សម្តេចតេជោ បានមានប្រសាសន៍ថា «សូមឲ្យអ្នករកស៊ីសាំងនៅស្រុកខ្មែរ កុំចុះថ្លៃ១០០ រៀល ហើយឡើងវិញ៣០០រៀលអី ធ្វើចឹងវាងាប់ព្រោះមានការបង្ហោះប្តឹងសម្តេចពេញ Facebook ប្រយ័ត្នចុះ១០០រៀល ពេលបុណ្យភ្ជុំ ហើយឡើងវិញក្រោយភ្ជុំ ៣០០រៀល»។ សម្តេចផ្តាំផ្ញើរទៅអ្នកលក់សាំងទាំងឡាយថា បើមិនបានចុះតម្លៃបន្តទេ អាណិតកុំបន្តឡើងទៀត។ មានហេតុផលដែលអាចយោគយល់ត្រង់ថា ពេលប្រេងចុះថ្លៃគាត់ថា គាត់មិនទាន់ចុះបានទេ ដោយសារគាត់ទិញយកមកទុកមុនវាថ្លៃ គាត់ត្រូវការស្តុក គាត់ត្រូវរក្សាតំលៃនេះមួយរយៈ ដល់ទិញថ្មីមកទើបគាត់ចុះបាន ប៉ុន្តែរឿងដែលគួរឲ្យចង់សើចគឺនៅត្រង់ថា គឺលឺសូរតែប្រេងឡើងថ្លៃភ្លាមនៅក្រុងឡុង នៅញ៉ូវយ៉ក គាត់ឡើងថ្លៃភ្លាមនៅភ្នំពេញ ក្នុងពេលដែលគាត់មិនទាន់បាននាំចូលមួយដំណក់។ សម្តេចបន្តថា រឿងហ្នឹងដែលអត់អាចយោគយល់គ្នាបាន សម្តេច នឹងជួបជាមួយអ្នកលក់សាំងដោយផ្ទាល់តែម្តង ហើយកំពុងឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើមេគុណឲ្យសម្តេច ដើម្បីនិយាយជាមួយគ្នារឿងបញ្ហាឡើងចុះ កុំឲ្យតាមចិត្តចង់។
ប៉ុន្តែទោះជាយ៉ាងណា សម្តេចតេជោ សង្កេតឃើញថា ក្រុមហ៊ុនស្រុកខ្មែរគឺស្រួលធ្វើការជាងក្រុមហ៊ុន មកពីបរទេស ដែលត្រូវសួរទៅថៅកែនៅបរទេស ដូច្នេះហើយបានជាសម្តេចចង់ឲ្យកម្ពុជាខ្លួនឯង ពង្រីកសមត្ថភាពអ្នករកស៊ីឲ្យកាន់តែធំ៕
អត្ថបទ៖ សុភាព នារី