AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
ឯកអគ្គរាជទូតនៃប្រទេសព្រុយណេប្រចាំកម្ពុជា បានបង្ហាញ ពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅលើវិស័យជាច្រើន ដូចជា វិស័យអាកាសចរណ៍ ការនាំចេញអង្ករ វិស័យឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ និងកីឡាផងដែរ។
លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងបន្ទាប់ ពីជំនួប រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីទទួល បន្ទុក ទីស្តីការ គណៈរដ្ឋ មន្ត្រីនិង ឯកឧត្តមPengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតព្រុយណេប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីថា កិច្ច ពិភាក្សានៅក្នុងជំនួបនោះ បានផ្តោតទៅលើការជំរុញឲ្យមានការហោះហើរត្រង់ពីព្រុយណេមកកម្ពុជា និងការផ្តល់ អាហារូបករណ៍ ដល់និស្សិត កម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក ដែលឧបត្ថម្ភដោយប្រទេសព្រុយណេ ការនាំអង្ករ ចេញទៅព្រុយណេ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងការ បណ្ដុះបណ្ដាល កីឡាបាល់ទាត់ក្រោមអាយុ២៣ឆ្នាំផងដែរ។
ប្រភពដដែលឲ្យដឹងបន្តថា ឯកអគ្គរាជទូតព្រុយណេបានជម្រាបជូនឯក ឧត្តមឧបនាយករដ្ឋមន្ត្រីថា ប្រទេស ព្រុយណេមានបំណងចង់ហោះហើរត្រង់ពីព្រុយណេមកភ្នំពេញ និងខេត្តសៀមរាប ដោយសារ ប្រទេស កម្ពុជា មានសក្ដានុ ពលវិស័យទេសចរណ៍ខ្ពស់ ដែលមានកំណើនទេសចរ១៨% ក្នុង១ឆ្នាំៗ ហើយនៅឆ្នាំ២០១៣ កន្លងទៅកម្ពុជាទទួលភ្ញៀវទេសចរបាន៤,២លាននាក់ នាំមកនូវប្រាក់ ចំណូល ប្រមាណ ២.៥០០លាន ដុល្លារអាម៉េរិកចូលក្នុងថវិកាជាតិរួមចំណែកប្រមាណ១៦%នៅក្នុងផលទុនជាតិ។
ឯកឧត្តមទូតបានស្វាគមន៍ និងចង់ឃើញនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកថ្នាក់បណ្ឌិត ក្រោមការជួយឧបត្ថម្ភរបស់ប្រទេសព្រុយណេ។ ឯកអគ្គរាជទូតក៏បានលើកឡើងផងដែរថាប្រទេស កម្ពុជា បានផលិត ស្រូវក្នុង១ ឆ្នាំជាង៩លានតោន ហើយនៅសល់ប្រមាណ៤លានតោន លើសពីសេចក្តី ត្រូវការ ហើយប្រទេសព្រុយណេ ដែលធ្លាប់តែនាំអង្ករចូលពីប្រទេសវៀតណាម និងថៃ ប៉ុន្តែឥឡូវនេះ បានងាក មកសម្លឹងមើលការនាំចូលអង្ករពីប្រទេសកម្ពុជាវិញម្តង។ ប្រទេសកម្ពុជាជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយ ប្រទេសព្រុយណេ កាន់សាសនាឥស្លាម ប៉ុន្តែប្រទេសទាំងពីរមានសុខដុមរមនាជាមួយគ្នាដូច សាសនិក ឥស្លាមនៅកម្ពុជាដែរ ហើយថ្មីៗនេះ ក្នុងពិធីបុណ្យរ៉ាម៉ាឌន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួម ស្រាយបួសពិសារអាហារជាមួយសាសនិកឥស្លាមនៅកម្ពុជា ដែលជាការបង្ហាញ ឲ្យឃើញថា រាជរដ្ឋាភិបាលចង់ឃើញអ្នកកាន់សាសនាផ្សេងៗ នៅកម្ពុជាមាន សុខដុមរមនា ជាមួយគ្នា។ រាជរដ្ឋាភិបាលព្រុយណេក៏ចង់ឲ្យមានការចុះអនុស្ស រណៈ ដើម្បីពង្រឹង ទំនាក់ទំនង ផ្នែកយុវជន កម្ពុជា និងព្រុយណេ និងវប្បធម៌ និង វិចិត្រលិល្បៈរវាងប្រទេសទាំងពីរ។
លោក ឯក ថា បានឲ្យដឹងបន្តថា ឯកឧត្តម សុខ អាន បានស្នើឲ្យលោក ទូតព្រុយណេ ពិភាក្សា ពីនីតិវិធី ក្នុងការនាំចេញអង្ករ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដោយបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រទេសព្រុយណេ ដើម្បីឲ្យសហព័ន្ធស្រូវអង្ករកម្ពុជាអាចពិនិត្យលើការចុះអនុស្សរណៈជាមួយគ្នាបាន។ ឯកឧត្តមមាន ប្រសាសន៍ថា កន្លងទៅប្រទេសកម្ពុជានៅសល់ស្រូវអង្ករច្រើន ហើយបានលក់ចេញទៅកាន់ប្រទេសវៀតណាម និង ប្រទេសថៃ ដោយតម្លៃថោក ដូចនេះកម្ពុជាត្រូវការការ វិនិយោគ ពីក្រៅប្រទេស លើការកែច្នៃអង្ករ សម្រាប់ នាំចេញ។ ពាក់ព័ន្ធការហោះហើរត្រង់ពីព្រុយណេមកកម្ពុជា ឯកឧត្តម សុខ អាន បានបញ្ជាក់ថា អាជ្ញាធរ អាកាសចរណ៍កម្ពុជាកំពុងរៀបចំបែបបទសម្រួលឲ្យបានលឿន ដើម្បីបង្កើននូវ ភ្ញៀវទេសចរ មកកាន់កម្ពុជានោះ៕
ដោយ ពេជ្រ ណារិទ្ធ