AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវី ដល់សិស្សមេធាវីជំនាន់ទី១០ ទី១១និង ទី១២ និងបើកវគ្គសិក្សា វិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី ជំនាន់ទី១៣ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីនាព្រឹកថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា សមត្ថភាពរបស់មេធាវីត្រូវពង្រឹងទាំង ក្នុងការអប់រំដំបូង និងការអប់រំបន្ត សំដៅផលិតធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋ ការការពារសិទ្ធិ និងសេរីភាពរបស់ប្រ ជាពលរដ្ឋតាមច្បាប់ជាធរមាន។
ឯកឧត្តម សុខ អាន បានរម្លឹកអំពីដំណើរការនៃការពង្រឹងនីតិរដ្ឋ និងបង្ហាញ បទពិសោធន៍ ដែលទទួលបានពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម ដែលបទពិសោធន៍ពីសាលាក្ដីខ្មែរក្រហមនោះសម្រាប់ការ ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងអំពីតម្រូវការ ក្នុងការបើកឲ្យមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំខាន់មួយទៀត គឺ«រដ្ឋបាលតុលា ការ»។
ឯកឧត្តមបានពន្យល់ថា «រដ្ឋបាលតុលាការ» មានតួនាទីគ្រប់គ្រងបុគ្គលិក គ្រប់គ្រងសំណុំរឿងក្ដី ដោយប្រើបច្ចេកវិទ្យា (IT) គ្រប់គ្រងហិរញ្ញវត្ថុ ជាអ្នកបកប្រែ ភាសា និងជាអ្នកនាំពាក្យរបស់តុលាការជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរម្លឹកថា ប្រមាណ១០ឆ្នាំមុន ដោយមិនមាន មន្ត្រីចេះចាត់ចែងរដ្ឋបាលក្នុងតុលាការ សំណុំរឿងបាននៅសល់រាប់ម៉ឺន មិនបាន កាត់ក្ដី ហើយសំណុំរឿងខ្លះចូលមុន កាត់ក្ដីក្រោយ អ្នកខ្លះទោសត្រូវជាប់ពន្ធនាគារ ៦ខែ តែជាប់ដល់៣ឆ្នាំ ហើយចៅក្រមភ្លេចហៅមកកាត់ក្ដីក៏មាន។ ដូច្នេះយើងត្រូវ បង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយទៀត គឺ«រដ្ឋបាលតុលាការ» នៅ ក្រោមបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលបច្ចុប្បន្នមានសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈចំនួន០៤រួចហើយ គឺសាលាចៅក្រម សាលាក្រឡាបញ្ជី សាលាសាការី និង សាលាអាជ្ញាសាលា។
ទាក់ទិននឹងដំណើរការនីតិរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា ប្រជាធិប តេយ្យត្រូវតែដើរទន្ទឹមនឹងនីតិរដ្ឋ ហើយបើនិយាយពីដំណើរការ នៃការពង្រឹងនីតិ រដ្ឋ គឺត្រូវនិយាយអំពីការកសាងច្បាប់ល្អ ច្បាប់ត្រឹមត្រូវ និយាយអំពីការពង្រីកការ យល់ដឹងអំពីច្បាប់ទាំងនោះដល់ប្រជាជនទូទៅ និងដល់មន្ត្រីរាជការ និងការអនុវត្ត ច្បាប់ឲ្យត្រឹមត្រូវ។ ជាអ្នកនៅចំរណសិរ្សជួរមុខ នៃការអនុវត្តច្បាប់មេធាវីត្រូវតែ យល់ដឹងអំពីច្បាប់ឲ្យបានស៊ីជម្រៅ ហើយវិជ្ជាជីវៈមេធាវី ត្រូវខិតខំតស៊ូការពារកូន ក្ដី ដើម្បីឲ្យតុលាការអនុវត្តច្បាប់បានត្រឹមត្រូវ ដែលនោះហើយជាដំណើរការ នៃ ការពង្រឹងនីតិរដ្ឋ ។
ឯកឧត្តម សុខ អាន បានផ្តល់អនុសាសន៍ចំពោះសិស្សមេធាវីថា មេធាវីមិន ត្រឹមតែមានតួនាទីការពារក្តីជូនកូនក្ដីនៅគ្រប់កាលៈទេសៈប៉ុណ្ណោះទេ ប៉ុន្តែមេធាវីគឺ ជាធនធានបញ្ញា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ ហើយបានក្លាយជាកត្តា ដែលមិនអាចខ្វះបានក្នុងការចូលរួមអនុវត្តន៍គោល នយោបាយកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងទទួលបានការទុកចិត្តពីប្រ ជាពលរដ្ឋទូទៅក៏ដូចជាពាណិជ្ជករផងដែរ។ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យស្របទៅ តាមគោលការណ៍ទីផ្សារសេរី និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ច្បាប់ និង សេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នា និងមានទំនាក់ទំនងដោយរលូនជាមួយគ្នា។ ជាក់ស្តែង ការទាក់ទាញវិនិយោគិនក្នុងស្រុក និងបរទេស ដែលជាកត្តាចម្បងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិនោះអាចទទួលបានជោគជ័យ ត្រូវពឹងផ្អែកទៅលើកត្តាជា ច្រើន ដែលក្នុងនោះទំនុកចិត្តទៅលើប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាកត្តា អាទិភាពមួយ ដើម្បីធានាការពារផលប្រយោជន៍ ស្របច្បាប់របស់អ្នកវិនិយោគ។
ឯកឧត្តម សុខ អាន បានស្នើឲ្យគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈមេធាវីបន្តបេសកកម្មដ៏ប្រពៃរបស់ខ្លួន ដើម្បីបន្តចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់រាជ រដ្ឋាភិបាល។ ក្នុងន័យនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរផ្តោតការ យកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពស្ថាប័ន តាមរយៈការធ្វើទំនើបកម្ម នៃកម្ម វិធីសិក្សារបស់ខ្លួនឲ្យមានកម្រិតកាន់តែខ្ពស់ ការបង្កើនសមត្ថភាពសាស្រ្តាចារ្យ ទាំងទ្រឹស្ដី និងការអនុវត្តការងារជាក់ស្ដែង។ ជាមួយគ្នានេះដែរ គណៈមេធាវីក៏ដូច ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី គួរពង្រឹង និងពង្រីកទំនាក់ទំនងល្អ ជាមួយស្ថាប័នច្បាប់ជាតិ និងអន្តរជាតិទាំងស្ថាប័នសាធារណៈ និងឯកជនបន្ថែម ទៀត ជាពិសេសគណៈមេធាវី និងក្រុមហ៊ុន មេធាវីល្បីៗក្នុងសកលលោក ដើម្បីធ្វើ ការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។
របាយការណ៍បណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីបានឲ្យដឹងថា ចាប់តាំងពី ឆ្នាំ ១៩៩៥ មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលបានបណ្តុះបណ្តាលមេធាវីបានចំនួន១២វគ្គ ដោយបណ្តុះបណ្តាលមេធាវីបានចំនួន៦០៨នាក់ និងបើកវគ្គសិក្សាវិជ្ជាជីវៈមេធាវី ជំនាន់ទី១៣ចំនួន៥៤នាក់។ បច្ចុប្បន្ននេះ មេធាវីពេញសិទ្ធិដែលកំពុងប្រកបវិជ្ជា ជីវៈមេធាវីមានចំនួន៧២៥រូប ដោយបានបើកការិយាល័យរបស់ខ្លួននៅទូទាំង ប្រទេសចំនួន៣០០ការិយាល័យ៕
ដោយ ពេជ្រ ណារិទ្ធ