៏បាន​បង្ហាញថា កិច្ចប្រជុំ នឹង​ពិភាក្សា​ស្តីពី​តំបន់​បង្គោល​ព្រំដែន​លេខ ១៣៧ ( ១.២ ) ការ​កំណត់​កាលបរិច្ឆេទ​សម្ពោធ​បង្គោល​ព្រំដែន​បំពេញបន្ថែម និង​តម្រុយ​បង្គោល​ព្រំដែន នៅ​ខេត្ត​ត្បូងឃ្មុំ​-​ប៊ិន​ភឿ​ក ដោយ​ប្រធាន​ទាំងពីរ ព្រមទាំង​ការអនុវត្ត​គោលការណ៍​ទាំងឡាយ ដែល​បាន​ឯកភាព​គ្នា​កន្លង​មក​។​

​
ក្នុង​បញ្ហា​ផ្សេងៗ  ក្នុងកិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​វៀតណាម រយៈពេល​ពីរ​ថ្ងៃនេះ ក៏ត្រូវ​ពិភាក្សាស្តីពី តំបន់​បាតុភាព ដែល​កើតមាន​នៅតាម​បណ្តោយ​ព្រំដែន ការសាងសង់​ប៉ុស្តិ៍យាម និង​ផ្លូវ​យុទ្ធសាស្ត្រ​នៅតាម​បណ្តោយ​ព្រំដែន ដោយ​វៀតណាម និង​បាតុភាព​នៅ​ទីតាំង​បង្គោល​ព្រំដែន​លេខ ២០២ និង ២០៣ នៅ​ខេត្តស្វាយរៀង​-​តៃនិញ​៕