Friday, July 25, 2014

ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចូលគាល់ព្រះមហាក្សត្រ



ភ្នំពេញ: ថ្នាក់ដឹកនាំ ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាង ៣ រូប ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី បាន​ចូល​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ពី​លទ្ធផល​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាលពី​ម៉ោង ៤ រសៀល ថ្ងៃទី​២៤​កក្កដា​នេះ​។ រហូតដល់​ម៉ោង ៥ និង ៣០ នាទី ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ បាន​ចាកចេញ​ពី​ព្រះបរមរាជវាំង​វិញ​ហើយ​។​ ​ចំណែក​ក្រុម​អ្នកកាសែត​ជាច្រើន​នាក់ បាន​រង់ចាំ​នៅ​ក្រៅរបង​ព្រះបរមរាជវាំង ដើម្បី​យក​ព័ត៌មាន​។​

បន្ទាប់ ​បញ្ចប់​ការចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៥​និង​៣០​នាទី​នៅពេល​ចេញមក​វិញ លោក​សមរង្ស៊ី មានប្រសាសន៍​ខ្លី​ពីលើ​រថយន្ត​បើក​កញ្ចក់​និង​បរ​សន្សឹមៗ​ប្រាប់​ អ្នកសារព័ត៌មាន​ថា ៖ មាន​បរិយាកាស​ល្អ សង្ឃឹម​ច្រើន ព្រះករុណា​លោក​បាន​ប្រទាន​ពរជ័យ​ឲ្យ​ជោគជ័យ​។ ជាមួយគ្នា​នោះដែរ លោក​កឹម សុខា អនុប្រធាន​គណបក្ស ក៏បាន​មានប្រសាសន៍​នៅលើ​រថយន្ត​ដោយឡែក​មួយទៀត បាន​បញ្ជាក់ថា ព្រះករុណា​ព្រះអង្គ​គាំទ្រ​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ទាំងពីរ (​កិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ២២​កក្កដា ២០១៤ នៅ​វិមាន​ព្រឹទ្ធសភា​) និង​នៅ​ចំពោះ​ព្រះភ័ក្ត្រ ព្រះករុណា នា​រសៀល​ថ្ងៃ​នោះដែរ ក៏មាន​ការពិភាក្សា​អំពី​ការដាក់​ឈ្មោះ​លោក​សម រង្ស៊ី ចូល​ជា សមាជិកសភា​នីតិកាល​ទី​៥​នេះ​ផងដែរ​។​


​ លោក សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ព្រះមហាក្សត្រ នា​រសៀល​នេះ ធ្វើឡើង​ក្នុង​បរិយាកាស​ល្អ ហើយ​ព្រះមហាក្សត្រ ក៏​បាន​គាំទ្រ​នូវ​ការសម្រេច​បាន​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ រវាង​គណបក្ស​ទាំង​ពីរ​ផង​ដែរ​។ ព្រះមហាក្សត្រ ក៏បាន​ជូនពរ​ដល់​គណបក្ស​នយោបាយ​ទាំងពីរ ឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​។​

​ យ៉ាងណាក៏ដោយ លោក​សម​រង្ស៊ី និង​លោ​កឹម​សុខា មិន​បាន​បញ្ជាក់ថា ពេល​ណា​ទើប​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប ចូល​ធ្វើ​សច្ចាប្រណិធាន នៅក្នុង​ព្រះបរមរាជវាំង មុខ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​នោះ​ទេ​៕​