AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤—
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងថា សិល្បៈចម្រៀងជាផ្នែកមួយ នៃវប្បធម៌ ដែលជាព្រលឹងជាតិ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ផ្សារភ្ជាប់ការប្រេះឆាក្នុងសង្គម ជាស្ពាន នៃសេចក្ដីយោគយល់ ជាការពង្រឹងសន្តិភាព ការបង្រួបបង្រួមជាតិ ការលើកស្ទួយសីលធម៌សង្គម ផ្សព្វផ្សាយចំណេះដឹង អប់រំបំផុសមនសិការសង្គម និងការបណ្ដុះបណ្ដាលស្មារតីស្នេហាជាតិដល់ប្រជាជន មហាជន និងយុវជន ព្រមទាំងជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ក្នុងពិធីបើកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៣ ឆ្នាំ២០១៤ នៅសាល មហោស្រព នៃមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ឯក ឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ការ ប្រឡងជ្រើសរើសនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កាគាប់ប្រសើរ។ ដូច្នេះបេក្ខជន បេក្ខនារី ទាំងអស់ ត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេព្យកោសល្យ ក្នុងការដណ្ដើមយកជ័យ លាភី ព្រោះថា លទ្ធផលចុងក្រោយ ដែលទទួលបានពីការសម្រិតសម្រាំងប្រកបដោយគុណ ភាពនេះ គឺជាយន្តការមួយយ៉ាងសំខាន់ ក្នុងការប្រមូលជ្រើសរើសយកនូវបណ្ដាស្នាដៃផលិត ផល នៃវិស័យចម្រៀងឲ្យបានកាន់តែច្រើន ដើម្បីផ្ដល់សេវាជូនដល់សាធារណជនគ្រប់មជ្ឈ ដ្ឋានបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈនេះ យើងអាចបង្កើតបានទីផ្សារផលិត ផលចម្រៀងខ្មែរសម្រាប់ទាញយកផលកម្រៃផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើនគុណភាពជីវភាពរស់ នៅ និងលើកកម្ពស់ឧត្ដមភាពជាតិរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង វប្បធម៌ ក៏ដូចជារួមចំណែកលើកកម្ពស់កិត្យានុភាព និងតម្លៃវប្បធម៌របស់ជាតិ ស្របតាម គោលដៅកម្ពុជា ព្រះរាជាណាចក្រវប្បធម៌ រួមជាមួយនឹងយុទ្ធនាការទេសចរណ៍កម្ពុជាព្រះ រាជាណាចក្រអច្ឆរិយ តាមរយៈរូបភាពសិល្បៈដើម្បីសិល្បៈ សិល្បៈដើម្បីការអប់រំ សិល្បៈដើម្បី ភាពរីករាយ សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និងសិល្បៈដើម្បីវប្បធម៌សន្តិ ភាព។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ក្នុងមហោស្រពសិល្បៈ ចម្រៀង ខ្មែរជាសកលលើកទី៣ ដែលជាការប្រឡងជម្រើសជ័យលាភីនេះ មានបេក្ខជន បេក្ខនារីក្នុងស្រុកចំនួន៦៦រូប ស្ត្រី៣៤រូប និងបេក្ខជន បេក្ខនារីមកពីបរទេសចំនួន១៨រូប ស្ត្រី៧រូប ដោយ ការរៀបចំមហោស្រពនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការ ជាមួយ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងវិស័យឯកជនរួមមានធនាគារកាណាឌីយ៉ា និងស្ថានីយវិទ្យុ ទូរទស្សន៍បាយ័ន។
ពិធីបិទមហោស្រពនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ទី៣១ កក្កដា ឆ្នាំ២០១៤ ក្រោម អធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្ត្រីតំណាង ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ជឹម ណារី