AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម Dinesh K. Patnaik ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជម្រាប នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងថា រដ្ឋា ភិបាលឥណ្ឌាមាន សេចក្តី សោមនស្ស រីករាយ ក្នុងការបន្តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជា សម្រាប់គម្រោង អភិវឌ្ឍន៍ក្នុង វិស័យ ធារាសាស្រ្ត និងថាមពលអគ្គិសនី។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រ កបដោយភាព ឈ្លាសវៃ របស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំចុង ក្រោយនេះ។
ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូត ឥណ្ឌា ដែលបានឆ្លៀត ពេល ដ៏មមាញឹកមកជួបពិភាក្សាការងារស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា ហើយចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ មិនអាចកាត់ផ្តាច់ចេញបានពីកិច្ច ខិតខំប្រឹងប្រែង និងការ ចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ឥណ្ឌា និងសមានចិត្តរបស់រដ្ឋាភិបាល និង ប្រជាជនឥណ្ឌាផងដែរ ។
ភាគីទាំងពីរ បានសន្យាបន្តជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លា ថែមទៀត ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសកិច្ចសហ ប្រតិបត្តិការក្នុងការអនុវត្តគម្រោងនានា ដែលកំពុង ដំណើរការ និងការពិនិត្យ លទ្ធភាពអនុវត្តន៍គម្រោងថ្មីៗទៀត។
ក្នុងនាមជាមិត្តដ៏ល្អមួយរបស់កម្ពុជា ប្រទេសឥណ្ឌាបានផ្តល់ឥណទាន សម្បទាន ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរហូត មកដល់បច្ចុប្បន្នមានទឹកប្រាក់សរុបចំនួន ៧៥លាន ដុល្លារអាម៉េរិក សម្រាប់អនុ វត្តន៍គម្រោងអភិវឌ្ឍន៍នានាក្នុងវិស័យធារាសាស្រ្តកសិម្ម និងថាមពលអគ្គិសនី នោះ៕
ដោយ ហ៊ុន យុទ្ធគុណ