យោងតាមខែ្សវីដេអូ ដែលបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ដែលមានចំណងជើងថា «ផែនទី ខ្នាត ១/១០០.០០០ ដែលទទួលស្គាល់ជាអន្តរជាតិជាមួយប្រទេសជិតខាង គឺពិតជា អាយុជីវិតរបស់ព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបានមានប្រសាសន៍ថា ការឆ្លើយបំភ្លឺរបស់រាជរដ្ឋាភិបាលអំពីបញ្ហារឿងព្រំដែនកន្លងមក គឺមានរបៀបវារៈច្បាស់លាស់ ប៉ុន្តែបក្សប្រឆាំងមានចេតនាធ្វើមិនឮ ធ្វើមិនយល់។
ឯកឧត្តម កែវ រ៉េមី បានបន្ថែមថា មូលហេតុដែលក្រុមបក្សប្រឆាំងធ្វើបែបនេះ ពីព្រោះបញ្ហាព្រំដែនជាប្រធានបទមួយដែលមានសារៈសំខាន់ គឺជាអាយុជីវិតរបស់ជាតិ ហើយក៏ជាប្រធានបទក្តៅមួយ ក្នុងការទាក់ទាញការគាំទ្រ។ ឯកឧត្តម កែវ រ៉េមី បន្តថា គោលបំណងមួយទៀត របស់គណបក្សប្រឆាំង គឺដើម្បីស្តារប្រជាប្រិយភាពគណបក្សខ្លួន បន្ទាប់ពីមជ្ឈដ្ឋានទូទៅមើលឃើញថា គណបក្សមួយនេះ ច្រើនតែបោកប្រាស់ប្រជាពលរដ្ឋចំពោះការសន្យាខ្យល់របស់ខ្លួន។
នៅក្នុងបញ្ហាព្រំដែននេះដែរ ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា គណបក្សប្រឆាំងតែងតែលើកឡើងដោយមាត់ទទេគ្មានអំណះអំណាង ហើយកាលពីឆ្នាំ២០០៥ នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉េកាំងនៅចំពោះព្រះភ័ក្រ្តអតីតព្រះមហាក្សត្រអំពីបញ្ហាព្រំដែន និងផែនទីនេះ គឺខាងឯកឧត្តម សម រង្ស៊ី និងលោក ស៊ាន ប៉ែងសែ នៅប្រទេសបារាំង ធ្លាប់បានលើកឡើងថា គាត់មានផែនទីដែរ ប៉ុន្តែបន្ទាប់ពីជជែកពិភាក្សាទៅ គឺផែនទីនោះ គឺសំរាប់កូនសិស្សរៀននៅសាលា មិនអាចយកមកប្រើប្រាស់ក្នុងការវាស់វែងនៅលើដីបានទេ។ ឯកឧត្តមបន្តថា«ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឯកឧត្តម សម រង្ស៊ី បានបង្ហោះរូបផែនទីនៅក្នុង Facebook ដែលគាត់ទិញនៅទីផ្សារតម្លៃ១៦៨ដុល្លារ ប្រទេសបារាំង ដោយឯកឧត្តម កែវ រ៉េមី បានលើកជាចម្ងល់ថា ផែនទីដែលទិញនៅផ្សារតម្លៃជាង១០០នោះ សួរថា តម្លៃបូរណភាពទឹកដីប្រទេសរបស់យើង ដែលជាអាយុជីវិតជាតិ មានតម្លៃត្រឹមជាង១០០ដុល្លារហ្នឹង ឬមួយយ៉ាងម៉េច?»
ឯកឧត្តម កែវ រ៉េមី បានកត់សំគាល់ថា បើសិនជាគណបក្សប្រឆាំង មានចេតនាក្នុងការចូលរួមគិតគួរពីបញ្ហាទឹកដីពិតប្រាកដនោះ គាត់គប្បីយកផែនទីដែលគាត់មាននោះ មកជូនរាជរដ្ឋាភិបាល ជូនទៅរដ្ឋសភា ឬជូនទៅរាជបណ្ឌិតសភា។ ឯកឧត្តមបន្ថែមថា ការបង្ហោះរបស់ឯកឧត្តម សម រង្ស៊ី ជាគឺគ្រាន់តែបន្លឺសម្លេងទាក់ទាញអ្នកលេង Facebook និងអូសទាញឲ្យគាំទ្របក្សខ្លួនប៉ុណ្ណោះ ។ ជាមួយគ្នានេះ នៅពេលដែលគាត់អត់មានអ្វីទាំងអស់ ក្រុមគាត់បានឈូរឆដឹកនាំទៅមើលព្រំដែនរហូតដល់បង្កើតឲ្យមានអំពើហិង្សាជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា ជាការពិតគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិគឺមានវប្បធម៌សន្ទនា ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ គឺសម្តេចតេជោ និងឯកឧត្តម សម រង្ស៊ី គឺមានទំនាក់ទំនងយ៉ាងល្អក្នុងកិច្ចអនុវត្តវប្បធម៌សន្ទនានេះ ដូច្នេះវាមិនមានការលំបាកឡើយសំរាប់ឯកឧត្តម សម រង្ស៊ី ក្នុងការជជែកពិភាក្សាជាមួយសម្តេចតេជោនូវផែនទីដែលខ្លួនមាន ជាជាងការបង្ហោះតាមបណ្តាញសង្គម ដែលទង្វើនេះគឺបង្កប់នូវចេតនាអាក្រក់មួយដែលមិនអាចស្មានដល់។
ឯកឧត្តម កែវ រ៉េមី សង្កត់ធ្ងន់ថា ជារួមជំហរក្នុងការគ្រប់គ្រងប្រទេសរបស់គណបក្សកាន់អំណាច គឺខុសគ្នាជាមួយនិងជំហរបក្សប្រឆាំង ព្រោះបក្សប្រឆាំង គឺមានចេតនាធ្វើឲ្យវឹកវរ ដើម្បីកេងចំណេញនយោបាយ និងដើម្បីបង្កឲ្យមានបញ្ហាកើតឡើងក្នុងសង្គម គឺធ្វើឲ្យចលាចល ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនបានគិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញចំពោះរាជរដ្ឋាភិបាលវិញ គឺបានព្យាយាមរក្សាស្ថេរភាព ឲ្យមានសុខដុមដើម្បីបន្តការអភិវឌ្ឍ៕