Wednesday, July 23, 2014

ចែករង្វាន់សិស្សពូកែ និងសិស្សក្រីក្រដំណាច់ឆ្នាំសិក្សា ២០១៣-២០១៤នៅសាលា​បឋមសិក្សាសម្តេច ជា ស៊ីម

នៅ​ក្នុង​​ពិធី​ចែក​រង្វាន់​ដល់​សិស្ស​ពូកែ ​និង​សិស្ស​ក្រីក្រ​ ដំណាច់​ឆ្នាំ​សិក្សា​២០១៣-​២០១៤​ នៅសាលាបឋម​សិក្សា​សម្តេច​ ជា​ ស៊ីម​ ស្ថិត​ក្នុង​សង្កាត់​លេខ​២ ​ក្រុង ព្រះ​សីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ហេង សំអាន អភិបាលរងខេត្ត ព្រះសីហនុ បានថ្លែង​អំណរ​គុណ​ចំពោះ​លោក គ្រូ អ្នកគ្រូ និងអាណាព្យាបាល ដែលបានខិតខំបង្រៀន និងអប់រំកូន ចៅឲ្យ ព្យា​យាម​រៀន​សូត្រ​ និងមាន​សាមគ្គីភាព​គ្នា​ល្អ​ជាមួយ​គ្នា​នោះ។

ឯកឧត្តម ហេង សំអាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាន ដាក់វិស័យអប់រំជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេង ទៀត ព្រោះវិស័យអប់រំគឺជាវិស័យបណ្តុះបណ្តាលធនធានមនុស្សមានឲ្យ សមត្ថភាព សុខភាព ចំណេះដឹង និងសីលធម៌រស់នៅប្រកបដោយភាពថ្លៃថ្នូរ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិ បាលបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីធ្វើកំណែ ទម្រង់វិស័យអប់រំ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្ត វិស័យ អប់រំ២០១៤-២០១៨ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងបុគ្គលិក ពង្រឹង ការប្រឡងគ្រប់ប្រភេទ ការបង្កើនធនាគារខួរ ក្បាលវិស័យអប់រំ ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាអប់រំនៅគ្រប់ កម្រិតសិក្សា ការអភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងកែទម្រង់ ការអប់រំកាយ និងកីឡា ដោយផ្តោតលើគោលនយោបាយគន្លឹះសំខាន់ៗរួម មាន១-ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ២-លើក កម្ពស់គុណភាព និងភាពឆ្លើយតប ៣-ធានាភាពគុណភាព នៃភាពជាអ្នកដឹក នាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ឲ្យខិតខំព្យាយាមរៀនសូត្រ ឲ្យក្លាយជាកូនល្អ មិត្តល្អ សិស្សល្អនា ពេលបច្ចុប្បន្ន និងទៅអនាគត ព្រោះ ក្មួយៗជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចូលរួម អភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកស្រី ឆេង ផាត នាយិកាសាលាបឋមសិក្សាសម្តេច ជា ស៊ីម បាន ឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៣-២០១៤ សាលាមានសិស្សសរុបចំនួន ១.១៣០ នាក់ ស្រី៥៤៩ នាក់ លោកគ្រូអ្នកគ្រូចំនួនសរុប៤៤ នាក់ស្រី២៦ នាក់ ហើយ លទ្ធផលសិស្សជាប់មធ្យមភាគ៩៧.៦៣% សិស្សធ្លាក់មធ្យមភាគ១.៣៥% សិស្សបោះបង់ការសិក្សា១.០២% សិស្សឆ្លងភូមិសិក្សា១០០% សិស្សបញ្ចប់ ការសិក្សា១០០%។ រង្វាន់ដែលបានចែកជូន​​សិស្សពូកែនា​ពេលនោះ​គឺជាអំណោយរបស់ឯក ឧត្តម លូ កឹមឈុន ប្រតិភូរាជ រដ្ឋាភិបាលទទួល​បន្ទុកប្រធាន​អគ្គនាយកកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ និងជាប្រធាន គណៈ កម្មការ ទ្រទ្រង់សាលាបឋម សិក្សាសម្តេច ជា ស៊ីម សម្រាប់សិស្សមាន​ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន១៣០ នាក់ក្នុងម្នាក់ទទួលបានសម្ភារសិក្សា០១ កញ្ចប់ និងលិខិតសរសើរមួយសន្លឹក។ ដោយឡែកសិស្សក្រីក្រ២៥ នាក់ទទួលបាននូវខោអាវ សិស្សមួយសម្រាប់ សម្ភារសិក្ខា០១ កញ្ចប់ និងថវិកា ៥.០០០ រៀល៕
ដោយ ងូ សុមុនី