ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នេះ គឺជាខួប ៧ឆ្នាំ ដែលប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចនូវសមិទ្ធផលដ៏មហាជាញជ័យ ដែលប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ពិធីនេះត្រូវបានធ្វើឡើងនៅ ប្រាសាទព្រះវិហារ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមានការចូលរួមពីឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរជាតិអប្សរា និងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត។
ការសម្រេចរបស់ អង្គការ UNESCO ដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិមនុស្សជាតិពិភពលោក តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។ ការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឡើងនៅចំពេលដែលក្រុមជាតិនិយមថៃមួយក្រុម កំពុងធ្វើការតវ៉ាយ៉ាងខ្លាំងទាមទារយកប្រាសាទព្រះវិហារទៅជាកម្មសិទ្ធិរបស់ខ្លួន។
ប្រាសាទព្រះវិហារស្ថិតនៅលើជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ លើរយៈកំពស់៦២៥ម៉ែត្រ។ ប្រាសាទនេះមានចំងាយប្រមាណ៤០០គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។រមណីយដ្ឋាននេះ មានលក្ខណៈពិសេសទាំងគុណភាព ក្បាច់រចនា និងទីតាំងដ៏ពិសិដ្ឋសម្របទៅនឹងបរិស្ថានធម្មជាតិ និងមុខងារសាសនារបស់ប្រាសាទ។ ប្រាសាទព្រះវិហារក៏ជាស្នាដៃឯក ដែលលេចធ្លោក្នុងចំណោមស្ថាបត្យកម្មខ្មែរផ្នែកប្លង់ ក្បាច់រចនាលម្អ និងទំនាក់ទំនងទៅនឹងបរិស្ថានទេសភាពធម្មជាតិដ៏ប្រណីត។
ប្រាសាទនេះមានតួប៉មជាច្រើនដែលតភ្ជាប់គ្នាដោយប្រព័ន្ធផ្លូវ និងជណ្តើរដែលឡើងឆ្ពោះទៅកាន់ប្រាង្គប្រាសាទធំ ដែលស្ថិតនៅលើកំពូលច្រាំងចោត នៅចុងខាងត្បូងបង្អស់នៃបរិវេណប្រាសាទ ដែលមានប្រវែងពីជើងទៅត្បូងសរុបជាង ៨០០ម៉ែត្រ។ ប្លង់នេះធ្វើឲ្យប្រាសាទព្រះវិហារជាស្ថាបត្យកម្មដ៏ពិសេស និងតែមួយគត់ក្នុងបណ្ដាសំណង់ប្រាសាទធំៗ នៅក្នុងអារ្យធម៌ខ្មែរ។ សំណង់ជាច្រើនបន្តបន្ទាប់ ត្រូវបានកសាងនៅរមណីយដ្ឋានប្រាសាទព្រះវិហារនេះ ដោយដំបូងបង្អស់នៅសតវត្សទី៩ និងបន្តមកទៀតនៅសតវត្សទី១១ ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) ដែលបានបន្សល់ទុកនូវសំណង់ប្រាសាទ រហូតមកដល់សព្វថ្ងៃនេះ។ រមណីយដ្ឋាននេះ ជាកន្លែងសក្ការបូជាដ៏សក្ដិសិទ្ធ ឧទ្ទិសថ្វាយដល់ព្រះឥសូរដែលសម្ដែងជា «សិក្ខារេស្វរៈ» ឬអទិទេព នៃកំពូលភ្នំដែលមានឆ្លាក់បង្ហាញនៅតាមហោជាងនិងផ្ដែររបស់ប្រាសាទ។
ប្រការដែលអង្គការ UNESCO បានសំរេចដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ វាមិនមែនជារឿងងាយស្រួលនោះឡើយ គឺបានកើតចេញពីការ និងប្រឹងប្រែងយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេសការដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានធ្វើឲ្យកម្ពុជា អាចរក្សាសម្បត្តិដូនតាមួយនេះ ឲ្យនៅគង់វង់ចៀសផុតពីមហិច្ឆតាឈ្លានពាន របស់ប្រទេសជិតខាង។ ទាំងអស់នេះហើយដែលបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែយក ចិត្តទុកដាក់ជានិច្ចពីអនាគតរបស់ប្រទេស និងប្រជាជនកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិ។