លោក Boum Joong Kim ប្រតិភូ នៃប្រទេសកូរ៉េខាងត្បូង បានដឹកនាំ និស្សិតចុះទស្សនៈកិច្ចសិក្សា ស្វែងយល់ នៅមណ្ឌលបុរីកុមារកំព្រាបាត់ដំបង២ ស្ថិតក្នុងសង្កាត់សំរោង ក្រុងបាត់ដំបង។
លោកស្រី នូ សុម៉ាលី នាយិកាមណ្ឌល បុរីកុមារកំព្រា បាត់ដំបង២ បានមានប្រសាសន៍ថា៖ បុរីកុមារកំព្រា បាត់ដំបង២ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ បានដាក់អោយដំណើរការ ទទូលកុមារឲ្យស្នាក់នៅ ក្នុងឆ្នាំ១៩៩៨ ដោយមានបុគ្គលិកចំនួន ១៥នាក់ ។បច្ចុប្បន្នមណ្ឌល បានទទូលកុមារឲ្យស្នាក់ នៅមានចំនួន ៩៦នាក់ ស្រី ៤៤នាក់ មានអាយុចាប់ពី ៣ឆ្នាំ ដល់ ១៨ឆ្នាំ ហើយមណ្ឌលបានបញ្ចូន កុមារគ្រប់អាយុ អោយទៅសិក្សា នៅសាលារដ្ឋ ដែលចាប់ពី ថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២។ មណ្ឌលបានទំនុកបំរុងអាហារបីពេល ក្នុងមួយថ្ងៃ។ មណ្ឌលបានបង្រៀន ភាសារអង់គ្លេស បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកកសិកម្ម សិប្បកម្ម សិល្បៈនិងកុំព្យូទ័រ ជាដើម ។ កុមារដែលមណ្ឌល បានទទូលយកមកចិញ្ចឹម រួមមានកុមារ ដែលឪពុកម្តាយស្លាប់ ដោយជម្ងឺអេដស៍ កុមារដែលគេបោះបង់ចោល កុមារកំព្រាឪពុកម្តាយ មានជីវភាព ក្រីក្រលំបាក និងកុមារ ដែលឪពុកម្តាយ ធ្វើចំណាកស្រុក ស្វែងទៅរកការងារធ្វើនៅក្រៅប្រទេស ។ ក្នុងនោះដោយមាន ការយកចិត្តទុកដាក់ ទំនុកបំរុងពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិង យុវនីតិសប្បទា និង អង្គការ SPK បានធ្វើឲ្យកុមារ មានការហូបចុក ស្នាក់នៅ និងមានសម្លៀកបំពាក់ បានសមរម្យ ។ក្នុងឳកាសសិក្សា ស្វែងយល់ លោក Boum Joong Kim បានសម្តែងនូវ មនោសញ្ចេតនារីករាយ ប្រកបដោយភាពស្និតស្នាល និងបានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ ទៅលើកុមារ ដែលកំព្រា ឪពុកម្តាយ កុមារដែលត្រូវគេបោះបង់ និងកុមារក្រីក្រ ជួបការលំបាក។ លោកបានផ្តាំផ្ញើរ ដល់កុមារទាំងអស់ ត្រូវខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមរៀនសូត្រ បន្ថែមទៀតនូវ ចំណេះដឹងមុខជំនាញវិជ្ជាជីវៈនិងមានសីលធម៌ល្អ ដើម្បីក្លាយជា ទំពាំងស្នងឬស្សី សំរាប់គ្រូសារ និងសង្គមជាតិ ។
ក្នុងឳកាសនោះ ប្រតិភូបានជួយឧបត្ថម្ភ សម្ភារៈផ្ទះបាយ សំលៀកបំពាក់ និងថវិកា ២០០ដុល្លាអាមេរិក ព្រមទាំងរៀបចំ អាហារពីរពេលអោយដល់កុមារ ដើម្បីបង្ហាញពី ចំណង់មិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជន នៃប្រទេសយើងទាំងពីកម្ពុជាកូរ៉េ ៕