AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
សាលារាជធានីភ្នំពេញ បានបើកការដ្ឋានជួសជុលកែលម្អពង្រីកផ្លូវយុទ្ធ សាស្ត្រ នៅជាយក្រុង១ ខ្សែទៀតទៅតាមគោលការណ៍ពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ក្រុង ដើម្បីបញ្ចៀសចរាចរនៅកណ្ដាលរាជធានី ស្របពេលដែលការកកស្ទះចរាចរនៅតែបន្តកើតមាននោះ ហើយយុទ្ធសាស្ត្រនេះធ្វើឡើងក្នុងគោល បំណងចង់ឲ្យរោងចក្រ សហគ្រាសមួយចំនួនដែលកំពុងតែធ្វើអាជីវកម្មរកស៊ីនៅកណ្ដាលក្រុង បង្វែរទិសដៅមកជាយក្រុងវិញ។
ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា នេះជាផ្លូវយុទ្ធសាស្ត្រនៅជាយ ក្រុង១ ខ្សែទៀត ដែលស្ថាបនាឡើងប្រកបដោយគុណភាព បន្ទាប់ពីផ្លូវលេខ៣៧១ ផ្លូវជើងឯក ផ្លូវចោមចៅ និងផ្លូវកប់ស្រូវ ដែលបានជួយកាត់បន្ថយការកកស្ទះចរាចរនៅកណ្ដាលក្រុងបានច្រើន ក្រោមការគិតគូ និងផ្តល់លទ្ធភាពដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យសាលារាជធានីភ្នំពេញជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធលូក្នុងក្រុងឲ្យបានកាន់តែប្រសើរ។
ឯកឧត្តមអភិបាលបានសំណូមពរឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជួយតាមដានពិនិត្យមើលសកម្មភាពស្ថាបនាផ្លូវរបស់ក្រុមហ៊ុន ជាមួយសាលារាជធា នីភ្នំពេញ ព្រោះបើពឹងផ្អែកតែមន្ត្រីជំនាញគឺមើលមិនអស់ទេ។ សាលារាជធានីភ្នំពេញតែងបានយកចិត្តទុកដាក់ទៅលើការស្ថាបនាផ្លូវ និងលូ ដើម្បីកាត់បន្ថយការលិចលង់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែក៏នៅមិនទាន់បានគ្រប់គ្រាន់ដោយ សារភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យភូមិសាស្ត្រមួយចំនួនត្រូវជន់លិចដោយសារទឹកហូរមិនទាន់ តែសាលារាជធានីភ្នំពេញពិតជាមិនរាថយក្នុងការងារនេះទេ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ផ្លូវព្រៃស ដែលត្រូវពង្រីកនាពេលនេះ មានប្រវែង៥ ០០០ ម៉ែត្រ ទទឹង១១ ម៉ែត្រ និងមានកម្រាស់២ តឹក ដោយចាក់ជាបេតុងឆ្អឹងដែក ចាប់ពីកែងផ្លូវចំការដូងដល់មុខវត្តអង្គមេត្រី ដែលជាការជួសជុលក្នុងជំហានទី១ ក្នុងប្រវែងផ្លូវសរុបជាង១១ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តស្លែងដល់ផ្លូវចំការដូង ប្រសព្វនឹងផ្លូវជាតិលេខ២។ ចំណែកផ្លូវ៦ គីឡូម៉ែត្រទៀតសាលារាជ ធានីភ្នំពេញនឹងបន្តធ្វើនៅឆ្នាំក្រោយ។ កំណាត់ផ្លូវមួយខ្សែនេះត្រូវបានក្រុមហ៊ុន STR ជាអ្នកទទួលម៉ៅការសាងសង់ពីសាលារាជធានី ដោយប្រើប្រាស់រយៈពេលស្ថាបនា៧ ខែ។ ក្រោយការស្ថាបនាផ្លូវនេះអាចប្រើប្រាស់បានរយៈពេល២០ ឆ្នាំ ដោយទ្រាំទ្រទម្ងន់បាន៣០ តោន។
ផ្លូវព្រៃសនេះ ធ្លាប់បើកការដ្ឋានស្ថាបនាម្តងរួចមកហើយកាលពី ឆ្នាំ២០០៥ ជាប្រភេទផ្លូវកៅស៊ូ DBST តែដោយសារផ្លូវនេះមានការខូចខាតច្រើនទើបសា លារាជធានីភ្នំពេញបានសម្រេចប្ដូរពីផ្លូវកៅស៊ូមកជាផ្លូវបេតុងឆ្អឹងដែកវិញ ហើយជាគម្រោងទៅថ្ងៃអនាគតផ្លូវនេះត្រូវស្ថាបនាមានប្រវែងទទឹង៣០ ម៉ែត្រ៕
ដោយ សួស សំរិត