AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤
ក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០០៣ ស្តីពីការហាម ជក់បារី នៅកន្លែងធ្វើការ និង នៅទីសាធារណៈ ដល់មន្រ្ដីរាជការប្រមាណជាង២០០នាក់នៅសាលារាជធានីភ្នំពេញកាល ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោកស្រី វេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាជាង១០ ០០០ នាក់បានស្លាប់ ក្នុង១ឆ្នាំៗដោយការជក់បារី ហើយថវិកា ជាង១០០លានដុល្លារត្រូវបានដុតបង្ហុយជាមួយ ផ្សែងបារី មិនតែប៉ុណ្ណោះការ ចំណាយលើការ ព្យាបាល ជំងឺបណ្តាលមកពីការជក់បារីមាន ទំហំធំជាងថវិកាទិញបារីទៅទៀត។
សារាចរនេះសំដៅការពារមនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ជាពិសេសយុវ ជនឲ្យរួចចាក់ផុត ពីការ បំផ្លាញសុខភាព សេដ្ឋកិច្ច បរិស្ថាន ភាពក្រីក្រ និងឈានទៅលុបបំ បាត់ទាំងស្រុងរាល់ទម្រង់ នៃការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ការសេព និងការ បង្ហុយផ្សែង ផលិតផលថ្នាំជក់នៅកន្លែងធ្វើការសាលារៀន និងនៅតាមទីសាធារណៈជា ដើម។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅឆ្នាំ២០០៥ រាជរដ្ឋាភិបាលបានសម្រេចចូលជារដ្ឋភាគី អនុសញ្ញា ស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង ដើម្បីឲ្យមានការធានាការ ការពារ សិទ្ធិរស់រានមានជីវិត ជាពិសេសសិទ្ធិសុខភាព សិទ្ធិទទួលបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព ដល់ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ឯក ឧត្តមបន្ដថា ពិធីផ្សព្វផ្សាយនេះមានគោលបំណងសំខាន់ គឺសំដៅ ផ្សព្វផ្សាយ ដល់មន្រ្ដីរាជ ការនិងជូនដល់ប្រជាពលរដ្ឋទូទៅ និងអ្នកផ្តល់សេវាទាំងឡាយ រួមទាំង ភោជនីយដ្ឋាន និងមធ្យោបាយធ្វើដំណើរសាធារណៈឲ្យបានយល់ជ្រួតជ្រាបកាន់តែច្បាស់ អំពីគ្រោះ ថ្នាក់សុខភាព ដែលបណ្តាលមកពីផលិតផលថ្នាំជក់ ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយ ការពារសុខុ មាលភាពប្រជាពលរដ្ឋយើង។
ឯកឧត្តមបានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានខិតខំលើកកម្ពស់សុខភាពជូន ប្រជាពលរដ្ឋ តាមរយៈការពង្រឹងសេវាសុខភាពឲ្យមានគុណភាព ការផ្គត់ផ្គង់ទឹកស្អាត ការ កែលម្អអនាម័យបរិស្ថាន ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការលើកកម្ពស់ការដឹក ជញ្ជូនក្នុងរាជធានីភ្នំពេញឲ្យមាននិរន្តរភាពបររិស្ថាន ការទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារជាដើម។ អង្គការសុខភាពពិភពលោក បានចាត់ទុក សាលារាជធានីភ្នំពេញជាប្រតិបត្តិករឆ្នើម និងបានសម្រេចផ្តល់ពានរង្វាន់ទិវា ពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០១៣ ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត CARMEN AUDERA LOPEZ តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ថ្នាំជក់ពិតជាបានសម្លាប់អ្នកប្រើ ប្រាស់៦លាននាក់ស្លាប់ ដោយ២០ភាគរយនៃជំងឺបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និង ៧០ភាគរយនៃជំងឺមហារីកបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់នេះ។ មិនត្រឹមតែអ្នកជក់បារី ប៉ុណ្ណោះទេដែលស្លាប់ដោយការប្រើប្រាស់ថ្នាំជក់ ប៉ុន្តែអ្នកដែលស្រូបផ្សែងបារីពីគេ ក៏បាន ស្លាប់ដោយសារតែស្រូបផ្សែងបារីពីគេដែរ។ ជាមួយនឹងមូលហេតុនេះ ខ្ញុំសូមចូលរួមអបអរ ជាមួយព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវសារាចរណែនាំស្តីពីការហាមជក់ បារីនៅកន្លែងធ្វើការ និងទីកន្លែងសាធារណៈ។ យើងទាំងអស់ដឹងហើយថា ការដាក់ចេញ នូវសារាចរណែនាំស្តីពីការហាមជក់បារីនេះ មិនត្រឹមតែជួយការពារសុខភាពអ្នកជក់បារី នេះទេ ប៉ុន្តែថែមទាំងជួយការពារអ្នកជក់បារីឲ្យបញ្ឈប់ការជក់បារីបាន។ ចំពោះអង្គការសុខ ភាពពិភពលោក ការហាមជក់បារីនៅកន្លែងធ្វើការ កន្លែងសាធារណៈ ជាមធ្យោបាយមួយ ក្នុងមធ្យោបាយដែលមានប្រសិទ្ធភាពដទៃទៀតក្នុងការកាត់បន្ថយថ្នាំជក់នោះ៕
ដោយ សួស សំរិត
ដោយ សួស សំរិត