Wednesday, July 30, 2014

ឆមាសទី១ឆ្នាំ២០១៤គ្រោះថ្នាក់ចរាចរមានការកើនឡើងខ្ពស់ បើប្រៀបធៀបក្នុងឆ្នាំ២០១៣

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—មន្រ្ដីជាន់ខ្ពស់ នៃគណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន លើកឡើងថា ជនរងគ្រោះ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរក្នុងរយៈពេល៦ខែ ដើម ឆ្នាំ២០១៤ នេះគឺមានប្រមាណជាង១ ០០០ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៣ គឺមានការកើន​ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។
ក្នុងសិក្ខាសាលាស្ដីពីកត្តាហានិភ័យលើការមិនពាក់មួកសុវត្ថិភាព និងការ បើកបរក្រោមឥទ្ធិពល នៃគ្រឿង​ស្រវឹង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៤ នៅក្រសួងការពារជាតិ ឯកឧត្តម ពៅ ម៉ាលី អគ្គលេខា​ធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៣ ពោលគឺកើន​ឡើងប្រមាណ​ជាង១០០នាក់ ដោយតួលេខនេះគឺគិតតែក្នុងរបាយ ការណ៍របស់ក្រសួងមហាផ្ទៃមួយប៉ុណ្ណោះ មិនទាន់រាប់​បញ្ចូលទិន្នន័យរបស់ក្រ សួងសុខាភិបាលបន្ថែមនោះទេ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលយើងមើលឃើញ ចំពោះរាល់គ្រោះថ្នាក់ចរាចរភាគច្រើន ដែលបានធ្វើការត្រួតពិនិត្យឡើងវិញ នោះគឺទាក់ទងនឹងបញ្ហាល្បឿន បន្ទាប់មកគឺបញ្ហាគ្រឿងស្រវឹង ហើយបញ្ហា សំខាន់មួយទៀត ដែលបណ្ដាលឲ្យមានការគ្រោះថ្នាក់​ចរាចរ​នោះ​គឺការមិន គោរពសិទ្ធិអាទិភាព និងការមិនគោរពច្បាប់ចរាចរណ៍។
ឯកឧត្តមលើកឡើងថា តាមប្រព័ន្ធទិន្នន័យគ្រោះថ្នាក់ចរាចររបស់គណៈ កម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺអ្នកដែលស្លាប់ភាគច្រើនជាកម្មករ និងកសិករ ដែលបានប្រើប្រាស់ទោចក្រយានយន្ដ និងយាន​យន្ដសម្រាប់ដឹក មនុស្សច្រើនធ្វើដំណើរនៅតាមដងផ្លូវ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងគេគឺ​មន្រ្ដីរាជការ ដែលមានប្រមាណជាង១០ភាគរយ ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរ ហើយភាគច្រើន​គឺបណ្ដាល​មកពីការបើកបរហួសល្បឿនកំណត់ និងការសេពគ្រឿងស្រវឹង។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អ្នកស្លាប់ប្រមាណ ៧០ភាគរយ ភាគច្រើនគឺជាយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំដល់៣៥ឆ្នាំ ដែលតាមការត្រួតពិនិត្យ និងវាយតម្លៃលើជនរងគ្រោះទាំងអស់ភាគច្រើនអ្នក ដែលស្លាប់ទាំងនោះ​គឺបណ្ដាលមកពីការមិនពាក់មួកសុវត្ថិភាព។
ឯកឧត្តមអគ្គលេខាធិការក៏បានសំណូមពរដល់ប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រើ​ប្រាស់​ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងមានការយោគយល់​អធ្យាស្រ័យ​គ្នាទៅវិញទៅមក ហើយនៅពេលបើកបរសូមកុំសេពគ្រឿងស្រវឹង និងត្រូវពាក់មួកសុវត្ថិភាពឲ្យ បាន​គ្រប់ៗគ្នា។
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិបានកត់សម្គាល់ ថា ការផ្សព្វផ្សាយនេះគឺជា​ផ្នែកមួយ​យ៉ាងសំខាន់ នៃការបន្ដអនុវត្ដន៍នូវគម្រោង សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយ​គ្រោះថ្នាក់ចរាចរ​ក្នុងគោលដៅលើកកម្ពស់ ការយល់ដឹងរបស់សាធារណៈជនទូទៅ មន្រ្ដីរាជការក៏ដូចជានាយទាហាន ពល ទាហានក្នុងកងយោធពលខេមរភូមិន្ទ ពិសេសការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាព ចរាចរណ៍ បញ្ហាប្រឈម និងកត្តាហានិភ័យនានា នៃការបើកបរយានយន្ដគ្រប់ ប្រភេទ ដោយមិនគោរពច្បាប់ចរាចរណ៍ ការមិនពាក់​មួកសុវត្ថិភាព និងការបើក បរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញឲ្យដឹងថា ក្នុង​ឆ្នាំ២០១៣ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរសរុប ១ ៩៥០នាក់ ហើយនៅក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៤នេះ មានអ្នកស្លាប់ ប្រមាណជាង១ ១១៧នាក់ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់នៃការស្លាប់ក្នុងឆ្នាំ កន្លងទៅគឺមានការកើនឡើងខ្ពស់៕
ដោយ អ៊ុន រិទ្ធី

ប្រជាពលរដ្ឋជាង១ម៉ឺននាក់បានស្លាប់ក្នុង១ឆ្នំាៗនិងថវិកា ជាង១០០លានដុល្លារត្រូវខាតបង់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០០៣ ស្តីពីការហាម ជក់បារី នៅកន្លែងធ្វើការ និង នៅទីសាធារណៈ ដល់មន្រ្ដីរាជការប្រមាណជាង២០០នាក់នៅសាលារាជធានីភ្នំពេញកាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាជាង១០ ០០០ នាក់បានស្លាប់ ក្នុង១ឆ្នាំៗដោយការជក់បារី ហើយថវិកា ជាង១០០លានដុល្លារត្រូវបានដុតបង្ហុយជាមួយ ផ្សែងបារី មិនតែប៉ុណ្ណោះការ ចំណាយលើការ ព្យាបាល ជំងឺបណ្តាលមកពីការជក់បារីមាន ទំហំធំជាងថវិកាទិញបារីទៅទៀត។
សារាចរនេះសំដៅការពារមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ជាពិសេសយុវ ជនឲ្យរួចចាក់ផុត ពីការ បំផ្លាញសុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និងឈានទៅលុបបំ បាត់ទាំងស្រុងរាល់ទម្រង់ នៃការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ការសេព និងការ បង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការសាលារៀន និងនៅតាមទីសាធារណៈជា ដើម។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលបានសម្រេចចូលជារដ្ឋភាគី អនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង ដើម្បីឲ្យមានការធានាការ ការពារ សិទ្ធិរស់រានមានជីវិត ជាពិសេសសិទ្ធិសុខភាព សិទ្ធិទទួលបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព ដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឯក ឧត្តមបន្ដថា ពិធីផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ គឺសំដៅ ផ្សព្វផ្សាយ ដល់មន្រ្ដីរាជ ការនិងជូនដល់ប្រជាពលរដ្ឋទូទៅ និងអ្នកផ្តល់សេវាទាំងឡាយ រួមទាំង ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគ្រោះ ថ្នាក់សុខភាព ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយ ការពារសុខុ មាលភាពប្រជាពលរដ្ឋយើង។
ឯកឧត្តមបានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានខិតខំលើកកម្ពស់សុខភាពជូន ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹងសេវាសុខភាពឲ្យមានគុណភាព ការផ្គត់ផ្គង់ទឹកស្អាត ការ កែលម្អអនាម័យបរិស្ថាន ការលើក​កម្ពស់​សុវត្ថិភាពចំណីអាហារ ការលើកកម្ពស់ការដឹក ជញ្ជូនក្នុងរាជធានីភ្នំពេញឲ្យមាននិរន្តរភាពបររិស្ថាន ការទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារជាដើម។ អង្គការសុខភាពពិភពលោក បានចាត់ទុក សាលារាជធានីភ្នំពេញជាប្រតិបត្តិករឆ្នើម និងបានសម្រេចផ្តល់​ពាន​រង្វាន់ទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៣ ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់​អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ថ្នាំជក់ពិតជាបានសម្លាប់អ្នកប្រើ ប្រាស់៦លាននាក់ស្លាប់ ដោយ​២០ភាគរយនៃជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និង ៧០ភាគរយនៃជំងឺមហារីកបណ្តាល​មកពីការ​ប្រើប្រាស់ថ្នាំជក់នេះ។ មិនត្រឹមតែអ្នកជក់បារី ប៉ុណ្ណោះទេដែលស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ ប៉ុន្តែអ្នក​ដែល​ស្រូបផ្សែងបារីពីគេ ក៏បាន ស្លាប់ដោយសារតែស្រូបផ្សែងបារីពីគេដែរ។ ជាមួយនឹងមូលហេតុនេះ ខ្ញុំសូមចូលរួមអបអរ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវសារាចរណែនាំ​ស្តីពីការហាម​ជក់ បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។ យើងទាំងអស់ដឹងហើយថា ការដាក់ចេញ នូវសារាចរ​ណែ​នាំស្តីពីការហាមជក់បារីនេះ មិនត្រឹមតែជួយការពារសុខភាពអ្នកជក់បារី នេះទេ ប៉ុន្តែថែមទាំងជួយ​ការពារអ្នកជក់បារីឲ្យបញ្ឈប់ការជក់បារីបាន។ ចំពោះអង្គការសុខ ភាពពិភពលោក ការហាមជក់បារីនៅ​កន្លែងធ្វើការ កន្លែងសាធារណៈ ជាមធ្យោបាយមួយ ក្នុងមធ្យោបាយដែលមានប្រសិទ្ធភាព​ដទៃទៀតក្នុង​ការកាត់បន្ថយថ្នាំជក់នោះ៕
ដោយ សួស សំរិត

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលខេត្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ នៅស្នងការ ដ្ឋាននគរបាលខេត្ត ព្រះវិហារបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូន មន្ត្រី​នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយក ដ្ឋានបុគ្គលិក និងឯកឧត្តម គោ ស៊ុំប៉ុនសឿត អភិបាលរង ខេត្តព្រះវិហារ ព្រមទាំង មន្ត្រីនគរបាលខេត្តចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ចាន់ អ៊ាន បានកោតសរសើរ និងផ្តាំផ្ញើដល់មន្ត្រីនគរ​បាលដែល​ទើបទទួល​មុខតំណែងថ្មី ត្រូវបន្តសហការគ្នាអនុវត្តន៍រាល់ ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈជូន​ប្រជាពលរដ្ឋ។ ឯកឧត្តមក៏ បានលើកឡើងផងដែរ អំពីសភាពការណ៍ចលាចលនៅរាជធានីភ្នំពេញកន្លងមក ក៏ប៉ុន្តែ​ក្រោមកិច្ចការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើការអត់ធ្មត់ រហូតសភាពការណ៍មាន​ភាពស្ងប់ស្ងាត់ ក្រោយពីជួបចរចារវាងគណបក្សទាំងពីរ រួចមកធ្វើឲ្យជម្លោះនយោបាយត្រូវបានបញ្ចប់ ដោយបានធ្វើឲ្យមតិជាតិ និងអន្តរ ជាតិអបអរសាទយ៉ាងក្រៃលែង។
លោកឧត្តមសេនីយ៍ទោ ហ៊ាន សារឿន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានប្រកាសលេខ២៦៣២ប្រ.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ របស់ឯក ឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេច ដែលប្រការ ទី១ត្រូវផ្ទេរភារកិច្ចលោកវរសេនីយ៍ទោ ឌិន ស៊ីដារ៉េត ពីនាយការិយាល័យគណ នេយ្យទៅ​ជាស្នងការរងអត្តសញ្ញាណកម្ម លោកស្រីវរសេនីយ៍ឯក នៃ សំណាង ត្រូវផ្ទេរភារកិច្ចពីស្នងការរង និងជា​ប្រធានការិយាល័យកណ្តាលនគរបាលស្ថិតិ និងអគ្គីភ័យ ទៅជាស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះ និងអគ្គីភ័យ លោកវរសេនីយ៍ទោ នួន សុវិរិទ្ធិ ពីអនុប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌទៅ​ជាស្នងការរង និងជាប្រធានការិយាល័យកណ្តាលសន្តិសុខ លោកវរសេនីយត្រី អ៊ុយ ស៊ីថន ពីនាយរង​ការិយាល័យទៅជានាយការិយាល័យ ផែនការគណនេយ្យ លោកអនុសេនីយ៍ឯក ស៊ី សុគន្ធរដ្ឋា ពីនាយរង​ការិយា ល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទៅជានាយការិយាល័យភស្តុភា និងត្រូវបានដំឡើងឋានន្តរ សក្តិថ្នាក់វរសេនីយ៍ត្រីជូនលោក ស៊ី សុគន្ធរដ្ឋា ផងដែរ ។
ឯកឧត្តម គោ ស៊ុំប៉ុនសឿត បានផ្តាំផ្ញើទៅដល់អស់លោកមន្រ្តីនគរបាល ដែលទើបនឹងទទួល​បានភារកិច្ច​ថ្មីត្រូវខិតខំចូលរួមអនុវត្តន៍គោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងមានប្រសាសន៍ថា ក្រៅពីការបង្ក្រាបបទ ល្មើសគ្រប់ប្រភេទ នគរបាលគ្រប់រូបត្រូវមានកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត កុំឲ្យជនឆ្លៀតឱកាស​និយម ធ្វើការផ្តួលរំលំរាជដ្ឋាភិបាល ហើយត្រូវធ្វើយ៉ាង ណាក្តាប់ឲ្យបានភូមិសាស្ត្រ និងមុខសញ្ញាជន​ទាំងនោះឲ្យមានប្រសិទ្ធភាព៕
ដោយ ទិត ស៊្រ

ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល មណ្ឌលខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៤

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—
បេក្ខជន​ បេក្ខនារី ​ចំនួន៣២៣នាក់​ មកពីខេត្ត​ ចំនួន ៥រួម​មាន​ខេត្តព្រះសី ​ហនុ​ កំពង់ស្ពឺ ​កោះកុង​ កំពត​ និងខេត្តកែប​ បាន​ចូល​រួម​ប្រឡង​ក្របខណ្ឌ​មន្រ្តី ​រាជការ​ ស៊ីវិល​ ក្រសួង​មហាផ្ទៃ​ប្រចាំ​ឆ្នាំ២០១៤​ នៅ​មណ្ឌល​​អនុវិទ្យាល័យ ​សម្តេចឪ ​ស្ថិត​ក្នុង​សង្កាត់​លេខ៣ក្រុង​ ខេត្ត​ព្រះ​សីហនុ ​ កាល​ពីព្រឹក​ថ្ងៃទី២៧ ​ខែកក្កដា ​ឆ្នាំ២០១៤ ​កន្លងទៅនេះ។​
ឯកឧត្តម ឌុច សុន អគ្គនាយកមូលដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃមាន ប្រសាសន៍​ក្នុងពេល​ត្រួតពិនិត្​យតាមដាន​សកម្មភាព​ប្រឡងថា ក្រសួងមហា ផ្ទៃត្រូវការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារីចូល​បម្រើការងារ​ជាមន្រ្តីរាជការ​ស៊ីវិលក្រសួងមហាផ្ទៃប្រចាំឆ្នាំ២០១៤ សរុបចំនួន៣២៣នាក់ ក្នុងនោះ​មន្រ្តីក្របខ័ណ្ឌរដ្ឋបាល​ជាន់ខ្ពស់​ចំនួន​១២០នាក់ មន្រ្តីក្របខ័ណ្ឌក្រមការចំនួន ១១៣នាក់ ក្របខ័ណ្ឌ​លេខាធិការរដ្ឋបាល និង​ក្របខ័ណ្ឌអនុរក្យពន្ធនាគារ ចំនួន៩០នាក់ ដែលវិញ្ញាសាប្រឡងមានដូចជា មុខវិជ្ជាឯកទេស មុខវិជ្ជាភាសា អង់គ្លេស មុខវិជ្ជាចំណេះដឹងទូទៅ គណិតវិទ្យា និងមុខវិជ្ជាតែង​សេចក្តី​ជាដើម ។
លោក ឌុច សុន បានឲ្យដឹងបន្តទៀតថា ជាគោលការណ៍រាជរដ្ឋាភិ បាលកម្ពុជាបានខិតខំយកចិត្តទុកដាក់ ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជ ការស៊ីវិលថ្មី ដើម្បីបំពេញបន្ថែមជំនួសមន្រ្តីចាស់ៗ​ដែលបាន​ចូល​និវត្តន៍​ជា រៀងរាល់ឆ្នាំ ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ស៊ីវិលក្រសួង​មហាផ្ទៃ ប្រព្រឹត្ត ទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ សម្រាប់បេក្ខជន បេក្ខនារីទាំងអស់ ដែលបាន ចូលរួម ប្រឡងប្រកបដោយភាព រលូន៕
ដោយ ងូ សុមុនី

ប្រកាសតែងតាំងអភិបាលស្រុកជាំក្សាន្ត

AKP ខេត្តព្រះវិហារ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
កាល​ពីថ្ងៃ​ទី២៥​ ខែកក្កដា​ ឆ្នាំ២០១៤ នៅ​សាលា​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះ វិហារមានរៀបចំពិធីប្រកាសតែងតាំងលោក ជា គឹមសេង ជាអភិបាលស្រុកជាំ ក្សាន្ត ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែល បានកោតសរ​សើរដល់​អភិបាលថ្មី​ស្រុកជាំក្សាន្ត ដែលបានខិតខំប្រឹងប្រែងបំ ពេញភារកិច្ចបានល្អ តាំងពីនៅជាអភិបាលរងស្រុកនោះ។

ឯកឧត្តម ឡុង សុវណ្ណ បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ត្រូវរួបរួម សហការជាមួយគ្នា និងត្រូវតែលើក​ទឹកចិត្តគ្នា មានសាមគ្គីផ្ទៃក្នុងល្អ ដើម្បីធ្វើការ ងារអភិវឌ្ឍន៍ស្រុកឲ្យកាន់តែរីកចម្រើនបន្តទៀត ជាពិសេស​ត្រូវមានការទំនាក់ ទំនងជាមួយប្រទេសជិតខាង និងជួយផ្គត់ផ្គង់ជីវភាព​គ្រួសារកង​ទ័ពយើង​ឲ្យកាន់តែ​បានធូរធាឈានឡើងជាលំដាប់ ។

នៅក្នុងពិធីនេះដែរលោកស្រី ព្រំ វណ្ណា អភិបាលរងស្រុកជាំក្សាន្តខេត្តព្រះ វិហារក៏បាន​លើកឡើង​ពីលក្ខណៈ​ភូមិសាស្រ្ត ព្រមទាំងការងារបង្កបង្កើនផល របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលរហូត​មក​ដល់​ពេលនេះការ ដកស្ទូងស្រូវវស្សាសម្រេចបានប្រមាណជាង១២ ០៨៦ហិកតាស្មើនឹង៥៥,៤១% ។នៅដើមរដូវវស្សា ឆ្នាំ២០១៤នេះ ក្នុងស្រុកជាំក្សាន្តត្រូវបានជំនន់ទឹកភ្លៀងលិច សន្ទូងអស់ចំនួន​ប្រមាណ​ជាង១ ២៥៥ហិកតាស្មើក្នុងឃុំរំដោះស្រែ ព្រីងធំ កន្ទួត ជាំក្សាន្ត និងឃុំយាង ព្រមទាំងលិចផ្លូវ​ប្រវែង​២០០ម៉ែត្រ​ពីភូមិកំពេញទៅឃុំ យាង ប៉ុន្តែមកទល់​ពេលនេះមិនទាន់​ដឹងពីទំហំខូចខាត​ទាំងស្រុង​នៅឡើយទេ៕
ដោយ ទិត ស៊្រ

ប្រទេសចំនួន៦តាមដងទន្លេមេគង្គពិភាក្សាអំពីការគ្រប់គ្រង ប្រព័ន្ធគណនីរណបនិងស្ថិតិទេសចរណ៍

AKP ខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤—ប្រទេស​ចំនួន៦​នៅតាម​ដង​ទន្លេ​មេគង្គ​ រួមមាន​កម្ពុជា​ ឡាវ​ ថៃ ​វៀតណាម​ ចិន​ និង​មីយ៉ាន់ម៉ា ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​អំពីការ​គ្រប់គ្រង​ប្រព័ន្ធ​គណនី​រណបទេសចរណ៍ ​បន្ថែម​លើ​ប្រព័ន្ធគណ​ នេយ្យ​ស្ថិតិ​ជាតិ​របស់​បណ្តា​ប្រទេស​នីមួយៗ ​ដើម្បី​ជំរុញ​ឲ្យមាន​ភាព​ប្រសើរ ​ឡើង​លើវិស័យទេសចរណ៍នោះ។

កិច្ចប្រជុំនេះចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិ- បតីភាពឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកជំទាវ ឯម ផល្លាមនី អភិបាលរងខេត្តសៀមរាប អ្នកជំនាញការ​ស្ថិតិរបស់អង្គការទេស ចរណ៍ពិភពលោក (UNWTO) និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

លោកស្រី Vanassa Satur តំណាង UNWTO បានជំរុញឲ្យសមាជិក នៃ បណ្តាប្រទេសជាប់ដង​ទន្លេមេគង្គ​ទាំងអស់ ធ្វើយ៉ាងណាប្រមូលស្ថិតិទិន្នន័យ ទេសចរណ៍ឲ្យបានត្រឹមត្រូវ ហើយមានលក្ខណៈ​ជាប្រព័ន្ធ​រួមមួយ។លោកស្រី បានបញ្ជាក់ថា មានតែប្រព័ន្ធនេះទេ ដែលបានបង្ហាញពីតួនាទីសំខាន់សម្រាប់ វិស័យ​ទេសចរណ៍​នៅក្នុងសេដ្ឋកិច្ចជាតិ នៃបណ្តាប្រទេសនីមួយៗ។

ឯកឧត្តម លី ប៊ុនធឿន បានឲ្យដឹងថា តាមរយៈការរៀបចំការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍ និងស្ថិតិ​នេះ​នឹងធ្វើឲ្យកម្ពុជាកាន់តែមានមូល ដ្ឋានមួយរឹងមាំថែមទៀត សម្រាប់ការរៀបចំការតាមដាន និងការវាយ​តម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅពេលកន្លងមកកម្ពុជាជាប្រទេសមួយនៅក្នុង តំបន់ទន្លេ​មេគង្គ ដែលមិនទាន់មានអ្នកជំនាញក្នុងការតាក់តែងនូវឯកសារស្តី ពីប្រព័ន្ធគណនីរណប​ទេសចរណ៍​​នេះនៅឡើយទេ។ ឯកឧត្តមបានដឹងទៀតថា តាមរយៈទំនាក់ទំនង និងកិច្ចសហការ​ល្អប្រសើរ​នោះឯកឧត្តមសង្ឃឹមថា អង្គការ​ទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋ​កូរ៉េនឹងបន្ត​ជួយ​គាំទ្រដល់កម្ពុជាទាំងស្មារតី បច្ចេកទេស និងធនធានមនុស្ស ដើម្បីកសាងនូវឯកសារផ្សេងៗទៀត ក្នុង​ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ដូចប្រ ទេសជាសមាជិកក្នុងតំបន់នោះ៕
ដោយ ហង្ស សៀក

កូនឈើជាង២០០០ដើមត្រូវបានដាំនៅស្រុកសូទ្រនិគម

AKP ខេត្តសៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤
​        កូនឈើ​គ្រប់​ប្រភេទចំនួន​២​ ​៨៤០ ដើមរួមមាន​កូនឈើ​គ្រញូង បេង ឈើ ទាល គគីរ ក្ងោកត្រូវបានដាំនៅ​ភូមិសំរោង ឃុំពពេល ស្រុក​សូទ្រនិគម ខេត្ត សៀមរាប កាលពី​​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកជំទាវ​ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា និង​អធិការកិច្ច។​

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន សំអន ​មានប្រសាសន៍ថា ការ​ដាំ​ឈើ​ឡើងវិញ​នៅ​តំបន់​ដី​រិច​រិល​នាពេលនេះ​ គឺ​ដើម្បី​បង្កើន​នូវ​ធនធានព្រៃឈើ សំដៅ​ប្រែក្លាយ​តំបន់​នេះឲ្យមានសោ​ភ័ណ​ភាពយ៉ាងស្រស់​ត្រកាល ប្រកបទៅដោយ​គម្រប​ព​ណ៌​បៃតង ​ដើម្បីជាការ​ទាក់ទាញ​ដល់ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិចូល មក​ទស្សនា​កម្សាន្ត ដែលជាការ​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា ពលរដ្ឋ​នៅក្នុង​តំបន់​នេះ។​ ​លោកជំទាវ​ ម៉ែន សំអន ​បានបញ្ជាក់​ថា ការ​ប្រារព្ធ​បុណ្យ​រុក្ខទិវា​ ដែលជា​ប្រពៃណី​វប្បធម៌​ដ៏​ឧ​ត្តុ​ង្គឧ​ត្ត​មរបស់​ប្រជា​ជាតិខ្មែរនា​សម័យ​សង្គមរាស្ត្រនិយម ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រា​រ​ព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។

លោកជំទាវ​ក៏ណែនាំ និងផ្តាំផ្ញើ​ដល់អាជ្ញាធរ​មូលដ្ឋាន ព្រះសង្ឃ​ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​នូវ​ស្មារតី​យកចិត្តទុកដាក់​ធ្វើ​ការដាំដុះកូនឈើ​ឡើងវិញ នៅតាម​ទីវ​ត្ត​អារាម​ និង តាម​មូលដ្ឋាន អង្គភាព សាលារៀន និងលំនៅដ្ឋាន ព្រមទាំង​បង្កើន​ការដាំដុះដំ ណាំ​រួមផ្សំ ​ការចិញ្ចឹម​សត្វ​ និងវារីវប្បកម្ម ដើម្បី​ធ្វើការ​អភិវឌ្ឍ​ភូមិ​ឃុំ ស្រុក និងធ្វើ​ឲ្យ​​បរិស្ថានកាន់តែ​ល្អប្រសើរឡើង​។

​ឯកឧត្តម  ឃឹម ប៊ុនសុង អភិបាលខេត្ត​សៀមរាប​បាន​លើកឡើងថា ខេត្ត សៀមរាប​មាន​ផ្ទៃដី​ព្រៃឈើ​សរុប៤៧៦​ ៨២៤​ហិកតា ស្មើនឹង​៣១,៦៨% នៃ​ផ្ទៃដី​ខេត្ត ហើយ​ស្ថានីយផ្សព្វផ្សាយ ​និង​ស្តារ​ព្រៃឈើ​មានចំនួន​០៣កន្លែងមាន​ផ្ទៃដី​សរុប១ ០៦០ហិកតា និងចម្ការ​ពូជឈើ​ប្រណិត គ្រញូង ​ធ្លង់​ មាន​ចំនួន​០៣​កន្លែង មាន​ផ្ទៃដីសរុប២​​៧៤៦ ហិកតា និងសួន​ឈើ​អនុស្សាវរីយ៍មាន​ចំនួន​០៤ កន្លែង មាន​ផ្ទៃដី​សរុប​៧៨ហិកតា ដែល​បាន​ដាំកូនឈើ​ប្រភេទ​ផ្សេងៗ​ដូចជា​គ្រ ញូង បេង ឈើទាល និង​គគីរ សរុប​ចំនួន​៤១​ ​៩០០​ដើម​ សួន​ឈើ​អាពាហ៍ ពិពាហ៍ចំនួន០១​កន្លែងមាន​ផ្ទៃដី​ចំនួន៣,៥ហិកតា ព្រមទាំង​មាន​ថ្នាល​បណ្តុះ​កូន ឈើ២០​កន្លែង ដែល​មាន​សមត្ថភាព​ផលិត​កូនឈើ​ប្រចាំឆ្នាំ​ប្រមាណ​២​លាន​ដើម ចែកចេញជា​ឈើ​រយៈពេល​វែងមធ្យម និងឈើ​ហូប​ផ្លែ។ ​នៅ​ទូទាំង​ខេត្ត​មាន​សហគមន៍​ព្រៃឈើ​សរុប៥៤​កន្លែង ស្មើនឹង១៩​​ ០១៦​ហិតា ​ព្រមទាំង​ចម្ការរុក្ខទិវា​ជាតិ និងចម្ការ​ឈើ​សហស្សវត្ស​ចំនួន៥៣​ហិកតា៕
ដោយ ជ័យ ភូមិពល

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ប្រាប់ពលករ ពលការិនីពីការមិនយកកម្រៃសេវាសម្រាប់ការបញ្ជាក់លិខិតនានា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤
        ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននិយាយថា ពលករ ពលការិនី និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ទាំងអស់នឹងមិនត្រូវយកកម្រៃសេវា ទៅលើការបញ្ជាក់លើលិខិតនានានោះ ឡើយ។

យោងតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយឯកឧត្ដម ស៊ុត ឌី ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៤ បានឲ្យដឹងថា យោងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ លិខិតលេខ១៨៥៨ កបទ.សអ/ច្បក៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធា រណរដ្ឋកូរ៉េ នឹងធ្វើការបញ្ជាក់លិខិតបទដ្ឋាននានា ដូចជាលិខិតអាត្រានុកូលដ្ឋាន ជាដើម ពន្យាសុពលភាពលិខិតឆ្លងដែន មិនតម្រូវឲ្យពលករ ពលការនី និងប្រជា ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េ ធ្វើការបង់ប្រាក់លើថ្លៃ សេវាកម្មឡើយ។

ជាថ្មីម្ដងទៀត ខ្ញុំសូមឲ្យពលករ ពលការិនី និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ មេត្តាចូលរួមសហការជាមួយស្ថានទូត នៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីបំបាត់អំពើមិនប្រក្រតី ផ្សេងៗ ដែលអាចនាំឲ្យមានការប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាព របស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ជឹម ណារី

ព្រះករុណាព្រះមហាក្សត្រកសព្វព្រះរាជហឫទ័យចំពោះ ដំណោះស្រាយរបស់គណបក្សទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្ដម ​សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សព្វ​ព្រះទ័យ ​ចំពោះ​ដំណោះ​ ស្រាយរបស់​ គណបក្ស​ ប្រជាជន ​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ព្រះអង្គ​មាន​សេចក្ដី​សង្ឃឹម​ និងជឿជាក់ថា ថ្នាក់​ដឹកនាំ​នៃគណបក្ស​ទាំង​ពីរពិតជាមានការយោគយល់ចំពោះបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ ដែល​ប្រាថ្នា​ចង់បានសេចក្ដីសុខ សេចក្ដីចម្រើន ហើយខិតខំអស់ពីសមត្ថភាព លទ្ធភាព និងបញ្ញាញាណ ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហានា​នា​របស់ជាតិក្នុងស្មារតីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីភាពរុង​រឿងនៃ​ព្រះរាជាណាចក្រ​កម្ពុជា។

យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា នាវេលាម៉ោង១៦រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះបរមរាជា​នុញ្ញាតជូន​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជា​ប្រធាន​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាលគណ​បក្ស​ប្រជាជនក​ម្ពុជា និងថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ មានឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្ស ឯកឧត្ដម កឹម សុខា អនុប្រធាន​គណបក្ស និងឯកឧត្ដម ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចូលក្រាបបង្គំ​គាល់នៅមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង ដើម្បីទូលថ្វាយអំពីលទ្ធផលដ៏ប្រសើរ ដែលគណបក្ស​ទាំងពីរបានខិតខំដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងកិច្ចចរចានៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាថា ថ្ងៃនេះជាថ្ងៃដ៏ប្រសើរថ្លៃថ្លា ដែលថ្នាក់ដឹកនាំ​របស់គណបក្ស​ទាំងពីរបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីទូលថ្វាយ​អំពីលទ្ធផលគួរជាទីមោទនភាពខ្ពស់របស់ជាតិយើង ដែលខ្មែរនិងខ្មែរបានព្រមព្រៀងស្រុះស្រួលគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។

សម្ដេចតេជោបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេច​ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោស​ព្រះរាជទាន​នូវការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដើម្បីកម្ពុជារក្សាបាននូវសេចក្ដីសុខសន្តិភាព ការផ្សះផ្សាបង្រួប​បង្រួមជាតិ ឯកភាព​ជាតិ និងភាពចម្រុងចម្រើនគ្រប់ប្រការ។

សម្ដេចតេជោបានទូលថ្វាយអំពីកិច្ចការជាច្រើន ដែលនឹងត្រូវអនុវត្តន៍​នាពេលខាង មុខ ដូចជាការ​រៀបចំ​ថ្នាក់ដឹកនាំរបស់រដ្ឋសភា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធន​កម្មច្បាប់​បោះឆ្នោតជាដើម។

ឯកឧត្ដម សម រង្ស៊ី ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ សូមថ្លែងអំណរ​ព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំ ផុត ដែលជានិច្ច​ជាកាល​ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ច ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យសង្គមកម្ពុជាទទួលបាននូវសេចក្ដីសុខ សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពនូវគ្រប់កាលៈទេសៈ។ ឯកឧត្ដម សម រង្ស៊ី បានទូលថ្វាយ បន្តថា គណបក្ស​សង្គ្រោះ​ជាតិនឹង​បន្តចូលរួម​ក្នុងការដោះ​ស្រាយនូវរាល់​កិច្ចការទាំងឡាយ របស់ប្រទេសជាតិចូលរួមក្នុងសភា និងសច្ចាប្រណិធាន។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវសេចក្ដីអបអរសាទរកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​​គណបក្សទាំងពីរ ដែលបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ តាមរយៈ​ការចរចា​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះនៅវិមានព្រឹទ្ធសភា ក្នុងគោលបំណងបន្តថែរក្សាសន្តិភាព ស្ថិរភាព​ប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង ភាពថ្លៃថ្នូររបស់ជាតិយើង ព្រះអង្គសូម​ថ្នាក់ដឹកនាំ​នៃគណបក្សទាំងពីរមេត្តាសហការ គ្នា ប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ជាឧត្ដមប្រយោជន៍ជាតិយើង។

ព្រះអង្គសូមអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​និងឯកឧត្ដម សម រង្ស៊ី ដែលបានឯកភាពគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជាតិយើង៕
ជឹមណារី