Monday, August 4, 2014

បទ​អត្ថាធិ​ប្បាយ​ ៖ វិធានការច្បាប់ទៅលើក្រុមប្រឆាំង គឺជាការពង្រឹងនីតិរដ្ឋ

អត្តបទដោយ: ឧត្តម សក្តិ
  
ក្រុម​ អនាធិបតេយ្យ​ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ បាន​ដើរ​ធ្វើ​សកម្មភាព​ញុះញង់ អុជ​អាល ប្រឌិត​បញ្ហា​នានាក្នុង​សង្គម ​បំផុស​ប្រជាពលរដ្ឋ​ឲ្យប្រើប្រាស់​អំពើហិង្សា និង​សកម្មភាព​រំលោភ​ច្បាប់ ក្រោមរូបភាពនៃ​ការប្រមូលផ្តុំ​ធ្វើបាតុកម្ម កូដកម្ម និង​ការទាម​ទា​រ​​តវ៉ា​នានា ប៉ុនប៉ង​បង្ក​ឲ្យមាន​អស្ថេរភាព​នយោបាយ និង​ប៉ះពាល់​ដល់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ របៀបរៀបរយ​ក្នុងសង្គម​។​

ភាពព្រហើន និងអំនួតក្អេងក្អាងរបស់​ក្រុមប្រឆាំងនៅកម្ពុជាទាំងនេះ ​ត្រូវបានវាយ​បំបាក់​ដោយការអនុវត្តច្បាប់ និង​ការពង្រឹងនីតិរដ្ឋរបស់មន្ត្រីមានសមត្ថកិច្ច ដែលនេះ​ គឺ​ជាកា​រ​ព្រ​មាន​ចំពោះក្រុមមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យស្ថិតនៅក្រៅពីរង្វង់ច្បាប់ យកច្បាប់ទ្រាប់អង្គុយ។ តើការអនុវត្តច្បាប់របស់អាជ្ញាធរសមត្តកិច្ច ត្រូវបានចាត់ទុកថា ជាការបំផ្លាញនីតិរដ្ឋ ហើយ វិល​ទៅរក​អំណាច​ផ្តាច់ការ ដូច​ការអះ​អាងរបស់​ក្រុមប្រឆាំ​ង ឬយ៉ា​ងណា​?​ តើក្នុ​ងនា​មជា​អ្ន​ក​​តំ​ណាងរាស្ត្រអាណត្តិមុន និងជាតំណាងរាស្ត្រជាប់ឆ្នោតអាណត្តិថ្មី ដែលជាអ្នកបង្កើតច្បាប់ យល់ពីច្បាប់ ហើយបំពានច្បាប់ ទើបហៅថា ជាសិទ្ធិសេរីភាព ក្នុងសង្គម​ប្រជាធិ​បតេ​យ្យ​ ឬ​យ៉ាង​ណា​?

នរណា​ក៏​បាន​ដឹង​ដែរថា ចាប់​តាំង​ពី​​ក្រោយ​​ការ​បោះ​ឆ្នោត​​ ថ្ងៃ​ទី ​២៨ ខែកក្កដា ​ឆ្នាំ​ ២០១៣ ​មក ​អំពើ​ហិង្សា​​បាន​កើត​​ឡើង​ជា​​ច្រើន​លើក ​​ដែល​​បណ្តាល​​ឲ្យ​​មាន​​អ្ន​ក​​ស្លាប់ ​ អ្នក​របួស ​និង​​អ្នក​​ជាប់​​ក្នុង​​មន្ទីរ​ឃុំ​ឃាំង​​ជា​ច្រើន​​នាក់ ​​ដោយ​សារ​​ការ​ប្រឈម​មុខ​​ដាក់​គ្នា​​​ដ៏​​តាន​តឹងរវាងក្រុមកុបកម្មហិង្សា និងកងកម្លាំងមានសមត្ថកិច្ច ក្រោម​ការ​ញុះ​ញង់​ និង​ដឹកនាំបញ្ជាផ្លាល់ដោយគណបក្សសង្គ្រោះជាតិ​​។ ​សំណុំ​រឿង​​នៃ​​អំពើ​ហិង្សា​​កាល​ពី​ដើម​​ខែ​មករា​​ នៅ​​មិន​ទាន់​​ទាំង​​បិទ​​បញ្ចប់​​ (ទីលាន​ប្រជា​ធិបតេយ្យ​ត្រូវបានបិទបណ្ដោះអាសន្ន ហើ​យកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត) អំពើ​ហិង្សា​​ដ៏​​ឃោរឃៅ​​មួយ​ទៀត​​ ក៏​បាន​​កើត​ឡើង​​កា​ល​​ពី​​ខែមុនកន្លងទៅនេះ បន្ថែមមួយករណីទៀត។ ​ដែល​ទង្វើថ្មី​ទាំង​នេះ ​ត្រូវបាន​គេមើ​ល​ឃើ​ញ​​ថា ​បានដឹកនាំ និងបញ្ជាផ្ទាល់ដោយតំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​បក្ស​ប្រឆាំង​ ៨ រូប ​​និង​​សកម្ម​ជ​ន​​​​ម្នាក់ ​ទៀត​​ ហើយត្រូវ​បាន​​កម្លាំងសមត្ថកិច្ចចាប់ឃុំ​ខ្លួន​​ក្នុង​​ពន្ធនាគារ​​ ក្រោមបទ​ចោទ​ដឹកនាំ​កុបកម្ម និង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើហិង្សា និង​បទល្មើស រួម​ទាំង​បទ​ផ្តើមគំនិត​បង្ក​អំពើហិង្សាដោយ​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស គឺ​ជា​បទ​ចោទ​ទាំង ៣ ដែល​ព្រះរាជអាជ្ញា​បាន​សម្រេច​ឃុំខ្លួន​មនុស្ស​របស់​គណបក្សប្រឆាំងនាពេលកន្លងមក ក្នុង​សំណុំ​រឿង​អំពើ​ហិ​ង្សា​ ​បង្ហូរ​ឈាម រវាង​កម្លាំង​សន្តិសុខ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី ១៥ ខែកក្កដា​ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាល​ឲ្យ​កង​កម្លាំ​ងសន្តិសុខ​របស់​អាជ្ញាធ​រមូល​ដ្ឋានរងរបួសធ្ងន់ និងស្រាល ប្រមាណ ៣៨ នាក់។

ការចាប់ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ធ្វើ​បា​តុ​កម្ម កន្លង​ទៅនេះទៀតសោ ត្រូវបានគេមើលឃើញថា ជា​បទ​ល្មើស​ជាក់ស្តែង កើតចេញ​ពី​បាតុកម្មហិង្សា​។ បើយោងតាមបទដឹកនាំកុបកម្ម តាមមាត្រា ៤៥៩  នៃក្រមព្រហ្មទណ្ឌ ដែលអាច​ប្រឈម​មុខនឹង​ការជាប់ពន្ធនាគារពី ២០ ឆ្នាំ ទៅ ៣០​ ឆ្នាំ  បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រ​ឈ​មមុខនឹងការជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ ​លា​ន​​រៀល  បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ ដែលអាច​​ប្រឈ​ម​មុ​ខនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ​ ១០​ លាន​រៀ​ល និងមាត្រា ២៨ ចែងពីអ្នកផ្តើមគំនិត។ ហើយពេលនេះ សំណុំរឿង​ក្តីប្រឆាំង​ជន​ទាំង​នោះ កំ​ពុ​ង​​ស្ថិត​ក្នុង​ដំណើរការ​របស់​តុលាការ​ ដោយមិនជាប់​ពាក់ពន្ធ​នឹងរឿង​នយោបាយ​អ្វី​ទាំងអស់។ ចុះហេតុអ្វី បានជាគណបក្សសង្គ្រោះជាតិទាញបញ្ហាទាំងនេះឲ្យទៅជារឿងនយោបាយ ហើ​យ​ទម្លាក់ការទទួលខុសត្រូវមកលើរាជរដ្ឋាភិបាលទៅវិញ? តើនេះ​ជាយុទ្ធសាស្រ្ត​ស្វាស៊ីបាយ​លាប​មាត់ពពែរបស់បក្សប្រឆាំង ឬយ៉ាងណា?

ទោះយ៉ាង​ណា  រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រសូតចេញ​ពី​ការ​បោះ​ឆ្នោត​តាម​លទ្ធិ​ប្រ​ជា​​ធិបតេយ្យ សេរី​ ពហុបក្ស​ ​ប្រាកដជាមាន​កាតព្វ​កិច្ច​ការពារ​​ជាតិ ហើយ​នឹង​ប្រកាន់​យ​ក​​គ្រប់​វិធា​ន ​ការ​ច្បាប់ទាំង​អស់​ ដើម្បី​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ការពារ​បាវចនា​ជាតិ សាសនា ព្រះ​ម​ហា​​​ក្សត្រ​ និង​ជា​ពិ​សេស​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ ពហុបក្ស​ ក៏​ដូច​ជា​ធានា​នូវ​ប្រក្រតី​ភាព​នៃ​ដំ​ណើរ​​ការ​សង្គម និងសេដ្ឋកិច្ច​ ជាពិសេស​ជី​វភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ ​ហើយនឹង​មិន​បណ្តោ​យ​ឲ្យក្រុម​បក្សប្រឆាំង​បង្កច​លាច​ល​សង្គម​ បំ​ផ្លាញផល​ប្រយោជន៍​រួម​របស់​ជាតិ​នោះ​ទេ​។


ដូច្នេះ ល្មម​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំងបញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នា​ក់​ ​ដល់​សង្គម​ជាតិ ហ៊ានទទួលយកការពិត នូវភាពបរាជយ័របស់ខ្លួន ងាកមកគោរពច្បាប់ ហើ​យ​ តម្កល់​ផលប្រយោជន៍ជាតិជាធំ  ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការ​ជឿទុកចិត្ត​គ្នា​រវាងអ្នកនយោបាយទាំងអស់។ វិធានកា​រច្បាប់​ទៅ​លើក្រុ​ម​ប្រឆាំង គឺជាការ​ពង្រឹង​នីតិរដ្ឋ ដែល​ជាមូ​លដ្ឋា​ន​គ្រឹះ​ដ៏រឹង​មាំនៃ​លទ្ធិប្រ​ជាធបតេ​យ្យនៅ​កម្ពុ​ជា ដែលចាំបាច់​ត្រូវតែ​ចាប់បង្ខំមនុស្សគ្រប់រូបឲ្យស្ថិតនៅក្រោមច្បាប់ គោរពរដ្ឋធ​ម្មនុ​ញ្ញ​របស់​ជាតិ៕

Friday, August 1, 2014

ទស្សនៈ Brad Adams មិនយល់ទាល់តែសោះអំពី «កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤» ជាពិសេសគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអាចបង្កើតឡើងថ្មីមួយ និង សមាជិកទី៩ របស់គណៈកម្មាធិការនេះ


នៅក្នុងបទសម្ភាសន៍ជាមួយនឹង Chi Vita ដែលបានបង្ហោះលើគេហទំព័រវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក Brad Adams បានបើកការវាយប្រហារបង្កាទុកជាមុន ដើម្បីរារាំងឱកាស​ដ៏ល្អមួយ​សម្រាប់​ឱ្យ ប្រជាជនកម្ពុជាមាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយ ដែលល្អជាង​គណៈ​កម្មាធិការ​ដែល​មាន ស្រាប់នេះរាប់រយរាប់ពាន់ដង។

ប្រការ២នៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRP បានចែងអំពីការបង្កើត គ.ជ.ប ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (គឺគណ​បក្ស​ប្រជា​ជនកម្ពុជា) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (គឺគណបក្សសង្គ្រោះជាតិ) ហើយ​សមាជិក​ទី៩ តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋ​សភាជាតិ។


 ការររៀបចំសមាសភាពនៃគ.ជ.ប បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPPCNRP នោះទេ។ សមាជិកទី៩ ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវ​បាន​ទទួល​យក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ គ.ជ.ប។ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជន​កម្ពុជា Brad Adams បាន បង្ហាញនូវ​ប្រភេទ​ទស្សនៈអួតអាង​លើកតំកើង​ខ្លួនឯងដ៏​អាក្រក់​របស់លោក​ដោយ​ខកខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក។


 នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទី៩នៃគ.ជ.បហើយ ដែលនេះ គឺជាវិញ្ញាសារ​ធំបំផុត​ដំបូង​សម្រាប់​សាក​ល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល។ ប្រសិនបើអ្នក​ដែលត្រូវ​បាន​តែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទី៩នេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និង​អព្យា​ក្រឹតភាព​នៅក្នុងដំណើរការ គ.ជ.ប ថែមទៀត។ ត្រឹមម៉ោង៧យប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មាន​មួយ​ចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេល​ដែលមានការ​ឆ្លើយឆ្លង​លិខិតទៅ​វិញទៅ​មករ​វាង​អ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីវកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោក​ស្រីក៏បាន​យល់ព្រម​ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណ​បក្សនយោបាយ​ទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ។


 ការប្រញាប់ប្រញាល់របស់Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRPនោះ» និងជាពិសេសគ.ជ.ប ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី៩ គឺជាភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះ​ជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែល​លោក​ធ្លាប់​ប្រកាស​ថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ។»


 ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក១ ដើម្បីផ្តល់តំណែងដល់សមាជិកទាំង៩រូបនៅគ.ជ.ប។ នេះគឺជាវិញ្ញាសារដ៏ធំមួយ​ទៀតអំពីឥ​រិយាបទ​នយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ។ បន្ទុកសម្រាប់​ការទទួល​ខុសត្រូវ​របស់​សមាជិក​សភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP

Brad Adams នឹងជាអ្នកឈ្នះចុងក្រោយគេ ប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក។
  
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា





ទស្សនៈ៖ បន្ទាប់ពីពហិការមិនព្រមចូលសភាយ៉ាងយូររបស់គណបក្សសង្គ្រោះជាតិ ឥរិយាបទនយោបាយថ្មីមួយបានចាប់បដិសន្ធិឡើង

     សករាជថ្មីមួយនៅក្នុងនយោបាយកម្ពុជា ត្រូវបានចារទុកសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ ក្រោយ រយៈពេលមួយឆ្នាំដែលគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលសភាតាំងពីការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឈាន ដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់វិបត្តិនយោបាយនេះ។ «កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង CPP និង CNRP គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ មួយដោយសារហេតុផលមួយចំនួន។


          ទីមួយ និងសំខាន់បំផុត កិច្ចព្រមព្រៀងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ជម្រុញប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងច្បាប់​​នៃអំណាចនីតិបញ្ញត្តិក្នុងការឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកបោះឆ្នោត ដ៏សកម្មនិងរស់រវើក ដែលកំពុងកាន់តែមិនសប្បាយចិត្តជាមួយនឹង «របៀបធ្វើការចាស់ៗ» ដោយអាជ្ញាធរនានាដែលគ្រប់គ្រងទាំងស្រុងដោយ CPP។ អ្នកបោះឆ្នោតបានបោះឱ្យ CPP ៦៨ អាសនៈ និង CNRP ៥៥អាសនៈ ក្នុងការបោះឆ្នោតទូទៅ ខែកក្កដា ឆ្នាំ២០១៣ ដែលជាលទ្ធផលមួយដែលចាប់ផ្ដើមពង្រឹង អំណាចតថ្លៃរបស់ CNRP និងមិនអនុញ្ញាតឱ្យ CPP គ្របសង្កត់បានដូចមុនទៀតឡើយ។ ការធ្វើពហិការមិន ចូលសភាដោយតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ចាប់តាំងពីសម័យប្រជុំដំបូងរបស់សភា ក្រោមការ ចោទប្រកាន់ផ្សេងៗនោះ នឹងត្រូវបញ្ចប់នៅក្រោម «កិច្ចព្រមព្រៀងនេះ»។


          ទីពីរ ហើយសំខាន់ដូចទីមួយដែរនោះគឺ ឆន្ទៈនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន ហុចប្រជាធិបតេយ្យទៅអោយសភា និងតាមរយៈសភានេះទៅអោយប្រជាពលរដ្ឋកម្ពុជានៅពេលដ៏ត្រឹមត្រូវ មួយ គឺនៅពេលដែលសម្តេចគិតថាជាពេលវេលាដ៍សក្តិសមមួយ​ ដែលនេះបង្ហាញថាសម្តេច គឺជាអ្នកការពារ សន្តិសុខ ឯកភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជា។ គឺជាការច្បាស់លាស់ណាស់ថា គេមិនអាចរាំចង្វាក់ តង់ហ្គោ (Tango) ដោយមិនមានដៃគូរនោះទេ ដែលមានន័យថាត្រូវតែមាន សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ឬក្នុងន័យទូលាយជាងនេះត្រូវតែមាន CPP និង CNRP ដើម្បីចុះកិច្ចព្រមព្រៀងមួយ ឬបង្កើតកិច្ចព្រមព្រៀងនេះ។ ក៍ប៉ុន្តែការពិតនៅតែបង្ហាញថា ប្រសិនបើគ្មានគតិបណ្ឌិត និងឆន្ទៈនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ប្រជាធិបតេយ្យពិតប្រាកដមួយ នឹងត្រូវឆ្លងកាត់អំឡុងពេល អស្ថេរភាព ធ្វើដំណើរទៅជាមួយក្តីសង្ឃឹមផង និងក្តីអស់សង្ឃឹមផង ដកដង្ហើមរស់តាមរយៈការប្រឈមមុខ ដាក់គ្នា និងភាពស្ងប់ស្ងាត់ដោយគ្មានភាពប្រាកដប្រជា និងការធានាបាននូវជោគជ័យដោយសារតែគ្មានការ ដឹកនាំ​ និងទស្សនៈវិស័យនោះទេ។ ប៉ុន្តែ ប្រជាធិបតេយ្យបែបបំផ្លិចបំផ្លាញ និងប្រជានិយមអាចត្រូវបានផ្តល់ យ៉ាងងាយស្រួលទៅឱ្យហ្វូងមនុស្សនៅតាមដងផ្លូវដោយមនុស្សដែលមិនទទួលខុសត្រូវ។

          ទីបី គឺកំណែទម្រង់មូលដ្ឋានដែលមិនបានប្រកាសនៃអំណាចនីតិបញ្ញាត្តិដែលកើតចេញពី «កិច្ចព្រម ព្រៀង» នយោបាយនេះ។ កំណែទម្រង់មួយនេះ​គឺខុសគ្នាទាំងស្រុងពីកញ្ចប់ដ៏ធំមួយនៃកំណែទម្រង់ស៊ីជម្រៅ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០១៣។ ពេលនេះ ការកោតសរសើរត្រូវតែ ផ្តល់ទៅឱ្យអ្នកនយោបាយកម្ពុជា ទាំង CPP និង CRNP ។ អ្នកនយោបាយកម្ពុជា «ប្រឈមមុខនឹងបញ្ហា ដោយក្លាហាន និងដោះស្រាយវាដោយបើកចំហរ»។ ពួកគេនឹងធ្វើការជាមួយគ្នានៅក្នុងសភា ដើម្បីដោះស្រាយ បញ្ហាជាតិក្រោមគោលគារណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពួកគេ នឹងរួមគ្នាកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) និងនីតិវិធីបោះឆ្នោត។ ពួកគេនឹងរួមគ្នាធ្វើការកែទម្រង់រដ្ឋសភាជាតិ ដើម្បីឱ្យ ស្ថាប័នជាតិដ៏សំខាន់មួយនេះ ក្លាយទៅជាឯករាជ្យ និងដាច់ចេញពីអំណាចនីតិប្រតិបត្តិ។ អ្នកបោះឆ្នោតនឹង មានឱកាសមើលអង្គនីតិបញ្ញត្តិធ្វើការងារ។ អ្នកបោះឆ្នោតនឹងទាមទារឱ្យមានតម្លាភាព និងការបើកចំហរនៃ ការពិភាក្សាដេញដោល។ ពួកគេនឹងមើលឃើញរបៀបដែលតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សពួកគេប្រតិបត្តិ ខ្លួនដូចម្តេចនៅពេលបំពេញការងារតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ។


          ថ្ងៃទី២២ ខែកក្កដា គឺជាថ្ងៃមួយដែលត្រូវចងចាំ។ តើការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃ CPP នឹងបន្សល់ទុកនូវកេរ្ត៍តំណែលមួយដល់ប្រជាជនជំនាន់ក្រោយដែលសម្តេច បានដើរតួនាទីដ៏សំខាន់ក្នុងការជម្រុញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងការចោទប្រកាន់ ដែលមានចេតនាអាក្រក់ថាសម្តេច ជាជនផ្តាច់ការនោះដែរឬទេ? ចម្លើយគឺត្រូវហើយវានឹងដូច្នេះ។ លើសពី នេះទៀត មេដឹកនាំ CPP និង CNRP សមទទួលបានការសរសើរដ៏ពេញលេញ និងការគោរពដ៏ជ្រាលជ្រៅ ពីព្រោះពួកគេបានសន្យាថានឹងបំពេញកិច្ចការរបស់ពួកគេប្រកបដោយមនសិការសម្រាប់ ពង្រឹងប្រជាធិប តេយ្យ នៅរដ្ឋសភាជាតិក្រោមមាត្រានៃ «កិច្ចព្រមព្រៀងនេះ» ហើយបន្ទាប់មកពួកគេនឹងរុញទម្លាក់ប្រជាធិប តេយ្យ ទៅឱ្យប្រជាពលរដ្ឌកម្ពុជានៅក្រោមដំណើរការនៃការធ្វើប្រជាធិបតេយ្យរូបនីយកម្មរចនាសម្ព័ន្ធ និង ស្ថាប័ន។ ជាចុងក្រោយ បុគ្គលិកលក្ខណៈនយោបាយមួយដោយផ្អែកលើការពិភាក្សា ការជជែកវែកញែក និង ការសម្របសម្រួលបានចាប់ផ្តើមលេច ជារូបរាងរវាងអ្នកកាន់តំណែងនៃអំណាចនីតិបញ្ញត្តិពីគណបក្ស នយោបាយប្រឆាំង ដែលគួរតែទទួលបានសិទ្ធិស្មើគ្នា កិត្តិយសដូចគ្នាក្នុងនាមជាតំណាងរាស្ត្រ និងទទួលបាន ចំណាប់អារម្មណ៍ដូចគ្នាពីសាធារណៈជន។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា



Thursday, July 31, 2014

ក្រុមហ៊ុនបោះពុម្ដជប៉ុន សុំទោស កម្ពុជា ទាក់ទងនឹងការប្រើប្រាស់ រូបអង្គរវត្ដនៅលើគម្របសៀវភៅបង្រៀនភាសាវៀតណាម

ភ្នំពេញៈ តាមរយៈ គេហទំព័រស្ថានទូតជប៉ុន បានអោយដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ក្រុមហ៊ុនបោះពុម្ដអាស៊ូការរបស់ ប្រទេសជប៉ុនបានចេញលិខិត សុំទោស​មួយ​តាម​រយៈ​គេហ​ទំព័ររបស់ស្ថានទូត ប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា លើបញ្ហា ដែល​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​រូបអង្គរវត្ដ នៅលើគម្របសៀវភៅបង្រៀនភាសាវៀតណាម។ ខាងក្រោមនេះគឺជា ខ្លឹមសារ​លិខិត​សុំទោសរបស់ ក្រុមហ៊ុនបោះពុម្ដនោះ។

លិខិតជាភាសាអង់គ្លេសៈ


លិខិតជាភាសាជប៉ុនៈ


 គំរបសៀវភៅចាស់ៈ


គំរបសៀវភៅ ពេលដែលបោះពុម្ដជាថ្មីៈ




Wednesday, July 30, 2014

ជើងហោះហើរត្រង់ពីកូរ៉េបានមកដល់ខេត្តព្រះសីហនុជាលើកដំបូង

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ជើងហោះហើរត្រង់ លើកដំបូងពី សាធារណរដ្ឋកូរ៉េ មកកាន់ខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤នៅពេល ដែលយន្តហោះស្កាយវីងអេស៊ាអ៊ែឡាញ៣២០មួយគ្រឿងបាននាំអ្នក ដំណើរចម្រុះជាតិសាសន៍ ប្រមាណ១៤២នាក់ មកចុះចតនៅព្រលានយន្តហោះ អន្តរជាតិកងកេង កាលពីម៉ោង២រសៀលនោះ។
យន្តហោះស្កាយវីងអេស៊ាអ៊ែឡាញ ៣២០ បានប្រើរយៈពេលជាង៦ម៉ោង ចេញដំណើរពីទីក្រុងសេអ៊ូល មកកាន់ខេត្តព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរចូលទស្សនានៅទីក្រុងព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសៀមរាប ដែល បានធ្វើដំណើរបន្តតាមរថយន្តទេសចរណ៍។
នៅឯព្រលានយន្តហោះកងកេងឯកឧត្តម ឈិត សុខុន អភិបាលខេត្តនិងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត បានទទួលស្វាគមន៍ចំពោះការមកដល់ ប្រកបដោយសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមយន្ត ហោះស្កាយវីងអេស៊ាអ៊ែឡាញ៣២០នេះ
ដោយ ជ័យ ភូមិពល

ឯកឧត្តម សុខ អាន ៖ សមត្ថភាពរបស់មេធាវីត្រូវពង្រឹង ទាំងក្នុងការអប់រំដំបូងនិងការអប់រំបន្ត

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈ​មេធាវី​ ដល់​សិស្ស​មេធាវី​ជំនាន់​​ទី១០​ ទី១១និង​ ទី១២​ និង​បើក​វគ្គ​​សិក្សា​ វិជ្ជាជីវៈ​មេធាវី​​ដល់​​សិស្ស​​មេធាវី ​ជំនាន់​ទី១៣​ នៃ​មជ្ឈ​​មណ្ឌល​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មេធាវី​នាព្រឹក​ថ្ងៃទី២៩​ កក្កដា​ ឆ្នាំ២០១៤​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា សមត្ថភាព​របស់មេធាវីត្រូវពង្រឹងទាំង ក្នុងការអប់រំដំបូង និងការអប់រំបន្ត សំដៅផលិត​ធនធាន​មនុស្សក្នុង​វិស័យ​យុត្តិធម៌ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការការពារសិទ្ធិ និងសេរីភាពរបស់ប្រ ជាពលរដ្ឋ​តាមច្បាប់ជាធរមាន។
ឯកឧត្តម សុខ អាន បានរម្លឹកអំពីដំណើរការនៃការពង្រឹងនីតិរដ្ឋ និងបង្ហាញ បទពិសោធន៍ ដែលទទួលបាន​ពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម ដែលបទពិសោធន៍​ពីសាលាក្ដីខ្មែរ​ក្រហមនោះសម្រាប់ការ ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងអំពីតម្រូវការ ក្នុងការបើកឲ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំខាន់មួយទៀត គឺ«រដ្ឋបាលតុលា ការ»។



ឯកឧត្តមបានពន្យល់ថា «រដ្ឋបាលតុលាការ» មានតួនាទីគ្រប់គ្រងបុគ្គលិក គ្រប់គ្រងសំណុំរឿងក្ដី ដោយប្រើបច្ចេកវិទ្យា (IT) គ្រប់គ្រងហិរញ្ញវត្ថុ ជាអ្នកបកប្រែ ភាសា និងជាអ្នកនាំពាក្យ​របស់​តុលាការជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរម្លឹកថា ប្រមាណ១០ឆ្នាំមុន ដោយមិនមាន មន្ត្រីចេះចាត់ចែង​រដ្ឋបាលក្នុង​តុលាការ សំណុំរឿងបាននៅសល់រាប់ម៉ឺន មិនបាន កាត់ក្ដី ហើយសំណុំរឿងខ្លះចូលមុន កាត់ក្ដីក្រោយ អ្នកខ្លះទោសត្រូវជាប់ពន្ធនាគារ ៦ខែ តែជាប់ដល់៣ឆ្នាំ ហើយចៅក្រមភ្លេចហៅមកកាត់ក្ដីក៏មាន។ ដូច្នេះយើងត្រូវ បង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយទៀត គឺ«រដ្ឋបាលតុលាការ» នៅ ក្រោមបណ្ឌិត​សភាវិជ្ជាជីវៈតុលាការ ដែលបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈចំនួន០៤រួចហើយ គឺសាលាចៅក្រម សាលាក្រឡាបញ្ជី សាលាសាការី និង សាលាអាជ្ញាសាលា។

ទាក់ទិននឹងដំណើរការនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាធិប តេយ្យត្រូវតែដើរទន្ទឹមនឹងនីតិរដ្ឋ ហើយបើនិយាយពីដំណើរការ នៃការពង្រឹងនីតិ រដ្ឋ គឺត្រូវនិយាយអំពីការកសាងច្បាប់ល្អ ច្បាប់ត្រឹមត្រូវ និយាយអំពីការពង្រីកការ យល់ដឹងអំពីច្បាប់ទាំងនោះដល់ប្រជាជនទូទៅ និងដល់មន្ត្រីរាជការ និងការ​អនុវត្ត ច្បាប់ឲ្យត្រឹមត្រូវ។ ជាអ្នកនៅចំរណសិរ្សជួរមុខ នៃការអនុវត្តច្បាប់មេធាវីត្រូវតែ យល់ដឹងអំពីច្បាប់​ឲ្យបានស៊ីជម្រៅ ហើយវិជ្ជាជីវៈមេធាវី ត្រូវខិតខំតស៊ូការពារកូន ក្ដី ដើម្បីឲ្យតុលាការអនុវត្តច្បាប់បាន​ត្រឹមត្រូវ ដែលនោះហើយជាដំណើរការ នៃ ការពង្រឹងនីតិរដ្ឋ ។
ឯកឧត្តម សុខ អាន បានផ្តល់អនុសាសន៍ចំពោះសិស្សមេធាវីថា មេធាវីមិន ត្រឹមតែមានតួនាទី​ការពារក្តី​ជូនកូនក្ដីនៅគ្រប់កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែមេធាវីគឺ ជាធនធានបញ្ញា ដែលបានចូលរួមចំណែក​យ៉ាង​សកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ហើយបានក្លាយជាកត្តា ដែលមិនអាចខ្វះបានក្នុង​ការចូលរួមអនុវត្តន៍​គោល នយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងទទួលបានការទុកចិត្តពីប្រ ជាពលរដ្ឋទូទៅ​ក៏ដូចជាពាណិជ្ជករផងដែរ។ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យស្របទៅ តាមគោលការណ៍ទីផ្សារសេរី និងគោល​ការណ៍លទ្ធិប្រជាធិបតេយ្យ ច្បាប់ និង សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា និងមានទំនាក់ទំនងដោយ​រលូនជា​មួយគ្នា។ ជាក់ស្តែង ការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាកត្តាចម្បងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិនោះអាចទទួលបានជោគជ័យ ត្រូវពឹងផ្អែកទៅលើកត្តាជា ច្រើន ដែលក្នុងនោះ​ទំនុកចិត្តទៅលើប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាកត្តា អាទិភាពមួយ ដើម្បីធានាការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកវិនិយោគ។

ឯកឧត្តម សុខ អាន បានស្នើឲ្យគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈមេធាវីបន្ត​បេសក​កម្មដ៏​ប្រពៃរបស់ខ្លួន ដើម្បីបន្តចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់រាជ រដ្ឋាភិបាល។ ក្នុងន័យនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរផ្តោតការ យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការធ្វើទំនើបកម្ម នៃកម្ម វិធីសិក្សារបស់ខ្លួន​ឲ្យមានកម្រិតកាន់តែខ្ពស់ ការបង្កើនសមត្ថភាពសាស្រ្តាចារ្យ ទាំងទ្រឹស្ដី និងការអនុវត្តការងារជាក់ស្ដែង។ ជាមួយគ្នានេះដែរ គណៈមេធាវីក៏ដូច ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរពង្រឹង និងពង្រីក​ទំនាក់ទំនងល្អ ជាមួយស្ថាប័នច្បាប់ជាតិ និងអន្តរជាតិទាំងស្ថាប័នសាធារណៈ និងឯកជនបន្ថែម ទៀត ជាពិសេសគណៈមេធាវី និងក្រុមហ៊ុន មេធាវីល្បីៗក្នុងសកលលោក ដើម្បីធ្វើ ការផ្លាស់ប្តូរបទ​ពិសោធន៍​ទៅវិញទៅមក។
របាយការណ៍បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីបានឲ្យដឹងថា ចាប់តាំងពី ឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌល​បានបណ្តុះបណ្តាលមេធាវីបានចំនួន១២វគ្គ ដោយបណ្តុះបណ្តាលមេធាវីបានចំនួន៦០៨នាក់ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវី ជំនាន់ទី១៣ចំនួន៥៤នាក់។ បច្ចុប្បន្ននេះ មេធាវីពេញសិទ្ធិដែលកំពុង​ប្រកបវិជ្ជា ជីវៈមេធាវីមានចំនួន៧២៥រូប ដោយបានបើកការិយាល័យរបស់ខ្លួននៅទូទាំង ប្រទេសចំនួន​៣០០ការិយាល័យ៕
ដោយ ពេជ្រ ណារិទ្ធ

ឥណ្ឌារីករាយក្នុងការបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា លើគម្រោងអភិវឌ្ឍន៍វិស័យធារាសាស្រ្ត និងថាមពលអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជម្រាប នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នា​រសៀល​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងថា រដ្ឋា ភិបាលឥណ្ឌាមាន សេចក្តី សោមនស្ស រីករាយ ក្នុងការបន្តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជា សម្រាប់គម្រោង អភិវឌ្ឍន៍ក្នុង វិស័យ ធារាសាស្រ្ត និងថាមពលអគ្គិសនី។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រ កបដោយភាព ឈ្លាសវៃ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំចុង ក្រោយនេះ។
ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូត ឥណ្ឌា ដែលបានឆ្លៀត ពេល ដ៏មមាញឹកមកជួបពិភាក្សាការងារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ហើយចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ មិនអាចកាត់ផ្តាច់ចេញបានពីកិច្ច ខិតខំប្រឹងប្រែង និងការ ចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌា និងសមានចិត្តរបស់រដ្ឋាភិបាល និង ប្រជាជនឥណ្ឌាផងដែរ ។
ភាគីទាំងពីរ បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសកិច្ចសហ ប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានា ដែលកំពុង ដំណើរការ និងការពិនិត្យ លទ្ធភាពអនុវត្តន៍គម្រោងថ្មីៗទៀត។
ក្នុងនាមជាមិត្តដ៏ល្អមួយរបស់កម្ពុជា ប្រទេសឥណ្ឌាបានផ្តល់ឥណទាន សម្បទាន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរហូត មកដល់បច្ចុប្បន្នមានទឹកប្រាក់សរុបចំនួន ៧៥លាន ដុល្លារអាម៉េរិក សម្រាប់អនុ វត្តន៍គម្រោងអភិវឌ្ឍន៍នានាក្នុងវិស័យធារាសាស្រ្តកសិម្ម និងថាមពលអគ្គិសនី នោះ៕
ដោយ ហ៊ុន យុទ្ធគុណ

ទូរទស្សន៍ខេត្តយូណាននិងទូរទស្សន៍ជាតិកម្ពុជានឹងរៀបចំមហោស្រព និទាឃៈរដូវកម្ពុជា-ចិន២០១៥នៅខែកុម្ភៈ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ ក្រសួងព័ត៌មាន​ កាលពីថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០១៤​ នៅទីស្តីការក្រសួង​ លោក​ Li Jiansheng ​អគ្គនា​យក​វិទ្យុ និងទូរទស្សន៍ខេត្តយូណាន នៃសាធារណរដ្ឋប្រជា មានិតចិន បានជម្រាបថា ទូរទស្សន៍​ខេត្តយូណាន សហការជាមួយទូរទស្សន៍ ជាតិកម្ពុជានឹងរៀបចំមហោស្រពនិទាឃៈរដូវកម្ពុជា-ចិន ២០១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ សម្រាប់ជាឱកាសបង្ហាញឲ្យប្រជាជនកម្ពុជា និងប្រជាជនចិនបាន យល់ និង​ស្គាល់​ពីវប្បធម៌ និងប្រពៃណីពីគ្នាទៅវិញទៅមកកាន់តែច្បាស់ថែម ទៀត ។
នៅក្នុងជំនួបនោះ លោកអគ្គនាយបានជម្រាបឯកឧត្តមរដ្ឋមន្រ្តីពីសកម្ម ភាព នៃកិច្ចសហប្រតិបត្តិការរវាង​ទូរទស្សន៍ខេត្តយូណាន ជាមួយទូរទស្សន៍ក្នុង ប្រទេសថៃ កាលពីឆ្នាំ២០១៣ និងជាមួយទូរទស្សន៍ឡាវនៅ ឆ្នាំ២០១៤ ក្នុងការ បង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ប្រទេសនីមួយៗទៅវិញទៅមក។ ដូច្នេះការ រៀបចំជា​មហោស្រព​នៅ ឆ្នាំ២០១៥ខាងមុខនេះក្នុងប្រទេសកម្ពុជា ទូរទស្សន៍ ខេត្តយូណាន បានជួបពិភាក្សា​ជាមួយមន្ត្រី នៃក្រសួងពាក់ព័ន្ធជាច្រើន ដើម្បី ពិនិត្យសម្ភារបច្ចេកទេស និងទីកន្លែងដែលត្រូវប្រារព្ធពិធី ហើយទូរទស្សន៍ខេត្ត យូណាននឹងធ្វើការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះទៅប្រទេសចិនផងដែរ។
នៅក្នុងព្រឹត្តិការណ៍មហោស្រពនិទាឃៈរដូវនេះ ក៏នឹងមានគម្រោងគោរព អញ្ជើញសម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ផងដែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងការគាំទ្រចំពោះគម្រោងសហ ប្រតិបត្តិការរវាងទូរទស្សន៍ជាតិកម្ពុជា ជាមួយទូរទស្សន៍ខេត្តយូណាននៃប្រទេស ចិន ក្នុងការរៀបចំជាមហោស្រពនិទាឃៈរដូវកម្ពុជា-ចិន២០១៥នេះឡើង។ ឯក ឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសហការគ្នាឲ្យ បានល្អ ដើម្បីឲ្យដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ សម្រាប់ជា ផលប្រយោជន៍រួម​នៃប្រទេស​ទាំងពីរកម្ពុជា-ចិននោះ៕
ដោយ ហ៊ុន យុទ្ធគុណ