Monday, July 27, 2015

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ​ អាន អញ្ជើញ​​ជាអធិ​បតី​​ពិធី​បុណ្យ​​បញ្ចុះ​​ខ័ណ្ឌ​សីមា ព្រះ​វិហារ និង​សម្ពោធ​​សមិទ្ធ​ផល​​ក្នុង​វត្ត​រស្មី​មហារះ​ភ្នំសន្លុង

ព្រះវិហារ បដិមាករ សាលាធម្មសភា ដងទង់សាសនា កុដិ ជណ្តើរ​ឡើង​ភ្នំ ខ្លោង​ទ្វារវត្ត សាលា​សំណាក់​ និង​រូប​សំណាក់​ផ្សេងៗ​នៅ​ក្នុង​វត្តរស្មីមហារះភ្នំសន្លុង ដែល​មានតម្លៃ​សាងសង់​ជាង ៥៨ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមរិក ស្ថិត​នៅ​ក្នុង​ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​បាន​បញ្ចុះ​ខ័ណ្ឌ​សីមា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមិទ្ទផល​នានា​ក្នុង​វត្ត​រស្មី​មហារះភ្នំសន្លុងនេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេសក្រុម​ការ​ងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ប្រចាំ​ស្រុក​ទ្រាំង និង​ឃុំ​សន្លុង ពិសេសឯកឧត្តម ហ៊ីង ថូរាសី រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​គណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយ​ឃុំ​សន្លុង ព្រះ​ចៅអធិការវត្តរស្មីមហារះភ្នំសន្លុង និង​ពុទ្ធ​បរិស័ទក្នុង​ និង​ក្រៅ​ប្រទេស​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​អំពាវនាវ​ឲ្យ​យុវជន យុវនារី ចូល​រួម​រក្សា​ប្រពៃណី​វប្បធម៌ជាតិ ដោយឧស្សាហ៍​មក​ចូល​កំសាន្ត​លេង​នៅ​ក្នុង​វត្ត​ ក៏​ដូច​ជាស្តាប់​ព្រះ​សង្ឃ​ទេសនា​ក្នុង​ពិធី​បុណ្យ​ទាន ទើប​យើង​អាច​ទប់ស្កាត់​ការ​លុក​លុយ​របស់​វប្បធម៌​បរទេស​ក្នុង​ចំណោម​យុវវ័យ​បាន។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យុវជន​ត្រូវ​តែ​ស្គាល់​អ្វី​ដែលជា​ស្នូលនៃវប្បធម៌ អរិយធម៌​របស់​ជាតិ។ វត្ត​អារាម គឺជាទីកន្លែង​ដែល​អាច​ជួយ​បណ្តុះ​បណ្តាល និង​អប់រំយុវជន​យើង​ឲ្យ​យល់​ពី​វប្បធម៌ អរិយធម៌របស់​យើង។

ទាក់​ទង​នឹង​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទ្រាំង​ ក៏ដូច​ជា​នៅ​ឃុំ​សន្លុង ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិចុះ​ជួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះ គឺ​ក្នុង​គោល​បំណង​ជួយលើក​កម្ពស់​ជីវភាព​ សុខមាលភាពរបស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ការជួយ​រំរុញ​កែ​លំអ​ការ​ផ្តល់​សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ថវិកា​ដែល​ឯកឧត្តមអំពាវនាវ​ប្រមូល​បាន​ពី​សម្បុរជន​ដែល​ជួយ​បាកបាទក្រហម​កម្ពុជា​ គឺ​មួយ​ចំនួន​ធំយក​មក​ទិញ​ជា​កញ្ចប់សំភារៈ (ឃីត) សំរាប់​ឧបត្ថម្ភ​ស្ត្រី​ដែល​ទើប​សំរាលកូន ដោយ​មិន​រើស​មុខ និងនិន្នាការ​នយោ​បាយឡើយ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ផេង រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះ​ជួយស្រុក​ទ្រាំង​ ខេត្ត​តាកែវ នឹង​រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ជួយ​ពិនិត្យ​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​ឆ្នាំ​ពីរដង។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ ក៏​នឹង​មានរៀប​ចំ​ជា​មូល​និធិ​សំរាប់​ជួយ​ប្រជាពលរដ្ឋក្រីក្រ​ ដែល​​មាន​បញ្ហា​ខាង​សុខ​ភាពត្រូវ​ទទួល​ការ​ព្យាបាល​ផង​ដែរ។

ទាក់​ទង​នឹង​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​ដែរ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ​ អាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ផល​វិបាកនៃប្រាក់​កំចី​ដែល​ប្រជាពលរដ្ឋ​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ផ្សេងៗ ​ដែល​ធ្វើ​សក​ម្ម​​​ភា​ព​នៅ​តាម​មូល​ដ្ឋាន គឺសុទ្ធ​សឹង​តែ​ជា​ស្ថាប័ន​ឯកជន មិនមែន​របស់​រដ្ឋ​ដូច​ការ​ឃោ​ស​​នា​រ​បស់​អ្នក​នយោបាយ​ទេ។

ក្នុង​គោល​បំណង​ចូល​រួម​ដោះ​ស្រាយ​ទុន លើក​កំពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ជាកសិករ ឯកឧត្តមបណ្ឌិត​ស​ភា​ចារ្យ សុខ​ អាន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​បង្កើត​ជា​មូល​និធិ​សហគមន៍កសិកម្ម​​មួយ​​​នៅ​ក្នុង​ខេត្ត​តាកែវ​នេះ សំរាប់​ឲ្យ​ប្រជាពលរដ្ឋខ្ចី ជា​ពិសេស​សំរាប់​​ទិញ​ជី​​មក​បង្កើន​ទិន្ន​ផល​ស្រូវ ដែល​ជា​ពូជ​ស្រូវ​មានគុណភាព​ និង​តម្លៃ​ខ្ពស់​។

មាន​ប្រសាសន៍​ទាក់​ទង​បញ្ហា​ព្រំដែន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ធ្វើ​លិខិត​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ធំៗ​ចំនួន​បី គឺ​បារាំង អាមេរិក និង​អង់គ្លេស ក្នុង​គោល​បំណង​បញ្ជាក់​អះអាង​ថា រាជរដ្ឋាភិបាល​ធ្វើ​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ គឺ​ប្រើ​ប្រាស់​ផែនទី​ត្រឹម​ត្រូវ ដែល​អតីត​ព្រះ​មហាក្សត្រ ព្រះ​បរមរតនកោដ្ឋ ព្រះ​អង្គ​បាន​យក​ទៅ​តម្កល់​ទុកនៅឆ្នាំ​១៩៦៤ គឺ​មិនមែន​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​ដូច​ការ​ឃោសនា​របស់​អ្នក​នយោបាយ​ប្រឆាំង​ទេ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវក្នុងពិធីបុណ្យ​បញ្ចុះ​ខ័ណ្ឌសីមា ព្រះ​វិហារ និង​​សម្ពោធ​សមិទ្ធផល​ក្នុង​វត្តរស្មីមហារះភ្នំសន្លុងនេះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​​​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​មាន​វត្ត​ចំនួន ៣៣០ កន្លែង ក្នុង​នោះ វត្តគណៈមហានិកាយ ចំនួន ៣១៣វត្ត មាន​ព្រះ​សង្ឃ ២៩៥០អង្គ និង​វត្ត​គណៈធម្មយុត្តិកនិកាយចំនួន ១៧វត្ត​ព្រះ​​សង្ឃ ចំនួន ១៣០អង្គ។ វត្តរស្មីមហារះភ្នំសន្លុង ជា​វត្តធម្មយុត្តិកនិកាយ ដែល​ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌ​សីមា​នោះ សម្តេចព្រះ​សង្ឃរាជ ប៊ូ គ្រី បាន​និមន្តយាងចូល​រួមផង​ដែរ។ ដែល​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ព្រះរាជវត្តមាន​សម្តេច​ព្រះ​សង្ឃរាជ ប៊ូ គ្រី ជា​ប្រត្តិសាស្ត្រ​សំរាប់វត្ត​រស្មីមហារះភ្នំសន្លុង៕

ក្រសួងព្រះ​បរមរា​ជវាំង ទាត់ចោល​ ​ការផ្សាយ​​របស់​សារ​​ព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍ និង​សារ​ព័ត៌​​មាននានា «បន្ទូល​សម្តេច​​ក្រុម​ព្រះ នរោត្តម រណឫទិ្ធ»


សន្និសីទ​សារព័ត៌​មាន​​ស្តីពី ដំណើរ​ការ​ប្រមូល​​ឯកសារ​​ពាក់ព័ន្ធ​ នឹង​បញ្ហា​​ព្រំដែន​​ប្រទេស​កម្ពុជា ជាមួយ​​ប្រទេស​វៀត​ណាម






សន្និសីទសារព័ត៌មាន​ស្តីពី ដំណើរការប្រមូល​ឯកសារ​ពាក់ព័ន្ធ​ នឹងបញ្ហា​ព្រំដែន​ប្រទេសកម្ពុជា ជាមួយ​ប្រទេស​វៀតណាម
ដោយរាជបណ្ឌិតសភាកម្ពុជា, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥

Sunday, July 26, 2015

សម្ព័ន្ធយុវជនកម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ ប្រតិកម្មតបនិងសេចក្តីថ្លែងការណ៍​របស់ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅកម្ពុជា​ ថ្ងៃទី​២៥ កក្កដា ២០១៥



ក្រុម​​ការ​ងារ​​ថ្នាក់​​ជាតិ​​បន្ត​​នាំ​យក​​ឃីត​​របស់​សាខា​កាក​បាទ​ក្រហម​​ខេត្ត​​តាកែវ​​ចែកជូន​​សម្រាប់​​ស្ត្រី​ដែល​​ទើ​ប​​សម្រាល​​កូន​​នៅ​ឃុំ​​កុមាររាជា

យោង​តាម​មតិណែ​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​​កុមាររាជា​ ឯកឧត្តម​ ទិត សុធា​ និង​ឯកឧត្តម ស្វាយ សុវណ្ណ​រិទ្ធ តំ​ណាង​របស់​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​​ទី​ស្តីគណៈ​រដ្ឋ​មន្ត្រី​​ បាន​នាំ​យក​កញ្ចប់​ឃីត ​ជា​សម្ភារៈសម្រាប់​ស្ត្រី​ និង​ទារក​ទើបសម្រាល​ យកទៅ​ចែក​ជូន​ដល់ប្រជា​ពលរដ្ឋ​ប្រមាណ​២០គ្រួសារ នៅ​ក្នុង​ឃុំ​កុមាររាជា​ ស្រុក​បាទី​ ខេត្ត​តាកែវ​។

សកម្មភាព​លើក​ទី​២ នៃ​ការ​ចុះ​ចែក​ឃីតជាសម្ភារៈជូន​ដល់​ស្ត្រី​ និងទារក បាន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​  ដែល​ជា​អំ​ណោយ​សប្បុរសធម៌របស់​សាខាកាកបាទ​ក្រហម​កម្ពុជា​​ខេត្ត​​តាកែវ​​ ដោយ​មាន​ការ​ចូល​រួម​ពី​ឯកឧត្តម លោក​ជំ​ទាវ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន តំ​ណាង​អនុសាខាកាកបាទ​ក្រហម​ស្រុក‑ ឃុំ  ក្រុម​ប្រឹក្សាឃុំ ប្រធាន​ភូមិ​ ​យុវជន​កាយរីទ្ធ​កម្ពុជា និង​ក៏មាន​ការ​ចូល​រួមផង​ដែរពី​ក្រុម​សម្ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​បង្ហាញ​ពី​ការអនុវត្ត​នូវ​វប្ប​ធម៌​​​ចែក​រំ​លែក​ ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ជួយ​សម្រួល និង​លើកកម្ពស់​នូវ​ជីវភាព​រស់​នៅ ក៏ដូចចជាការចែក​ឃីតជូនប្រជា​ពលរដ្ឋ​ដោយមិន​ប្រកាន់​និន្នាការ​ឡើយ​។

ឯកឧត្តម​ ទិត សុធា រួម​ទាំង​ឯកឧត្តម ស្វាយ សុវណ្ណ​រិទ្ធ​ បាន​ពាំនាំនូវ​ពាក្យ​ផ្តាំ​ផ្ញើ​​សួរ​សុខទុក្ខពី​សំ​ណាក់​​ថ្នាក់​ដឹក​នាំ​ចំ​ពោះ​ស្ត្រី​ជា​ម្តាយ​ និង​ឪពុក ដែល​ទើប​សម្រាល​កូន​ ជា​មួយ​នឹង​ការ​រំ​លឹក​ដល់​ពួក​គាត់​ឲ្យ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខភាពជា​ប្រចាំ​ និង​ត្រូវ​នាំកូន​យក​ទៅ​ចាក់​ថ្នាំ​បង្កានានា ហើយ​បានជូន​ពរឲ្យ​គ្រួសារ​ពួក​គាត់​នីមួយៗ មាន​ជីវភាព​កាន់​តែ​ប្រសើរ និងសូម​ឲ្យ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សុភមង្គល​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​ការងារ​ថ្នាក់​ជាតិ​ ក៏​បាន​ពាំ​នាំ​យក​ទៅ​ជា​មួយ​នូវ​ទានព្រះ​វស្សា និង​ថវិកាប្រមាណ​ជាង​៥០ម៉ឺន​រៀល រួម​ទាំង​ទ័យវត្ថុ​មួយ​ចំ​នួន​ រួម​មាន ​អង្ក​រ  ភេសជ្ជៈ ទឹក​ត្រី​ អំ​បិល​ ស្កសរ ទឹក​ស៊ីអ៊ីវ ត្រី​ងៀត ឆៃ​ប៉ូវ​​​​​ ប្រគេនចំ​ពោះ​ព្រះ​សង្ឃនៅ​ក្នុង​វត្ត​ក្រាំង​ពង្រ ក្នុង​ឃុំ​កុមាររាជា  ​ក្នុ​ង​​​ឱកាស ដែល​នឹង​ចូល​ព្រះ​វស្សានៅ​ពេល​ខាង​មុខ សម្រាប់ជាការ​រួម​ចំ​ណែកដ៏​មានសារៈសំ​ខាន់​ ក្នុង​ការ​គោរព​ប្រតិបត្តិ និង​ទ្រទ្រង់​ព្រះ​ពុទ្ធសាសនាដែល​ជា​សាសនារបស់​រដ្ឋ​ផងដែរ៕

អត្ថបទ៖ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ ឃុំកុមាររាជា​​ 










សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​​កម្ពុជា ប្រតិកម្មតប​និងប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅរាជ​ធានី​ភ្នំពេញ ចេញផ្សាយ​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥


Friday, July 24, 2015

សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ និងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០១៦-២០១៨ ត្រូវបានគណៈរដ្ឋមន្ត្រី សម្រេចអនុម័តនៅថ្ងៃនេះ

យោងតាមសេចក្តី​ប្រកាសព័ត៌មាន​ ស្តី​ពីលទ្ធផលនៃសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៥​ នៅវិមានសន្តិភាព​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ក្នុងអាណត្តិទី៥នេះ​ បានសម្រេចអនុម័ត ​សេក្តីព្រាងច្បាប់ ស្តីពីស្ថិតិ​ និងសេចក្តីព្រាង​កម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំ ​រំកិល ២០១៦-២០១៨។
​សំរាប់សេចក្តីព្រាងច្បាប់ ​ស្តីពីស្ថិតិ​ កន្លងមកច្បាប់ស្តីពីស្ថិតិ ​ឆ្នាំ២០០៥ ​បានផ្តល់មូលដ្ឋានគតិយុត្តប្រកប​ដោយសក្តានុពល​ អនុញ្ញាតឲ្យវិទ្យាស្ថានជាតិ​ស្ថិតិនៃក្រសួ​ងផែនការអាចប្រតិបត្តិការយ៉ាងទូលំ​ទូលាយពេញទូទាំងប្រទេស​ ក្នុងការផលិតទិន្នន័យ​ស្ថិតិស្ទើរ​គ្រប់វិស័យ តាមវិធីសាស្ត្រ​បច្ចេកទេសទំនើប ​គឺការធ្វើជំរឿន ​និងការធ្វើអង្កេត​ដើម្បីទទួល​បានទិន្នន័យស្ថិតិត្រឹមត្រូវ ជឿទុកចិត្តបាន​ និងទាន់ពេលវេលាជូនអ្នក​ប្រើប្រាស់ជាតិ និងអន្តរជាតិ ​ជាពិសេសអ្នករៀបចំ​ផែនការគោល​នយោបាយអភិវឌ្ឍន៍ ​របស់រាជរដ្ឋាភិបាល ​និងដៃគូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ​សម្រេចបានតាមគោល​ដៅជាក់លាក់។
ផ្អែកតាមបទប្បញ្ញត្តិនៃ​ច្បាប់​ស្តីពីស្ថិតិឆ្នាំ២០០៥ ​វិទ្យាស្ថានជាតិស្ថិតិបានអនុវត្ត ​និងបំពេញភារកិច្ចស្ទើរតែគ្រប់ទាំងអស់​ដូចមានចែងក្នុងច្បាប់​ ឧទាហរណ៍ៈ ​ដូចជាជំរឿនដែលជា​ការងារធំ ហើយ​សំខាន់ជាងគេបំផុត​ក្នុងច្បាប់ស្តីពីស្ថិតិបានចែងថា​ វិទ្យាស្ថានជាតិស្ថិតិត្រូវអនុវត្តជំរឿនចំនួន៣ ​មានជំរឿនប្រជាជន ​ជំរឿនកសិកម្ម ​និងជំរឿនសេដ្ឋកិច្ច។ ​មកដល់​ពេលនេះ វិទ្យាស្ថានស្ថិតិ​បានបំពេញការងារ​ដ៏ធំជាប្រវត្តិសាស្ត្រនេះ ​ប្រកបដោយជោគជ័យ​ឆ្លើយតបបានគ្រប់ភារកិច្ច​ និងបេសកកម្ម​ ដូចច្បាប់បានបញ្ញត្តិ ​គឺជំរឿនប្រជាជនឆ្នាំ១៩៩៨ ឆ្នាំ២០០៨ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ​ជំរឿនកសិកម្មឆ្នាំ២០១៣ ​កំពុងតែដំណើរការ ​ហើយលទ្ធផលចុងក្រោយ ​នឹងប្រកាស​ជាផ្លូវការនាពេលអនាគត​ដ៏ខ្លីខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ​ ក៏ត្រូវបានតាក់តែងឡើង​ដោយក្រសួងផែនការ​ និងមានកិច្ចសហប្រតិបត្តិការ​ ជាមួយនឹងបណ្តា​ប្រទេសនានា​ដែលមានប្រព័ន្ធស្ថិតិរឹងមាំ​ រីកចំរើន ពិសេសគឺការផ្តល់​អនុសាសន៍​របស់អ្នកជំនាញការ​ស្ថិតិអង្គការ​ Paris21 (សាធារណរដ្ឋ​បារាំង) ដែលធ្លាប់មានបទ​ពិសោធន៍យ៉ាងច្រើន​ លើជំនួយបច្ចេកទេស​ក្នុងការ​ធ្វើបទប្បញ្ញត្តិស្ថិតិ នៅក្នុងពិភពលោក។​ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ​ មាន ១០ជំពូក ​និងមាន ៣៨មាត្រា មានវិសាសលភាព​អនុវត្តលើរាល់សកម្មភាព​ស្ថិតិនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកសំរាប់ ​សេចក្តីព្រាងកម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំរំកិល​ ២០១៦-២០១៨ ក៏ត្រូវបានកិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីសំ​រេចអនុម័តផងដែរ។ ​សម្រាប់ការរៀបចំកម្ម​វិធីវិនិយោគ​សាធារណៈ​ ៣ឆ្នាំរំកិល២០១៦-២០១៨​ ក្រសួងផែនការបានបន្ត​ធ្វើកិច្ចសហការយ៉ាងជិត​ស្និទ្ធជាមួយក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ​និងគណៈកម្មាធិការ​នីតិសម្បទាន ​និងអភិវឌ្ឍន៍​កម្ពុជានៃក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដើម្បីឈានទៅ​សម្រេចបាននូវ​សុខដុមនីយកម្ម ការងារផែនការ ​ចំណាយវិនិយោគសាធារណៈ​របស់រដ្ឋ ​និងហិរញ្ញប្បទាន​សហប្រតិបត្តិការ ​និងដើម្បីពង្រឹងយន្តការ​ស្ថាប័ននៃការ​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព។
គោលបំណងសំខាន់​នៃកម្មវិធីវិនិយោគ​សាធារណៈ ​(ក.វ.ស.) ​៣ឆ្នាំរំកិល ២០១៦-​២០១៨ គឺធ្វើការបង្ហាញ​ពីទិន្នន័យ​គម្រោង​វិនិយោគដែល​មានអាទិភាពខ្ពស់​របស់ក្រសួង​ ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា​ ដែលជាគោលនយោបាយ​មានចែងនៅក្នុង​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣ ​និងជាផែនទីចង្អុលផ្លូវ​សម្រាប់​ការអនុវត្តគោល​នយោបាយដែលមានចែងក្នុងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ ​(ផ.យ.អ.ជ.)​ ២០១៤-២០១៨​ ជាផែនការ ដែល​បានអនុម័តដោយ​ស្ថាប័ននីតិប្បញ្ញត្តិ​កាលពីថ្ងៃទី២៦ ​ខែមិថុនា ឆ្នាំ២០១៤។
​កម្មវិធីវិនិយោគ​សាធារណៈ៣ឆ្នាំរំកិល ​២០១៦-២០១៨ ​ដែលមានតម្លៃ​សរុបប្រចាំឆ្នាំ​ប្រមាណ ១៨០០លាន​ដុល្លារអាមេរិក​ ត្រូវបានរៀបចំឡើងដោយ​ផ្អែកលើតម្រូវការ​ចំណាយសរុប ​សម្រាប់ការអនុវត្ត​ ផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ​ ២០១៤-២០១៨​ ដើម្បីឲ្យបាន​ស្របតាមស្ថានភាព​ជាក់ស្តែងនៃការ​ប្រែប្រួលថ្លៃទំនិញ​ និងអតិផរណា ​ហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដែលដៃគូអភិវឌ្ឍ​ធ្លាប់បានសន្យា។
​ក្នុងចំនួនគម្រោងសរុប ​៤៩៥ គម្រោងនៃ ​កម្មវិធីវិនិយោគ​សាធារណៈ​ ៣ឆ្នាំ រំកិល២០១៦-២០១៨ ​នេះមានចំនួន១៦៤ ​គម្រោង ​ជាគម្រោងកំពុងដំណើរការ​ដែលត្រូវការទុនចំនួន ​៣១៦៩​ លានដុល្លារអាមេរិក​ និងចំនួន ៣៣១ ​គម្រោងដែលត្រូវដាក់​ឲ្យអនុវត្តក្នុងផែនការ​​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​ត្រូវការទុនចំនួន ​២៤០១លានដុល្លារអាមេរិក៕
អត្ថបទ៖ សុភាព




បទអត្ថាធិប្បាយដោយ៖ ពង្ស សុក្រឹត្យ, គួររួមគ្នាបញ្ឈប់នូវវប្បធម៌ និទណ្ឌភាព សម្រាប់ប្រទេសជាតិយើង

បន្ទាប់​ពី​ សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​ផ្ដន្ទាទោសសកម្មជន​​​គណបក្ស​​ស​ង្គ្រោះ​ជាតិ​​១១​នាក់​​ កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ ឲ្យ​ជាប់​ពន្ធនាគារ​ ​ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ  ពី​​​បទ​​​ដឹកនាំ​​និង​​ចូលរួម​​ក្នុង​ចលនា​កុប្ប​កម្ម​​​នាំ​ឲ្យ​មាន​​ហិង្សា ​នៅ​ក្បែរ​ទីលាន​​ប្រជាធិបតេយ្យ​កាលពី​​ឆ្នាំ​២០១៤​ អង្គការ​លីកាដូ​ បាន​ចេញ​សេ​ចក្ដីថ្លែ​ង​ការណ៍​​​មួយថ្កោលទោស​​​​​​សាលក្រម​របស់​​តុលាការ និង​អំពាវនាវ​​​ឲ្យ​តុលាការ​ទម្លាក់ចោល​​សាលក្រមនោះ​ ដោយ​អះអាង​ថា​ការ​ជំនុំ​ជម្រះ​​មាន​​​ភាព​មិនប្រក្រតី​​ និង​ជាការ​បំភិត​បំភ័យដល់​គណបក្ស​សង្គ្រោះជាតិ​។​
ជារឿយៗ​ អង្គការ​ លីកាដូ​ តែតែ​សកម្ម​ក្នុង​ការ​ស្វែង​រក​ជំ​នួយ​​ពី​​តុលាការ​​ ដើម្បី​ទាម​ទារ​​ឲ្យ​​មាន​​ការ​ផ្តន្ទាទោស​ជន​ល្មើស​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​រង​គ្រោះ​ ព្រោះ​នេះ​ជាតួនាទី​​ក្នុង​ការ​ ការ​ពារ​សិទ្ធិមនុស្ស​ និង​ការ​ពារ​ជន​រង​គ្រោះ​ដែល​រង​ការ​រំលោភបំពាន​។​ ប៉ុន្តែ​ ចំពោះ​សំណុំ​រឿង​នៃ​អំពើ​ហិង្សា​មួយនេះ​ បែរ​ជា​អង្គការ​លី​កាដូ​ បែរ​​ជាចេញ​មុខ​ការ​ពារ​    ជន​ល្មើស​​ទាំងងងើល​ទៅ​វិញ​ ។​ តើ​អង្គការ​លីកាដូ​ ជា​អង្គការ​ ការពារ​គណបក្ស​នយោបាយ​ ឬ​ជាអង្គការ​ការ​ពារ​សិទ្ធិ​ជន​ល្មើស​?​
​​​​ការចេញ​​សេចក្តីថ្លែងការណ៍ ​​ថ្កោលទោស​ស្ថាប័ន​តុលាការ​ ដែល​ជាអង្គការ​កំពូល​មាន​អំណាច​ឯករាជ្យ​ ក្នុង​​ការកាត់​​ទោ​​ស​​​លើ​​សកម្ម​ជន និ​ងមន្រ្តី​គណ​បក្ស​​​សង្រ្គោះជាតិ របស់​អង្គការ​លី​កាដូ​ នាពេល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លីកាដូ​ ពិត​ជា​មានជំហរ​លំអៀង​​ទៅកាន់​​គណបក្ស​​ប្រឆាំង​​យ៉ាង​​ពិត​ប្រាកដ​​។​​ ប្រការ​នេះ​គឺ​ជាការ​ខុសឆ្គង​ធ្ងន់​ធ្ងរ​បំផុត​ពី​​តួនាទី​ និងភារកិច្ច​ របស់​ច្បាប់​អង្គការ​សង្គម​ស៊ី​វិល​​ ដែល​ចែង​ថាអង្គការ​សង្គម​ស៊ីវិល​​មិន​​ចូល​រួម​​ក្នុង​សកម្មភាព​​​​​របស់​គណបក្ស​​នយោបាយ​ ឡើយ​​​។​​
​សកម្មភាពដែលកើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងមកនេះ យើង​បាន​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា ជាអំពើបង្កឲ្យមានហិង្សា​កើតឡើងយ៉ាងពិតប្រាកដ ទៅ​លើ​​​កង​សន្តិសុខ ​​ ខណ្ឌដូន​ពេញ​​ ដែល​កំពុង​​បំពេញ​​ភារៈ​កិច្ច​​ រក្សា​​សណ្តាប់​ធ្នាប់ បណ្តាល​​ឲ្យមាន​របួស​ ធ្ងន់​ ស្រាល​ រហូត​​ដល់​៣៨​​នាក់​​ នៅ​ចំណុច​ស្ពាន​នាគ​ ក្បែរ​ទី​លាន​​ប្រជាធិបតេយ្យ​​​។ ​បទល្មើស​អំពើហិង្សានេះ​​​ វាគឺ​ជា​បទល្មើស​​​ជាក់​ស្តែង​ របស់​បុគ្គល​ម្នាក់​ៗ​ដែល​​បាន​ប្រព្រឹត្តិ​ ហើយ​បុគ្គល​នោះ​​​ត្រូវ​តែ​ទទួល​ខុសត្រូវ​​នៅ​​ចំពោះ​មុខ​ច្បាប់។
​ម្យ៉ាង​ទៀត​ សកម្មភាព​នេះបង្ក​ឡើងដោយមានការដឹកនាំពិត​ប្រាកដ​ ​និងញុះញង់​​ពីជន​​មួយ​ក្រុម​​ក្នុង​​គោលបំណង​​ដណ្តើម​កាន់កាប់ទីលានប្រជាធិប្យតេយ្យ ប្រឆាំង​នឹង​បទបញ្ជា​​របស់​អាជ្ញាធរ​ ដែល​​បាន​សម្រេច​​បិទទីតាំង​នោះជា​បណ្តោះអាសន្ន​។
ដូច្នេះ​ ការសម្រេច​ផ្តន្ទាទោស​​​ជន​ល្មើស​​ទាំង​១១នាក់ របស់​តុលាការ​​ក្រុង​ភ្នំពេញ​       «​ គឺជា​​ការអនុវត្ត​​ដ៏​ត្រឹមត្រូវ​​របស់​សមត្ថកិច្ចតុលាការ​​ »  ដោយ​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​​​។
​ការ​អនុវត្ត​​ច្បាប់​របស់​ប្រទេស​ និ​ង​ការ​ប្រើ​អំពើ​ហិង្សា​របស់​បុគ្គល ​ឬក្រុម​​ណា​មួយ​ ដែល​​​បាន​រំលោភ​​លើ​សិទ្ធិ​​ពលរដ្ឋ​​​​ដូច​គ្នា គឺ​ដាច់​ខាត​ត្រូវ​តែ​ទទួល​នូវការ​ផ្តន្ទាទោស​​​​។ រដ្ឋធម្មនុញ្ញ​​​កម្ពុជា​​ចែង​ថា​ ពល​រដ្ឋ​​គ្រប់​​​រូប​ត្រូវ​បាន​ការ​ពារដោយ​ស្មើ​ភាព​គ្នា​​នៅ​ចំពោះ​មុខ​ច្បាប់​​។​​ ដូច្នេះ​ ការ​​​បង្កើតនូវ​ វប្បធម៌​​​និ​ទណ្ឌ​ភាព​នៅ​ក្នុង​​សង្គម​  គឺ​ជារឿង​អយុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ។​ សង្គមមួយ​ដែល​រស់​ក្នុង​​នីតិរដ្ឋ​ រាល់​ការ​ទាម​ទារ​​ទាំង​ឡាយ​ណា​​ដែល​គ្មាន​មូល​ដ្ឋាន​ច្បាប់​ គឺជា​​ការ​​ដើរ​ខុសផ្លូវ​​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។
កន្លង​មក​ ទាំង​អង្គការ​សង្គម​ស៊ីវិល​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ ​​តែង​តែ​លើក​ឡើង​កុំ​ឲ្យ​​​មាន​និទណ្ឌ​ភាពនៅ​កម្ពុជា​ ហើយ​តែង​​ចោទ​​ស្ថាប័ន​តុលាការ​ថា​មិន​ឯក​រាជ្យ​ ឬ​នៅក្រោម​ការ​​បញ្ជា​របស់​​រាជរដ្ឋាភិបាល​​ ប៉ុន្តែ​​ ពេល​​ដែល​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រព្រឹត្តិ​បទល្មើស​​​ជាក់​ស្តែង​ បង្ក​អំពើ​ហិង្សា​ បែរ​ជា​ ក្រុម​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​ ព្រមាន​ដល់​​ស្ថាប័ន​តុលាការ​​ឲ្យ​ទម្លាក់​ចោល​សាល​ក្រម​​ និង​ជំរុញ​ឲ្យ​​មាន​ការ​ដោះ​លែង​ជន​​ល្មើស​ទៅ​វិញ​។ តើ​ឯណាទៅ​យុត្តិ​ធម៌​ សម្រាប់​ជន​រង​គ្រោះនោះ​​? ប្រ​ការ​ដែលមិន​បាន​បែង​ចែក​ច្បាស់​លាស់​​អំពី​ទិដ្ឋភាព​ច្បាប់​ និង​ទិដ្ឋភាព​​នយោបាយ​ វា​នឹង​នាំឲ្យ​​សង្គម និង​ប្រទេស​ជាតិ​ កាន់តែ​​​ប្រេះ​ស្រាំ​​គ្មាន​​ទីបញ្ចប់ ហើយ​​ទី​បំផុត​ពាក្យ​​នីតិរដ្ឋ​ ដែល​ក្រុម​សង្គម​ស៊ីវិល​​​មាន​និន្នាការ​ប្រឆាំង​​តែង​តែ​ចង់​បាន​ និង​គណបក្ស​​បក្ស​សង្គ្រោះ​​ជាតិ តែង​តែ​​ប្រើ​ប្រាស់​ ដើម្បី​សុំ​សន្លឹក​​ឆ្នោត​​​ពី​ប្រជាពលរដ្ឋ​ នឹង​មិន​អាច​មាន​ក្នុង​សង្គម​ខ្មែរ​​បានឡើយ​​។
ដូច្នេះ​ ប្រសិន​បើ​រាល់​ពេល​ដែល​ជន​ល្មើស ពាក់​​ស្លាកជាសកម្មជន​នយោបាយ​របស់​គណបក្ស​ណា​មួយ​​​ ហើយ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់​ស្តែង​ សុទ្ធតែ​ត្រូវបាន​លើក​លែង​ទោស​​​បែប​នេះ​ តើ​ប្រទេ​ស​​ អាច​អនុវត្ត​នូវ​នីតិរដ្ឋ​ បាន​ដែរ​ឬទេ​?​ ​ «គួរ​រួម​គ្នា​បញ្ឈប់​នូវ​វប្បធម៌​និទណ្ឌភាព​ សម្រាប់​ប្រទេស​ជាតិ​យើង»​៕​