Friday, July 25, 2014

ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ពិនិត្យសេចក្តីព្រាងអនុក្រឹត្យ ស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
ក្រុមការងារក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌ មាន និងក្រុមការងារ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយឯកឧត្តម គង់ កន្ថារ៉ា អនុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មានបានបើកកិច្ចពិភាក្សាពិនិត្យ និងផ្តល់យោបល់កែសម្រួលអំពី ពាក្យ​ពេចន៍ អត្ថន័យ ឃ្លាឃ្លោង ដែនសមត្ថកិច្ច តួនាទីភារកិច្ច​គ្រប់គ្រង​របស់ក្រសួងនីមួយៗកុំ ឲ្យជាន់គ្នា ដើម្បី​ឲ្យការរៀបចំបទបញ្ញត្តិ អនុក្រឹត្យអង្គភាពគ្រប់គ្រងសិទ្ធិរួមកម្ពុជា (អ.ស.ក) មានភាពរលូន និងមានខ្លឹម​សារ​គ្រប់ជ្រុងជ្រោយ ដើម្បីយកទៅដាក់ឆ្លងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម គង់ កន្ថារ៉ា បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រង សិទ្ធិកម្ពុជានេះ​មាន១៨ ជំពូក ចែកចេញជា២៧ មាត្រា បង្កើតឡើងក្នុងគោលបំណងជំរុញ និងពង្រឹងការរីកចម្រើន នៅក្នុង​វិស័យច្បាប់ ដែលទាក់ទងនឹងសិទ្ធិអ្នកនិពន្ធ ជាពិសេសសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែល​ទាក់ទង​នឹងស្នាដៃតន្ត្រី ដោយធ្វើការគាំទ្រ ឬស្នើ សុំធ្វើវិសោធនកម្មលើបទបញ្ញត្តិច្បាប់ ដើម្បីឲ្យមាន​ការរីកចម្រើន។ ច្បាប់នេះក៏ដើម្បីឈានទៅ ចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបរទេស ឬអង្គភាព​គ្រប់គ្រងសិទ្ធិរួមបរទេស ដែលមាន លក្ខណៈដូចគ្នា និងមានគោលបំណងការពារ និងពង្រឹង​សិទ្ធិអ្នក​និពន្ធដូចគ្នា ក៏ដូចជារកវិធី សាស្ត្រ ដើម្បីជួយដល់អ្នកនិពន្ធ អ្នកនិពន្ធបទភ្លេង និងដើម្បីចូលរួម​ជាមួយ​អង្គភាព​គ្រប់គ្រង សិទ្ធិរួមអន្តរជាតិ។ អនុក្រឹត្យនេះក៏មានបំណងអនុវត្តន៍ និងការពារសិទ្ធិជំនួសឲ្យសមាជិក ក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទងនឹងស្នាដៃតន្ត្រី ស្នាដៃអក្សរសាស្ត្រ ឬស្នាដៃសិល្បៈ ក្នុងការធ្វើអាជីវកម្ម ការផលិតឡើងវិញ ការសម្តែង ការកែសម្រួល ដែលត្រូវ បានប្រើប្រាស់ក្នុង​ប្រទេស​កម្ពុជាឬបរទេស។ ចំពោះគោលបំណងអង្គភាពគ្រប់គ្រងសិទ្ធិរួម កម្ពុជានោះ មិនត្រូវរកប្រាក់ចំណេញ​ឲ្យបានលើសលប់សម្រាប់សមាជិកនោះឡើយ។

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមទូរទស្សន៍ កម្ពុជាបាន​បញ្ជាក់​ដែរ​ថា ក្រោយពីអនុក្រឹត្យនេះចេញហើយ កាន់តែធ្វើឲ្យវិស័យឧស្សាហកម្ម វប្បធម៌នៅកម្ពុជា​កាន់តែមាន​ការអភិវឌ្ឍទៅមុខជានិច្ច ព្រោះត្រូវបានរួមចំណែកការពារក្នុង ការបំពេញភារកិច្ចរបស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកលើ វិស័យកម្មសិទ្ធិបញ្ញា។ អនុក្រឹត្យនេះនឹងមានវិសាលភាព​គ្រប់គ្រងអង្គភាពគ្រប់គ្រងសិទ្ធិរួម គ្រប់ប្រភេទនៅកម្ពុជា ដូចជាសិទ្ធិសម្តែងជាសាធារណៈ សិទ្ធិផលិត​ជាហ្វូណូក្រាម សិទ្ធិ សម្តែងស្នាដៃនាដកម្ម សិទ្ធិផលិតឡើងវិញ នៃស្នាដៃអក្សរសាស្ត្រ អ្នកនិពន្ធ​អក្សរសាស្ត្រ និង អ្នកបោះពុម្ពផ្សាយស្នាដៃ សិទ្ធិស្នាដៃតូរ្យតន្ត្រី និងសិទ្ធិផ្សព្វផ្សាយតាមអង្គភាពទូរទស្សន៍ ផ្សាយជាដើម ហើយអង្គភាពគ្រប់គ្រងសិទ្ធិរួមនេះជានីតិបុគ្គល ដែលមិនរកប្រាក់ចំណេញ។

ឯកឧត្តម ថាច់ ផែន បានបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិ រួមកម្ពុជានេះ គឺធ្វើយ៉ាងណាជំរុញឲ្យបានឆាប់ ដើម្បីយកទៅអនុម័ត និងប្រកាសឲ្យប្រើប្រាស់ ព្រោះអនុក្រឹត្យ​នេះមានគោលបំណងការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងការធានាការធ្វើអាជីវកម្មស្របច្បាប់លើ ផលិតផលវប្បធម៌។ លើសពីនេះអនុក្រឹត្យនេះ គឺបានលើកទឹកចិត្ត និងជំរុញការបង្កើតស្នាដៃ ថ្មីៗ ក្នុងវិស័យអក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រីជាដើម។ ឯកឧត្តមក៏បានសំ ណូមពរផងដែរដល់ក្រសួងវប្បធម៌ និងវិចិត្រ​សីល្បៈរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ធ្វើយ៉ាង ណាកុំឲ្យមានការជាន់ដែនសមត្ថកិច្ច រវាងតួនាទីភារ​កិច្ចគ្រប់គ្រងរបស់ក្រសួងទាំងពីរ គឺក្រ សួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ដោយ ប៉ាល់ សុង