ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញ បានមាន ប្រសាសន៍ថា ផ្លូវថ្មើរជើងតាមមាត់ទន្លេមុខព្រះបរមរាជវាំងដល់សួនបាសាក់នឹងបើកការ ដ្ឋានស្ថាប នានៅ ពេលដ៏ខ្លីខាងមុខនេះ សម្រាប់ជំហានទី២ នឹងបន្តបើកការ ដ្ឋានធ្វើផ្លូវថ្មើរជើងនេះ ចាប់ពីកោះ ពេជ្រដល់ ក្បាលថ្នល់បន្តទៀតសំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានភាពស្រស់បំព្រងសមជាទីក្រុង ដែលជាបេះ ដូងនៃប្រទេសកម្ពុជានោះ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាមួយជាមួយមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រសួងវប្បធម៌ តំណាងសណ្ឋាគារធំៗនៅតាមបណ្តោយមាត់ទន្លេ រួមនឹងអាជ្ញាធរមូលដ្ឋានផងដែរសំ ដៅធ្វើយ៉ាងណាឲ្យការដ្ឋាន ដែលជាគម្រោងក្នុងដំណាក់កាលទី១ នេះដំណើរ ការទៅបានលឿន។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា គម្រោងស្ថាបនាផ្លូវថ្មើរជើងតាមមាត់ទន្លេចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវាំង រហូតដល់សួនបាសាក់ (កោះពេជ្រ) នេះ វាជាដំណាក់កាលទី១ របស់សាលារាជធានី គឺនៅមានជាជំហានបន្តបន្ទាប់ទៀត ដូចជាការស្ថាបនាផ្លូវថ្មើរជើងពីកោះពេជ្រទៅស្ពានព្រះមុនីវង្ស ក្បាលថ្នល់ ពីមុខព្រះបរមរាជវាំងទៅស្ពានជ្រោងចង្វា ពីស្ពានជ្រោយចង្វាទៅសួនសូគីម៉ិចឫស្សីកែវ ត្រើយខាងកើតពីស្ពានជ្រោយ ចង្វាដល់ភូមិដើមគរ ពីស្ពានព្រះមុនីវង្សទៅច្រាំងបាក់ជាដើម ដើម្បីធ្វើឲ្យរាជ ធានីភ្នំពេញមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តមបន្តថា នេះជាគម្រោងរបស់សាលារាជធានីភ្នំពេញ ដែលគម្រោងនេះមិនមែនធ្វើក្នុងរយៈពេល១ ឆ្នាំឬ២ ឆ្នាំឲ្យបានរួចរាល់នោះទេ គឺយើងត្រូវប្រើប្រាស់ពេលវេលាជាក់ស្តែងមួយ ពោលគឺអាចច្រើនអាណត្តិរបស់គណៈអភិបាលរាជធានីនឹងបន្តធ្វើគម្រោងនេះបន្តិចម្តងៗ។
មន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញក្នុងឱកាស នៃកិច្ចប្រជុំពិភាក្សានោះបានបញ្ជាក់ផងដែរថា គម្រោងស្ថាបនាផ្លូវថ្មើរជើងតាមមាត់ទន្លេ ចាប់ពីបញ្ជរព័ត៌មានទេសចរណ៍មុខព្រះបរមរាជវាំងរហូតដល់សួនបាសាក់ (កោះពេជ្រ) នេះមានប្រវែង៩៥០ ម៉ែត្រ និងចាប់ពីស្ពានភ្លោះកោះពេជ្រទៅស្ពានព្រះមុនីវង្សក្បាលថ្នល់មានប្រវែង៣ ២០០ ម៉ែត្រ៕
ដោយ សួស សំរិត