Thursday, July 23, 2015

ក្រសួងការបរទេស សំណូមពរឲ្យឯកឧត្តម សម រង្ស៊ី បង្ហាញផែនទីផ្លូវការ

ឯកឧត្តម ឡុង វិសាលោ​ រដ្ឋលេខាធិការក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​បានចាត់ទុក​ពាក្យសម្តី​របស់ឯកឧត្តម ​សម រង្ស៊ី ​ថាជាការមើលងាយ​បន្ទាបបន្ថោករាជរដ្ឋាភិបាលយ៉ាងខ្លាំង។​ នេះបើយោងតាម​ វេទិការតុមូល ស្តីពី ​«ផែនទី ១/១០០.០០០ ​ដែលទទួល​ស្គាល់ជាអន្តរជាតិ ​ជាមួយប្រទេសជិតខាងគឺពិត​ជាអាយុជីវិត​របស់ព្រះរាជា​ណាចក្រកម្ពុជា» ដែលផ្សាយ​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៥។​
គួររំលឹកថា​ កាលពីថ្ងៃទី១៦ ខែកក្កដា ​ឆ្នាំ២០១៥​ កន្លងទៅ​ ឯកឧត្តម សម រង្ស៊ី ​បានបង្ហោះ​នៅលើបណ្តាញ​ផ្សព្វផ្សាយសង្គម​(Facebook)ថា ផែនទីបារាំងមុនឆ្នាំ​ ១៩៥៣ ខ្នាត ១/១០០.០០០ ​បង្ហាញពីព្រំដែនកម្ពុជា​-វៀតណាម ​ទាំង ២៦ ផ្ទាំង ​មានដាក់លក់នៅប្រទេស​បារាំង ក្នុងតំលៃ​ ១៥៥,៩១ Euros ស្មើរនឹង​ ១៦៨ដុល្លារអាមេរិក​ ហើយគណបក្សសង្គ្រោះជាតិបានទិញផែនទី​ទាំង២៦ផ្ទាំងយក​មកបង្ហាញប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេស​ ដោយដាក់ក្នុង DVD
ឯកឧត្តម ឡុង ​វិសាលោ បានថ្លែងថា ​«ពាក្យដែលថាទិញផែនទីតំលៃ​ ១៦៨ពិតជាការ​បន្ទាបបន្ថោករាជរដ្ឋា​ភិបាលធ្ងន់ណាស់​ ពីព្រោះសម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរលិខិតទៅសុំ​ ប្រទេសបារាំង ​ដែលជាអ្នកផ្តើម​គំនិតធ្វើផែនទីបោនខ្នាត ១/១០០.០០០ ​រួមជាមួយនឹងអ្នកបច្ចេកទេស ​ដើម្បីយកមកជួយ​ធ្វើការផ្ទៀតផ្ទាត់ផែនទី ដែលយើងកំពុង​ប្រើនេះថាវាមាន​ខុសវាមានត្រូវកំរិតណា​ដូច្នេះវាជាការខិតខំ​ប្រឹងប្រែងដ៏ម៉ត់ចត់ ដ៏ត្រឹមត្រូវ ​ហើយច្បាស់លាស់​ របស់រាជរដ្ឋាភិបាល ​ចុះហេតុអ្វីពេលនេះ ឯកឧត្តម សម រង្ស៊ី ​យកផែនទីដែលទិញ​តាមផ្សារតំលៃ ១៦៨​យកមកប្រៀបធៀប​ជាមួយនឹង​ការងារដែល​រាជរដ្ឋា​ភិបាលបាន ​និងកំពុងខិតខំប្រឹងប្រែង ​សុំមហាអំណាចធំៗ​យកមកកំណត់ព្រំដែន​របស់​យើងឲ្យជាក់​លាក់បែបនេះ
បន្ថែមពីលើនេះ​ឯកឧត្តម​ ឡុង វិសាលោ​ បានសំណូមពរយ៉ាង​ទទូចដើម្បីឲ្យ ​ឯកឧត្តម សម ​រង្ស៊ី ​សម្តែងនូវភាពក្លាហាន​​ហ៊ានបញ្ចេញផែនទីនោះមក​ កុំបានតែនិយាយចោលយ៉ាង​ដូច្នេះ ហើយឯកឧត្តម​ ឡុង វិសាលោ ​បានហៅអំពើ​របស់ឯកឧត្តម ​សម រង្ស៊ី ថាជាការរោលឲ្យខ្លោច រោចឲ្យឆៅ​។