Wednesday, July 23, 2014

កាកបាទក្រហមកម្ពុជាបណ្តុះបណ្តាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍

កាក​បាទ​ក្រហម​ កម្ពុជាបាន​​បើក​វ​គ្គ​បណ្តុះ​​បណ្តាល​​គ្រូប​ង្គោល​ស្តី​អំពី​សុវត្ថិ​ភាព​ចរាចរណ៍​ និងការ​កសាង​ផែន​ការ​សុវត្ថិភាព​​ចរាចរណ៍​ថ្នាក់​​ឃុំ​ដល់​សិក្ខា​​កាម​ចំនួន​៥២​ នាក់​ ដែល​ជានាយក​ នាយិកា​សាខា​ មន្ត្រី​សាខា ​និង​មន្ត្រី​អនុសាខាគោល​​ដៅ​មក​​ពីសាខា​​ចំនួន​១៣ នៃ​សាខា​ខេត្ត​ព្រះ​សីហនុ​ កំពង់​ចាម​ កំពង់​ឆ្នាំង​ តាកែវ​ ពោធិ៍សាត់​ បាត់ដំបង ​សៀមរាប ​កំពង់ធំ​ ស្វាយរៀង ​បន្ទាយ​មានជ័យ​ កំពង់ស្ពឺ​ កណ្តាល​ និងរាជធានីភ្នំពេញ។​

វគ្គបណ្តុះបណ្តាលចាប់ពីថ្ងៃទី២៣ ដល់២៤ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ នេះបានប្រព្រឹត្ត​ទៅក្រោមវត្តមានលោក សម កុសល នាយក នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា និងមានការចូលរួមគាំទ្រពីគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល នៃមូលនិធិប្លូមបើកភីលែនត្រូភី និងអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP)។

លោក សម កុសល បានមានប្រសាសន៍លើកឡើងថា នៅកម្ពុជាគ្រោះថ្នាក់ចរាចរ បណ្តាឆ្នាំកន្លង​មកឃើញថា នៅតែជាបញ្ហាប្រឈមហើយបានប៉ះពាល់ និងជះឥទ្ធិពលដល់ ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ ដែលបានបាត់បង់ធនធានមនុស្ស ខាតបង់ថវិកា ទ្រព្យ សម្បត្តិ និងពេលវេលា ដែលជា​ឧបសគ្គមួយក្នុងចំណោមឧបសគ្គនានានាំឲ្យកិច្ចពន្លឿន ការអភិវឌ្ឍ និងកាត់បន្ថយភាព​ក្រីក្រ​មានភាពយឺតយ៉ាវ។ ជាក់ស្តែងក្នុង ឆ្នាំ២០១៣ កន្លង ទៅនេះ តាមរយៈរបាយការណ៍បឋមរបស់​ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរផ្លូវគោកកម្ពុជា បានបង្ហាញថា អ្នកស្លាប់ដោយគ្រោះ​ថ្នាក់ចរាចរមានចំនួន១ ៩៥០ នាក់ ដែលតួលេខនេះមានការថយចុះជាងឆ្នាំ២០១២ ចំនួន១៦ នាក់ ប៉ុន្តែអ្នករងរបួសធ្ងន់ធ្ងរដោយ គ្រោះថ្នាក់ចរាចរបែរជាមានការកើនឡើងជាងឆ្នាំ២០១២ ពោលគឺមានចំនួន៥ ៦៧២ នាក់ កើនឡើង៣២៣ នាក់។ បើគិតជាមធ្យមមានប្រជាពលរដ្ឋកម្ពុជាច្រើនជាង ៥នាក់ស្លាប់ និងប្រហែល១៥ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់ និងពិការ ដែលតួលេខនេះ ស្ថិតក្នុងកម្រិតខ្ពស់គួរ​ឲ្យព្រួយបារម្ភ ហើយតួលេខនេះច្រើនជាងចំនួនអ្នកស្លាប់ដោយជំងឺ អេដស៍ និងគ្រោះថ្នាក់ដោយសារមីន​ក្រោយពេលសង្គ្រាមទៅទៀត។

លោកបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជនគ្រប់មូលដ្ឋាន ពិសេសទៀត​នោះគឺ​បញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងស្ថានភាពចរាចរណ៍ ដែល មួយថ្ងៃៗ អត្រាគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងរបួសនៅតែបន្តកើតមានជាលំដាប់ ដែលធ្វើ ឲ្យខាតបង់ ពេលវេលា ថវិកាគ្រួសារ​ក្នុងការថែទាំព្យាបាល និងនិយាយដោយឡែកបាន ធ្វើឲ្យខាតបង់ថវិកាជាតិជា​ច្រើនរយលាន​ដុល្លារអា​ម៉េរិកក្នុងមួយឆ្នាំៗ។ ដោយមើលឃើញនូវ បញ្ហាប្រឈមនេះ កាកបាទក្រហម​កម្ពុជាបាន​រៀបចំវគ្គ​បណ្តុះបណ្តាលនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ទទួលបាន​នូវចំណេះ​ដឹងស្តីពីសុវត្ថិភាព​ចរាចរណ៍ និងការ កសាងផែនការសុវត្ថិភាពចរាចរណ៍នៅថ្នាក់ឃុំ ហើយបន្ទាប់ពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួម ទាំងអស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាលបន្តដល់យុវជន និងអ្នក ស្ម័គ្រចិត្តកាកបាទក្រហមនៅតាមសាខាគោលដៅរបស់ខ្លួន ព្រមទាំងកសាងផែនការ សុវត្ថិភាព​ចរាចរណ៍ថ្នាក់ឃុំ សង្កាត់ជាមួយអាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងធានាផែនការសុវត្ថិភាពចរាចរណ៍នេះ ត្រូវបានយកអនុវត្តន៍ ដើម្បីលើក កម្ពស់ការងារសុវត្ថិភាព​ចរាចរណ៍​នៅតាម​មូល​ដ្ឋាន​ សំដៅ​កាត់បន្ថយចំនួនអ្នកស្លាប់ និងរង របួសដោយគ្រោះថ្នាក់ចរាចរនោះ៕
ដោយ ប៉ាល់ សុង