
Wednesday, July 1, 2015
បេឡាជាតិរបបសន្តិសុខសង្គម ជម្រុញឲ្យសហគ្រាស គ្រឹះស្ថាន បំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ
យោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចេញថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ បានជម្រាបជូនដំណឹងដល់ លោក លោកស្រី និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន អំពីការបំពេញកាតព្វកិច្ចបង់ភាគទានហានិភ័យដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយ ប.ស.ស សង្កេតឃើញថា មាននិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថានមួយចំនួន មិនបានបង់វិភាគទាន ឬមានការយឺតយូរ ក្នុងការបង់វិភាគទានមក ប.ស.ស។
បេឡាជាតិរបបសន្តិសុខសង្គម ក៏បានអំពាវនាវដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាននានា សូមមេត្តាអនុវត្តតាមកាតព្វកិច្ចច្បាប់ ក្នុងការបង់វិភាគទានហានិភ័យការងារមក ប.ស.ស ឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ ជាកំហិត។ ក្នុងករណីខកខានមិនបានបំពេញកាតព្វកិច្ច ក្នុងការបង់ភាគទានដូចបានកំណត់ខាងលើនេះ បេឡាជាតិរបបសន្តិសុខសង្គម នឹងចាត់វិធានការតាមច្បាប់ជាធរមាន។
បេឡាជាតិរបបសន្តិសុខសង្គម សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារខាងលើ នៃសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

Tuesday, June 30, 2015
រដ្ឋសភានឹងបើកឲ្យមានការពិភាក្សា លើសេចក្តីព្រាងច្បាប់អង្គការនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានឲ្យដឹងថា រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម
និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី១០
ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ឈាង វុន
ធ្វើឡើងនៅក្នុងជំនួបមួយជាមួយ ឯកឧត្តម Joachim Baron von
Marschell ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩
ខែមិថុនា ឆ្នាំ២០១៥។ ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា
ច្បាប់នេះមានគោលបំណងពង្រឹងតួនាទីរបស់សមាគម
និងអង្គការក្រៅរដ្ឋាភិបាលឲ្យទៅជាដៃគូអភិវឌ្ឍន៍ល្អ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ គណៈកម្មការទី៥នៃរដ្ឋសភាដែលមានលោកជាប្រធាន បានសហការជាមួយគណៈកម្មការជំនាញទី៤ និងទី៦ ពិនិត្យ និងពិភាក្សាគ្នាយ៉ាងល្អិតល្អន់។
ឯកឧត្តម ឈាង វុន
បានបញ្ជាក់ថារដ្ឋសភានឹងធ្វើសិក្ខាសាលាពិគ្រោះយោបល់មួយ
ពីសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ដោយមានការចូលរួមពីអង្គទូតនានាប្រចាំនៅកម្ពុជា អង្គការជាតិ
អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា។
គួរបញ្ជាក់ថា
សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក
និងមាន៣៩មាត្រា៕
អត្ថបទ៖ សុភាព
នៅថ្ងៃនេះពលករខ្មែរ ៨នាក់បានមកដល់កម្ពុជា បន្ទាប់ពីត្រូវបានជួយសង្គ្រោះចេញពីទូកនេសាទថៃ នៅប្រទេសឥណ្ឌូនេស៊ី
យោងតាមលិខិតមួយរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ៨នាក់ទៀតហើយ ដែលត្រូវបានជួយសង្រ្គោះចេញពីទូកនេសាទថៃ នៅក្នុងកោះអំបន់ ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពី រងគ្រោះ ដោយការជួញដូរកម្លាំងពលកម្ម។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ឲ្យដឹងក្នុងលិខិតដដែលថាពលករខ្មែរទាំង៨នាក់ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីវេលាម៉ោង ៣ និង៥៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ បន្ទាប់ពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី សហការជាមួយក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី រំដោះពួកគេចេញពីទូក នេសាទ។
ឯកឧត្តម ជុំ សុន្ទរី បានឲ្យដឹងទៀតថា តាមការណែនាំរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជាប្រចាំប្រទេស ឥណ្ឌូណេស៊ី បានជួបធ្វើការជាមួយក្រុមហ៊ុនឥណ្ឌូណេស៊ី PT.S & T Mitra Mina Industri ដែលជាក្រុមហ៊ុន តំណាងភាគីម្ចាស់ទូកនេសាទថៃ បានរៀបចំឲ្យពលករខ្មែរ ៨នាក់ ពីកោះអំបន់ បានវិលត្រឡប់មកកម្ពុជាវិញ។
ជាមួយគ្នានេះផងដែរ តាមការទាមទាររបស់ស្ថានទូត ក្រុមហ៊ុន បានបើកប្រាក់បៀវត្សរ៍ជូនពលករខ្មែរទាំង ០៨នាក់នេះរួចរាល់ហើយ។
គួរបញ្ជាក់ថាកន្លងមក ស្ថានទូតកម្ពុជា ក៏បានធ្វើការជាមួយក្រុមហ៊ុន PT. Maribu Industries Group ដោះស្រាយប្រាក់បៀវត្សរ៍ និងបញ្ជូនពលករខ្មែរចំនួន ២៣០នាក់ មកដល់កម្ពុជាផងដែរកាលពីថ្ងៃទី១៨ មិថុនា ២០១៥កន្លងទៅ៕

ឯកឧត្តម ម៉ាន់ ឈឿន ត្រូវបានប្រកាសជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ១ ជំនួសសម្តេច ជា ស៊ីម
នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ និតិកាលទី៣ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រឹទ្ធសភាបានប្រកាសទទួលស្គាល់លោក ម៉ាន់ ឈឿន ជាសមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ១ (រាជធានីភ្នំពេញ) ជំនួសសម្តេច ជា ស៊ីម ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។ នេះបើយោងតាមការប្រកាសលទ្ធផលប្រជុំព្រឹទ្ធសភា របស់អគ្គលេខាធិការព្រឹទ្ធសភានៅថ្ងៃត្រង់នេះ។ បន្ទាប់ពីនេះលោក ម៉ាន់ ឈឿន នឹងត្រូវធ្វើសច្ចាប្រណិតធានចូលកាន់តំណែង។
គួរបញ្ជាក់ផងដែរថា កន្លងមកឯកឧត្តម ម៉ាន់ ឈឿន ធ្លាប់ចុះដោះស្រាយបញ្ហាដីធ្លី និងវិវាទការងារនៅតាមរោងចក្រជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ជាងនេះទៅទៀតឯកឧត្តម ម៉ាន់ ឈឿន ជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ CDF ភ្នំពេញ និងធ្លាប់ជាអភិបាលរងរាជធានីភ្នំពេញផងដែរ។
ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីនេះ គឺយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥។
អត្ថបទ ជា សុភក្តិ

លទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅព្រឹកមិញនេះ រដ្ឋសភា បានបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែលមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំចំនួន ១០៦រូប ដែលក្នុងអង្គសភាបានសំរេចអនុម័តរបៀបវារៈទី១ ហើយសំរាប់រៀបវារៈទី២ និងបន្តប្រជុំនៅថ្ងៃស្អែកទៀត។
របៀបវារៈចំនួន២ដែលរដ្ឋសភាជាតិបានពិភាក្សាឆ្លង និងអនុម័តនៅក្នុងអង្គប្រជុំនៅថ្ងៃនេះរួមមាន ទី១ បោះឆ្នោតជ្រើសតាំងលោក ឯកឧត្តម ជា អឿង ចូលជាសមាជិកគណៈកម្មការផែនការវិនិយោគអភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ ២ ពិភាក្សា និងបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ស្តីពី "ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣"។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលចេញផ្សាយនៅរសៀលនេះ បានបញ្ជាក់ទៀតថា ជាលទ្ធផល ទី១ អង្គសភាបានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ជា អឿង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដោយសម្លេងចំនួន១០៣ លើ១០៦។ ទី២ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ដែលសេចក្តីព្រាងច្បាប់ថវិកានេះ មាន៣ជំពូក និង១១មាត្រា ដោយក្នុងអង្គប្រជុំនោះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាអំពីលទ្ធផលនៃការពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់ ហើយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ។ នៅក្នុងនោះដែរ អង្គសភាបានអនុម័តយល់ព្រមទទួលយកសេចក្តីព្រាងច្បាប់មកពិចារណាចំនួន ៦៧សំឡេង។ សមាជិករដ្ឋសភា ដែលមានមតិ មាន២រូប គឺឯកឧត្តម សុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ និងឯកឧត្តម ហែម ខន មកពីគណបក្សប្រជាជនកម្ពុជា។ អង្គសភាអនុម័តយល់ព្រមជំពូកទី១ ចំនួន៦៧ឡេង។ សមាជិករដ្ឋសភាដែលមានមតិចំនួន ៣រូប រួមមានឯកឧត្តម យ៉ែម បុញ្ញឬទ្ធិ ឯកឧត្តម ងឹម ញេង មកពីគណបក្សសង្គ្រោះជាតិ និងលោកជំទាវ ឡោក ខេង មកពីគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ បានផ្អាកនៅវេលាម៉ោង ១១:៤២ ថ្ងៃនេះ ហើយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ នឹងបន្តទៀត នៅថ្ងៃអង្គារិ៍ ទី ៣០ ខែមិថុនា ឆ្នាំ២០១៥វេលាម៉ោង ៨:០០នាទីព្រឹកស្អែកនេះ៕
អត្ថបទ៖ សុភាព


ប្រជាពលរដ្ឋតំបន់អារ៉ែងអះអាងថា ឯកឧត្តម ម៉ឹង ពន្លក មិនដូចពួកសន្យាខ្យល់មុនៗ
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមចលនាយុវជនក្រុម១៩៧ បានដឹកនាំគណៈប្រតិភូនៃចលនាយុវជនក្រុម១៩៧ ដែលមានការចូលពីក្រុមចលនាយុវជនក្រុម១៥៧ខេត្តកោះកុង និងខេត្តព្រះសីហនុ ចុះសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាង១០០០នាក់ ព្រមទាំងផ្តល់នូវអំណោយយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។
ឯកឧត្តម ម៉ឹង ពន្លក បានមានប្រសាសន៍ថា កន្លងមកមិនខ្វះទេអ្នកដែលមកដល់តំបន់នេះ ហើយបានសន្យាធ្វើនេះធ្វើនោះជូនប្រជាពលរដ្ឋ ប៉ុន្តែការពិតគេមិនបានធ្វើអ្វីដូចដែលពួកគេបានសន្យានោះទេ ឬអាចនិយាយថា គេសន្យាខ្យល់។ ជាក់ស្តែងក្នុងពេលថ្មីៗនេះកញ្ញា ធី សុវណ្ណថា សកម្មជនក្រុមប្រឆាំង បានចុះទៅតំបន់នេះហើយបានសន្យាជាច្រើន ចុងបញ្ចប់សង់បានតែបង្គន់រខេករខាកមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះខកចិត្តយ៉ាងខ្លាំង។
ឯកឧត្តម ម៉ឹង ពន្លក បានបញ្ជាក់ថា ចំពោះក្រុមចលនាយុវជនក្រុម១៥៧ គឺមិនសន្យានោះទេ ប៉ុន្តែបើយើងថាធ្វើគឺត្រូវតែធ្វើជូនប្រជាពលរដ្ឋតាមលទ្ធភាព ដើម្បីជួយកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់នោះ។ នៅពេលនោះផងដែរឯកឧត្តមបានមានប្រសាសន៍ថា នឹងធ្វើឲ្យរូចរាល់នូវសាលារៀនចំនួន៤ខ្នង ធ្វើអំពីថ្មដើម្បីជូនកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រ និងមិនឲ្យមានការលំបាកបន្តទៀតនោះទេ ព្រោះថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បាននិងកំពុងសាងសង់សាលារៀនឲ្យបានសមរម្យនៅគ្រប់ច្រកល្ហក នៅទូទាំងប្រទេសមិនឲ្យខ្វះនោះឡើយ។
ដោយមើលឃើញភាពខ្វះខាត គួបផ្សំជាមួយនឹងសំណូមពរយ៉ាងខ្លាំងពីសំណាក់លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រុមការងារចលនាយុវជនក្រុម១៥៧ បានផ្តល់អំណោយ ផ្ទាំងសូឡាចំនួន២គ្រឿង កុំព្យូទ័រលេបថបចំនួន២គ្រឿង និងម៉ាស៊ីនព្រីនខ្នាតតូចចំនួន២គ្រឿង ជូនដល់អនុវិទ្យាល័យ និងសាលាបឋមសិក្សាថ្មដូនពៅ។ បានផ្តល់អំណោយ ម៉ាស៊ីនបូមទឹកចំនួន១គ្រឿង ខ្សែភ្លើង២ដុំ អំពូលភ្លើង២០អំពូល និងបង្គន់ចំនួន១ខ្នង ប្រាំបន្ទប់ដល់វត្តសុវណ្ណឧទ្យាន។ បានផ្តល់អំណោយ គោយន្តចំនួន២គ្រឿង សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងមុខរបរកសិកម្ម និងកង់ចំនួន៤គ្រឿងដល់ក្រុមប្រជាការពារ។ ចំណែកសាលាឃុំចំនួន៣ រួមមានឃុំដូនពៅ, ឃុំជំនាប់ និងឃុំប្រឡាយក៏ទទួលបានអំណោយជាផ្ទាំងសូឡាចំនួន១ក្នុងមួយឃុំផងដែរ ។
ជាងនេះទៅទៀត ក្រុមយុវជនក្រុម១៥៧ បានពាំនាំនូវអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ មកចែកជូនប្រជាពលរដ្ឋចំនួន៤៦៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសារុងមួយ ក្រមាមួយ ក្រណាត់មួយដុំ ថ្នាំពេទ្យមួយប្រអប់ រួមទាំងថវិការ ២ម៉ឺនរៀល។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យស្ម័គចិត្តក្រុម១៥៧ បានពិនិត្យ ព្យាបាល និងបានចែកថ្នាំដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ។
ក្រុមចលនាយុវជនក្រុម១៥៧ បានអះអាងចំពោះមុខប្រជាពលរដ្ឋដែលនៅទៅនោះថា នឹងមកតំបន់នេះជាបន្តបន្ទាប់ទៀត ដើម្បីជួយដោះស្រាយការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។
ឯកឧត្តម ម៉ឹង ពន្លក បានបន្ថែមទៀតថា លោកនឹងមិនទុកឲ្យប្រជាពលរដ្ឋតំបន់អារ៉ែងរស់នៅឯកោ និងទទួលឥទ្ធិពលបន្តទៀតពីអ្នកសន្យាហើយមិនធ្វើ ឬសន្យាខ្យល់ទៀតឡើយ៕



ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គលើកទី៧ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំពេញអង្គលើកទី៧ និតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង៨ ព្រឹក នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៧នៃព្រឹទ្ធសភានឹងពិភាក្សាគ្នាលើរបៀបវារៈចំនួន ៣ ទី១ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ទី២ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ព្រឹទ្ធសភា និតិកាលទី៣ ទី៣ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង់គ្រោះមហន្តរាយ។
សូមអានសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដូចតទៅ

គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះបរទេសដែល ជ្រៀតជ្រែកការអនុម័តច្បាប់អង្គការ
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវជំហររបស់គណបក្សកាន់អំណាច ក្នុងការគាំទ្រការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយប្រកាសប្រឆាំងការជ្រៀតជ្រែក របស់បរទេសទៅក្នុងដំណើរការអនុម័តសេចក្តីព្រាងច្បាប់មួយនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បាន ថ្លែងយ៉ាងនេះនៅក្នុងពិធីកំណើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុង ខ័ណ្ឌចំគារមនរាជធានីភ្នំពេញ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជាប្រឆាំងដាច់ខាតចំពោះរាល់ ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូលក្នុងដំណើរការនេះដែលជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ហើយអំពាវនាវឲ្យមានការគោរពចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ និងជាសមាជិកមួយនៃអង្គការសហប្រជាជាតិ»។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអានសុន្ទរកថាក្នុងខ្លឹមសារបែបនេះនៅមុខមន្ត្រីរាជរដ្ឋាភិបាលនិងមន្ត្រីអង្គទូតនៃបណ្តាប្រទេសនានា ហើយនឹងអ្នកចូលរួមប្រមាណ១ម៉ឺននាក់ផ្សេងទៀត នៅក្នុងពិធីរំឭកខួបនេះនៅទីស្នាក់ការកណ្តាល ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគាំទ្រការបង្កើតច្បាប់គ្រប់គ្រងអង្គការនេះ ក្នុងគោលបំណងទ្រទ្រង់សិទ្ធិ សេរីភាព និងផលប្រយោជន៍របស់សមាគម និងអង្គការក្រៅរដ្ឋាភិបាល និងផលប្រយោជន៍សាធារណៈ៕




Subscribe to:
Posts (Atom)