ឯកឧត្តម ស៊ា ម៉ៅ សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាសាស្ត្រាចារ្យច្បាប់ បានមានប្រសាសន៍ក្នុងវេទិកាតុមូលនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥នេះថា «តាមគោលការណ៍ច្បាប់ការទទួលខុសត្រូវ នៅក្នុងកិច្ចការព្រំដែននេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ដែលផ្តើមចេញពីមាត្រា៥១នៃរដ្ឋធម្មនុញ្ញដែលជាគោលការណ៍គ្រឹះនៃការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងអំណាចតុលាការ»។
ឯកឧត្តម ស៊ា ម៉ៅ បានមានប្រសាសន៍បន្តថា មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ក៏បានគូសបញ្ជាក់អំពីតួនាទីស្នូលរបស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញារក្សាការពារអធិបតេយ្យ បូរណភាពដែនដី នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមមាត្រា២ ដែលគោលការណ៍នោះគឺការកំណត់យកផែនទីស្នូលដើម្បីកំណត់ខ្សែព្រំដែន របស់ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជិតខាង ក្នុងនោះជាមួយប្រទេស វៀតណាម គឺប្រើផែនទីBonne ខ្នាត១/១០០.០០០ ដែលបោះពុម្ពឡើងដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន។
ឯកឧត្តម បានកត់សម្គាលថា ដើម្បីឲ្យការងារនេះកំណត់បានច្បាស់លាស់ គឺជាគោលការណ៍នៃច្បាប់អន្តរជាតិ គេបែងចែកការកំណត់ខ្សែព្រំដែន ជា៣ដំណាក់កាលធំៗ។ ដំណាក់កាលទី១ គឺការចរចារ និងចុះហត្ថលេខាលើសន្និសញ្ញាព្រំដែនរវាងរដ្ឋ និងរដ្ឋ ដែលជាការងារផ្តាច់មុខរបស់រាជរដ្ឋាភិបាលដែលជាអំណាចនីតិប្រតិបត្តិ។ ឯកឧត្តមបន្តថា «ក្រោយពីរាជរដ្ឋាភិបាលបានចុះហត្ថលេខាហើយ គឺរាជរដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភា ដែលជាអង្គការនីតិបញ្ញតិ្តក្នុងការអនុម័តយល់ព្រម។ បន្ទាប់មកទៀតគឺ ថ្វាយព្រះមហាក្សត្រ ដើម្បីឡាយប្រទានសច្ចាប័ន ដែលជាសេចក្តីសំរេចចុងក្រោយរបស់ប្រមុខរដ្ឋក្នុងការចងកាតព្វកិច្ចអន្តរជាតិជាស្ថាពរនេះ»។ ឯកឧត្តម ស៊ា ម៉ៅ បានលើកឡើងទៀតថា ការងារនៃការកំណត់ខ្សែព្រំដែន គឺរាជរដ្ឋាភិបាលបានជ្រើសរើសនូវផែនទីដែលជាកេរ្តិ៍មរតក ពីអាណានិគមនិយមបារាំង ដែលជាមេរបស់ប្រទេសនានាទាំង៣នៅឥណ្ឌូចិន ដែលមានកម្ពុជា វៀតណាម និងឡាវ។ ដូច្នេះហើយបានជាអាណានិគមបន្សល់ទុកផែនទីនេះជាមូលដ្ឋានគ្រឹះ ដើម្បីឲ្យយើងធ្វើការចរចារ និងកំណត់ខ្សែព្រំដែន។
ដំណាក់កាលទី២ គឺដំណាក់កាលនៃការគូសខ្សែព្រំដែននៅលើផែនទីមួយ ដែលយើងហៅថាផែនទី Bonneនេះ ប៉ុន្តែដោយឡែកសំរាប់ព្រះរាជាណាចក្រកម្ពុជាយើង គឺយើងមានផែនទីដែលបន្សល់ទុកដោយក្រុមភូមិសាស្ត្រឥណ្ឌូចិនរួចហើយ ដូច្នេះយើងអត់ត្រូវការគូសខ្សែព្រំដែននៅលើផែនទីទៀតទេ។ ដំណាក់កាលទី៣ គឺការងារដែលរាជរដ្ឋាភិបាលបន្តធ្វើនោះ គឺការធ្វើសវនកម្មខ្សែព្រំដែននេះឲ្យស្របទៅនឹងខ្សែព្រំដែន ដែលមាននៅលើផែនទី Bonne។ សវនកម្មលើខ្សែព្រំដែននេះ មានន័យថាគឺជាការផ្ទៀងផ្ទាត់ខ្សែព្រំដែនដែលមានកំណត់នៅក្នុងសន្និសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ឲ្យមានភាពជាក់លាក់ក្នុងការស្វែងរកនិយាមការនៅលើដីជាក់ស្តែង និងច្បាស់លាស់។
គួររំលឹកផងដែរថា ការបកស្រាយរបស់តំណាងក្រុមប្រឹក្សាអ្នកច្បាប់ លើកិច្ចការងារកំណត់ និងបោះបង្គោលព្រំដែន ដែលបានបញ្ជាក់ថា ជាកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់ រាជរដ្ឋាភិបាលនេះ គឺបានធ្វើឡើងបន្ទាប់ពីឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហាញផែនទីដែលខ្លួនបានទិញ ពីផ្សារយកមកបន្ទាបបន្ថោកតំលៃ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោយពេលដែលរាជរដ្ឋាភិបាល បានផ្ញើលិខិតផ្លូវការស្នើសុំផែនទីពិតប្រាកដ ខ្នាត ១/១០០,០០០ ពីបណ្តាប្រទេសមហាអំណាចទាំងបី ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើ ហើយម៉្យាងវិញទៀតក៏បានកើតឡើង ស្របពេលដែលក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន រួមជាមួយនិស្សិត និងសង្ឃ ដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង ដឹកនាំកម្លាំងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ ចុះទៅតំបន់ព្រំដែន និងចោទថាប្រទេសជិតខាងរំលោភទឹកដី និងចោទថារាជរដ្ឋាភិបាលបានប្រើផែនទីក្លែងក្លាយ៕
អត្ថបទ៖ សុភាព