បទអត្ថាធិប្បាយដោយ៖ រត្ន័ សណ្ដាប់
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ គឺបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសមន្រ្ដី និងសកម្មជនគណបក្សសង្រ្គោះជាតិ ចំនួន១១រូប ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំធ្វើកុប្បកម្ម និងចូលរួមអំពើកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែ
កក្កដា កាលពីឆ្នាំកន្លងទៅ បណ្ដាលឲ្យកងកម្លំាងសន្ដិសុខប្រមាណ៤០នាក់ រងរបួសធ្ងន់និងស្រាល។
ទំាងជនជាប់ទោស និងពួកអង្គការ NGO មួយចំនួន ក្នុងនោះមានអង្គការលីកាដូ អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) និងអង្គការឃ្លំាមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្រែកក្ដែងៗ ថា ការកាត់ទោសនេះគឺជារឿង «នយោបាយ អយុត្ដិធម៌ លម្អៀង» និងចោទតុលាការថា «មិនឯករាជ្យ» ជាដើម។
អ្វីដែលយើងចង់និយាយពេលនេះ គឺចង់សំដៅទៅលើក្រុមអង្គការ NGO ដែលជានិច្ចកាលតែងជំរុញឲ្យរដ្ឋាភិបាលក្ដី តុលាការក្ដី ត្រូវអនុវត្ដគោលការណ៍ «នីតិរដ្ឋ» ប៉ុន្ដែហេតុអ្វីពេលនេះ ក្រុមអង្គការទំាងនេះ នំាគ្នាបង្ខំឲ្យតុលាការដើរតាមគោលការណ៍ «និទ្ទណ្ឌភាព» ទៅវិញ។ ក្នុងករណីនេះ យើងតែងតែនិយាយជារឿយៗថា ក្រុមអង្គការ NGO មួយចំនួននៅកម្ពុជា គឺចង់«បង្កើតរដ្ឋក្នុងរដ្ឋ» គឺ អ្វីដែលរដ្ឋាភិបាលធ្វើតែងតែខុស អ្វីដែលតុលាការកាត់ទោសអ្នកប្រព្រឹត្ដបទល្មើស ហើយខ្លួនមិនពេញចិត្ដ គឺសុទ្ធតែលម្អៀង ជារឿងនយោបាយ និងមិនត្រឹមត្រូវទំាងអស់។
នរណាក៏ដឹងដែរថា ក្រុមអង្គការ NGO ទំាងនេះ ខិតខំដើររកលុយ សុំជំនួយពីបរទេស គឺ ក្នុងគោលបំណងអប់រំប្រជាពលរដ្ឋ អប់រំអាជ្ញាធរសមត្ថកិច្ចឲ្យគោរពច្បាប់ ឲ្យយល់នូវអ្វីដែលធ្វើទៅខុសច្បាប់ និងអ្វីដែលធ្វើត្រូវត្រូវច្បាប់ ដែលជាក្រមសីលធម៌ និងក្រមនីតិរដ្ឋ ចុះហេតុអ្វីពេលនេះ ពួកអង្គការ NGO ទំាងនេះ បែរជាមកថ្កោលទោសសេចក្ដីសម្រេចរបស់តុលាការទៅវិញ។
ក្រុមអង្គការ NGO ទំាងនេះ មិនបានគិតអំពីអ្នករងគ្រោះ ដែលក្រុមដឹកនំាធ្វើបាតុកម្មឈានដល់កុបកម្ម បង្កនូវអំពើហិង្សា ប្រើអាវុធ មានដំបងឈើ ដំបងដែកជាដើម វាយប្រហារមកលើក្រុមសមត្ថកិច្ច បង្កឲ្យមានគ្រោះថ្នាក់ រហូតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ខាតបង់ថវិកានិងពេលវេលា ដែលភាគច្រើនត្រូវរកថវិកាទៅចិញ្ចឹមក្រុមគ្រួសារ នេះគឺប៉ះពាល់ដល់ក្រមសីលធម៌ គឺបានបង្ហាញនូវបេះដូងខ្មៅកង្វក់របស់ក្រុមអង្គការ NGO ដែលខ្វះសីលធម៌ គិតតែប្រយោជន៍ខ្លួនឯង ទោះអ្នកដទៃស្លាប់ គឺពួកគេមិនខ្វល់។
រីឯក្រមនីតិរដ្ឋវិញ គឺបានរំលោភលើអព្យាក្រឹតភាព ដែលជារង្វង់ព្រំដែនសមត្ថកិច្ចរបស់តុលាការនៃប្រទេសអធិបតេយ្យ ក្រុមទាំងនេះបង្ខំឲ្យតុលាការកាត់ក្ដី តាមបំណងរបស់ពួកគេ។ តើក្រុម NGO ទាំងនេះ មានយល់ទេ ពីទំហំនៃអំពីហិង្សា ដែលក្លាយទៅជាការបង្កឲ្យមានរបួសស្នាមដល់កងសន្ដិសុខ ដល់អាជ្ញាធរដែនដី ដែលជាអ្នកទទួលខុសត្រូវការពារសណ្ដាប់ធ្នាប់សង្គម ហើយបង្ខំឲ្យតុលាការសម្រេចកាត់សេចក្តីក្រុមកុបកម្មឲ្យរួចខ្លួន តើបានន័យយ៉ាងដូចម្ដេច?
តើក្រុម NGO ទាំងនេះ មានដែលក្រទ្បេកមើលប្រទេសនានា នៅលើពិភពលោក មានដែលថ្កោលទោសប្រទេស ដូចជា អេស្បាញ សហរដ្ឋអាមេរិក ពេលតុលាការកាត់ទោសពួកបាតុករ ដែលតដៃជាមួយប៉ូលីស គឺត្រូវជាប់គុកជាច្រើនឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ បើនៅប្រទេសអេហ្ស៊ីបវិញ គឺត្រូវកាត់ទោសប្រហារជីវិតទាំងក្រោល។
ជាសរុបយើងយល់ថា ពួកក្រុមអង្គការ NGO ទាំងនេះ គឺច្បាស់ជាមិនហ៊ានស្រែកទ្បាំប៉ាជាមួយនឹងរដ្ឋាភិបាលប្រទេសទំាងនោះទ្បើយ តើហេតុអ្វី? ពួកគេច្បាស់ជាខ្លាចខ្នោះ ខ្លាចគុកជាពុំខាន។ ទន្ទឹមនឹងនេះ តើកម្ពុជាគួរស្នើបញ្ជួនក្រុមអង្គការ NGO ទាំងនេះទៅធ្វើការនៅសហរដ្ឋអាមេរិក ឬទៅអេហ្ស៊ីប ឬទៅអេស្បាញ ថៃ ឬប្រទេសម៉ាទ្បេស៊ី ។ល។ ដែរឬទេ ដើម្បីឲ្យពួកនេះបានភ្លក់រស់ជាតិអំណាចនីតិរដ្ឋ របស់ប្រទេសអធិបតេយ្យមួយ៕