កក្តាទី២ គឺហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែង។ សម្តេចតេជោ រំលឹកថាពីដើមតាមមាត់ទន្លេ ព្រែក ដែលលំបាកសំរាប់ការធ្វើដំណើរឆ្លងកាត់ រឺការតភ្ជាប់ ដោយត្រូវធ្វើស្ពានជាច្រើនកន្លែង។ ឥឡូវនេះមានផ្លូវថ្នល់ ស្ពាន គឺបានតភ្ជាប់ស្ទើរតែជុំវិញប្រទេស ដែលទោះបីកន្លែងខ្លះមិនទាន់បានធ្វើហើយទាំងស្រុង ហើយផ្លូវខ្លះខូចខាចកំពុងជួសជុលក្តី តែយ៉ាងណាក៏មានផ្លូវសំរាប់ធ្វើដំណើរទៅកាន់កន្លែងដែលចង់ទៅដូចជាស្រុកកំណើត រមណីយដ្ឋានទេសចរណ៍ រឺទៅធ្វើបុណ្យនៅវត្តអារាមនានា។ កក្តាហេដ្ឋារចនាសម្ព័ន្ធនេះ វាសំខាន់ណាស់ មិនគ្រាន់តែបញ្ហាសេដ្ឋកិច្ចសង្គមប្រចាំថ្ងៃទេ បុណ្យទានម្តងៗក៏បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែរ។ អ្វីដែលទើបតែទទួលបានថ្មីៗនេះគឺស្ពានស្យឹបាសា ដែលដោះស្រាយបានទាំងស្រុងនូវការកកស្ទះចរាចរ នៅសាឡាងអ្នកលឿងជារៀងរាល់ឆ្នាំនោះ។
កក្តាទី៣ គឺប្រជាជនមានប្រាក់ចំណូលដែលអាចធ្វើដំណើរបាន។ សម្តេចលើកជាឧទាហរណ៍ថា បើមានផ្លូវមានយាន្តជំនិះប៉ុន្តែគ្មានលុយ ក៏មិនអាចធ្វើដំណើរទៅណាបានដែរព្រោះត្រូវការចាក់សាំង។ ប៉ុន្តែប្រជាជនមានប្រាក់ចំណូលអាចធ្វើដំណើរបាន។ សម្តេចតេជោ ក៏បានលើកឡើងថា បញ្ហាគឺថាឲ្យតែពេលបុណ្យទានម្តងៗគឺរថយន្តឡើងថ្លៃ គឺដូចសណ្ឋាគារនៅញ៉ូវយ៉ក ដែលឲ្យតែជិតដល់ពេលប្រជុំអង្គការសហប្រជាជាតិម្តងៗ គឺឡើងថ្លៃកប់ពពក ដូចដែលឡានក្រុងនៅស្រុកខ្មែរដែលឡើងថ្លៃពេលបុណ្យទានចឹងដែរ។ ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានបង្ហាញថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចំរើនរបស់កម្ពុជា ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ៕
អត្ថបទ៖ សុភាព នារី