តាមរយៈទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ឈ្លាសវៃ នៃរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នយោបាយការបរទេស របស់ព្រះរាជាណាចក្រកម្ពុជា កំពុងដើរលើផ្លូវត្រូវស្របនឹងរដ្ឋធម្មនុញ្ញ ដែលចែងថា "កម្ពុជា ជារដ្ឋអព្យាក្រឹត្យអចិន្ត្រៃយ៍"។ តាមរយៈទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ឈ្លាសវៃ នៃរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានលេចមុខមាត់ជាថ្មី និង មានកិត្យានុភាពនៅលើឆាកអន្តរជាតិ ដោយក្លាយជាដៃគូដ៏ស្មោះត្រង់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយមិនរើសអើងចំពោះប្រព័ន្ធនយោបាយ ផ្ទៃក្នុងរបស់ប្រទេសជាដៃគូរឡើយ។
ជំហររបស់កម្ពុជាបញ្ជាក់ពីនយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍ហ្នឹងឯង ដោយទំនាក់ទំនងជាដៃគូរផ្អែកលើការគោរពគោលការណ៍ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងផងគ្នា។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី, លោកកឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រួមជាមួយពួកខ្មែរអាមេរិកាំងនិយមនិន្នាការប្រឆាំងរដ្ឋាភិបាល មិនគាំទ្រការអនុវត្តន៍នយោបាយអព្យាក្រឹត្យអចិន្ត្រៃយ៍បែបនេះទេ ព្រោះតែអ្នកទាំងនោះចង់ឲ្យសហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា មានន័យស្មើនឹងលក់អធិបតេយ្យភាពជាតិឲ្យបរទេស ជាថ្នូរនឹងការឡើងកាន់អំណាច ដែលមានចរិតលក្ខណៈស្រដៀងគ្នានឹងក្រុមលោក លន់ ណុល នៅចុងទសវត្សរិ៍ទី៦០ និងដើមទសវត្សរិ៍ទី៧០ នៃសតវត្សរិ៍ទី២០។ ថ្មីៗនេះ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សបក្សសង្គ្រោះជាតិ បានបង្ហាញជំហរអាមេរិកាំងនិយមបែបនេះ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុអាមេរិកាំងមួយ ផ្នែកខេមរៈភាសា គឺវិទ្យុអាស៊ីសេរី។ លោក សុន ឆ័យ បានលើកឡើងបែបអាឡិអាឡក់អត់ដឹងខ្យល់ អីអំពីប្រវត្តិសាស្ត្រប្រទេសរបស់ខ្លួន។ តថភាពប្រវត្តិសាស្ត្របានបង្ហាញថា "សង្គ្រាមនាំចូល" មកកម្ពុជាដើមឡើយ គឺផ្តើមចេញពីសហរដ្ឋអាមេរិក ដែលបានទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា នៅឆ្នាំ១៩៦៥ និង១៩៦៩ ហើយជាចុងក្រោយ នៅថ្ងៃ១៨ មិនា ១៩៧០ បានទាញទម្លាក់កម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមតំណាងឲ្យមនោគមន៍វិជ្ជាមហាអំណាចនៃប្លុកខាងលិច និងប្លុកខាងកើតតែម្តង។
ទាំងលោក សុន ឆ័យ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា មិនដែលហ៊ាននិយាយអំពីរឿងនេះទេ ព្រោះប៉ះអាមេរិកដែលជាចៅហ្វាយនាយរបស់ខ្លួន មិនតែប៉ុណ្ណោះ ពួកអ្នកទាំងអស់នេះ បែរជារិះគន់ និងមិនសប្បាយចិត្តចំពោះទំនាក់ទំនងល្អប្រសើរឡើងរវាងកម្ពុជា-ចិន ក្រោមលេសថា បាត់បង់តុល្យភាពជាមួយប្រទេសមហាអំណាច។ ពួកអ្នកនយោបាយខ្មែរបែបអាមេរិកាំងនិយម រួមទាំង លោក សម រង្ស៊ី លោក កឹម សុខា និងលោក សុន ឆ័យ មិនយល់អំពីគោលការណ៍អព្យាក្រឹត្យអចិន្ត្រៃយ៍ ទើបប្រើពាក្យតុល្យភាពបែបនេះ។ រដ្ឋអព្យាក្រឹត្យអចិន្ត្រៃយ៍ ដូចកម្ពុជា មិនអាស្រ័យនឹងពាក្យថា តុល្យភាពរវាងប្រទេសមហាអំណាចទេ ផ្ទុយទៅវិញ ប្រទេសមហាអំណាច ត្រូវគោរពអធិបតេយ្យភាពជាតិ និងគោលការណ៍មិនលូកដៃចូលក្នុងប្រទេសកម្ពុជា។ គោលការណ៍នេះដែលប្រទេសតូច ដូចកម្ពុជា គឺត្រូវការឲ្យមហាអំណាចគោរព។
ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ខិតខំអនុវត្តនយោបាយការបរទេស និង សហប្រតិបត្តិការអន្តរជាតិជាមួយ ប្រទេសមហាអំណាច និងបណ្តាប្រទេសនានាលើសកលោក ដោយមិនរើសអើងលើប្រព័ន្ធនយោបាយក្នុងស្រុករបស់ប្រទេសទាំងនោះឡើយ។ ទម្ងន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍ អាស្រ័យនឹងការជួយគ្នា និងគោរពផលប្រយោជន៍គ្នា។ ដូច្នេះពួកនយោបាយអាមេរិកាំងនិយម គួរមានសមត្ថភាពយល់ដឹងអំពីតថភាពនៃប្រវត្តិសាស្ត្រផង និងបច្ចុប្បន្នភាពនៃនយោបាយមហាអំណាចនៅលើពិភពលោកផង ដើម្បីធ្វើយ៉ាងណាបំរើដល់ សន្តិភាព សន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេស សម្រាប់ភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។
ប្រលោមលោក " ប្រយោគក្អួតឈាម " ?
មិនទាន់ទាំងបានប៉ុន្មានផង អ្វីៗដែលធ្លាប់ផ្អែមល្ហែម ធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាត្រូវបានលាតត្រដាងយ៉ាងច្បាស់ចំពោះមុខប្រជាជាតិ សារព័ត៌មាន និងជាពិសេសបងប្អូន ក្មួយៗ សិស្សានុសិស្ស និស្សិត បញ្ញាវ័ន្ត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ។ ប្រយោគដ៏ព្រឺព្រួចមួយនេះត្រូវបានលើកឡើងដោយលោកបណ្ឌិតសេដ្ឋកិច្ច សម រង្សីុ ក្នុងន័យថា «សញ្ញាបត្រនៅស្រុកខ្មែរភាគច្រើនអត់មានតម្លៃ ប្រព័ន្ធអប់រំស្រុកយើងទន់ខ្សោយជាទីបំផុត" ។ ប្រយោគនេះហើយជាប្រយោគ " ក្អួតឈាម " ត្រូវបានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បច្ចុប្បន្នជាអនុប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានស្តីទីបន្ទោសយ៉ាងចាស់ដៃទៅលើលោក សម រង្សីុ ប្រធានបក្សប្រឆាំង រហូតដល់ងើបមុខមិនរួច " នេះបើតាមព័ត៌មានខ្សឹបដាក់មេក្រូ ខាងផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានទំលាយអោយដឹង"។ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៥ ថ្មីៗនេះលោក សម រង្សី បានចាកចេញពីកម្ពុជាដោយស្ងៀមស្ងាត់ ទៅកាន់ស្រុកកំណើតទី១ របស់គាត់នៅប្រទេសបារាំងដើម្បីស្វែងរកវិធីសម្របសម្រួលផ្ទៃក្នុងបក្សរបស់ខ្លួន ក្រោយពីមានការរង្គោះរង្គើ និងការធ្វើបដិវត្តន៏ពណ៌មិនបានសម្រេច។ ក្រោយពីការចាកចេញទៅរបស់មេបក្សប្រឆាំង ត្រូវបានជំនួសដោយ លោក កឹម សុខា ជាប្រធានស្តីទី នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៥ លោក កឹម សុខា បានប្រើពាក្យសម្តីក្អេងក្អាងដាក់សមាជិកសមាជិការរបស់ខ្លួន ពីអំណាច និង យុទ្ធសាស្ត្រដែលគាត់បានរៀបចំ ដាក់ចេញសុទ្ធតែត្រូវដូច្នេះត្រូវគាំទ្រគាត់ ខុសពីអ្នកខ្លះស្តីបន្ទោសឲ្យតែគេ តែខ្លួនមិនទទួលកំហុស (អាចសំដៅលើ លោក សម រង្សីុ) សំដីលោក កឹម សុខា សមនឹងពាក្យចាស់ថា "ឆ្មារមិននៅ កណ្តុរឡើងសោយរាជ្យ" នេះជាមហិច្ឆតាពិតរបស់លោក កឹម សុខា ដើម្បីកៀងគរអំណាចពេល លោក សម រង្សីុ រវល់ចេញក្រៅស្រុក ។ ខុសពីសម្តេចតេជោ ហ៊ុន សែន មានតែការបង្រួបបង្រួមជាតិ ជួយឲ្យជាតិថ្កុំថ្កើង ដែលខណៈពេលនេះ សម្តេច កំពុងខិតខំរកវិធីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងកៀងគរអ្នកវិនិយោគទុនអោយមកដាក់ទុនវិនិយោគនៅក្នុងស្រុកខ្មែរ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច ទេសចរណ៍ចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ៕