Friday, July 31, 2015

សេចក្តីបំភ្លឺរបស់អង្គភាពព័ត៌មាន ​និងប្រតិ​កម្មរហ័ស​ តបទៅ​នឹងការបក​ស្រាយ​ដ៏ខុសឆ្គង​យ៉ាងខ្លាំង​របស់អ្នក​នាំពាក្យ​ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហ​ប្រជាជាតិ​



ឯកឧត្តម​ កែវ​ រ៉េមី​ ជួប​​​ជា​មួយ​គ្រូ​​បង្រៀន​​ និង​យុវជន​​នៅ​ឃុំ​កុមារ​រាជា​ ​ស្រុកបាទី​ ខេត្ត​តាកែវ ​ក្នុង​ពិធី​ប្រគ​ល់​​ប្រាក់​​មូល​​និធិ​គ្រូ​បង្រៀន​ និងប្រកាស​ដាក់​ឲ្យ​តំណើរ​ការ​ប្រាក់​សន្សំ​យុវជ​ន​ភូមិ​ខ្ញុំ​

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នេះ ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់មូលនិធិគ្រូបង្រៀនរបស់សមាគមគ្រូបង្រៀនឃុំកុមាររាជា និងការប្រកាសដាក់ឲ្យដំណើរការ “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីអ្នកកញ្ញាដែលជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា សមាជិកក្រុមប្រឹក្សាឃុំ សមាជិកគណៈកម្មការឃុំ មេភូមិ លោកគ្រូអ្នកគ្រូ ដែលជាសមាជិកសមាគមគ្រូបង្រៀនឃុំកុមាររាជា និងយុវជននៃសម្ព័ន្ធយុវជនកម្ពុជាប្រចាំឃុំកុមាររាជា សរុបប្រមាណ ៣៥០ នាក់។
បន្ទាប់ពីការឡើងធ្វើរបាយការណ៍សង្ខេបរបស់អាជ្ញាធរឃុំកុមាររាជា ប្រធានសមាគមគ្រូបង្រៀនឃុំកុមាររាជា ប្រធានសម្ព័ន្ធយុវជនកម្ពុជា ប្រចាំឃុំកុមាររាជា និងរបាយការណ៍លម្អិតរបស់ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ស្តីអំពីការរៀបចំសមាគមគ្រូបង្រៀនឃុំកុមាររាជា មូលនិធិគ្រូបង្រៀន និង “ប្រាក់សន្សំយុវជនភូមិខ្ញុំ” នៅក្នុងឃុំកុមាររាជារួចមក ឯកឧត្តម កែវ រ៉េមី បានថ្លែងសំណេះសំណាលទៅកាន់អង្គពិធី ក្នុងនោះ លោកបានសង្កត់ធ្ងន់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់វិស័យ ជាពិសេសលោកគ្រូអ្នកគ្រូ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមជាមួយអាជ្ញាធរពន្ធដារ និងភ្នាក់ងារគយ ក្នុងការពង្រឹងការប្រមូលចំណូលរដ្ឋ ដើម្បីរាជរដ្ឋាភិបាល មានលទ្ធភាព បង្កើនបៀវត្សជូនមន្ត្រីរាជការស៊ីវិល លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់គ្រប់វិស័យ ឲ្យបានកាន់តែប្រសើរថែមទៀត។ ដោយឡែកសម្រាប់កម្មករ កម្មការនីនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ រហូតសម្រេចបាននូវការកែលម្អរលក្ខខណ្ឌការងារ បញ្ចុះតម្លៃទឹកភ្លើង បង្កើតច្បាប់ស្តីពីការកំណត់ថ្លៃឈ្នួលផ្ទះរបស់កម្មករ តម្លៃទំនិញនៅលើទីផ្សារនិងបង្កើនប្រាក់ឈ្នួលបន្ថែមទៀតនៅក្នុងឆ្នាំ២០១៦ ខាងមុខនេះ។
ពាក់ព័ន្ធនឹងការបង្កើតសមាគមគ្រូបង្រៀនឃុំកុមាររាជា រៀបចំមូលនិធិគ្រូបង្រៀន និងការដាក់ឲ្យដំណើរការ ប្រាក់សន្សំយុវជនភូមិខ្ញុំ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាការយកចិត្តទុកដាក់ជាអាទិភាព និងជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមាររាជា ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម សមាជិកសមាជិការក្រុមការងារ និងការចូលរូមរបស់សប្បុរសជន ដើម្បីរួមចំណែកដោះស្រាយការលំបាក់ផ្នែកជីវភាពរបស់លោកគ្រូអ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាព ការបង្កើតការងារ និងការបង្កើនចំណូលគ្រួសាររបស់យុវជននៅក្នុងភូមិឃុំ។






ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា នៅតែសម្លឹងឃើញពីសក្តានុពល ជាច្រើនរបស់កម្ពុជា

នៅមុនពេលបញ្ចប់​អាណត្តិបេសកកម្មការ​ទូតប្រចាំកម្ពុជា​ ឯកអគ្គរដ្ឋទូតសា​ធារណរដ្ឋឥណ្ឌា ​ឯកឧត្តម ឌីនេស ខេ​. ផាតនេក  ​[DINESH K. PATNAIK] បានចូលជួបជំរាបលា​ សម្តេច ​តេជោ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នាព្រឹកថ្ងៃទី២៨ ខែកក្តដានេះ​ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះឯកឧត្តម ​ឯកអគ្គរដ្ឋទូត ​បានជំរាបជូនថា ​ក្នុងរយៈពេល៣ឆ្នាំ​ នៃការបំពេញ ​បេសសកម្មការទូត​ ឯកឧត្តមបានមើល​ឃើញពីការរីកចំរើន​ខ្លាំងរបស់កម្ពុជា ​ហើយកម្ពុជានៅ ​តែមានសក្តានុពល​ជាច្រើនទៀត។​ ទន្ទឹមនេះ ឯកឧត្តម  ឌីនេស ខេ.​ ផាតនេក ​ក៏បានបញ្ជាក់ ​ផងដែរថា ​បើទោះបីជាឯកឧត្តម​ត្រូវបន្តបេសកកម្មទៅ​កាន់ប្រទេសផ្សេងក៏ដោយ ​ឯកឧត្តមនៅ ​តែបន្តសហការ​ជួយអភិវឌ្ឍន៌នៅកម្ពុជា​។ 
ឯកឧត្តម ​ក៏បានថ្លែងអំណរគុណ​ដល់សមាជិក ​រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋកម្ពុជា ដែល​កន្លងមកតែងសហកា​រធ្វើការជាមួយគ្នា ​ធ្វើឲ្យបេសកម្ម ​ការទូតរបស់ឯកឧត្តមទទួល​បាន​ជោគ​​ជ័យ​និ​ងធ្វើឲ្យទំនាក់ទំនង​រវាងឥណ្ឌានិង កម្ពុជា ​កាន់តែល្អ ​ប្រសើរ។
ជាការឆ្លើយតប ​សម្តេចតេជោ ​ហ៊ុន សែន ​បានថ្លែងអំណរគុណដល់​ការប្រឹងប្រែង​របស់​ឯកឧត្តម ឌីនេស ខេ. ផាតនេក ​ដែលបានចូលរួម​ចំណែកទាំង​ការអភិវឌ្ឍនៅកម្ពុជាផង​ និង​ពង្រឹង កិច្ចសហ​ប្រតិបត្តិការរវាងកម្ពុជា​និងឥណ្ឌាផង។ ​ជាងនេះទៀត​ សម្តេចតេជោ​ បាន សម្តែងការអរគុណ​ដល់ប្រទេសឥណ្ឌា​ដែលកន្លងមក​បានធ្វើជាសហ​ប្រធាននៃ​ ICCព្រះវិហារ ហើយសម្តេចក៏បាន​ជូនពរដល់​បេសកម្មការ​ទូតបន្ត​ទៅកាន់ប្រទេស​ផ្សេងរបស់ ឌីនេស ​ខេ. ផាត​នេក ឲ្យទទួល​បានជោគជ័យ៕




សម្ព័ន្ធយុវជនកម្ពុជា ចាត់ទុកមន្រ្តីអ្នកនាំពាក្យ ផ្នែកសិទ្ធិមនុស្សរបស់UNនៅកម្ពុជា ថាបានដើរផ្ទុយពីគោលការណ៍នីតិរដ្ឋ

សម្ព័ន្ធ​យុវជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ បាន​បង្ហាញ​នូវសេចក្តី​សោកស្តាយ​យ៉ាង​ខ្លាំង បន្ទាប់​ពីបាន​ឃើញ​សេចក្តីថ្លែង​ការណ៍​របស់អ្នកនាំ​ពាក្យឧត្តមស្នង​ការអង្គការ​សហ​ប្រជាជាតិ ​​ទទួល​​​បន្ទុក​​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា ដែល​ចេញផ្សាយ​នៅថ្ងៃ​​​ទី២៧ ខែកក្កដា កន្លង​​ទៅនេះ បន្ទាប់​ពី​តុលាការបានផ្ដន្ទា​ទោស​សកម្មជន​គណបក្ស​​សង្រ្គោះ​ជាតិ ១១​​នាក់ ឲ្យជាប់​​ពន្ធនា​គារ​​ពី ៧ឆ្នាំ ទៅ​ ២០ឆ្នាំ ​ពីបទ​ដឹកនាំ និងចូល​រួម​ក្នុង​ចលនា​​​​កុប្បកម្មនាំ​ឲ្យមាន​ហិង្សា​​នៅ​ក្បែរ​​ទីលា​ន​ប្រ​ជាធិបតេយ្យ  ដែល​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​រូប​នេះ បានលើក​​ឡើងប្រាស់ចាក​ពី​ការពិត​ថា « មិន​មាន​​ការ​បង្ហាញ​​​ភស្តុតាង​​នៅក្នុង​​តុលាកា​រដែល​​អាច​បញ្ជាក់​​ថា ​​ចុង​ចោទ​​បាន​​ប្រព្រឹត្ត​​អំពើ​​ហិង្សា​​ដោយ​​ផ្ទាល់​ ឬក៏​​ហិង្សា​​​​»។
សម្ព័ន្ធ​យុវជន​កម្ពុជា​ បាន​ចាត់​ទុកសម្តី​បែប​នេះ ថា បាន​​ធ្វើ​ឲ្យ​គ្រោះ​​ថ្នាក់ដល់​ស្ថាប័ន​​នៃ​ប្រទេស​កម្ពុជា «  ហើយការ​ដែល​ពួក​គេចោទថា រដ្ឋាភិបាល​​ជ្រៀត​​​ជ្រែក​ក្នុង​​ករណីនេះ ​បាន​ធ្វើ​​ឲ្យ​​ទំនុក​ចិត្ត​របស់​សាធារណ​ជន​កាន់​តែ​ធ្លាក់ចុះ​​សម្រាប់​​ប្រព័ន្ធ​​​យុត្តិធម៌​នៅកម្ពុជា​​​​ថែម​ទៀត​ផង»។
សម្ព័ន្ធ​យុវជន​កម្ពុជា យល់​ឃើញថា​៖ សេចក្តី​ថ្លែងការណ៍​​របស់​​​ឧត្តមស្នង​ការអង្គកា​រសហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​កម្ពុជា ជា​សេចក្តី​​ថ្លែ​ង​ការណ៍​ដែល ​«មិនមាន​លក្ខណៈ​​កត្ត​វិជា្ជ និង​មិន​មាន​យុត្ត​ធម៌» សម្រាប់​​រាជ​រដ្ឋា​ភិបាល និង​ស្ថាប័ន​តុលាការ​​នៃ​ប្រទេស​​​កម្ពុជា ដែល​ជា​​រដ្ឋអធិប​តេយ្យ ប្រកាន់​​ខ្ជាប់​នូវ​​គោល​ការណ៍​​នីតិរដ្ឋ និងមាន​ការបែងចែក​​អំណាចដាច់​គ្នា រវាងស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិ​បត្តិ និង​ស្ថាប័ន​តុលាការ។
សម្ព័ន្ធ​យុវជន​កម្ពុជា ដែល​គេដឹង​ថា ដឹក​នាំ​ដោយ​លោក សៅ សុភៈ បាន​ហៅសេចក្តី​ថ្លែង​​ការណ៍​ដដែល​របស់​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សរូបនេះ ថាបានតាក់តែង​ឡើង​ ដោយ​មិន​ទទួល​​បាន​ព័ត៌មាន​ពិត​គ្រប់​​ជ្រុង​ជ្រោយ​​នៃ​អង្គ​ហេតុ​ លើ​បញ្ហា​ជុំវិញ​ចំណាត់ការតាមផ្លូវច្បាប់​របស់​អាជ្ញាធរ​មានសមត្ថ​កិច្ច និងតុលា​ការ​ ក្នុង​សំណុំរឿង​​ព្រហ្ម​ទណ្ឌ​​ទាក់​​ទង​​នឹង​ការប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ ដែល​បង្កទ្បើង​ដោយបុគ្គល​ទាំង១១រូប។
សម្ព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡងើង​ថា ក្នុង​នាមឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ លោក​ស្រី​គួរ​​ណាស់​​តែបែង​ចែកឲ្យច្បាស់​រវាងការអនុវត្ត​ច្បាប់ និងសេរី​ភាព​នៃការបញ្ចេញ​មតិ ហើយ​មិនត្រូវ​​យក​​ករណី​ព្រហ្មទណ្ឌ​មកលាយ​លំជាមួយ​បញ្ហាសិទ្ធិ​មនុស្ស ឬ​នយោបាយ​​ដើម្បី​ឲ្យ​ជនប្រព្រឹត្តបទ​ល្មើស​រួច​ផុត​ពី​ការ​​ទទួល​ខុស​ត្រូវតាមផ្លូវ​ច្បា​ប់ ដែល​ជាហេតុបង្កើត​ឲ្យមាន​នីទណ្ឌភាព​​នៅ​កម្ពុជា។ ដូចនេះ​ការ​កាត់​ទោស​​អ្នកប្រព្រឹត្ត​បទល្មើស គឺមិនពាក់ព័ន្ធនឹងបញ្ហា​សិទ្ធិមនុស្សទេ​ តែ​​វា​ជាបញ្ហា​របស់​អ្នក​ដែល​​បាន​ប្រ​ព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែលផ្ទុយ​អំពី​ច្បាប់​តែប៉ុណ្ណោះ ហើយមិន​ពាក់ពន្ធ​នឹងរាជ​រដ្ឋា​ភិបាល​នោះ​​ទេ។
សម្ព័ន្ធយុវជនកម្ពុជា បានទទូចឲ្យ​ ឧត្តម​ស្នងការ​អង្គការ​សហប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​​បញ្ឈប់ជាបន្ទាន់នូវការចោទប្រកាន់រាជរដ្ឋាភិបាល​ ប្រជាជាតិអធិបតេយ្យ នីតិរដ្ឋ តំណាងឆន្ទៈ​ប្រជាពល​រដ្ឋ ថា​ជ្រៀតជ្រែក​ទៅលើសេចក្តី​សម្រេច​របស់តុលា​ការ ដែលជា​ស្ថាប័នឯករាជ្យ​ជា​ឆន្ទានុ​សិទ្ធិ​របស់ចៅក្រម ដោយ​សម្ព័ន្ធ​យុវជន​កម្ពុជា បាន​ពិនិត្យ​ឃើញ​ថា គ្មានស្ថា​ប័នណា​មួយជ្រៀត​ជ្រែក ឬបង្គាប់បញ្ជានូ​វដំណើ​រការយុត្តិ​ធម៌​នេះ​​បាន​​ទ្បើយ


Tuesday, July 28, 2015

រាជរដ្ឋាភិបាល​សម្រេច​កាត់បន្ថយរយៈ​ពេល នៃការផ្តល់ដី​សម្បទានសេដ្ឋកិច្ច​មកនៅត្រឹម​ ៥០ឆ្នាំយ៉ាង​យូរបំ​ផុត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលនៃការវាយតម្លៃ លើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ១៦ នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រោយដោះស្រាយពីផលប៉ះពាល់រួច ក្រុមហ៊ុនទាំង១៦នេះ នឹងត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគ ដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។
ក្រសួងបរិស្ថានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ១៦ ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសេដ្ឋកិច្ច នៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃភ្នំពេ្រច នៅខេត្តរតនៈគិរី មានចំនួន ៤ក្រុមហ៊ុន  ដែលទទួលបានសម្បទានដីសេដ្ឋកិច្ច នៅដែនជម្រកសត្វព្រៃលំផាត់ និងក្នុងខេត្តកំពង់ស្ពឺមានចំនួន៧ ដែលទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិសុរាម្រិត-កុសុមៈ គិរីរម្យ បន្តអនុវត្តគម្រោងនិងបំពេញនីតិវិធីលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយត្រូវចុះកិច្ចសន្យាឡើងវិញ និងកាត់បន្ថយរយៈពេលនៃការវិនិយោគដែលផ្តល់ឲ្យពីមុនមកមាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ក្នុងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចទាំងអស់មកនៅត្រឹមយ៉ាងយូរ៥០ឆ្នាំ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន រហូតមកដល់ពេលនេះ ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន ១១៣ ដែលមានផ្ទៃដីសរុប ៦២៨ ២៩៨,៧៥ ហិកតា ដែលក្នុងនោះគម្រោងចំនួន ៨១ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិភាក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេច ហើយជាលទ្ធផលគម្រោងរបស់ក្រុមមហ៊ុនចំនួន ២៣ ដែលមានផ្ទៃដីសរុប ៩០ ៦៨២ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍ សិទ្ធិវិនិយោគដោយសារតែក្រុមហ៊ុនទាំងនោះ មិនបានគោរពតាមគោលការណ៍ និងនីតិវិធីនានាដែលបានកំណត់។
ក្រសួងបរិស្ថានបានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យ វាស់វែង និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ចឡើងវិញនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពលើសម្បទានដីសេដ្ឋកិច្ច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន បំណងដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគទុន ក៏ដូចជាដោះស្រាយលើផលប៉ះពាល់ទាំងឡាយឲ្យបានត្រឹមត្រូវ និងកំណត់ច្បាស់លាស់ថា សម្បទានដីសេដ្ឋកិច្ចទាំងអស់នឹងមិនមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុភាព

ក្រសួងអប់រំប្រកាសហាម មិនឲ្យបេក្ខជន ដែលប្រឡងបាក់ឌុបឆ្នាំនេះ យកឧបករណ៍អេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង

យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំ យុវជន​ និងកីឡា ចុះថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០១៥​ ស្តីពីការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជាសម័យ​ប្រឡងថ្ងៃទី ២៤ ​ខែសីហា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ ដើម្បីឲ្យដំណើរការប្រឡងប្រពឹត្តទៅ​ប្រកបដោយ​គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និងលទ្ធផលទទួល​យកបាន ​ក្រសួងអប់រំយុវជន​និងកីឡា ​សូមអំពាវនាវដល់​បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រឡងឲ្យ​បានល្អប្រសើរ ​ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិចគ្រប់ប្រភេទ​ចូលក្នុងមណ្ឌលប្រឡង​ ឬបន្ទប់ប្រឡង ​ជាដាច់ខាត។ ​ក្នុងករណីរកឃើញ ​ត្រូវចាត់ទុកថាបាន​ប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញតិ្ត​ និងកម្រិត វិន័យចំពោះបេក្ខជន ​និងត្រូវបានកំណត់​ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ​ និងបំពេញ​វិជ្ជាដែលមានថ្នាក់​វិទ្យាសាស្ត្រ ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ​រួមមានបេក្ខជន​ប្រឡងសរុបចំនួន ​៨៨៤៨៨ នាក់ ​និងមានមណ្ឌល​ប្រឡងចំនួន​ ១៥០ មណ្ឌល​ចែកចេញជា៣៥៧៦បន្ទប់ ​នៅរាជធានី ខេត្តទាំង ២៥នៃព្រះរាជា​ណាចក្រកម្ពុជា។
ការប្រឡងនេះ ​នឹងត្រូវប្រកាសលទ្ធផល​នៅតាមណ្ឌល​ប្រឡងនីមួយៗ ​នៅរសៀលថ្ងៃទី ​១៥ ខែកញ្ញា ​ឆ្នាំ២០១៥​ សម្រាប់​មណ្ឌលប្រឡងនៅ​រាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ និងនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០១៥​ សម្រាប់មណ្ឌលប្រឡង​នៅខេត្តផ្សេងៗទៀត៕
អត្ថបទ៖ សុភាព

Monday, July 27, 2015

ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ​ អាន អញ្ជើញ​​ជាអធិ​បតី​​ពិធី​បុណ្យ​​បញ្ចុះ​​ខ័ណ្ឌ​សីមា ព្រះ​វិហារ និង​សម្ពោធ​​សមិទ្ធ​ផល​​ក្នុង​វត្ត​រស្មី​មហារះ​ភ្នំសន្លុង

ព្រះវិហារ បដិមាករ សាលាធម្មសភា ដងទង់សាសនា កុដិ ជណ្តើរ​ឡើង​ភ្នំ ខ្លោង​ទ្វារវត្ត សាលា​សំណាក់​ និង​រូប​សំណាក់​ផ្សេងៗ​នៅ​ក្នុង​វត្តរស្មីមហារះភ្នំសន្លុង ដែល​មានតម្លៃ​សាងសង់​ជាង ៥៨ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមរិក ស្ថិត​នៅ​ក្នុង​ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្ត​តាកែវ ត្រូវ​បាន​បញ្ចុះ​ខ័ណ្ឌ​សីមា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណៈ​ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សមិទ្ទផល​នានា​ក្នុង​វត្ត​រស្មី​មហារះភ្នំសន្លុងនេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេសក្រុម​ការ​ងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ប្រចាំ​ស្រុក​ទ្រាំង និង​ឃុំ​សន្លុង ពិសេសឯកឧត្តម ហ៊ីង ថូរាសី រដ្ឋលេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​គណបក្ស​ប្រជាជនកម្ពុជា​ចុះ​ជួយ​ឃុំ​សន្លុង ព្រះ​ចៅអធិការវត្តរស្មីមហារះភ្នំសន្លុង និង​ពុទ្ធ​បរិស័ទក្នុង​ និង​ក្រៅ​ប្រទេស​។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​អំពាវនាវ​ឲ្យ​យុវជន យុវនារី ចូល​រួម​រក្សា​ប្រពៃណី​វប្បធម៌ជាតិ ដោយឧស្សាហ៍​មក​ចូល​កំសាន្ត​លេង​នៅ​ក្នុង​វត្ត​ ក៏​ដូច​ជាស្តាប់​ព្រះ​សង្ឃ​ទេសនា​ក្នុង​ពិធី​បុណ្យ​ទាន ទើប​យើង​អាច​ទប់ស្កាត់​ការ​លុក​លុយ​របស់​វប្បធម៌​បរទេស​ក្នុង​ចំណោម​យុវវ័យ​បាន។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា យុវជន​ត្រូវ​តែ​ស្គាល់​អ្វី​ដែលជា​ស្នូលនៃវប្បធម៌ អរិយធម៌​របស់​ជាតិ។ វត្ត​អារាម គឺជាទីកន្លែង​ដែល​អាច​ជួយ​បណ្តុះ​បណ្តាល និង​អប់រំយុវជន​យើង​ឲ្យ​យល់​ពី​វប្បធម៌ អរិយធម៌របស់​យើង។

ទាក់​ទង​នឹង​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទ្រាំង​ ក៏ដូច​ជា​នៅ​ឃុំ​សន្លុង ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិចុះ​ជួយ​អាជ្ញាធរ​នៅ​មូលដ្ឋាន​នេះ គឺ​ក្នុង​គោល​បំណង​ជួយលើក​កម្ពស់​ជីវភាព​ សុខមាលភាពរបស់​ប្រជាពលរដ្ឋ ពិសេស​គឺ​ការជួយ​រំរុញ​កែ​លំអ​ការ​ផ្តល់​សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផង​ដែរ​ថា ថវិកា​ដែល​ឯកឧត្តមអំពាវនាវ​ប្រមូល​បាន​ពី​សម្បុរជន​ដែល​ជួយ​បាកបាទក្រហម​កម្ពុជា​ គឺ​មួយ​ចំនួន​ធំយក​មក​ទិញ​ជា​កញ្ចប់សំភារៈ (ឃីត) សំរាប់​ឧបត្ថម្ភ​ស្ត្រី​ដែល​ទើប​សំរាលកូន ដោយ​មិន​រើស​មុខ និងនិន្នាការ​នយោ​បាយឡើយ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ផេង រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុម​ការ​ងារថ្នាក់​ជាតិ​ចុះ​ជួយស្រុក​ទ្រាំង​ ខេត្ត​តាកែវ នឹង​រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ជួយ​ពិនិត្យ​សុខ​ភាព​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មួយ​ឆ្នាំ​ពីរដង។ ក្រៅ​ពី​នេះ ក្រុម​ការងារ​ថ្នាក់​ជាតិ​របស់​គណបក្ស​ប្រជាជន​ ក៏​នឹង​មានរៀប​ចំ​ជា​មូល​និធិ​សំរាប់​ជួយ​ប្រជាពលរដ្ឋក្រីក្រ​ ដែល​​មាន​បញ្ហា​ខាង​សុខ​ភាពត្រូវ​ទទួល​ការ​ព្យាបាល​ផង​ដែរ។

ទាក់​ទង​នឹង​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​តាកែវ​ដែរ ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ​ អាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​តាកែវ ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ផល​វិបាកនៃប្រាក់​កំចី​ដែល​ប្រជាពលរដ្ឋ​ខ្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញ​វត្ថុ​ផ្សេងៗ ​ដែល​ធ្វើ​សក​ម្ម​​​ភា​ព​នៅ​តាម​មូល​ដ្ឋាន គឺសុទ្ធ​សឹង​តែ​ជា​ស្ថាប័ន​ឯកជន មិនមែន​របស់​រដ្ឋ​ដូច​ការ​ឃោ​ស​​នា​រ​បស់​អ្នក​នយោបាយ​ទេ។

ក្នុង​គោល​បំណង​ចូល​រួម​ដោះ​ស្រាយ​ទុន លើក​កំពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ជាកសិករ ឯកឧត្តមបណ្ឌិត​ស​ភា​ចារ្យ សុខ​ អាន បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​បាន​បង្កើត​ជា​មូល​និធិ​សហគមន៍កសិកម្ម​​មួយ​​​នៅ​ក្នុង​ខេត្ត​តាកែវ​នេះ សំរាប់​ឲ្យ​ប្រជាពលរដ្ឋខ្ចី ជា​ពិសេស​សំរាប់​​ទិញ​ជី​​មក​បង្កើន​ទិន្ន​ផល​ស្រូវ ដែល​ជា​ពូជ​ស្រូវ​មានគុណភាព​ និង​តម្លៃ​ខ្ពស់​។

មាន​ប្រសាសន៍​ទាក់​ទង​បញ្ហា​ព្រំដែន ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ​ អាន ក៏​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ធ្វើ​លិខិត​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ធំៗ​ចំនួន​បី គឺ​បារាំង អាមេរិក និង​អង់គ្លេស ក្នុង​គោល​បំណង​បញ្ជាក់​អះអាង​ថា រាជរដ្ឋាភិបាល​ធ្វើ​ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ គឺ​ប្រើ​ប្រាស់​ផែនទី​ត្រឹម​ត្រូវ ដែល​អតីត​ព្រះ​មហាក្សត្រ ព្រះ​បរមរតនកោដ្ឋ ព្រះ​អង្គ​បាន​យក​ទៅ​តម្កល់​ទុកនៅឆ្នាំ​១៩៦៤ គឺ​មិនមែន​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ​ដូច​ការ​ឃោសនា​របស់​អ្នក​នយោបាយ​ប្រឆាំង​ទេ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវក្នុងពិធីបុណ្យ​បញ្ចុះ​ខ័ណ្ឌសីមា ព្រះ​វិហារ និង​​សម្ពោធ​សមិទ្ធផល​ក្នុង​វត្តរស្មីមហារះភ្នំសន្លុងនេះ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​​​ក្នុង​ខេត្ត​តាកែវ​ទាំង​មូល​មាន​វត្ត​ចំនួន ៣៣០ កន្លែង ក្នុង​នោះ វត្តគណៈមហានិកាយ ចំនួន ៣១៣វត្ត មាន​ព្រះ​សង្ឃ ២៩៥០អង្គ និង​វត្ត​គណៈធម្មយុត្តិកនិកាយចំនួន ១៧វត្ត​ព្រះ​​សង្ឃ ចំនួន ១៣០អង្គ។ វត្តរស្មីមហារះភ្នំសន្លុង ជា​វត្តធម្មយុត្តិកនិកាយ ដែល​ក្នុង​ពិធី​បញ្ចុះ​ខ័ណ្ឌ​សីមា​នោះ សម្តេចព្រះ​សង្ឃរាជ ប៊ូ គ្រី បាន​និមន្តយាងចូល​រួមផង​ដែរ។ ដែល​បញ្ហា​នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ចាត់​ទុក​ព្រះរាជវត្តមាន​សម្តេច​ព្រះ​សង្ឃរាជ ប៊ូ គ្រី ជា​ប្រត្តិសាស្ត្រ​សំរាប់វត្ត​រស្មីមហារះភ្នំសន្លុង៕

ក្រសួងព្រះ​បរមរា​ជវាំង ទាត់ចោល​ ​ការផ្សាយ​​របស់​សារ​​ព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍ និង​សារ​ព័ត៌​​មាននានា «បន្ទូល​សម្តេច​​ក្រុម​ព្រះ នរោត្តម រណឫទិ្ធ»


សន្និសីទ​សារព័ត៌​មាន​​ស្តីពី ដំណើរ​ការ​ប្រមូល​​ឯកសារ​​ពាក់ព័ន្ធ​ នឹង​បញ្ហា​​ព្រំដែន​​ប្រទេស​កម្ពុជា ជាមួយ​​ប្រទេស​វៀត​ណាម






សន្និសីទសារព័ត៌មាន​ស្តីពី ដំណើរការប្រមូល​ឯកសារ​ពាក់ព័ន្ធ​ នឹងបញ្ហា​ព្រំដែន​ប្រទេសកម្ពុជា ជាមួយ​ប្រទេស​វៀតណាម
ដោយរាជបណ្ឌិតសភាកម្ពុជា, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥