នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥នេះ សមាគមយុវជនកំណែទម្រង់រដ្ឋ ដែលចុះហត្ថលេខាដោយលោក ប៉ុល សីហា បានចេញសេចក្តីថ្លែងការណ៏ ដោយបញ្ជាក់ថា៖ បទល្មើសព្រហ្មទណ្ឌមិនអាចដោះដូរជាមួយហេតុផលនយោបាយបានឡើយ។ ក្នុងសេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចសេចក្តីផ្តន្ទាទោសលោក មាជ សុវណ្ណារ៉ា និងបក្ខពួក១០នាក់ទៀតឲ្យជាប់ពន្ធនាគារក្នុងបទល្មើសព្រហ្មទណ្ឌ សមាគមយុវជនកំណែទម្រង់រដ្ឋបានសង្កេតឃើញថា មានអង្គការ និងគណបក្សនយោបាយមួយចំនួន បានបញ្ចេញទស្សនៈថ្កោលទោស និងរិះគន់តុលាការថា បានអនុវត្តខុសនីតិវិធី និងរំលោភកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាទៅវិញ។
សមាគមយុវជនកំណែទម្រង់រដ្ឋបញ្ជាក់ថា មាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ពីការបែងចែកអំណាចរដ្ឋជាបីដាច់ដោយឡែកពីគ្នាគឺអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ មាត្រា១២៨ថ្មីនៃរដ្ឋធម្មនុញ្ញក៏បានចែងថា អំណាចតុលាការជាអំណាចឯករាជ្យ។ ដោយកម្ពុជាជារដ្ឋ៝ឯករាជ្យ អធិបតេយ្យ ដូច្នេះតុលាការគឺជាស្ថាប័នអនុវត្តច្បាប់ ហើយរាល់ការសម្រេចសេចក្តី គឺផ្អែកលើច្បាប់ជាធរមាន និងតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រម។ ក្នុងន័យថា បើទោះបីជាចរន្តនយោបាយមានការបត់បែនពិតមែន តែបទល្មើសព្រហ្មទណ្ឌមិនអាចដោះដូរជាមួយហេតុផលនយោបាយបានឡើយ។
យ៉ាងណាមិញ ការសម្រេចសេចក្តីក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់លោក មាជ សុវណ្ណារ៉ា និងបក្ខពួកនៅពេលនេះគ្រាន់តែជាការសម្រេចរបស់តុលាការជាន់ទាបប៉ុណ្ណោះ បើសិនជាពួកគេមិនសុខចិត្តទៅនឹងការកាត់សេចក្តីនេះ គឺអាចមានសិទ្ធិធ្វើបណ្តឹងឧទ្ធរណ៍បន្តទៅតុលាការជាន់ខ្ពស់ទៀតបាន។
សមាគមយុវជនកំណែទម្រង់រដ្ឋ ប្រកាន់ជំហរ និងគាំទ្រចំពោះការអនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីយុត្តិធម៌សង្គម ដោយសមាគមយល់ឃើញថា ការសម្រេចសេចក្តីរបស់តុលាការទៅលើសំណុំរឿងព្រហ្មទណ្ឌនានា ជាពិសេសករណីសំណុំរឿងព្រហ្មទណ្ឌទៅលើលោក មាជ សុវណ្ណារ៉ា និងបក្ខពួក គឺអាចជាមេរៀនសម្រាប់អ្នកនយោបាយទាំងអស់ មិនត្រឹមតែជាសមាជិកគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ គប្បីគោរព និងអនុវត្តច្បាប់ទាំងអស់គ្នា ដែលនេះគឺជាជំហានឆ្ពោះទៅរកសង្គមប្រជាធិបតេយ្យ និងការពង្រឹងគោលការណ៍នីតិរដ្ឋពិតប្រាកដនៅកម្ពុជា៕