Friday, September 4, 2015
Thursday, September 3, 2015
ឯកឧត្តម ហោ ណាំហុង ទទូចឲ្យគណបក្សនយោបាយ បញ្ឈប់ការយកបញ្ហាផែនទី និងទឹកដី មកកេងចំណេញនយោបាយទៀត
មានប្រសាសន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ពីស្ថានទូតបារាំង នៅភ្នំពេញ នាវិមានសន្តិភាព ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី បានមានប្រសាសន៍ថា «កន្លងមកមានគណបក្សនយោបាយខ្លះ លើកឡើងរឿងផែនទី ថាចេះចុះ! តើពួកគាត់ហ្នឹងមានស្គាល់អ្វីហៅថា ផែនទី Bonne ១/១០០.០០០អត់? រឺគ្រាន់តែចេះតែថាទេ? ចាប់ពីពេលយើងផ្ទៀងផ្ទាត់នេះសូមឈប់យករឿងព្រំដែន និងផែនទី ទៅធ្វើនយោបាយដើម្បីកេងចំណេញសំរាប់បក្សខ្លួនទៅ ហើយសូមធ្វើនយោបាយឲ្យមានសុច្ចរិតភាពផង»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា «កន្លងមកគេប្រើពាក្យចាក់ក្រឡេក ការពិតជាការវ៉ៃប្រហារយើង (រាជរដ្ឋាភិបាល) យ៉ាងខ្លាំង។ អ្នកខ្លះថា បើដឹងថាផែនទីរាជរដ្ឋាភិបាល ត្រឹមត្រូវហើយ ចំាំបាច់ផ្ទៀងផ្ទាត់ធ្វើអី? ជាការពិតយើងធ្វើការផ្ទៀងផ្ទាត់ ព្រោះចង់ឲ្យអ្នកនយោបាយខ្លះភ្លឺភ្នែក, យើងប្រើផែនទីផ្លូវការហើយ យើងប្រើទាំងច្បាប់អន្តរជាតិ និងច្បាប់ជាតិទៀត»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា «មានអ្នកតំណាងរាស្ត្រខ្លះ ធ្វើការបញ្ជារាជរដ្ឋាភិបាលឲ្យរកផែនទី ដែលបោះពុម្ភនៅឆ្នាំ១៩៦៤ ឲ្យឃើញ! តើអ្នកនោះជាស្អី? ម៉េចមកបញ្ជារាជរដ្ឋាភិបាលចឹង? ពួកគេមានភាពព្រហើនកំរិតណា? រាជរដ្ឋាភិបាលមិនអាចរត់តាមការញុះញង់របស់បក្សប្រឆាំង ហើយយើងមិនអាចយកផែនទីទិញតាមផ្សារត្រីមកផ្ទៀងផ្ទាត់ទេ គឺយើងប្រើផែនទីផ្លូវការ គឺសុទ្ធតែមានត្រាត្រឹមត្រូវ។ ហេតុអ្វីមិនធ្វើការឃោសនាតាមកម្មវិធីនយោបាយរបស់ខ្លួនឲ្យប្រជាជនទៅ»។
គួរបញ្ជាក់ថា ឯកឧត្តមភារធារីស្ថានទូតបារាំងប្រចាំកម្ពុជា នៅក្នុងពិធីប្រគល់ ទទួល និងផ្ទៀងផ្ទាត់ផែនទី ពីស្ថានទូតបារាំងនៅភ្នំពេញ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្ទៀងផ្ទាត់នៅថ្ងៃនេះ បានមានប្រសាសន៍ថា នៅក្នុងលិខិតរបស់ឯកឧត្តម Francois HOLLANDE ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបញ្ជាក់ថា ការសំរេចផ្តល់ផែនទីដល់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺផ្អែកលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាក់ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន សំដៅកសាងខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍជាមួយប្រទេសជិតខាង។ ស្របតាមស្មារតីនេះ រាជរដ្ឋាភិបាលបារាំងសំរេចផ្តល់ឯកសារផែនទី Bonne ខ្នាត ១/១០០.០០០ ដល់កម្ពុជា ដែលជាផែនទីថតចម្លងពីផែនទីដើម បោះពុម្ភដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន។
បន្ទាប់ពីទទួលផែនទី ពីភារធារីស្ថានទូតបារាំងនៅភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ផែនទីទាំងអស់គឺមានចំនួន២៦សន្លឹកគ្រប់ចំនួន ហើយមានបោះត្រាស្ថានទូតបារាំងទាំងផ្អែកខាងមុខ និងខ្នង។ បន្ទាប់ពីភាគីទាំងពីរ គឺកម្ពុជា -បារាំង បានចុះហត្ថលេខាប្រគល់ និងទទួលរួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា បានធ្វើការផ្ទៀងផ្ទាត់១ផ្ទាំងម្តងៗ ដែលក្នុងចំណោម២៦ផ្ទាំង មាន១ផ្ទាំងជាផែនទី UTM ខ្នាត១/១០០.០០០។ ការផ្តល់ជូនផែនទី UTM ១ផ្ទាំងនេះព្រោះបារាំងរកផែនទី Bonne ១/១០០.០០០ មួយផ្ទាំងនោះមិនឃើញ ទើបបារាំងឲ្យ UTM មួយមកជំនួស។ ចំពោះវិធីសាស្ត្រផ្ទៀងផ្ទាត់គឺប្រើវិធីសាស្ត្របុរាណ ដោយយកក្រដាសកាល់ មកកាល់លើផែនទីដើមរបស់កម្ពុជា រួចយកក្រដាសកាល់ដោយមានស្នាមកាល់ខ្សែព្រំដែន និងខានលេខានោះមកត្រួតពីលើផែនទី ដែលបារាំងផ្តល់ឲ្យ។ ជាលទ្ធផលនៃការផ្ទៀងផ្ទាត់នេះគឺដូចគ្នាបេះបិទ៕
អត្ថបទ៖ ច័ន្ទ ទេវី




ផែនទីបោនខ្នាត១/១០០ .០០០ ពីបារាំងទាំង២៦ផ្ទាំង ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាល មានខ្សែបន្ទាត់ព្រំដែនដូចគ្នាបេះបិទ
ការផ្ទៀងផ្ទាត់ផែនទីកម្ពុជា បោន ខ្នាត ១ លើ ១០០.០០០ ដែលផ្តល់ជូនដោយរដ្ឋាភិបាលបារាំង
និងផែនទីរបស់រាជរដ្ឋាភិបាលដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទាំង២៦ផ្ទាំង
បានបញ្ចប់ហើយនៅម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ជាលទ្ធផលបង្ហាញថា
ខ្សែបន្ទាត់ព្រំដែនកម្ពុជា នៅលើផែនទីខ្មែរផ្តល់ជូនដោយបារាំង និងផែនទីរបស់រាជរដ្ឋាភិបាល
គឺដូចគ្នាបេះបិទ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមទេរដ្ឋមន្ត្រី វ៉ា
គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជានៅពេលបញ្ចប់ការផ្ទៀងផ្ទាត់
នៅវិមានសន្តិភាព។
ការផ្ទៀងផ្ទាត់ផែនទីនេះ ក្រុមការងារបច្ចេកទេសព្រំដែនរបស់ឯកឧត្តម
វ៉ា គឹមហុង គេបានប្រើវិធីសាស្រ្តដោយយកផែនទីទាំងពីរដាក់ត្រួតលើគ្នា ហើយឆ្លុះជាកាល់
ដើម្បីមើលខ្សែបន្ទាត់ព្រំដែន។ ការផ្ទៀងផ្ទាត់ត្រូវបានធ្វើឡើងម្តងមួយផ្ទាំងៗ
តាមវីធីដូចៗគ្នា រហូតគ្រប់ទាំង ២៦ផ្ទាំង។
ការផ្ទៀងផ្ទាត់ក្រោមក្រសែខ្សែភ្នែកមន្រ្តីកម្ពុជាមកពីគ្រប់ភាគីពាក់ព័ន្ធ
បូករួមទាំងតំណាងគណបក្សនយោបាយប្រឆាំង ក៏ដូចជាអ្នកព័ត៌មានជាសាក្សីជាច្រើននាក់ផងនោះ
បានរកឃើញខ្សែបន្ទាត់ព្រំដែន នៅលើផែនទីផ្តល់ជូនដោយបារាំង អតីតម្ចាស់អាណានិគមកម្ពុជា
និងផែនទី របស់រាជរដ្ឋាភិបាលប្រើសម្រាប់បោះបង្គោលព្រំដែន ជាមួយវៀតណាម
គឺដូចគ្នាបេះបិទ។
ឯកឧត្តម វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា
បានបញ្ជាក់ថា ផែនទីបោន ខ្នាត ១ លើ១០០. ០០០ ដែលផ្តល់ដោយបារាំងនេះ មានចំនួនតែ
២៥ផ្ទាំង បោះពុម្ពដោយក្រុមភូមិសាស្រ្តឥណ្ឌូនចិន ចន្លោះឆ្នាំ១៩ ៥១-១៩៥៣
ហើយមួយផ្ទាំងទៀតបារាំងរកមិនឃើញនោះទេ
ប៉ុន្ត ផែនទីមួយផ្ទាំង ដែលរកមិនឃើញនេះ បារាំង បានផ្តល់ជំនួសដោយ
ផែនទី UTM ខ្នាត ១ លើ ១០០.០០០
ដែលមានខ្សែព្រំដែនក៏ដូចគ្នាដែរ។
នៅពេលផ្ទៀងផ្ទាត់ បង្ហាញថា ខេត្តរបស់កម្ពុជា ដែលមានព្រំដែនជាប់ប្រទេសវៀតណាមរួមមាន៖
កណ្តាល ស្វាយរៀង ព្រៃវែង កំពត តាកែវ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី
និង រតនគិរី គឺមានខ្សែព្រំដែនច្បាស់លាស់ និងដូចគ្នារវាងផែនទីបានមកពីបារាំង
ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការ ស្របច្បាប់របស់កម្ពុជា។





រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន ២លានដុល្លារ បន្ថែមលើថវិកា ៣,២ លានដុល្លារ ដែលបានសម្រេចផ្តល់ឲ្យ មន្ទីរពេទ្យគន្ធបុប្ផារួចហើយ នៅឆ្នាំ២០១៥នេះ
ដើម្បីទ្រទ្រង់ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដោយមានការគាំទ្រពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដំណើរទស្សនៈកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៥ រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន ២លានដុល្លារអាមេរិក បន្ថែមលើថវិកាវិភាគទានជាសាច់ប្រាក់ ៣,២ លានដុល្លារអាមេរិក ដែលបានសម្រេចផ្តល់ឱ្យមន្ទីរពេទ្យរួចហើយ ហើយនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុលា្លរអាមេរិក នៅឆ្នាំ២០១៦។ នៅពេលខាងមុខ រាជរដ្ឋាភិបាល នឹងខិតខំពិនិត្យ លទ្ធភាពពង្រឹងការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាជាបន្តទៀត និងស្វែងរកវិធីសាស្រ្តសមស្របសំដៅរក្សាមន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យរដ្ឋប្រកបដោយស្តង់ដារសេវាសុខភាពគំរូ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ច នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញនៅថ្ងៃនេះ ក៏ធ្វើឡើងដើម្បីពិនិត្យមើលអំពីស្ថានភាពនៃការផ្តល់សេវាសុខាភិបាល និងថែទាំសុខភាព ព្រមទាំងកិច្ចដំណើរការ និងការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលជាមន្ទីរពេទ្យដ៏សំខាន់មួយផ្តល់សេវាសុខភាព ជាពិសេសជូនកុមារកម្ពុជា ប្រកបដោយស្តង់ដារគំរូខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត ប៊ិត រិចឆ្នី ដែលបានបរិច្ចាគទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីប្រមូលមូលនិធិកសាង និងដឹកនាំគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ័្មនទី៧ ក្នុងរយៈពេលជាង ២៣ឆ្នាំកន្លងមក ព្រមទាំងថ្លែងនូវការអរគុណ និងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូវេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូប និងវិជ្ជាជីវៈខ្ពស់។
មកទល់បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផាសម្រេចសមិទ្ធិផលជាច្រើនក្នុងវិស័យសុខាភិបាល រួមមាន៖ ១-ការផ្តល់ប្រឹក្សាវេជ្ជសាស្រ្តដល់អ្នកជំងឺកុមារ ចំនួន១៤,៥ លាននាក់។ ២-ការផ្តល់ការព្យាបាលជាសះសើ្បយដល់កុមារចំនួន១,៦ លាននាក់ដែលមានជំងឺធ្ងន់ធ្ងរ។ ៣-ការផ្តល់ថ្នាំវ៉ាក់សាំងការពារជំងឺរលាកខួរក្បាលដល់កុមារប្រមាណ ៥០០ នាក់ក្នុងមួយថ្ងៃ។ ៤-ការផ្តល់សេវាពិនិត្យផ្ទៃពោះដល់ស្រ្តីមានផ្ទៃពោះ និងការផ្តល់សេវាសម្រាលមាតុភាព។
កន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងផ្តល់ការទ្រទ្រង់ចំពោះសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ជាបន្តបន្ទាប់ជាពិសេស នៅក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចូលរួមបដិភាគថវិកាប្រមាណ ៦,៥លានដុល្លារអាមេរិកក្នុងនោះ៖ ១.មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន ២១ ៩៧៣ លានរៀល (ប្រមាណ៥,៤លានដុល្លាអាមេរិក), បៀវត្សបុគ្គលិកក្របខ័ណ្ឌ១៤២នាក់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញចំនួន ១ ១៣៦ លានរៀល (ប្រមាណ២៨០ ០០០ ដុល្លារអាមេរិក), ចំណាយដំណើរការចំនួន ៧ ៩៧៧ លានរៀល(ប្រមាណ១,៩លានដុល្លារអាមេរិក) និងជំនួយសង្គម (ជំនួយប្រជាជនសម្រាកពេទ្យ) ចំនួន ១២ ៨៦០ លានរៀល(ប្រមាណ៣,២លានដុល្លារអាមេរិក)។ ២. ចំណាយដំណើរការមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាបចំនួន ៤ ៥៦០ លានរៀល(ប្រមាណ១,១ លានដុល្លារអាមេរិក) សម្រាប់អគ្គីសនី និងទឹក។
ជារួមរាជរដ្ឋាភិបាល យល់ច្បាស់លាស់នូវសារៈសំខាន់នៃការលើកកម្ពស់គុណភាព និងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលសំដៅផ្តល់សេវាថែទាំសុខភាពសមស្របដល់ប្រជាពលរដ្ឋ។ នៅក្នុងស្មារតីនេះ គោលនយោបាយគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ទ្រទ្រង់វិស័យសុខាភិបាល គឺផ្តោតលើអាទិភាពបីចំណុចសំខាន់គឺ៖ ១) បង្កើនទំហំថវិកាសម្រាប់វិស័យសុខាភិបាល ២) បង្កើនប្រសិទ្ធភាពនៃការវិភាជន៍ឱ្យចំគោលដៅ និងមុខចំណាយ ៣) បង្កើនប្រសិទ្ធភាពក្នុងផ្នែកប្រតិបត្តិការឱ្យទទួលលទ្ធផលស្របតាមទំហំនៃថវិកាចំណាយ៕





សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបប្រធានាធិបតីបារាំង ចំពោះការផ្តល់ផែនទីមកផ្ទៀងផ្ទាត់
បន្ទាប់ពីបានទទួលនូវលិខិតជាផ្លូវការ ពីប្រធានាធិបតីនៃសាធារណរដ្ឋប្រទេសបារាំង ផ្ញើជូនមកកាន់រាជរដ្ឋាភិបាលកម្ពុជា អំពីការផ្តល់ផែនទីសម្រាប់ផ្ទៀងផ្ទាត់ជាមួយនឹងផែនទីរាជរដ្ឋាភិបាលកម្ពុជា, នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតឆ្លើយតបទៅកាន់ លោក ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដោយបានរៀបរាប់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្តល់ ផែនទីដល់កម្ពុជា។
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ក៏បានជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ឲ្យដឹងថា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង០៩:00នាទីព្រឹក នឹងមានរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទី ពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងជាមួយផែនទីផ្លូវការ និងស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ច ក៏បានជម្រាបជូនផងដែរថា នៅក្នុងពិធីប្រគល់ផែនទីជាផ្លូវការនោះ គណៈកម្មការចំពោះកិច្ចសម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និងផ្ទៀងផ្ទាត់ផែនទី ក៏នឹងអញ្ជើញឥស្សរជនមួយចំនួនចូលរួមផងដែរ ដើម្បីសង្កេតការណ៍ ក្នុងពិធីទទួលនិងផ្ទៀងផ្ទាត់ផែនទីដែលរួមមាន៖ តំណាងគណបក្សនយោបាយ៖ គណបក្សប្រជាជនកម្ពុជាចំនួន៥រូប គណបក្សសង្គ្រោះជាតិចំនួន៥រូប និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ តំណាងរដ្ឋសភា៖ សមាជិករដ្ឋសភាគណបក្សដែលមានសំឡេងភាគច្រើនចំនួន៣រូប សមាជិករដ្ឋសភាសំឡេងភាគតិច៣រូប។ តំណាងស្ថាប័នព្រឹទ្ធសភា៖ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចំនួន៣រូប សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួន៣រូប ហើយក៏នឹងអញ្ជើញឲ្យចូលរួមផងដែរ នូវតំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប លោកបណ្ឌិត សុខ ទូច និងសហការី នៃរាជបណ្ឌិតសភាចំនួន៣រូបហើយនិងទីប្រឹក្សារាជរដ្ឋាភិបាលដែលជាជនជាតិបរទេសមួយចំនួន។ សូមជម្រាបថា ការផ្ទៀងផ្ទាត់ផែនទី នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ នាវិមានសនិ្តភាព នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី៕
សម្តេចតេជោ៖ ការរៀបចំគំរោងថវិកាសំរាប់បៀវត្ស គឺត្រូវធ្វើតាមដំណាក់កាល យើងមិនសន្យាខ្យល់ទេ!
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៥នេះ បានថ្លែងនៅក្នុងសន្និបាតតំណាងសមាគមអតីតយុទ្ឋជនទូទំាងប្រទេស នៅវិទ្យាស្ថានជាតិអប់រំថា «ចំពោះរឿងតម្លើងប្រាក់បៀវត្ស យើងមិនអាចធ្វើឲ្យបានលឿនភ្លាមៗតាមចិត្តចង់ទេ ត្រូវមានដំណាក់កាលរបស់វា។ ដើម្បីឲ្យបៀវត្សសំរាប់យុទ្ធជនដែលចូលនិវត្តន៍មុន និងក្រោយឈានដល់ចំណុចប្រហាក់ប្រហែលគ្នាទាមទារឲ្យរដ្ឋចំណាយថវិកាបន្ថែមទៀត ហើយនេះជាកាព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលត្រូវធ្វើខានមិនបាន»។
ដើម្បីឈានទៅដល់គោលដៅនេះ សម្តេចតេជោ បានបញ្ជាក់ថា យើងអាចកាត់បន្ថយនូវការចំណាយទៅលើការវិនិយោគផ្នែកខ្លះ ដើម្បីយកថវិកាមកចំណាយទៅលើផ្នែកនេះ។ទោះជាយ៉ាងណា សម្តេចតេជា លើកឡើងថា «យើងពិតជាមិនហ៊ានជាមួយនឹងការសន្យាខ្យល់បែបណាមួយនោះទេ យើងត្រូវធ្វើទៅតាមលទ្ធភាពនៃថវិកាជាតិ។ វាខុសគ្នាជាមួយពួកសន្យាដែលថាត្រូវបានប៉ុណ្ណេះៗ ប៉ុន្តែទីចុងបំផុតសូម្បីតែអ្នកបើកឡានខ្លួនឯងក៏អត់មានប្រាក់ខែបានស្មើជាមួយនឹងមន្ត្រីរាជការស៊ីវិលទេ»។
សម្តេចបានលើកឡើងថា ការឃោសនារបស់បក្សប្រឆាំងគឺ «ភូតសុទ្ធ ហើយបើពូកែណាស់អ្នកបើកឡាន ហើយនឹងអ្នកដាំបាយនៅផ្ទះខ្លួនឯង ធ្វើម៉េចឲ្យប្រាក់ខែបានស្មើនឹងមន្ត្រីរាជការស៊ីវិលទៅបានហើយ។ មិនបាច់មកទារតម្លើងឲ្យកម្មករ ប៉ុន្តែកម្មករបំរើនៅផ្ទះខ្លួនឯងវាអត់ទាន់គ្រប់ផង។ ភូតសុទ្ធ បើពូកែភូតចឹង ឲ្យដឹកនាំប្រទេសម៉េច? ដឹកនាំវាមិនកើត! ពូកែខាងភូត! ពូកែខាងរករឿង! រួចហើយសារភាពថាចាក់ក្រឡេក។ អាចាក់ក្រឡេកហ្នឹងស្អី? មេចោរវាទទួលសារភាពហើយ ចឹងរឿងរ៉ាវដែលវាកើតកន្លងទៅ គឺកើតដោយសារការបង្កហេតុតាមរបៀបដែលហៅថាចាក់ក្រឡេកនេះឯង»
ចំពោះការកាត់បន្ថយគម្លាតនៃប្រាក់បៀវត្សនេះកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការងារនេះរួចហើយ ប៉ុន្តែ សម្តេច ស្នើឲ្យបន្តការងារនេះ ដោយសកម្មអំពីគម្លាតបៀរវត្សវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ គឺត្រូវរំកិលឡើង ឲ្យប្រហាក់ប្រហែលគ្នា។ មុននេះដើម្បីរំកិលឡើងរាជរដ្ឋាភិបាលបានកំណត់ថា ទាបបំផុតគឺ៣០ម៉ឺនរៀល ប៉ុន្តែអ្នកចូលនិវត្តន៍ក្រោយឆ្នាំ២០១៥ ពេលដែលចូលនិវត្តន៍ទៅ នឹងទទួលបានបៀវត្សន៍ខ្ពស់ រឺឯអ្នកដែលចូលនិវត្តន៍កាលពីពេលមុន ទទួលបានទាបណាស់ ព្រោះកាលណោះប្រាក់ខែពួកគាត់ទាបដែរ។ សម្តេចតេជោ មានប្រសាសន៍ថា «ឥឡូវអ្នកដែលចូលនិវត្តន៍ឆ្នាំ២០១៥នឹងទទួលបានបៀវត្សតិចជាង អ្នកចូលនិវត្តន៍ឆ្នាំ២០១៦ ហើយ២០១៦ ទាបជាង ២០១៧ ។ ដូច្នេះត្រូវរំកិលវាឡើង ដើម្បីកុំឲ្យគម្លាតធំពេក និងឈានទៅដល់ដំណាក់កាលប្រហាក់ប្រហែលគ្នារវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ»៕

មុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម គឺមានកិច្ចសហប្រតិបត្តិការល្អ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម គឺមានកិច្ចសហប្រតិបត្តិការល្អ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ ក្នុងកម្មវិធីជួបជុំ សាទរខួប ៧០ ឆ្នាំ នៃទិវាបុណ្យជាតិរបស់វៀតណាម រៀបចំដោយស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដែលបានធ្វើឡើង នៅសណ្ឋាគារ អ៊ីនធើកុងទីណង់តាល់ ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភារធារីទូត និងតំណាងស្ថានទូតនានា ប្រចាំនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "យើងតែងរួមដៃគ្នាតស៊ូដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សំខាន់ទំនាក់ទំនងល្អ សហប្រតិបត្តិការល្អ ប៉ុន្តែគោរពឯករាជ្យគ្នា ទៅវិញទៅមក គោរពអធិបតេយ្យភាពទៅវិញទៅមក គោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក"៕


ឯកឧត្តម អ៊ុំ សំអាន ទទួលស្គាល់ថាផែនទីនៅបណ្ណាល័យសភាអាមេរិក ដូចគ្នានឹងផែនទីរបស់រាជរដ្ឋាភិបាលដែរ
យោងតាមទំព័រ ហ្វេសប៊ុក របស់ឯកឧត្តម អ៊ុំ សំអាន នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥នេះបានឱ្យដឹងថា លោកអ៊ុំសំអាន បានសរសេរថា "ខ្ញុំទទួលព័ត៌មានថា លោកបណ្ឌិត សុខ ទូច បានទទួលផែនទីរបស់ Library of congress ពីរដ្ឋាភិបាល និងផ្ទៀងផ្ទាត់ផែនទីនោះ ជាមួយផែនទីរដ្ឋាភិបាលរួចហើយគឺដូចគ្នា។ លោក វ៉ា គឹមហុង និងលោក ហោ ណាំហុង ក៏បានមានប្រសាសន៍ថា រដ្ឋាភិបាលទទួលបានផែនទីពីLibrary of congress ១០ ឆ្នាំហើយ និងនិយាយថា ផែនទីដែលខ្ញុំទទួលបានដូចគ្នានឹងផែនទីរដ្ឋាភិបាល។ ដូច្នេះ ខ្ញុំយល់ថា ខ្ញុំពុំចាំបាច់ផ្ញើរផែនទី ដែលខ្ញុំទទួលបានពី Library of congress ជូនលោកបណ្ឌិត សុខ ទូច នោះទេ"។
គួរបញ្ជាក់ថានៅពេលនេះ ឯកឧត្តម អ៊ុំ សំអាន អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅសហរដ្ឋអាមេរិក និងបានប្រកាសទទួលស្គាល់ថា ផែនទីកម្ពុជា ដែលលោកទើបរកឃើញនៅបណ្ណាល័យសភាអាមេរិក គឺដូចគ្នានឹងផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងប្រើប្រាស់សព្វថ្ងៃក្នុងការបោះបង្គោលកំណត់ព្រំដែនជាមួយប្រទេសវៀតណាម។
ជុំវិញសំណុំរឿង ផែនទីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទី ដែលបារាំងទើបតែផ្តល់ឲ្យ ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងផែនទីផ្លូវការ និងស្របច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកម៉ោង ៩ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ខាងមុខនេះ។ គួររំលឹកដែរថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ការផ្ទៀងផ្ទាត់ផែនទីកម្ពុជា មកពីអង្គការសហប្រជាជាតិ និងផែនទីរបស់រដ្ឋាភិបាលកម្ពុជា គឺបង្ហាញលទ្ធផលថាដូចគ្នា៕

Tuesday, September 1, 2015
Subscribe to:
Posts (Atom)