AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួង លោក Toshiya Matsuki នាយកប្រតិបត្តិក្រុមហ៊ុន NEC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានជម្រាបជូនពីផលិតផល និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន NEC ជា ពិសេសលោកមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងព័ត៌មាន ក៏ដូចជាអាជ្ញាធរកម្ពុជា លើផ្នែកជាច្រើន ដែលទាក់ទងទៅនឹងប្រព័ន្ធព័ត៌មាន វិទ្យា ដូចជាការត្រួតពិនិត្យលិខិតឆ្លងដែន ការគ្រប់គ្រងធនធានមនុស្ស និងកិច្ច ការជាច្រើនទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា កន្លងមកយើង ពិនិត្យឃើញថា កិច្ចសហការរបស់ក្រុមហ៊ុន NEC ជាមួយប៉ូលីសអន្តរជាតិ Interpol ក្នុងការបង្កើតជាមជ្ឈមណ្ឌលប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត នៅប្រទេសសិង្ហបុរីបានល្អប្រសើរ ហើយនៅពេលមជ្ឈមណ្ឌលនេះដំណើរការ យើងនឹងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យមើលនូវដំណើរការការងារនេះ ដើម្បីធ្វើ កិច្ចសហការជាមួយគ្នា ក្នុងការការពារ និងកំចាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺ ណែតនេះឲ្យមានប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៀតថា ក្រសួងព័ត៌ មានមានគម្រោងបង្កើតជាមណ្ឌលថែរក្សាឯកសារចាស់ៗមានដូចជា រូបថត រូប ភាព វីដេអូ ឯកសារបោះពុម្ភ និងខ្សែអាត់សំឡេងជាដើម ដែលមានតាំងពី ឆ្នាំ ១៩៧៨ មកនោះឲ្យនៅប្រមូលផ្តុំគ្នាតែមួយកន្លែង។ ដូច្នេះដើម្បីរក្សាឯកសារ ទាំងអស់នេះឲ្យបានល្អ យើងត្រូវត្រៀមលក្ខណៈបង្ការនូវការជ្រៀតចូលរបស់អ្នក ផ្សេង មកបំផ្លាញឯកសារទាំងនេះតាមប្រព័ន្ធអ៊ីនធឺណែត ដែលទាមទារឲ្យយើង មានការថែរក្សាការពារក្នុងកម្រិតខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាន៍ថា ទូរទស្សន៍ជាតិកម្ពុជាបានធ្វើការពិនិត្យ ពិចារណា ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន NEC ដើម្បីរក្សាឯកសារ វីដេអូជាច្រើនរបស់ទូរទស្សន៍ជាតិ ដែលមានតាំងពីយូរណាស់មកហើយ។ នៅ ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចាត់ឲ្យមន្រ្តីជំនាញរបស់ក្រសួងព័ត៌ មានធ្វើការទាក់ទងជាមួយក្រុមហ៊ុន NEC តាមផ្នែកនីមួយៗ ដើម្បីពិភាក្សាលើ បច្ចេកទេស សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។
ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់ថា ការបង្រ្កាប និងប្រឆាំងអំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត គឺជាការ ងាររបស់ស្ថាប័នប៉ូលីស ដែលមានភារកិច្ច រីឯក្រសួងព័ត៌មាន មានតួនាទីត្រឹម តែការពារកុំឲ្យមានការវាយលុកជាយថាហេតុ តាមប្រព័ន្ធអ៊ីនធឺណែតមកលើ គេហទំព័រ និងប្រព័ន្ធថែរក្សាឯកសារតែប៉ុណ្ណោះ៕
ដោយ ហ៊ុន យុទ្ធគុណ