Wednesday, July 23, 2014

ក្រសួងព័ត៌មានជំរុញឲ្យស្ថានីយទូរទស្សន៍ប្រើប្រាស់សម្ភារបច្ចេកទេស មានលក្ខណៈស្ដង់ដាអន្ដរជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ 
ស្រប​ពេល​ ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​ការ​ ផ្លាស់​ប្តូរ​ការ​ផ្សព្វ​ផ្សាយ​ ពី​ប្រព័ន្ធ​អា​ណា​ឡូក​ទៅ​ប្រព័ន្ធ​ឌី​ជី​ថល​នោះ​ រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌​មាន​បាន​ស្នើ​សុំ​ដល់​ស្ថានីយ ​ទូរទស្សន៍​ទាំង​អស់​ ត្រូវ​ពិចារ​ណា​លើការ​ប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​ប្រកប​ ដោយ​គុណ​ភាព​ និងស្របតាមលក្ខណៈ ស្ដង់ដារអន្ដរជាតិនោះ។

ក្នុងសិក្ខាសាលាស្ដីពីការបង្ហាញ ការប្រើប្រាស់សម្ភារបរិក្ខាបច្ចេកទេស របស់ក្រុមហ៊ុនសូនី កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារ ណាហ្គាវ៉ើល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បាន​មានប្រ សាសន៍ថា បច្ចុប្បន្ននេះគឺជាសម័យសកលភាវូបនីយកម្ម ដែលទាមទារឲ្យមាន ការប្រកួតប្រជែង និងជំរុញឲ្យមានគុណភាពនៅក្នុងការផ្សព្វផ្សាយតាមទូរ ទស្សន៍ ពិសេសការប្រើប្រាស់សម្ភារ​បច្ចេកទេស​ស្របតាមស្ដង់ដា ដែលការ ផ្សាយអាចប្រើប្រាស់បាន​ទាំងនៅក្នុងស្រុក និងអន្ដរជាតិ។

ឯកឧត្តមបញ្ជាក់ថា តាមការកត់សម្គាល់ក្នុងពេលបច្ចុប្បន្ននេះ មានបណ្ដា ស្ថានីយទូរទស្សន៍មួយចំនួន ដែលមានលទ្ធភាព និងដើមទុនច្រើនកំពុងប្រើ ប្រាស់សម្ភារបច្ចេកទេសមានគុណភាពខ្ពស់ ប្រកបដោយ​បច្ចេកវិទ្យាទំនើប ប៉ុន្ដែក៏នៅមានស្ថានីយទូរទស្សន៍មួយចំនួន នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់តាមលក្ខណៈស្ដង់ដាទំនើបនៅឡើយ។ ដូច្នេះនៅពេលដែល យើងប្រើប្រាស់​ឧបករណ៍បច្ចេកទេស ក្នុងការផ្សាយតាមបណ្ដាស្ថានីយទូរ ទស្សន៍នៅមិនទាន់មានគុណភាព និងលក្ខណៈស្ដង់ដាត្រឹមត្រូវនោះអាចនឹងប៉ះ ពាល់ដល់ការផ្សព្វផ្សាយរបស់យើងផងដែរ។

ឯកឧត្តមបន្ដថា ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ត្រូវទាមទារការប្រើ ប្រាស់ឧបករណ៍សម្ភារបច្ចេកទេស ដែលមានលក្ខណៈទំនើប និងមានលក្ខណៈ ស្ដង់ដាអន្ដរជាតិ ដើម្បីទាក់ទាញការចូលរួមប្រកួត​ប្រជែង​ដណ្ដើមទីផ្សារទាំង នៅក្នុងស្រុក និងការផលិតកម្មវិធី សម្រាប់នាំចេញទៅក្រៅប្រទេស ស្របទៅ តាមបរិបទនៅក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្រ្ដីចាត់ទុកថា តាមរយៈការបង្ហាញសម្ភារប្រើប្រាស់របស់ ក្រុមហ៊ុនសូនីនេះ គឺជាការល្អ និងមានសារសំខាន់ ដើម្បីឲ្យអ្នកដែលទទួលខុស ត្រូវនៅតាមស្ថានីយទូរទស្សន៍នីមួយៗ អាចយល់អំពីការ​រីកចម្រើន និងវិវត្ដន៍ ផ្នែកបច្ចេកវិទ្យា ហើយជាការចាំបាច់ ដែលយើងត្រូវលើកគម្រោង​គិតពិចារណា អំពីការផ្លាស់ប្ដូរសម្ភារបច្ចេកទេស ធ្វើយ៉ាងណាឲ្យទូរទស្សន៍មានគុណភាព និង អាចបញ្ជូនការផលិតកម្មវិធី និងរូបភាពចេញទៅកាន់ទូរទស្សន៍ផ្សេងទៀតបាន។

លោក Henry Tay នាយកក្រុមហ៊ុន SOHETO ដែលទទួលផ្ដាច់មុខការ លក់ផលិតផល SONY នៅក្នុង​ប្រទេស​កម្ពុជា​បានលើកឡើងថា នេះគឺជាការ បង្ហាញអំពីការវិវត្ដបច្ចេកវិទ្យា​ចុងក្រោយ​បំផុតរបស់​ផលិត​ផល​សូនី នៅក្នុងប្រ ទេសកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងការផ្សាយរបស់ទូរទស្សន៍ ដែលមាន ដូចជាម៉ាស៊ីនថតរូប កាមេរ៉ាវីដេអូ ម៉ិចស័រ ឧបករណ៍បច្ចេកវិទ្យាឌីជីថល ជើង កាមេរ៉ា ឧបករណ៍ សំឡេង និងប្រព័ន្ធភ្លើង​នៅក្នុងស្ទីត​យោបន្ទប់ផ្សាយជាដើម។

បច្ចុប្បន្ននេះ កម្ពុជាមានស្ថានីយទូរទស្សន៍សរុបចំនួន១៣ ហើយនៅពេល ដែលការផ្លាស់ប្ដូរ​ពីប្រព័ន្ធ​អាណាឡូក ទៅជាការផ្សាយប្រព័ន្ធឌីជីថលឲ្យស្រប ទៅនឹងស្ដង់ដាអន្ដរជាតិ ស្ថានីយទូរទស្សន៍អាច​នឹងមាន​ការកើនឡើង​រហូតដល់ ២០ប៉ុស្ដិ៍៕
ដោយ អ៊ុន រិទ្ធី