រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាន ឱ្យដឹងថា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវចូលកាន់តំណែងជាអនុប្រធានទី១ រដ្ឋសភា ដែលនេះជាសេចក្តីសម្រេច របស់គណបក្សសង្គ្រោះជាតិ ខណៈដែលលោក កឹម សុខា គឺជាបេក្ខភាពប្រធានរដ្ឋសភា ក្នុងពេលឃោសនាបោះឆ្នោតកន្លងមក។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានបន្តថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០១៤ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ នឹងចូលក្នុងព្រះបរមរាជវាំង ដើម្បីចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ការកំណត់ថ្ងៃនោះ ត្រូវបានលើកឡើងមុនពេលបញ្ចប់កិច្ចប្រជុំចរចាថ្នាក់កំពូល នៅរសៀលថ្ងៃនេះ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បានអះអាងថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥ រូប មិនទាន់កំណត់ថា នឹងត្រូវធ្វើសច្ចាប្រណិន នៅពេលណានោះទេ គឺអាស្រ័យលើព្រះករុណា ព្រះរាជានុញ្ញាត។ រីឯថ្ងៃចូលប្រជុំរដ្ឋសភា ក៏មិនទាន់កំណត់នៅឡើយទេ។
មួយវិញទៀត អំពីលោកសម រង្ស៊ី ថាតើត្រូវផ្លាស់ប្តូរឲ្យលោកចូលធ្វើជាសមាជិករដ្ឋសភា ដែរ ឬទេ នៅពេលនេះ? ត្រូវបានលោកអេងឆៃអ៊ាង អះអាងថា មិនទាន់សម្រេចនៅឡើយទេ ហើយរឿងនេះ មិនសំខាន់ទេ សម្រាប់លោកសមរង្ស៊ី។
ចំពោះប្រាក់ខែរយៈពេល ១០ ខែ គិតចាប់ពីថ្ងៃបង្កើតរដ្ឋសភា នីតិកាលទី៥ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ខែកក្កដានេះ សម្រាប់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ ក៏មិនត្រូវបានលោក អេង ឆៃអាង ដែលជាបេក្ខជនជាប់ឆ្នោត មណ្ឌលខេត្តកណ្តាល ថា នឹងត្រូវរដ្ឋសភា បើកឲ្យ ឬយ៉ាងណានោះទេ។
គួររម្លឹកថា អ្នកតំណាងរាស្ត្រ ១ រូប អាចទទួលបានប្រាក់ខែជាមធ្យម ២០០០ ដុល្លារ។ បើគិតសរុបទៅ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ៥៥ រូប ក្នុងរយៈពេល ១០ ខែ នឹងត្រូវទទួលបានប្រាក់សរុប ១,១ លានដុល្លារអាមេរិក។
លោក ជាម យៀប សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ សវនកម្ម និងធនាគារ នៃរដ្ឋសភា មិនអាចទាក់ទងបានទេ នៅរសៀលនេះ ដើម្បីសុំអត្ថាធិប្បាយថា តើប្រាក់ខែសមាជិករដ្ឋសភា មិនទាន់ពេញសិទ្ធិ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបើកឲ្យក្នុងរយៈពេល ១០ ខែនោះ ឬទេ៕
The Free Press Magazine