… សូមអរគុណចំពោះសំណួរ ដែលមានសារៈសំខាន់នេះ។ អម្បាញ់មិញ ខ្ញុំបានធ្វើសុន្ទរកថា (ដែល)ក្នុងនោះក៏(បានរំលេចអំពី)តួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌអាស៊ានមួយចំនួនហើយ។ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែម គឺថា ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចូលអាស៊ាន? កម្ពុជាមិនមែនចូលអាស៊ាន ក្នុងពេលដំណាលគ្នាជាមួយ នឹងឡាវ និងមីយ៉ាន់ម៉ានោះទេ, កម្ពុជាជាកូនពៅនៅក្នុងចំណោមអាស៊ានទាំង ១០។ កត្តាអ្វីខ្លះ ដែល(ធ្វើ ឲ្យ)កម្ពុជាសម្រេចចិត្តចូលអាស៊ាន?
ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឲ្យបានជ្រាបថា មានកត្តាធំៗ ៤ ដែលទាក់ទាញឲ្យកម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី ១ គឺគោលការណ៍មិនជ្រាតចូលកិច្ចការផ្ទៃក្នុងគ្នា។ នេះជាកត្តាសំខាន់ណាស់។ កត្តាទី ២ គឺស្មារតីសហគមន៍។ អាស៊ានធ្វើការតាមកុងសង់ស៊ុស មិនថាប្រទេសធំ មិនថាប្រទេសតូច មិនថាប្រទេសអ្នកមាន មិនថាប្រទេសអ្នកក្រ គឺសុទ្ធតែមានសិទ្ធិដូចគ្នា។ នេះជាស្មារតីសហគមន៍ ដែលយើងចង់បាន។ កត្តាទី ៣ គឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម (ដែល)ទាក់ទងទៅនឹងសមាហរណកម្មនេះឯង។ កម្ពុជាបានសម្លឹងឃើញនូវផលប្រយោជន៍យ៉ាងធំ ពីការចូលរួមជាសមាជិកទៅក្នុងក្របខណ្ឌអាស៊ាន តាមរយៈការទាញយកផលប្រយោជន៍ពីសមាហរណកម្មអាស៊ាន។ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ជាដំណាក់កាលចុងក្រោយនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កត្តាទី ៤ ដែលជាកត្តាចុងក្រោយទាក់ទាញឲ្យកម្ពុជាចូលអាស៊ាននោះ គឺ(ដោយសារថាអាស៊ាន)ជាច្រកចេញការទូតរបស់កម្ពុជា។ អាស៊ានមានដៃគូយ៉ាងច្រើន (ដូចជា) ដៃគូ(ក្នុងក្របខណ្ឌ)អាស៊ានបូកមួយ អាស៊ានបូកបី អាស៊ាន-អឺរ៉ុប អាស៊ាន-អង្គការសហប្រជាជាតិ និងផ្នែកដទៃទៀត។ ដូច្នេះ ពេលដែលកម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន ពិតណាស់ថា យើងនឹងទទួលផលប្រយោជន៍អំពីនយោបាយការបរទេសរបស់យើង ឆ្ពោះទៅខាងក្រៅរួមជាមួយអាស៊ាន។ … សមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងរយៈពេលកន្លងទៅ ជាពិសេស សសរស្តម្ភទាំង ៣ គឺ សហគមន៍នយោបាយ-សន្តិសុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ កំពុងតែអនុវត្តលេចចេញជារូបរាងឡើង ហើយកំពុងផ្តល់នូវផ្លែផ្កា។ ច្បាស់ណាស់ថា អាស៊ានតូច ឬអាស៊ានធំ អាស៊ានមាន ឬអាស៊ានក្រ សុទ្ធតែដើរតួនាទីដូចៗគ្នា ដូច្នេះ កម្ពុជាក៏ដូចប្រទេសទាំង ៩ ផ្សេងទៀត មានចំណែកដូចៗគ្នានៅក្នុងការកសាងសហគមន៍អាស៊ាន …។
… អាស៊ានមានផ្លែផ្ការហូតមកដល់ពេលនេះ ពឹងពាក់លើការសន្ទនា ហើយការសន្ទនានោះ គឺអាស៊ានបានធ្វើជាប្រចាំ ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិ ឬរដ្ឋមន្រ្តីទទួលបន្ទុកខាងសន្តិសុខ។ ខ្ញុំលើកឧទាហរណ៍ កាលពីខែ មេសា កន្លងទៅនេះ ក្នុងពេលប្រជុំអាស៊ាននៅឯកូឡាឡាំពួរ ហើយមុននោះក៏មានការប្រជុំអាស៊ាន និងប្រទេសពាក់ព័ន្ធនៅឯមីយ៉ាន់ម៉ា។ (ដោយ)គិតគូរអំពីបញ្ហាសន្តិសុខ … យើងក៏បានចាត់ឲ្យមានការពិគ្រោះយោបល់នៅក្នុងចំណោមតួអង្គ ដែលមានការទទួលខុសត្រូវ ពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខនេះឯង។ វេទិកាថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់មួយនៃកិច្ចសន្ទនាសម្រាប់ការរក្សាសន្តិសុខនៅក្នុងតំបន់ មិនមែនតែក្នុងក្របខណ្ឌអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាមានវិសាលភាពទូលំទូលាយជាងនេះទៅទៀត។ ខ្ញុំគិតថា ការបង្កើតជំនឿទុកចិត្តគ្នាតាមរយៈការពិគ្រោះយោបល់ ការសន្ទនាជាទ្វេភាគី ឬជាពហុភាគី សុទ្ធតែនាំមកនូវផលប្រយោជន៍ នូវការធានាដល់សន្តិភាព ស្ថិរភាព ហើយក៏ធានាក្នុងការទប់ស្កាត់នូវឧក្រិដ្ឋកម្មនានា រាប់ទាំងបញ្ហាភេរវកម្ម ដែលចេញមកពីក្រុមនិយមជ្រុលផងដែរ។
… ខ្ញុំបាននិយាយថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខនៅអាស៊ីប៉ាស៊ីហ្វិករបស់យើង។ ខ្ញុំមានជំនឿថា ឆ្លងតាមរយៈទស្សនកិច្ចថ្មីរបស់ប្រធានាធិតី ស៊ី ជីនពីង ទៅសហរដ្ឋអាមេរិក ភាគីទាំងពីរកំពុងរកវិធីគ្រប់គ្រងទំនាក់ទំនងក្នុងក្របខណ្ឌតំបន់នេះ។ ខ្ញុំជឿជាក់ថា (ក្នុង)សតវត្សរ៍ទី ២១ នេះ បើទោះបីជាប្រទេសនានាបង្កើនសព្វាវុធយ៉ាងណា ក៏កម្រិតនៃការប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហា វាហាក់ដូចជារសាត់ឆ្ងាយពីយើងយ៉ាងច្រើន។ យើងយល់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សព្វាវុធនៅលើពិភពលោកមានច្រើនណាស់ដែលបានផលិតថ្មីៗ ក៏ប៉ុន្តែ ខ្ញុំជឿថាសព្វាវុធនេះមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទេ។ ខ្ញុំជឿថា អ្នកសម្រេចចិត្តលើផ្នែកគោលនយោបាយ មិនថាសហរដ្ឋអាមេរិក ឬចិន មិនថាប្រទេសដទៃទៀតនោះទេ គឺច្បាស់ជាមិនប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហានោះឡើយ។ ម្យ៉ាងទៀត ការងើបឡើងរបស់ចិន ខ្ញុំជឿថា វាមិនជាការគម្រាមកំហែងសម្រាប់ប្រទេសណាមួយក្នុងតំបន់នោះទេ។ ពិតមែនតែខ្ញុំជាក្មេងជំនាន់ក្រោយ ក៏ប៉ុន្តែ ខ្ញុំក៏បានសិក្សាពីប្រវត្តិសាស្រ្តរបស់ចិន។ ចិនមិនដែលនាំកងទ័ពចេញឆ្ងាយពីព្រំដែនរបស់ខ្លួននោះទេ ដូច្នេះ ការកើនឡើងនូវកម្លាំងយោធារបស់ចិន ដែលទើបនឹងធ្វើព្យុហយាត្រាបង្ហាញពីកម្លាំងសមត្ថភាពយោធារបស់ខ្លួន (ក្នុងឱកាស)ខួបលើកទី ៧០ ទិវាជោគជ័យលើពួក Fascist គឺមិនមែនជាការគម្រាមកំហែងសម្រាប់តំបន់ ឬប្រទេសណាមួយទេ។ ខ្ញុំជឿ និងមានទំនុកចិត្តយ៉ាងដូច្នេះ។ ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសធំ គឺសុទ្ធតែត្រូវការចាំបាច់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ប្រទេសរបស់ខ្លួន និងសម្រាប់តំបន់ទាំងមូល។ ដូច្នេះ ប្រើប្រាស់ការសន្ទនា ប្រសើរជាងអ្វីៗទាំងអស់៕